នៅក្នុងអំឡុងពេល៣ថ្ងៃនៃការរៀបចំកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះ មានការទម្លាយឲ្យដឹងថា តារាចម្រៀងប្រុសស្រីល្បីៗលំដាប់កំពូលជួរមុខជាច្រើនរូបត្រូវបានគេដេញថ្លៃដណ្តើមគ្នាយកយ៉ាងគគ្រឹកគគ្រេង ហើយតារាម្នាក់ៗបានឡើងតម្លៃខ្លួនខ្ពស់កប់ពពកជាងពេលធម្មតា។
អ្នករៀបចំកម្មវិធីម្នាក់បាននិយាយថា៖«នៅរដូវបុណ្យអុំទូកនេះ តារាល្បីៗពិតជារវល់ខ្លាំងណាស់។ បើតារាណាដែលល្បីខ្លាំង នោះគឺអ្នករៀបចំកម្មវិធីតាមស្ថានីយទូរទស្សន៍ ឬក្រុមហ៊ុនធំៗនឹងដេញថ្លៃយកតែម្តង និយាយរួមគឺប្រជែងតម្លៃគ្នា។ អ៊ីចឹងហើយបានជាតារាល្បីៗទាំងនោះបានឡើងតម្លៃខ្លួនយ៉ាងខ្ពស់តែម្តង»។
តារាចម្រៀងដែលជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមតារាដែលរវល់ខ្លាំងសម្រាប់រយៈពេលបីថ្ងៃនៃការប្រគំតន្ត្រីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នេះ ត្រូវបានគេដឹងថា ក្នុងនោះមានលោក ព្រាប សុវត្ថិ ខេមរៈ សេរីមន្ត ឱក សុគន្ធកញ្ញា មាស សុខសោភា ឆន សុវណ្ណរាជ ពេជ្រ សោភា សុខ ពិសី ឆាយ វីរៈយុទ្ធ កែវ វាសនា ខាន់ ជេមស៍ សុគន្ធ និសា ខេម និងតារាមួយចំនួនតូចទៀត។
តាមរយៈការទម្លាយឲ្យដឹងពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីមួយចំនួនបានឲ្យដឹងតម្លៃខ្លួនប្រហាក់ប្រហែលថា នៅក្នុងពិធីបុណ្យអុំទូកនេះ លោក ព្រាប សុវត្ថិ មានតម្លៃ៣៥០០ដុល្លារឡើង លោក ខេមរៈ សេរីមន្ត មានតម្លៃខ្លួនចាប់ពី៣០០០ដុល្លារ ឱក សុគន្ធកញ្ញា មានតម្លៃខ្លួនប្រហែល២៨០០ដុល្លារ ឆន សុវណ្ណរាជ តម្លៃខ្លួនប្រមាណ១៨០០ដុល្លារ មាស សុខសោភា តម្លៃខ្លួនប្រមាណ១៨០០ដុល្លារ ពេជ្រ សោភា តម្លៃខ្លួនក្រោម១៥០០ដុល្លារ សុខ ពិសី តម្លៃខ្លួនប្រហែល១៤០០ដុល្លារ ឆាយ វីរៈយុទ្ធ តម្លៃខ្លួនប្រហែល២៣០០ដុល្លារ កែវ វាសនា និង ខាន់ ជេមន៍ តម្លៃខ្លួនប្រហែល ១២០០ដុល្លារ សុគន្ធ និសា និង ខេម តម្លៃខ្លួនប្រហែល១៤០០ដុល្លារ។
តាមអ្នករៀបចំកម្មវិធីបានបញ្ជាក់ថា តម្លៃខ្លួននេះ អាចនឹងមានការប្រែប្រួលឡើងចុះតាមកម្មវិធីតូចធំខ្លះៗ។
ទោះបីជាតម្លៃខ្លួនខ្ពស់កប់ពពកក្តី តែតារាប្រុសស្រីខ្លះ មិនមែននៅច្រៀងរាំ ត្រាំត្រែងរហូតដល់ចប់កម្មវិធីនៃការប្រគំតន្ត្រីនោះទេ ពោលគឺពួកគេម្នាក់ៗច្រៀងតែ ៤-៥បទប៉ុណ្ណោះ។ រីឯតារាខ្លះច្រៀងតែ២បទ ក៏មានតម្លៃខ្លួនប៉ុណ្ណឹងដែរ ។
អ្នករៀបចំកម្មវិធីមួយចំនួនបញ្ជាក់ថា៖«តារាចម្រៀងល្បីៗទាំងនោះ នៅក្នុងរយៈពេលបុណ្យអុំទូកនេះ តារាចម្រៀងខ្លះរត់ពីររោងប្រគំតន្ត្រីឯណោះក្នុងពេល១យប់ៗ។ ដូច្នេះហើយតារាខ្លះនៅថ្ងៃអុំទូក៣ថ្ងៃអាចរកចំណូលបានចាប់ពី៨ពាន់ទៅជិត ២ម៉ឺនដុល្លារឯណោះ»៕
No comments:
Post a Comment