Read the article in English here.
ដោយ៖ ណាត សុភាព | ថ្ងៃពុធ ទី19 វិច្ឆិកា 2014,
តំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់លិខិតម្តងទៀតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍ក្រោយ ដើម្បីឲ្យបំភ្លឺករណីព្រំដែននៅច្រកដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ដែលវៀតណាមធ្វើផ្លូវក្រាលកៅស៊ូចូលទឹកដីកម្ពុជាប្រមាណ៤០គីឡូម៉ែត្រ ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា លោកធ្លាប់ដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ម្តងរួចហើយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដើម្បីឲ្យលោក ហ៊ុន សែន ចូលបំភ្លឺជាសាធារណៈជុំវិញច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ដែលវៀតណាមរំលោភយកនោះ ។ តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ ។ លោកថានៅសប្តាហ៍ក្រោយនេះ លោកគ្រោងដាក់លិខិតជាលើកទី២ទៅលោក ហ៊ុន សែន ជុំវិញករណីនេះ ។
លោក ម៉ៅ មុនីវណ្ណ បញ្ជាក់ថា បើដាក់លិខិតលើកទី២នេះមិនព្រមចេញបំភ្លឺទៀត លោកនឹងកៀងគរតំណាងរាស្ត្រផ្សេងទៀតឲ្យបាន៣០រូប ឬលើសពីនេះ ធ្វើលិខិតទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះធ្វើញត្តិបន្ទោសទៅរដ្ឋាភិបាល ។
VOD មិនអាចសុំការបំភ្លឺពីនាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ូ សិទ្ធី បានទេនៅរសៀលថ្ងៃពុធនេះ ។
មាត្រា៩៨ នៃរដ្ឋធម្មនុញ្ញមានខ្លឹមសារថា តំណាងរាស្ត្រចំនួន៣០រូប មានសិទ្ធិធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាលបានតាមរយៈរដ្ឋសភា ហើយរដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ បើយោងតាមច្បាប់នេះ និងលោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិត្រូវការតែ៧សំឡងទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាច ដើម្បីបោះឆ្នោតទម្លាក់រដ្ឋាភិបាល ។
មន្ត្រីជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជា ក៏បានហៅសកម្មភាពរបស់វៀតណាម ដែលធ្វើផ្លូវចាក់កៅស៊ូចូលមកចំណុចស្ទឹងច្រកដាក់ដាំ ខេត្តមណ្ឌលគិរី នោះថាភាគីវៀតណាមមិនគោរពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសទាំងពីរ ។ ប៉ុន្តែមិនបានបង្ហាញពីវិធានបន្តទៀតថាធ្វើយ៉ាងណាទេ បន្ទាប់ពីខ្លួនបានស្នើទៅភាគីវៀតណាមឲ្យបញ្ឈប់សកម្មភាពនោះ តែវៀតណាមមិនព្រមផ្អាក ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment