(អត្ថបទចុះផ្សាយនៅថ្ងៃ 25-11-2014, ThmeyThmey) | ដោយ សៅ ផលនិស្ស័យ
យ៉ាងណាក៏ដោយបើទោះជាអ្នកនយោបាយប្រឆាំងទាំងនេះល្បីល្បាញនិងតស៊ូស្ទើតែពាក់កណ្តាលជីវិតក៏ដោយ ពួកគាត់កាន់តែមានវ័យចំណាស់ខ្លាំងណាស់ទៅហើយ ហើយគេក៏មិនឃើញសញ្ញាណាមួយបញ្ជាក់ថាអ្នកនយោបាយប្រឆាំងទាំងនេះអាចមានលទ្ធភាពឡើងកាន់កាប់តំណែងកំពូលរបស់រដ្ឋតាមខ្លួនចង់បានដែរ។
សូមស្តាប់ការពន្យល់របស់លោក សៅ ផលនិស្ស័យ ទាក់ទិននឹងបញ្ហានេះ
គណបក្សប្រឆាំង ដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពនយោបាយ ហើយគណបក្សប្រឆាំងនេះក៏ជាអ្នករួមជាចំណែកក្នុងការចូលរួមជំរុញអោយដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសមានភាពល្អប្រសើរផងដែរ។ គណបក្សប្រឆាំងមិនត្រឹមតែជាអ្នកប្រកួតប្រជែង និងរិះគន់រដ្ឋាភិបាលប៉ុណ្ណោះនេះ តែវាក៏មានតួនាទីក្នុងការដាក់សម្ពាធអោយរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ចំពោះសកម្មភាពរបស់ខ្លួន សម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និង អាចដោះស្រាយបញ្ហាប្រឈមបានយ៉ាងណាមានប្រសិទ្ធិភាព។
ប្រសិនបើគ្មានតួនាទីរបស់គណបក្សប្រឆាំងទេនោះ សង្គមមួយប្រហែលជាមិនអាចវិវត្តទៅមុខបានល្អប្រសើរ នោះឡើយ។ ថ្ងៃនេះ ខ្ញុំសូមលើកយកមេដឹកនាំគណបក្សប្រឆាំងរដ្ឋាភិបាលចំនួនបីនាក់ ដែលល្បីល្បាញបំផុតនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកផងដែរ ហើយមេដឹកនាំទាំងនោះស្ថិតក្នុងអាជីពជាអ្នកនយោបាយប្រឆាំងអស់ពេលជាច្រើនទសវត្សមកហើយ។ បើទោះជាជីវិតពោរពេញទៅដោយការតស៊ូ និងគ្រោះថ្នាក់ខ្លាំងក៏ពិតមែន តែក្នុងនាមជាអ្នកការពារប្រយោជន៍សង្គមអ្នកនយោបាយប្រឆាំងទាំងនោះ មិនដែររួញរាក្នុងការបន្តធ្វើជាអ្នកនយោបាយប្រឆាំងនោះឡើយ។
អ្នកនយោបាយទីមួយគឺលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា ដែលលោកបានតស៊ូ និងប្រឡូកក្នុងវិស័យនយោបាយចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាទី២ផុសរូបរាងឡើងមកម្ល៉េះនោះ។ កើតនៅក្នុងឆ្នាំ ១៩៤៩ លោក សម រង្ស៊ី ធ្លាប់រស់នៅក្នុងប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំ មុននឹងលោកត្រលប់មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ១៩៩២។ លោកបានចាប់ផ្តើមអាជីពនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៊ិច និងធ្វើជាអ្នកតំណាងរបស់ព្រះអង្គម្ចាស់នរោត្តមរណឬទ្ធ ប្រចាំនៅអឺរ៉ុបតាំងពីឆ្នាំ១៩៨៩ មកម្ល៉េះ។
លោក ធ្លាប់មានបទពិសោន៍ច្រើនក្នុងវិស័យនយោបាយ ហើយក្នុងនោះលោកក៏ធ្លាប់បំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រោយបោះឆ្នោតឆ្នាំ១៩៩៣ និងក្រោយមកត្រូវបានគេហូតតំណែងក្នុងឆ្នាំ ១៩៩៤ ដោយសារបញ្ហានយោបាយ។ យ៉ាងណាក៏ដោយលោក សមរង្ស៊ី បានបន្តប្រឡូកក្នុងវិស័យនយោបាយដដែរ ដោយបង្កើតគណបក្សផ្ទាល់ខ្លួន កាលដំបូងឡើយលោកបង្កើតគណបក្សមួយឈ្មោះថាគណបក្សជាតិខ្មែរ ក្រោយមកក៏ផ្លាស់ប្តូរឈ្មោះជាគណបក្សសម រង្ស៊ី តែម្តង។ លោក សម រង្ស៊ី បានបន្តការងារជាអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលលោកហ៊ុន សែន ហើយលោកក៏ជាតំណាងរាស្ត្រប្រចាំខេត្តកំពង់ចាម។
ក្នុងអាជីពជាអ្នកនយោបាយលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយប្រឆាំងដ៏ល្បីឈ្មោះម្នាក់ ដោយសារគោលនយោបាយដ៏ប៉ិនប្រសព្វក្នុងការប្រឆាំងរដ្ឋាភិបាល។ យ៉ាងណាមិញលោកសម រង្ស៊ីប្រឈមមុខនឹងការចាប់ខ្លួន ឬការគំរាមកំហែងជាដើម ដោយសារការជ្រៀជ្រែកនិងកកូរកកាយបញ្ហារស៊ើបរបស់រដ្ឋាភិបាលមានទាំងបញ្ហាព្រំដែនជាមួយវៀតណាម បញ្ហាពុករលួយ បក្សពួកនិយម នៅក្នុងស្ថាប័នសាធារណជាដើម។ ប៉ុន្តែបើទោះជាលោកទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបានតស៊ូក្នុងវិស័យនយោបាយអស់ពេលជាង២ទសវត្សមកហើយក៏ដោយ ក៏លទ្ធភាពនៃការយកឈ្នះដៃគូប្រជែងរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់មានកម្រិតទាបណាស់។
ទីពីរ អ្នកនយោបាយប្រឆាំងជើងចាស់ល្បីល្បាញបំផុតមួយមានវ័យ ៦៩ឆ្នាំ លោកស្រី អ៊ុងសាង ស៊ូជី ត្រូវបានមនុស្សជាច្រើនកោតសរសើរ និង ទទួលស្គាល់។ លោកស្រី ស៊ូជី កើតឆ្នាំ១៩៤៥ ជាកូនស្រីរបស់បិតាឯករាជ្យមីយ៉ាន់ម៉ាលោក អ៊ុងសាន បច្ចុប្បន្ននេះលោកស្រីបំពេញការងារជាប្រធានគណបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ។
លោកស្រីបានទទួលការអប់រំផ្នែកសេដ្ឋកិច្ច នយោបាយ នៅសាកលវិទ្យាល័យ Oxfordនៅឆ្នាំ១៩៦។ តាមពិតទៅលោកស្រីបានក្លាយជាប្រធានគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ ពោលគឺតាំងពីមីយ៉ាន់ម៉ាស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធាផ្តាច់ការ ហើយម្យ៉ាងវិញទៀតលោកស្រីបានក្លាយជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដោយការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការដឹកនាំចលនាប្រជាធិបតេយ្យនៅក្នុងប្រទេស។ យ៉ាងណាក៏ដោយនៅក្នុងឆ្នាំ១៩៩១ គណបក្សរបស់លោកស្រីបានឈ្នះឆ្នោត ប៉ុន្តែលទ្ធផលត្រូវក្រុមយោធាទាត់ចោល។តាមពិតទៅ លោកស្រីត្រូវបានក្រុមយោធាឃុំឃាំងក្នុងផ្ទះតាំងពីឆ្នាំ ១៩៨៩ ដោយរងការចោទប្រកាន់ថាព្យាយាមធ្វើវិទ្ធង្សនារបបយោធា។ បើទោះជាលោកស្រីស្ថិតក្រោមការឃុំឃាំងក៏ដោយលោកស្រីនៅតែមានតួនាទីសំខាន់ក្នុងការជំរុញអោយចលនាប្រជាធិបតេយ្យប្រឆាំងរបបសឹករីកដុះដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
រហូតដល់ឆ្នាំ២០១០ទើបលោកស្រីត្រូវបានគេដោះលែងអោយមានសេរីភាពជាមួយបណ្តាអ្នកទោសនយោបាយផ្សេងទៀត ហើយដល់ឆ្នាំ២០១១ របបសឹកក៏រលំរលាយអស់ទៅទៀត។ យ៉ាងណាក៏ដោយរយៈពេលជាង២ទសវត្សទៅហើយ ដែលលោកស្រីប្រលូកក្នុងវិស័យនយោបាយ និងដើរតួនាទីមេដឹកនាំបក្សប្រឆាំង ប៉ុន្តែក្តីសង្ឃឹមតិចតួចណាស់សម្រាប់លោកស្រីក្នុងការក្លាយខ្លួនជាប្រធានាធិបតីមីយ៉ាន់ម៉ា។
នៅពេលនេះលោកស្រីមានវ័យជិត៧០ហើយ ហើយលោកស្រីក៏ត្រូវបានហាមឃាត់មិនអោយឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបាននោះឡើយ ដោយសារតែលោកស្រីមានស្វាមីនិងកូនជាជនបរទេស ដែលលក្ខខណ្ឌនេះមានចែងក្នុងរដ្ឋធម្មនុញ្ញបន្សល់ពីរបបសឹក។ បើសិនជាគ្មានការកែប្រែរដ្ឋធម្មនុញ្ញទេ លោកស្រីនៅតែមិនអាចមានលទ្ធភាពក្លាយជាមេដឹកនាំមីយ៉ាន់ម៉ាដដែរ។
ចុងក្រោយ មេដឹកនាំបក្សប្រឆាំងដែលតស៊ូអស់ពេលច្រើនឆ្នាំ និងល្បីឈ្មោះប្រចាំអាស៊ីអាគ្នេយ៍ដែរនោះ គឺលោក អាន់វ៉ា អ៊ីប្រ៉ាហ៊ីម ប្រធានគណបក្សប្រឆាំងម៉ាឡេស៊ី។ លោក អ៊ីប្រ៉ាហ៊ីម កើតនៅក្នុងឆ្នាំ ១៩៤៧ លោកមានបទពិសោធន៍ជ្រៅជ្រះផ្នែកនយោបាយ ចាប់តាំងពីឆ្នាំ ១៩៨១មកលោកចាប់ផ្តើមមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យនយោបាយម៉ាឡេស៊ី។ ដំបូងឡើយលោក អ៊ីប្រ៉ាហ៊ីម បំពេញតួនាទីជាមេដឹកនាំអង្គការយុវជនឥស្លាមនៅឆ្នាំ១៩៨២ ហើយក្រោយមកបានក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡានៃគណរដ្ឋមន្ត្រីលោក Mahathir bin Mohamad នៅក្នុងឆ្នាំ១៩៨៣ ។ ក្រោយមកលោកបានត្រលប់ទៅកាន់កាប់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មឆ្នាំ ១៩៨៤ និងបន្តទៅកាន់កាប់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំឆ្នាំ ១៩៨៦ ។
គួរបញ្ជាក់ថាក្នុងពេលដែលលោកបំពេញការងារជារដ្ឋមន្ត្រីក្រសួងអបរំ វិស័យអប់រំនៅម៉ាឡេស៊ីមានការប្រែប្រួលឆាប់រហ័ស និងមានភាពល្អប្រសើរថែមទៀតផង ទើបដល់ឆ្នាំ ១៩៩១ គេតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថែមទៀតផងដោយសារលោកមានស្នាដៃល្អក្នុងការងារ។ ប៉ុន្តែការងាររបស់លោកចាប់ផ្តើមមានបញ្ហា ក្នុងពេលតំបន់អាស៊ានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧ ហើយលោកក៏បាត់បង់តំណែង និងប្រឈមការជាប់ពន្ធនាគារដោយរងការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ។
រហូតមកដល់ឆ្នាំ ២០០៨ លោកក៏បានប្រឈមមុខនឹងការចោទប្រកាន់ជាថ្មីទៀតពីបទរួមភេទជាមួយមនុស្សប្រុសដូចគ្នា ហើយលោកក៏ប្រឈមមុខនឹងការជាប់ពន្ធនាគារ។ យ៉ាងណាក៏ដោយរឿងរ៉ាវនេះស្ងប់ស្ងាត់ម្តងហើយតែក្រោយមកនៅក្នុងឆ្នាំ ២០១៤នេះ តុលាការបានកោះហៅលោកជាថ្មីទៀត តែលោក អ៊ីប្រ៉ាហ៊ីមអះអាងថា តុលាការម៉ាឡេស៊ីកំពុងតែស្ថិតក្រោយឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលលោក Najib Razak តែប៉ុណ្ណោះ៕
1 comment:
I Think San raingsy his politic not improve weak and weak when the time he got conversation with devil,his politic like baby if stand for opposition leader for 10 more years cambodia might be a kampuchea krom,nothing don't wait find a new one to be strong,smart can work for young in this generation.
Post a Comment