ប្រទេសថៃ និងប្រទេសវៀតណាម ក៏ជាម្ចាស់ហត្ថលេខីមួយដែរក្នុងចំណោមរដ្ឋជាសមាជិកទាំង១៨ នៃសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា ប៉ុន្តែប្រទេសទាំងពីរនេះ រងការរិះគន់ថា មិនបានគោរពពីកិច្ចព្រមព្រៀងរបស់ខ្លួនទេ ជាពិសេសបញ្ហាគោរពបូរណភាពដែនដីនៃប្រទេសជិតខាងគ្នា។
បញ្ហានេះហើយ ដែលត្រូវក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងពិនិត្យទៅលើរឿងព្រំដែន ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកករណីប្រទេសថៃ និងប្រទេសវៀតណាម នេះ ដាក់ជូនបណ្ដាប្រទេសហត្ថលេខីដោះស្រាយជាបន្ទាន់។
អង្គការ និងសមាគមចំនួន៨ ដែលតំណាងឲ្យសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយលើលិខិតចំហ ដែលលិខិតនោះទាមទារឲ្យ លោក ហ៊ុន សែន អន្តរាគមន៍ជាបន្ទាន់ករណីប្រទេសថៃ និងប្រទេសវៀតណាម មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។
ស្ថាប័នមិនមែនរដ្ឋាភិបាលទាំងនេះរកឃើញថា ប្រទេសទាំងពីរនេះ កន្លងមកមិនបានគោរពទៅតាមធម្មនុញ្ញនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា នោះម្ដងណាទេ។
លិខិតចំហដែលចុះហត្ថលេខារួមគ្នានៅថ្ងៃទី២២ ខែតុលា របស់អង្គការមិនមែនរដ្ឋាភិបាលទាំង ៨ស្ថាប័ន ដែលផ្ញើជូន លោក ហ៊ុន សែន ឲ្យដឹងថា សម្រាប់ខួបលើកទី២៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឲ្យកម្ពុជា ត្រូវអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលមិនអាចរំលោភបានពីប្រទេសជិតខាង។
លិខិតដដែលឲ្យដឹងទៀតថា បើទោះជាមានការធានាដូចនេះក្ដី ក៏សមាជិកទាំង ១៨ប្រទេសនៃម្ចាស់ហត្ថលេខី ដែលទទួលស្គាល់ពីការស្ដារសន្តិភាពឡើងវិញរបស់ប្រទេសកម្ពុជា គឺមានប្រទេសពីរ គឺប្រទេសថៃ និងប្រទេសវៀតណាម មិនបានគោរពស្មារតីនៃកិច្ចព្រមព្រៀងនេះទេ ហើយនៅតែរំកិលបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា និងរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែន។
ពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ មន្ត្រីរដ្ឋាភិបាលធ្លាប់បានលើកឡើងថា វាហាក់បានស្រង់ខ្លឹមសារយកមកបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិអស់ទៅហើយ។
បើទោះជាយ៉ាងនេះក៏ដោយ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ អះអាងថា ការពិត ធម្មនុញ្ញនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ មិនបានសាបសូន្យឡើយ ជាពិសេសខ្លឹមសារនៃកិច្ចព្រមព្រៀងនេះទៀតសោត គឺនៅតែមានសុពលភាពផ្នែកច្បាប់ ហើយជាបទដ្ឋានគតិយុត្តិអន្តរជាតិថែមទៀតផង ដែលអាចនិរាករណ៍លើកិច្ចព្រមព្រៀងទាំងឡាយណា ទាំងមុន និងក្រោយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យប៉ះពាល់ទឹកដីកម្ពុជា៖ «សំឡេង»។
បើទោះជាបែបណា មន្ត្រីរដ្ឋាភិបាលបានច្រាលចោលភ្លាមៗជុំវិញការរកឃើញថា មានការរំលោភបំពានអធិបតេយ្យភាពកម្ពុជា ពីបណ្ដាប្រទេសជិតខាងនេះ។
ក៏ប៉ុន្តែ លោក រ៉ុង ឈុន តំណាងឲ្យសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា វិញ អះអាងថា ប្រទេសជិតខាងកម្ពុជា ទាំងវៀតណាម និងភាគីថៃ គឺបានបំពានទាំងស្រុងលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីកម្ពុជា នេះ។ លោកបន្តថា មានភស្តុតាងជាច្រើនករណីដែលរកឃើញថា វៀតណាម និងថៃ បានរំកិលចូលមកតាមបណ្ដោយព្រំដែនកម្ពុជា ក៏ប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញរបស់រដ្ឋាភិបាល ទប់ស្កាត់ និងដោះស្រាយឡើយ៖ «សំឡេង»។
ឆ្លើយតបរឿងនេះ លោក ទិត្យ សុធា មន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី និយាយថា នេះជាទម្លាប់របស់អ្នករិះគន់ដែលតែងចោទប្រកាន់ប្រឆាំងរដ្ឋាភិបាល។ លោកបន្តថា ការចោទប្រកាន់ណាមួយទៅលើប្រទេសជិតខាង វាមិនគួរគប្បីឡើយ ខណៈប្រទេសទាំងនោះកំពុងកសាងព្រំដែនសន្តិភាពជាមួយគ្នា ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយមិនជ្រៀតជ្រែកប្រទេសជិត ខាង ដោយរួមទាំងកម្ពុជា ផង។ លោកថ្លែងបន្តថា ជារឿយៗ គឺកម្រឃើញមានរបាយការណ៍ជាក់លាក់ណាស់ពីក្រុមអ្នករិះគន់ អំពីបញ្ហាដែលតែងលើកឡើង។ ផ្ទុយទៅវិញ ដោយគ្រាន់តែផ្សព្វផ្សាយតាមអ្វីដែលបានដឹង ឬថាឮប៉ុណ្ណោះ៖ «សំឡេង»។
បើទោះជាបែបណា លិខិតចំហរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហារបស់កម្ពុជា នឹងមិនមានបញ្ហានោះទេ។
លិខិតឲ្យដឹងទៀតថា ព្រោះក្នុងខ្លឹមសារនៃមាត្រា៥ ចំណុចទី១នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ចែងយ៉ាងច្បាស់ថា ក្នុងករណីមានការរំលោភ ឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃទឹកដីអព្យាក្រឹតភាព ឬឯកភាពជាតិនៃកម្ពុជា ឬលើការប្ដេជ្ញាអនុវត្តដទៃទៀតណាមួយក្នុងកិច្ចព្រមព្រៀងនេះ បណ្ដារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះ ធ្វើការពិគ្រោះយោបល់ជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីធានាការគោរពដល់ការប្ដេជ្ញាចិត្តទាំងនោះ តាមមធ្យោបាយសន្តិវិធី។
សន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា នេះ ក៏បានធានាទៀតថា រាល់កិច្ចព្រមព្រៀងទាំងឡាយដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃកម្ពុជា ត្រូវចាត់ទុកជានិរាករណ៍។ ក្រុមអង្គការសង្គមស៊ីវិល ដែលជាញឹកញយតែងឃ្លាំមើលរឿងព្រំដែន តែងចោទប្រកាន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើឲ្យទឹកដីកម្ពុជា មួយផ្នែកធំ ត្រូវបាត់បង់ទៅប្រទេសវៀតណាម តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ មួយផ្នែកទៀត ត្រូវបានភាគីថៃ បន្តខិតចូលមកកម្ពុជា នៅតាមបណ្ដោយព្រំដែនមួយចំនួនផង។
ពាក់ព័ន្ធរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីថ្ងៃទី៩ ខែសីហា រួចម្ដងហើយថា ការពិតទាំងដីគោក និងដែនសមុទ្រនេះ រដ្ឋាភិបាលរបស់លោកមិនដែលធ្វើឲ្យបាត់ទេ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បានទម្លាក់កំហុសក្នុងរឿងនេះទៅលើ លោក ស៊ាន ប៉េងស៊ែ ទៅវិញ។ លោក ហ៊ុន សែន ថ្លែងដោយអំនួតថា វាជាសំណាងរបស់កម្ពុជា ទៅវិញទេ ដែលមានភ័ព្វវាសនាមិនបានចរចាជាមួយវៀតណាមខាងត្បូង ដែលជាដៃគូសម្ព័ន្ធមិត្តរបស់ លោក លន់ លន់ និងលោក ស៊ាន ប៉េងសែ នោះ៖ «សំឡេង»។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងធ្លាប់ជាអតីតអ្នកគូសផែនទីកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ និយាយថា តាមពិតស្ទើរគ្រប់ជំនាន់ណាស់មកហើយ ប្រទេសកម្ពុជា ពុំដែលបាត់បង់ទឹកដីទៅប្រទេសជិតខាងដូចក្នុងអាណត្តិដែល លោក ហ៊ុន សែន គ្រប់គ្រងនេះឡើយ។ ស្ថិតក្នុងវ័យ ៧៥ឆ្នាំ លោក ស៊ាន ប៉េងសែ ថ្លែងថា ជាងមួយសតវត្សហើយ ក្រោយពីអាណាព្យាបាលបារាំង និងថៃ បានគូសផែនទីសម្រាប់កម្ពុជា ចាប់ពីឆ្នាំ១៩០៤ មក លោកអះអាងថា ទើបតែពេលនេះទេមានតំបន់ស និងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសជិតខាង៖ «សំឡេង»។
ដោយឡែកសម្រាប់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា វិញ ព្រមានទៅរដ្ឋាភិបាលថា ប្រសិនបើលិខិតចំហនៅពេលនេះ មិនត្រូវបានរដ្ឋាភិបាលអើពើទេ ក្នុងពេលដ៏ខ្លីខាងមុខអាចនឹងមានសកម្មភាពតវ៉ាប្រឆាំងភាព ស្ងៀមស្ងាត់របស់រដ្ឋាភិបាល។ យុទ្ធនាការដែលគ្រោងនឹងធ្វើនោះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាល ត្រូវចាត់វិធានការសមស្រប ដោយស្នើឲ្យបណ្ដាប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដោះស្រាយជាបន្ទាន់លើករណីប្រទេសថៃ និងប្រទេសវៀតណាម រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕
2 comments:
Our Compatriots,
If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...
Our demand should go along with consistent peaceful demonstration until we get what we've wanted.
Doing something without a firm specific goal and result would only weaken our cause to save Cambodia.
How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.
Bun Thoeun
Our Compatriots,
If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...
Our demand should go along with consistent peaceful demonstration until we get what we've wanted.
Doing something without a firm specific goal and result would only weaken our cause to save Cambodia.
How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.
Bun Thoeun
Post a Comment