ដោយ៖ ណុល ដារ៉ា | ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014,
ក្រុមការងារកែទម្រង់ការបោះឆ្នោតគណបក្សឈ្នះឆ្នោតទាំងពីរ នៅថ្ងៃចន្ទម្សិលមិញ បានព្រមព្រៀងគ្នាលើនីតិវិធីនៃការដកប្រធាន និងអនុប្រធាន គជប ដោយសំឡេងសភា ៥០ ភាគរយបូក ១ បើសិនជាអ្នកទាំងនោះធ្វើខុសច្បាប់ ឬខុសនីតិវិធី។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា លោកប៊ិន ឈិន បានថ្លែងបែបនេះក្នុងសន្និសីទកាសែតមួយនៅវិមានរដ្ឋសភា ក្រោយជំនួបរវាងក្រុមការងារកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ នាល្ងាចថ្ងៃចន្ទ ទី១០ខែវិច្ឆិកា ម្សិលមិញ។ លោកថា ប្រធាន និងអនុប្រធាន គជប ជាអ្នកទទួលខុសត្រូវចំពោះមុខសភា ដូច្នេះបើគាត់ធ្វើខុសច្បាប់ នោះសភាអាចបណ្ដេញគាត់ចេញបាន ដោយសំឡេង៥០ ភាគរយបូក១។
លោក ប៊ិន ឈិន មានប្រសាសន៍ថា «បណ្ដេញប្រធាន អនុប្រធាន គជប ដែលគាត់ធ្វើមិនត្រឹមត្រូវតាមច្បាប់ និងមិនត្រឹមត្រូវតាមនីតិវិធី គឺថារដ្ឋសភាអាចបណ្ដេញចេញបាន ព្រោះគាត់ត្រូវទទួលខុសត្រូវមុខរដ្ឋសភា គាត់តែងតាំងដោយរដ្ឋសភា» ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ឃើញថា បើប្រធាន និងអនុប្រធាន គជប ត្រូវបានដកដោយសំឡេង៥០ ភាគរយបូក១ នៃរដ្ឋសភានោះមានន័យថា គណបក្សប្រជាជនកម្ពុជានៅតែមានឥទ្ធិពលក្នុងការតែងតាំងប្រធាន និងអនុប្រធាន គជប ច្រើនជាងគណបក្សសង្គ្រោះជាតិ។
លោកហង្ស ពុទ្ធា បន្ថែមថា ជាធម្មតាសកម្មភាពការងាររបស់គណបក្សនយោបាយ ពិតជាផ្ដល់ភាពចំណេញដល់គណបក្សរបស់ខ្លួនជាងគណបក្សដទៃ។ ដូច្នេះការគ្រប់គ្រងស្ថានការណ៍នយោបាយ ការសម្រេចចិត្តផ្សេងៗ ពេលខ្លះមិនមែនជាការសម្រេចដោយផ្អែកទៅលើហេតុផលជាក់ស្ដែងសមរម្យ សច្ចភាពនោះទេ គឺជាការសម្រេចដោយផ្អែកលើផលប្រយោជន៍បក្សនយោបាយរៀងៗខ្លួន។ លោកបន្តថា ដូច្នេះហើយឃើញថា ពិតជាមានការលំបាកក្នុងការបង្កើត គជប មួយដែលអព្យាក្រឹត។
លោកហង្ស ពុទ្ធា ឲ្យយោបល់ថា ការសម្រេចដកប្រធាន និងអនុប្រធាន គជប គួរតែប្រើរូបមន្ដមួយដែលមានតុល្យភាពអំណាច។ លោកមានប្រសាសន៍ថា «ខ្ញុំគិតថារូបមន្ដ ការដកប្រធាន អនុប្រធាន គជប គួរតែពីរភាគបីដើម្បីឲ្យមានតុល្យភាពអំណាចរវាងគណបក្សដែលមានអាសនៈនៅក្នុងសភា» ។
សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំរវាងក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សទាំងពីរកាលពីម្សិលមិញនោះដែរ មន្ត្រីទាំងពីរបក្សឲ្យដឹងថា នៅមានចំណុចសេសសល់តិចតួចទៀតប៉ុណ្ណោះ។ ថ្វីបើគេមិនបង្ហើបឲ្យដឹងអ្វីខ្លះជាចំណុចសេសសល់ ប៉ុន្តែបញ្ហាតម្រូវឲ្យអគ្គលេខា និងអគ្គលេខាធិការរងនៃ គជប មានសញ្ជាតិខ្មែរតែមួយ ក៏ស្ថិតក្នុងចំណុចសេសសល់នោះដែរ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
1 comment:
The power to remove Hun Sen rests with Hanoi ?
Post a Comment