ក្នុងហាងកាហ្វេមួយនៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំនេះ ភ្ញៀវទេសចរម្នាក់ បានជួបមនុស្សខុសនៅថ្ងៃស៊យ។ អ្វីៗបានចាប់ផ្តើមខណៈដែលជម្លោះពាក្យសម្តីជាមួយអតិថិជនម្នាក់ទៀត បានក្លាយទៅជាការប្រឈមមុខដាក់គ្នាយ៉ាងហិង្សា។
ជនរងគ្រោះ និយាយទាំងកំហឹងថា គូបដិបក្ខរបស់គាត់ជាបុរសនៅស្រុកខ្មែរ ដែលមានទ្រព្យធន បានសម្រុកបុកអង្គរក្សរបស់គាត់ ដែលកំពុងតែឈរនៅក្បែរ។ អង្គរក្សរូបនោះ បានទាញកាំភ្លើង ហើយបានហុចវាទៅឲ្យមេរបស់គាត់ ហើយគាត់ ក៏បានវាយ។ ការប្រើប្រាស់អង្គរក្ស បានក្លាយជាបាតុភូតមួយ ដែលគេចង់ដឹងចង់ឮនៅកម្ពុជា។
ចាប់តាំងពីអ្នកហែហមរបស់សម្តេចតា នរោត្តម សីហនុ មកពីកងយោធាកូរ៉េខាងជើង កាលពីដើមទសវត្សរ៍ ១៩៩០ រហូតដល់អង្គរក្ស ដែលបានព្យាយាមហែហមអ្នកឃ្លាំមើលម្នាក់ ចូលក្នុងបន្ទប់ប្រឡងថ្នាក់ជាតិកាលពីខែមុន អង្គរក្សមានប្រភេទផ្សេងៗ ហើយត្រូវគេប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដែរ។ ខណៈដែលការការពារបែបនេះ អាចជានិមិត្តសញ្ញានៃអំណាចសម្រាប់ប្រភេទមនុស្សខ្លះ ប៉ុន្តែអ្នកផ្សេងមើលឃើញថាឧស្សាហកម្មអង្គរក្សនេះ ត្រូវមានអាជីពជាផលិតផលសង្គមដែលសុវត្ថិភាពមនុស្សមិនអាចត្រូវបានធានាឡើយ។
លោក John Muller នាយកគ្រប់គ្រងក្រុមហ៊ុនដំណោះស្រាយសន្តិសុខពិភពលោក ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានថ្លែងថា៖ «ភ្នំពេញមានបទល្មើសច្រើនជាង...។ ជម្លោះជាច្រើននៅទីក្រុងបណ្តាលមកពីជម្លោះរកស៊ី។ អ្នកក៏មានការច្រណែន អំពើហិង្សានៅកន្លែងធ្វើការ និងការតវ៉ាផងដែរ»។
ដោយសារតែនិទ្ទណ្ឌភាព ការអនុវត្តច្បាប់នៅទន់ខ្សោយ និងភាពក្រីក្រ«អ្នកចាំបាច់ត្រូវតែគិតពីសន្តិសុខផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់»។
លោក Muller បានថ្លែងថា៖ «ដើម្បីជួលឃាតករស៊ីឈ្នួល ដែលប្រើកាំភ្លើង មិនថ្លៃទេ ប៉ុន្តែខ្ញុំថា ការគំរាមកំហែងធំបំផុត...ក្នុងប្រទេសកម្ពុជាគឺផ្លូវទៅវិញទេ។ យើងមានគ្រោះថ្នាក់អាថ៌កំបាំងច្រើនណាស់»។
នៅខណ្ឌចំការមន រាជធានីភ្នំពេញ អតីតទាហានកងយោធពលខេមរភូមិន្ទ និងជាគ្រូបង្វឹកយោធាលោក យីន សារារ័ត្ន នៅពេលថ្មីៗនេះ បានបើកក្រុមហ៊ុនសន្តិសុខឯកជនមួយឈ្មោះ Star World Security ។ ជាមួយនឹងសេវាធម្មតាជាច្រើនលោក សារារ័ត្ន អាចផ្តល់ប្រភពអង្គរក្សប្រដាប់អាវុធពីក្រសួងមហាផ្ទៃ។
លោក សារារ័ត្ន បានថ្លែងថា៖ «យើង អាចរកពួកគេតាមតម្រូវការ។ យើងគ្រាន់តែសរសេរលិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអង្គរក្ស។ វាស្រេចតែលើអតិថិជនថាត្រូវការប៉ុន្មាននាក់ និងរយៈពេលប៉ុន្មាន?
យើងគិតប្រាក់ទៅតាមនោះ។ អង្គរក្សទាំងនោះមានបទពិសោធច្រើនជាងសន្តិសុខ។ នៅពេលយើងនិយាយដល់ការការពារផ្ទាល់ខ្លួន ហើយពួកគេ អាចមានសិទ្ធិកាន់កាំភ្លើង»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងបានទេ នៅសប្តាហ៍នេះ រីឯលោក ទូច ណារ៉ុថ ប្រធាននាយកដ្ឋានអង្គរក្ស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេវាឯកជនដែលក្រសួងផ្តល់ឲ្យទេ។
សម្រាប់អ្នកដែលមិនអាចរកអង្គរក្សប្រដាប់អាវុធរបស់រដ្ឋាភិបាល ឬអ្នកដែលមិនត្រូវការសន្តិសុខផ្ទាល់ខ្លួន គឺជារឿងមួយផ្សេងទៀត។ លោក Steven ជាជនបរទេស ដែលក្រុមហ៊ុនរបស់លោកឈ្មោះ Cambodia Bodyguard.com ផ្តល់អង្គរក្សសម្រាប់ពាណិជ្ជករ ដែលមកទស្សនកិច្ចកម្ពុជាបានថ្លែងថា៖«កម្ពុជា ជាប្រទេសស្វ័យគ្រប់គ្រង។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក តើអ្នកហៅនរណា? តើនរណានឹងមកជួយអ្នក?»។
លោក បានបញ្ជាក់ថា អង្គរក្សរបស់លោក Steven ត្រូវបានគេទុកចិត្តថា ជាអ្នកដែលមានអាជីពនិងមានទំនាក់ទំនងល្អជាមួយអតិថិជនរបស់ពួកគេ។
លោក បានថ្លែងបន្តថា៖«ការងារប្រមាណ ៩០ ភាគរយ គឺមនោគមវិជ្ជា ដែលរារាំងមិនឲ្យឧបទ្ទវហេតុកើតឡើង។ ការធ្វើបទសម្ភាសអតិថិជនលើកដំបូង ជារឿងសំខាន់។ អ្នកមិនត្រូវការនរណាម្នាក់ដែលមកទីនេះហើយមិនគោរពវប្បធម៌ទេ»។
ក្រុមហ៊ុនរបស់លោក Muller ឈ្មោះ GSS ផ្តល់«ការការពារពិសេស»ដែលរួមមានភ្ញៀវលំដាប់ខ្ពស់ដែលមកទស្សនកិច្ចប្រទេសកម្ពុជា។ ប៉ុន្តែសេវាការពារបែបនេះ ពិតជាថ្លៃ ហើយគេក៏កម្ររកដែរ។ លោក Muller បានបញ្ជាក់ថា ការការពារអាជីព ថ្លៃជាងប្រាក់ឈ្នួលអប្បបរមាច្រើនណាស់ ដោយធ្វើឲ្យអ្នកដែលមិនមានលទ្ធភាពរកអង្គរក្សអាជីពទៅជួលមិត្តភក្តិ ឬក៏គ្រួសាររបស់ពួកគេ ជាពិសេស អ្នកដែលធ្វើការជាប៉ូលិស ឬយោធា។
លោកថ្លែងថា៖ «ពួកគេទាំងនោះ គ្រាន់តែជាប៉ូលិសចរាចរណ៍ ដែលមានកាន់កាំភ្លើងតែប៉ុណ្ណោះ»។
សន្តិសុខផ្ទាល់ខ្លួន គឺជាអ្នកជិតស្និទ្ធរបស់អ្នកចម្រៀង ខេមរៈ សេរីមន្ត។ នៅពេលលោកបង្ហាញខ្លួនជាសាធារណៈ លោកចង់ឲ្យបងប្អូនជីដូនមួយពីរនាក់ទៅជាមួយគាត់។
លោកបានថ្លែងថា៖ «ពួកគេការពារខ្ញុំ នៅពេលមនុស្សមកស្វាគមន៍ខ្ញុំ។ ពួកគេត្រូវទុកចន្លោះជុំវិញខ្ញុំ។ ម្នាក់គឺជាអ្នកបើកបររបស់ខ្ញុំ»។ លោកបន្ថែមថា ម្នាក់ទៀតគឺជាជំនួយការផ្ទាល់ខ្លួន ដែលមានការងារផ្តល់យោបល់ឲ្យលោក ខេមរៈ សេរីមន្តអំពីការសម្តែងរបស់លោក។
តំណែងទាំងនេះ គឺទទួលបានប្រាក់ឈ្នួល ប៉ុន្តែការងារទាំងនេះ មិនមែនជាការងារផ្លូវការពេញម៉ោងទេ។ លោកបានបន្ថែមថា៖ «អ្នកខ្លះគិតថា គេជាអង្គរក្សខ្ញុំ ប៉ុន្តែគេក៏មានការងារផ្ទាល់ខ្លួនដែរ។ ប្រសិនបើគេជាប់រវល់ ខ្ញុំហៅបងប្អូនជីដូនមួយផ្សេងទៀតរបស់ខ្ញុំ»។
ក្នុងវិស័យដទៃទៀត សន្តិសុខផ្ទាល់ខ្លួន មានលក្ខណៈបណ្តោះអាសន្នដូចគ្នា។
ល្បីថាមានអំពើពុករលួយ និងចលាចលកម្មករ វិស័យកាត់ដេរ គឺជាវិស័យនាំចេញធំបំផុតរបស់កម្ពុជា។ ចាប់តាំងពីចលនាសហជីពឯករាជ្យ ទទួលរងការប៉ះទង្គិចក្នុងទសវត្សរ៍ទី ៩០ មេដឹកនាំសហជីពជាច្រើនត្រូវបានគេសម្លាប់ នៅពេលបំពេញការងាររបស់ខ្លួន។
នៅពេលលោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ បានទទួលពាក្យគំរាមសម្លាប់ដោយសារវិវាទរោងចក្រ លោកមិនមានលទ្ធភាពជួលអង្គរក្សអាជីពទេ។ ដូច្នេះ លោកជួលសេវាមិត្តសហជីព ២ នាក់ ឲ្យការពារលោក។
លោកបានបន្តថា៖ «នៅពេលខ្ញុំទៅចរចា ជាធម្មតា មនុស្សម្នាក់ ឬពីរនាក់ទៅតាម។ ប្រាកដណាស់ ជាការល្អប្រសើរ ដែលមានអង្គរក្សផ្ទាល់ខ្លួន ប៉ុន្តែ ឥឡូវនេះ ខ្ញុំគ្មានប្រាក់ទេ»។
លោក ជួន មុំថុល ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលចងសម្ព័ន្ធនឹងរដ្ឋាភិបាល ដឹងថា ខ្លួនទទួលបានការការពារពីរាល់ការគំរាម បើទោះបីជាលោកមិនដឹងថា តើការគំរាមទាំងនោះ អាចជាអ្វីក៏ដោយ។
លោកបន្តថា៖ «ខ្ញុំមានអង្គរក្សពីរនាក់។ ខ្ញុំគ្មានអ្នកណាគំរាមខ្ញុំទេ។ ប៉ុន្តែ អ្នកមិនដឹងទេថាតើ អ្នកណាដែលស្អប់អ្នក»។ អង្គរក្សរបស់លោក មុំថុល បានហាត់ក្បាច់គុន ប៉ុន្តែ ពួកគេក៏ធ្វើជាជំនួយការផ្ទាល់ខ្លួនដែរ ដោយម្នាក់គឺជាអ្នកបើកបរដែលប៉ិនប្រសប់ក្នុងការជួសជុលម៉ាស៊ីន។
នៅពេលក្រសួងមហាផ្ទៃផ្តល់ការការពារដល់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មន្រ្តីរដ្ឋាភិបាលមួយចំនួន ក៏ចង់បានមនុស្សផ្ទាល់ខ្លួន ជាពិសេស ប្រសិនបើពួកគេមានផលប្រយោន៍ផ្នែកពាណិជ្ជកម្ម។
លោកឧកញ៉ា ម៉ុង ឫទ្ធី ព្រឹទ្ធសមាជិកគណបក្សកាន់អំណាច ដែលមានអាជីវកម្មប្រេងដូង និងសត្វចិញ្ចឹម បានថ្លែងថា៖ «ខ្ញុំមិនជួលមនុស្សដែលខ្ញុំមិនស្គាល់ឲ្យធ្វើជាអង្គរក្សខ្ញុំទេ»។
លោកបញ្ជាក់ថា៖ «ខ្ញុំមានក្មួយពីរនាក់តាមខ្ញុំ គឺអស់រយៈពេល១៨ ឆ្នាំមកហើយ។ ម្នាក់គឺជាអ្នកបើកឡានម្នាក់ទៀតការពារខ្ញុំឬថែរក្សាឯកសារសំខាន់ៗ»។
លោកបន្ថែមថា ពាណិជ្ជករភាគច្រើនគ្មានអង្គរក្សឬអាវុធទេ។ លោកបន្ថែមថា៖ «តើក្មួយខ្ញុំគឺជាអង្គរក្សឬ?ខ្ញុំមិនអាចនិយាយបានទេ។ គេគ្មានកាន់កាំភ្លើងទេ»។
ដោយអង្គរក្សអាជីព អាចជួលដោយផ្ទាល់ពីក្រសួងមហាផ្ទៃ វាប្រហែលមិនមែនជាការភ្ញាក់ផ្អើលទេ ដែលពួកគេមានវត្តមានច្រើនក្នុងវិស័យសាធារណៈ។
ខណៈដែលទ្រឹស្តីមួយ គឺអង្គរក្សល្អ គ្មានគេមើលឃើញ អង្គរក្សមួយចំនួន ដែលធ្វើការឲ្យមន្រ្តីជាន់ខ្ពស់ បានលេចឈ្មោះ លើសារព័ត៌មានពីបទកិបកេង កាន់អាវុធខុសច្បាប់ និងឧក្រិដ្ឋកម្មដទៃទៀត។ ក្នុងឆ្នាំ ១៩៩៨ អង្គរក្សអភិបាលខេត្តកំពង់ស្ពឺ បានសម្លាប់ក្មេងប្រុស១៦ ឆ្នាំម្នាក់ ដែលបានឡើងរបងផ្ទះរបស់អភិបាល ដើម្បីលួចមាន់។
យោងតាមអង្គការសិទិ្ធមនុស្ស បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេចង ធ្វើទារុណកម្ម និងបាញ់ យ៉ាងហោចណាស់ ១០ ដង។ គ្មានការចោទប្រកាន់ឡើយក្នុងករណីនេះ។ រីឯអង្គរក្សដែលទទួលបន្ទុកការពារលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកបានហាត់ក្បាច់គុន ដែលបង់ដោយគណបក្ស នៅជប៉ុន និងចិន ដើម្បីការពារមេដឹកនាំគណបក្សប្រឆាំងពីការគំរាមកំហែង។
លោកបានបន្តថា៖ «យើងត្រូវគិតពីរបៀបការពារមេយើង។ ពេលមេដេក ឬរីករាយ ជាពេលយើងត្រូវត្រៀមខ្លួន»។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សប្រឆាំងមិនបានបង់ថ្លៃហាត់ទេ។ សន្តិសុខដែលគណបក្សមានគឺភាគច្រើនជាអ្នកស្ម័គ្រចិត្ត ដែលអមដំណើរលោក សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា។
លោក សុវណ្ណផ្ទាល់មានអ្នកបើកឡាន តែគ្មានអង្គរក្សទេ។ លោកបានបញ្ជាក់ថា៖ «ពីមុនមានការធ្វើឃាតជាច្រើន។ ឥឡូវនេះ គេប្រើតុលាការ»។
ទោះជាយ៉ាងនេះក្តី ក្នុងអំឡុងពេលជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតឆ្នាំមុន លោក សុវណ្ណ បានថ្លែងថា លោក និងតំណាងរាស្រ្តដទៃទៀត បានមើលឃើញបុរសពាក់ឯកសណ្ឋានស៊ីវិល ឃ្លាំមើលពួកលោកពីខាងក្រៅផ្ទះ។
លោកបានបន្ថែមថា៖ «ពួកគេនៅទីនោះអស់ច្រើនខែ។ នៅចុងផ្លូវទាំងពីរ ខ្ញុំបានជួបពួកគេ ថតរូបពួកគេ ហើយប្រាប់ពួកគេថា ខ្ញុំដឹងថាពួកគេឃ្លាំមើលខ្ញុំ។ យើងត្រូវក្លាហាន»។
ការវាយឬអំពើគឃ្លើនដទៃៗទៀតពីសំណាក់ក្រុមអង្គរក្សនៅបៀរហ្គាឌិន ក្លិប និងភោជនីយដ្ឋាន រឹតតែធ្វើឲ្យមានគំរូមិនល្អនេះ។ នោះជាមន្រ្តីជាន់ខ្ពស់ឬឧកញ៉ា ឬកូនរបស់ពួកគេ ដែលដើរចូលទៅកន្លែងទាំងនោះបង្កបញ្ហាតាមអំពើចិត្ត។ វាបង្កើតឲ្យមានទិដ្ឋភាពដែលបង្កក្តីបារម្ភដល់អាជីវកម្មមួយចំនួន។
លោក រស្មី មន្រ្តីផ្នែករដ្ឋបាលនៅក្លិបរាត្រីមួយក្នុងរាជធានីបានថ្លែងថា៖ «ពួកគេជាមនុស្សជាន់ខ្ពស់ ពួកគេយកអង្គរក្សមកជាមួយ»។ «ពួកគេគិតអំពីសុវត្ថិភាពរបស់ពួកគេឬក៏ដើម្បីបង្ហាញអំណាចរបស់ខ្លួន។ អង្គរក្សរបស់ពួកគេពេលខ្លះជាទាហាន។ ពួកគេមានកាំភ្លើង។ យើងបារម្ភអំពីបញ្ហានោះ»។
ដូចក្លិបដទៃៗទៀតក្នុងរាជធានីភ្នំពេញដែរ លោក Tyler Chan ម្ចាស់ក្លិប BLVD នៅផ្លូវសុធារស់ ថ្លែងថាក្លិបរបស់លោកហាមប្រាមយ៉ាងតឹងរ៉ឹងមិនឲ្យមានការយកអាវុធចូល។ ការការពារសន្តិសុខ គឺមានលក្ខណៈតឹងរ៉ឹងមានសុវត្ថិភាព ប៉ុន្តែពេលខ្លះអតិថិជនជាអ្នកមានឬមនុស្សជាន់ខ្ពស់ដែលនាំយកអង្គរក្សមកជាមួយ។
លោកបន្តថា ទោះយ៉ាងណាក្តី វត្តមានរបស់ពួកគេមិនបង្កបញ្ហាអ្វីទេ។ លោក Chan បន្តថា៖ «យើងឃ្លាំមើលពួកគេជានិច្ច ហើយពេលខ្លះឲ្យពួកគេទៅកន្លែងមួយដាច់ដោយឡែកមិនមែនជាការប្រព្រឹត្តពិសេសសម្រាប់ពួកគេទេ ប៉ុន្តែដើម្បីបញ្ចៀសជម្លោះជាមួយភ្ញៀវដទៃទៀត។ មិនមានបញ្ហាទេ»។
សម្រាប់មនុស្សជាច្រើនក្នុងរាជធានីភ្នំពេញ នោះគឺជាបទពិសោធ។ ការប្រុងប្រយ័ត្នជានិច្ច គឺធ្វើឲ្យពួកគេចៀសផុតពីបញ្ហាជាមួយអង្គរក្សភ្ញៀវដទៃទៀត។ ប៉ុន្តែប្រសិនបើអ្នកមានលុយនិងត្រូវការការពារ អ្នកគួរតែរកអង្គរក្ស។
Muller នៅក្លិប GSS បានថ្លែងថា៖ «អ្នកមិនត្រូវធ្វើជា លី ស៊ាវឡុង ទេ ឬដើម្បីឈ្នះការបាញ់កាំភ្លើងចម្ងាយ២គីឡូម៉ែត្រជាមួយទាហាននោះទេ»។ «ជំនាញមួយក្នុងចំណោមជំនាញដ៏ធំបំផុត គឺត្រូវតែបង្កើតឡើង តាមរយៈប្រាជ្ញារបស់អ្នក។ ប្រសិនបើអ្នកដកកាំភ្លើងចេញមក អ្នកប្រាកដជាមិនសប្បាយចិត្ត»។
Muller ថ្លែងបន្តថា ការដាក់ខ្លួនទាប និងការកំណត់ហានិភ័យ សម្រាប់អតិថិជននៅកន្លែងណាដែលពួកគេទៅ ហើយពីមុនពេលអ្នកទៅទីនោះ វាសំខាន់ណាស់។ ឧបករណ៍ឃ្លាំមើលទំនើប ក៏សំខាន់ខ្លាំងផងដែរ។ «អ្វីដែលខ្ញុំគាំទ្រឲ្យមានគឺការប្រើបច្ចេកទេស»។
អ្នកស្រី ម៉ាលីស ដែលជាស្រ្តីអ្នកជំនួញម្នាក់ក្នុងរាជធានីភ្នំពេញ មានអង្គរក្សដើរតាមគ្រប់ទីកន្លែង។
អ្នកស្រីបានថ្លែងថា៖ «នៅពេលគ្រួសាររបស់អ្នកមានលុយ អ្នកត្រូវការអង្គរក្ស»។ «វាមិនមែនមានន័យថា កម្ពុជាមិនមែនជាកន្លែងសុវត្ថិភាពទេ... ប៉ុន្តែអង្គរក្សអាចការពារអ្នក»។ អ្នកស្រី ម៉ាលីស ប្រើអង្គរក្សការពារសមាជិកគ្រួសារនិងអាជីវកម្ម ដោយសារអង្គរក្សនោះអាចទុកចិត្តបាន។ គាត់ជាទាហានដែលទទួលការបណ្តុះបណ្តាលនៅកងអង្គរក្សនៃក្រសួងមហាផ្ទៃ។
អ្នកស្រីបន្តថា៖ «ជីវិតប្រសើរជាងប្រសិនបើយើងមានអង្គរក្ស»។
ចំណែកឯលោក ចន្ថា ដែលជាអង្គរក្សការពារស្ត្រីអ្នកជំនួញបានថ្លែងថា ដំបូងលោកធ្វើការនៅក្រុមហ៊ុនរបស់ចៅហ្វាយរបស់លោក ក្រោយមកគេដឹងថាលោកជាទាហានអង្គរក្ស ហើយចៅហ្វាយទុកចិត្តទើបគាត់ក៏ត្រូវបានចៅហ្វាយជ្រើសយកមកធ្វើជាអង្គរក្សប្រចាំនៅក្នុងគ្រួសាររបស់ចៅហ្វាយ។
លោកបានថ្លែងថា៖ «ការងាររបស់ខ្ញុំគឺការពារសុត្ថិភាពចៅនិងក្រុមគ្រួសារជាពិសេសនៅពេលចេញទៅក្រៅនិងជូនកូនចៅហ្វាយទៅសាលារៀន»។
លោកបានថ្លែងថា លោកខុសពីអង្គរក្សដទៃដោយសារតែទទួលបានការរៀនសូត្រត្រឹមត្រូវអំពីរបៀបការពារ មិនមែនដូចអង្គរក្សខ្លះដែលជាសាច់ញាតិពុំបានទទួលការរៀនសូត្រត្រឹមត្រូវដោយគ្រាន់តែចេះដើរអមៗចៅហ្វាយរបស់ខ្លួននោះទេ។
លោកបានថ្លែងថា ៖«យើងបានរៀនដូច្នេះយើងដឹងពីរបៀបការពារ»៕ PS
រាយការណ៍បន្ថែមដោយ ម៉ៃ ទិត្យថារ៉ា
No comments:
Post a Comment