ដោយ៖ ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី23 តុលា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
តំណាងរាស្ត្រគណបក្សប្រឆាំងលោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតផ្លូវការទៅប្រធានរដ្ឋសភាលោក ហេង សំរិន នៅពេលថ្មីៗនេះ ឲ្យកោះហៅនាយករដ្ឋមន្ត្រីចូលបំភ្លឺក្នុងសភា ដើម្បីសួរដេញដោលពីបូរណភាពទឹកដីរវាងប្រទេសកម្ពុជា និងវៀតណាម។
ការដាក់លិខិតធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ រកឃើញថា វៀតណាមបានបោះបង្គោលព្រំដែននៅឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ចូលក្នុងដីកម្ពុជាប្រមាណ៤០គីឡូម៉ែត្រ។ បច្ចុប្បន្នតំបន់នោះ ខាងភាគីវៀតណាមកំពុងធ្វើផ្លូវក្រាលកៅស៊ូ។
ប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ទទួលស្គាល់ថា វៀតណាមពិតជាកំពុងធ្វើផ្លូវនៅតំបន់នោះ បើទោះជាកម្ពុជាស្នើសុំឲ្យឈប់ ក៏ភាគីវៀតណាមមិនព្រមឈប់ដែរ។ លោកមានប្រសាសន៍ថា «ធ្វើហ្នឹងមិនត្រឹមត្រូវតាមការឯកភាពគ្នា នៃប្រទេសទាំងពីរទេ! យើងសុំគាត់ឲ្យបញ្ឈប់ សុំគាត់ច្រើនដងហើយ តែគាត់មិនបានបញ្ឈប់ទេ គាត់នៅធ្វើបន្តទៀត»។
អត្ថបទវិភាគផ្សេងទៀត
លោក វ៉ា គឹមហុង បញ្ជាក់ថាវៀតណាមមិនគោរពលើស្មារតីនៃសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងសេចក្តីថ្លែងការណ៍រួមឆ្នាំ១៩៩៧ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាមដែលបញ្ជាក់ច្បាស់ថា បន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នាត្រូវរក្សាឲ្យនៅដដែល។
នេះជាលើកទី១ហើយ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងប្រាប់អ្នកសារព័ត៌មានថា វៀតណាមមិនគោរពតាមការព្រមព្រៀង ក្នុងការបោះបង្គោលព្រំដែនធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។
ប៉ុន្តែពេលសាកសួរថា តើកម្ពុជាមានគម្រោងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឬស្វែងរកការអន្តរាគមន៍ពីសហគមន៍អន្តរជាតិទេ? លោក វ៉ា គឹមហុងឆ្លើយភ្លាមថាទេ។«សំនួរអ្នកសារព័ត៌មាន៖ បើចរចាមិនមានដំណោះស្រាយលោកពូអាចដាក់ពាក្យប្តឹងទេ? វ៉ា គឹមហុង៖ អាហ្នឹងចាំថ្ងៃក្រោយកុំអាលសួរឥឡូវបាទ ចាំយើងចរចាសិនចាំបានលទ្ធផលម៉េចៗ ចាំគិតទៀត»។
លោក វ៉ា គឹមហុង អះអាងថា មិនប្តឹងទៅស្ថាប័នអន្តរជាតិទេ ដោយសារវៀតណាមនៅបន្តចរចា តែចំណុចចោទត្រង់ថា ការចរចាកន្លងមកពេលកម្ពុជារកឃើញថា ការបោះបង្គោលព្រំដែនរំលោភចូលទឹកដីកម្ពុជា វៀតណាមមិនព្រមឈប់ តើការចរចានោះមានន័យអ្វី? ឬគ្រាន់តែជាការពន្យារសម្រាប់ឲ្យវៀតណាមសាងសង់ផ្លូវ និងបោះបង្គោលព្រំដែនឲ្យហើយ? ចុះបើវៀតណាមបោះបង្គោលព្រំដែនហើយ តើកម្ពុជាមានសមត្ថភាពវាយបង្គោលចោលវិញ ឬទេ បើការចរចារកឃើញថា បង្គោលពិតជាចូលទឹកដីកម្ពុជាមែននោះ?
ការលើកឡើងថា វៀតណាមរំលោភកិច្ចព្រមព្រៀងករណីបោះបង្គោលព្រំដែនជាមួយកម្ពុជា គឺជាលើកដំបូងរបស់មន្ត្រីរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែមិនមែនលើកដំបូងសម្រាប់មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលទេ។ មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលរិះគន់ជាបន្តបន្ទាប់ថា វៀតណាមរំលោភលើបូរណភាពទឹកដីកម្ពុជា រហូតដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់រត់ចោលស្រុកជាង៤ឆ្នាំ ដោយសារដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង ដែលលោកយល់ថា វៀតណាមបោះលើទឹកដីកម្ពុជា។
បើប្រៀបធៀបករណីព្រំដែនកម្ពុជាជាមួយវៀតណាម និងកម្ពុជាថៃមានភាពខុសគ្នា។ ជម្លោះជាថ្មីកាលពីឆ្នាំ២០០៨ ការដណ្តើមកាន់កាប់ដីនៅតំបន់ក្បែរប្រាសាទព្រះវិហារទំហំ៤,៦គឺឡូម៉ែត្រក្រឡា កម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ ពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសប្តូរផ្តាច់ការពារបូរណភាពទឹកដី បើទោះជាកម្ពុជាមានកម្លាំងកងទ័ពតិចជាងប្រទេសថៃក៏ដោយ។ តែផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីមិនដែលមានប្រតិកម្មរិះគន់ ករណីព្រំដែនជាមួយវៀតណាមទេ។
ជុំវិញបញ្ហាព្រំដែនកម្ពុជាជាមួយវៀតណាម ដែលទើបកម្រើកឡើងជាថ្មីទៀតនេះ អ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងផ្នែកនយោបាយ បានជំរុញឲ្យកម្ពុជាស្វែងរកការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដូចជាភាគីហត្ថលេខីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស អាស៊ាន ឬតុលាការយុត្តិធម៌អន្តរជាតិដើម។
បណ្តាប្រទេសមួយចំនួន ពេលមានជម្លោះព្រំដែនហើយដោះស្រាយទ្វេភាគីមិនបាន គេតែងជ្រើសរើសយកស្ថាប័នអន្តរជាតិឲ្យជួយដោះស្រាយ។ នៅឆ្នាំ២០១៤នេះ ប្រទេសហ្វីលីពីនបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីជម្លោះដែនទឹកជាមួយចិននៅសមុទ្រចិនភាគខាងត្បូង។ ចំណែកវៀតណាមនៅពេលថ្មីៗនេះ ក៏បានរៀបចំត្រៀមប្តឹងករណីជម្លោះដែនទឹកជាមួយចិន ទៅតុលាការយុត្តិធម៌អន្តរជាតិដែរ។
ទន្ទឹមនឹងបញ្ហាបោះបង្គោលព្រំដែននេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ក៏បង្ហាញការព្រួយបារម្ភចំពោះជនជាតិវៀតណាម កំពុងមានចំនួនកើនឡើងតាមរយៈដីសម្បទានសេដ្ឋកិច្ច នៅតំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម ដែលអាចធ្វើឲ្យកម្ពុជាបាត់បង់ដី ឈានដល់មានគ្រោះថ្នាក់ពេលអនុវត្តច្បាប់អន្តោប្រវេសន៍នៅពេលខាងមុខ។ លោកបន្ថែមថា «៤សែនហិកតា ចម្ការកៅស៊ូ ចុះបើមួយហិកតាយកមកពីរនាក់ មិនដឹងទាហានវៀតណាម ឬប្រជាជនវៀតណាម ចុះបើបួនសែនហិកតា ប្រសិនបើ១ហិកតាប្រជាជនវៀតណាមតែពីរនាក់ប៉ុន្មាន មិនជិត១លាននាក់ហើយ បាទចុះបើជិតមួយលានយើងធ្វើអីកើត បើអនុវត្តច្បាប់អន្តោប្រវេសន៍ បើគេអនុវត្តអាហ្នឹងមកប៊ឹមមក មិនងាប់បាត់ហើយ អនុវត្តច្បាប់សញ្ញាតិអត់ឲ្យសញ្ញាតិឲ្យអ្នកឯងទៅវិញ គេគំរាមកំហែង៨០ម៉ឺនហ្នឹង ងាប់បាត់ហើយ ហើយយើងទៅពិនិត្យយ៉ាងម៉េចនៅក្នុងចម្ការកៅស៊ូ រដ្ឋបាលយើងហ៊ានទៅទេ ខ្ញុំបារម្ភក្រែងថ្ងៃក្រោយទៅ ប្រធានភូមិ មេឃុំ ចៅហ្វាយស្រុកជាវៀតណាមចប់តែម្តង ចឹងខ្ញុំគិតថា វាសនាមិនខុសពីកម្ពុជាក្រោមទេ»។
ទោះជាយ៉ាងលោក ហ៊ុន សែន បានថ្លែងបំភ្លឺក្នុងសភាកាលពីឆ្នាំ២០១២ ដោយអះអាងថា ក្នុងនាមជាកូនខ្មែរ លោកមិនបណ្តោយឲ្យបាត់បង់ដីទៅវៀតណាមដូចការចោទប្រកាន់ទេ។ លោកមានប្រសាសន៍ថា «បើគ្រាន់តែធ្វើអាយ៉ងគេវាអត់ពិបាកទេ គេឲ្យបង់ឯណាបោះឯណឹងទៅ វាឆាប់ចប់ ប៉ុន្តែដោយសារចរិកជាម្ចាស់ប្រទេស បានជាកូនខ្មែរត្រូវធ្វើកិច្ចការងារនេះ ខ្ញុំគិតថា អស់លោកគួរឲ្យតម្លៃប្រជាជនខ្លះផង ការផ្តល់ឲ្យគណបក្សប្រជាជន៩០អាសនៈនៅក្នុងរដ្ឋសភា មិនមែនជាការលេងសើចទេ រាប់ទាំងប្រជាពលរដ្ឋនៅទល់ដែន បើអ្នកនៅទល់ដែនថា បាត់បង់ទឹកដី អ្នកនៅទល់ដែនមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេ»។
ក្នុងពេលបំភ្លឺក្នុងសភារយៈពេល៥ម៉ោង២០នាទីនៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាលោកមិនឲ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ។
រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចាប់ផ្តើមបោះបង្គោលព្រំដែន តាំងពីឆ្នាំ២០០៦ នៅតាមបណ្តោយព្រំដែនដែលមានប្រវែង១២៧០គីឡូម៉ែត្រ ប្រទេសទាំងពីរបានកំណត់ថា ត្រូវបោះបង្គោលព្រំដែនចំនួន ៣៧៥បង្គោល។ ថ្មីៗនេះ លោក វ៉ា គឹមហុង ថ្លែងថា កម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនបានជាង៨០ភាគរយហើយ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
1 comment:
Our Compatriots,
If we want to save Cambodia from this evil Vietnam, we should try resolving some SPECIFIC problems first such as demanding Hun Sen to rescind the 2005 supplemental treaty, taking Angkor back from a devil Vietnamese Sok Kong, implementing the 1991 Paris Peace Accord, etc...
Our demand should go along with consistent peaceful demonstration until we get what we've wanted.
Doing something without a firm specific goal and result would only weaken our cause to save Cambodia.
How about start doing a massive peaceful demonstration demanding Hun Sen to annul this 2005 supplemental treaty until we get it first?
Can we do it? Time is not on our side because as time goes by the root of Vietnam’s expansion – Vietnamization of Cambodia - will get deeper and deeper inside Cambodia.
Bun Thoeun
Post a Comment