អាជ្ញាធរ និងតុលាការ បានចាប់ និងឃុំខ្លួនសកម្មជនតវ៉ាដីធ្លី សមាជិកបក្សប្រឆាំង និងព្រះសង្ឃចំនួន ១៧នាក់និងអង្គ ធ្វើឲ្យមានប្រតិកម្មតវ៉ាជាខ្លាំង និងទាមទារឲ្យមានការដោះលែង។ ការរិះគន់ការចាប់ខ្លួននេះ មានទាំងក្នុងប្រទេស និងពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពច្បាប់ និងគោលការណ៍តុលាការឯករាជ្យ។ ការលើកឡើងរបស់ លោក ស៊ូប៊ែឌី កើតឡើងក្រោយពេលអាជ្ញាធរកម្ពុជា ចាប់ និងឃុំខ្លួនសកម្មជនតវ៉ារឿងដីធ្លី សមាជិកគណបក្សប្រឆាំង និងព្រះសង្ឃ។
ក្រៅពីជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរពច្បាប់ លោក ស៊ូប៊ែឌី បានអំពាវនាវឲ្យស្ថាប័នតុលាការ ប្រើសិទ្ធិអំណាចខ្លួនដោយឯករាជ្យ គ្មានការជ្រៀតជ្រែកទទួលឥទ្ធិពលពីខាងក្រៅ។
នៅក្នុងលិខិតថ្លែងការណ៍ចុះថ្ងៃទី១៨ ខែវិច្ឆិកា លោក ស៊ូប៊ែឌី មានប្រសាសន៍ថា វាជារឿងធ្វើឲ្យរូបលោកមានទុក្ខព្រួយ ដោយសារឃើញតុលាការត្រូវរដ្ឋាភិបាលប្រើប្រាស់ម្តងហើយម្តងទៀត ក្នុងការចាប់ខ្លួន និងកាត់ទោសសកម្មជនតវ៉ារឿងដីធ្លី និងសមាជិកគណបក្សប្រឆាំង។ លោក ស៊ូប៊ែឌី លើកឡើងថា តាំងពីលោកចូលកាន់មុខតំណែងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកបានឃើញរឿងបែបនេះកើតមានរាប់មិនអស់។
គិតចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា មក អាជ្ញាធរបានចាប់ខ្លួន និងតុលាការបានសម្រេចចោទប្រកាន់ឃុំខ្លួនសកម្មជនតវ៉ារឿងដីធ្លី ១០នាក់ ព្រះសង្ឃ ៣អង្គ និងសមាជិកគណបក្សប្រឆាំង ៤នាក់។
ស្របពេលជាមួយការចេញសេចក្តីថ្លែងការណ៍របស់ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃទី១៨ វិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវ និងទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងនោះជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងសុំឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្នុងការទាមទារតវ៉ាដោយគ្មានការភ័យខ្លាច និងបញ្ឈប់ការប្រើប្រាស់ការដាក់សម្ពាធនយោបាយតាមរយៈការចោទប្រកាន់ និងចាប់ខ្លួនសកម្មជននានា។
លោក ឡាត់ គី ប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកតវ៉ាដីធ្លី ១០នាក់ និងព្រះសង្ឃ ៣អង្គនេះ បានបង្ហាញថា អាជ្ញាធរមិនត្រឹមតែមិនដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺធ្វើបាបប្រជាពលរដ្ឋទៅវិញ៖ «យើងមានការព្រួយបារម្ភមែនទែនចំពោះបញ្ហាអ្វីដែលកើតឡើង ដោយសារយើងកត់សម្គាល់ឃើញថា យុទ្ធនាការក្នុងការបង្ក្រាប និងឃុំខ្លួននោះ វាជាវិធានការមួយទាក់ទងជាមួយចេតនានយោបាយខ្លះ ធ្វើឲ្យមានការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ»។
ប្រតិកម្មតបចំពោះការលើកឡើងរបស់ លោក ស៊ូប៊ែឌី និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ចំពោះការចាប់ខ្លួនសកម្មជនតវ៉ារឿងដីធ្លី ព្រះសង្ឃ និងសមាជិកគណបក្សប្រឆាំងនេះ លោក ទិត្យ សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា លោក ស៊ូប៊ែឌី កំពុងតែចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមាននិទ្ទណ្ឌភាពហើយ៖ «លោក ស៊ូប៊ែឌី គួរតែមានភាពចាស់ទុំក្នុងការវិភាគនយោបាយកម្ពុជា ឲ្យមានភាពស៊ីជម្រៅជាងនេះ ពីព្រោះជានិច្ចជាកាល លោកតែងតែរិះគន់អំពីនិទ្ទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។ នៅពេលរាជរដ្ឋាភិបាល ឬមួយក៏អាជ្ញាធរមានសមត្ថកិច្ច អនុវត្តសេចក្តីសម្រេចរបស់តុលាការ ចាត់ការទៅលើជនប្រព្រឹត្តបទល្មើស អ៊ីចឹងរដ្ឋាភិបាលដែលមានកាតព្វកិច្ចពង្រឹងការអនុវត្តច្បាប់ ពង្រឹងការគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួននោះ ជាការខុសច្បាប់ ឬជាការគំរាមកំហែង ឬមួយជាកាតព្វកិច្ចដែលរដ្ឋាភិបាលត្រូវធ្វើ? លោក ស៊ូប៊ែឌី បើសិនជាគាត់រិះគន់ចំណាត់ការរបស់រដ្ឋាភិបាល ថាជាការគាបសង្កត់ ចុះពាក្យដែលគាត់ធ្លាប់រិះគន់កន្លងមកថា និទ្ទណ្ឌភាពនោះវាទៅជាយ៉ាងណាទៅវិញ? គាត់ចង់ឲ្យកម្ពុជា មាននីតិរដ្ឋពិតប្រាកដ ឬមួយគាត់គ្រាន់តែចង់យកកម្ពុជា ធ្វើល្បែង ចង់ក្រឡុកកម្ពុជា ឬចង់ធ្វើបងធំនៅកម្ពុជា?»។
អង្គការសង្គមស៊ីវិល កត់សម្គាល់ថា បទចោទលើសកម្មជនដីធ្លី សមាជិកគណបក្សនយោបាយ និងព្រះសង្ឃចំនួន ១៧នាក់និងអង្គ នោះ មានសភាពធ្ងន់ធ្ងរ ហើយយោងតាមច្បាប់ព្រហ្មទណ្ឌ ពួកគេអាចជាប់ពន្ធនាគារពី ១ឆ្នាំទៅដល់ ៣០ឆ្នាំ៕
No comments:
Post a Comment