ដោយ៖ អុិត សូធឿត | ថ្ងៃអង្គារ ទី11 វិច្ឆិកា 2014 |
ទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងមេដឹកនាំពិភពលោកមួយចំនួន ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលនានារបស់អាស៊ាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ទំព័រហ្វេសប៊ុករបស់ទីស្ដីគណៈរដ្ឋមន្ត្រី ឲ្យដឹងថា តាមគម្រោង ក្រៅពីលោក បាន គីមូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីរុស្សីលោក ឌីមីទ្រី មេឌវេដេវ (Dmitry Medvedev) នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ថូនី អាប់បុត (Tony Abbott) និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនត្រា ម៉ូឌី (Narendra Modi) ផងដែរ ។ ទោះយ៉ាងណា ប្រធានបទដែលនឹងត្រូវលើកយកមកនិយាយនៅក្នុងជំនួបទ្វេភាគីទាំងនេះមិនត្រូវបានបង្ហាញឲ្យដឹងទេ ។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលនិងប្រារព្ធធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។
កិច្ចប្រជុំទាំងនោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១២ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី១៧ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី៦ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ស្ត្រាលីលើកទី៤០ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន កិច្ចប្រជុំកំពូលអាស៊ីបូពាលើកទី៩ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី២ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៧ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី១៧ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ។
ទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពីគន្លឹៈក្នុងបទអន្តរាគមន៍ចំនួន១២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
No comments:
Post a Comment