ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ យូញៀន ឌីវើឡុបមិន (Union Development) បាននាំគ្នាស្វែងរកអន្តរាគមន៍ទៅអភិបាលខេត្តកោះកុង ឲ្យរក្សាទុកដីរបស់អ្នកភូមិដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។
ការស្នើនេះ ពួកគាត់សង្ឃឹមថា អាជ្ញាធរខេត្តនឹងដោះស្រាយជូនតាមសំណើអ្នកភូមិ នៅរយៈពេលដ៏ខ្លីខាងមុខ។
តំណាងពលរដ្ឋ ៥នាក់ ក្នុងចំណោមពលរដ្ឋ ១១៥គ្រួសារ មកពីភូមិចំនួន៣ នៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់ចិន បានដាក់លិខិតឲ្យអភិបាលខេត្ត អន្តរាគមន៍ឆ្វៀលដីឲ្យពួកគាត់រស់នៅ និងបង្កបង្កើនផល។
បុរសវ័យ ៧០ឆ្នាំ លោក ប្រាក់ ថន រស់នៅចំណុចពយជប៉ុន ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ថ្លែងនៅថ្ងៃទី៥ ខែកញ្ញា ថា អ្នកភូមិចំនួន៣ គឺភូមិព្រែកស្មាច់ ចំនួន ២៩គ្រួសារ ភូមិពាមកាយ ១៩គ្រួសារ និងភូមិកោះស្ដេច ៦៧គ្រួសារ សរុប ១១៥គ្រួសារ បានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ឌីវើឡុបមិន តាំងពីឆ្នាំ២០០៨ ដែលពាក់ព័ន្ធនឹងដីលំនៅឋាន និងដីចម្ការរបស់ពួកគាត់ជាង ១ពាន់ហិកតារ។
លោកថា តាមរយៈលិខិតដែលបានដាក់ជូនទៅអភិបាលខេត្តនេះ សង្ឃឹមថានឹងអន្តរាគមន៍ជូនពួកគាត់៖ «អាយូញៀនហ្នឹងវាអត់ដោះទេ វាគិតតែដណ្ដើម។ យើងដាក់លិខិតឲ្យខេត្តហ្នឹង ដើម្បីឲ្យដោះស្រាយ ចុះទៅមើលពិនិត្យ ហើយឲ្យប្រជាពលរដ្ឋយើងនៅធម្មតាដូចដើមវិញចឹង»។
នាយករងរដ្ឋបាលសាលាខេត្តកោះកុង លោក សៅ ស៊ីធួន ដែលបានចេញមកទទួលលិខិតពីពលរដ្ឋ មានប្រសាសន៍ថា លោកនឹងបញ្ជូនលិខិតនេះទៅលោកអភិបាលខេត្ត ឲ្យពិនិត្យមើលសំណើរបស់អ្នកភូមិនេះ៖ «គាត់ស្ងប់ចិត្តអ៊ុំពូមីង ខ្ញុំធ្លាប់ស្គាល់ធ្លាប់ជួបគាត់ចឹង គាត់ក៏វិលត្រឡប់ទៅវិញ រង់ចាំការណែនាំពីឯកឧត្ដមអភិបាលខេត្ត»។
ក្រុមអ្នកភូមិបានអះអាងថា មូលហេតុដែលនាំឲ្យវិវាទដីធ្លីនេះចេះតែអូសបន្លាយគ្មានការដោះស្រាយកន្លងមក ដោយសារតែអាជ្ញាធរពាក់ព័ន្ធ បានចាត់ទុកថាពួកគាត់ជាក្រុមអ្នកប្រឆាំង។
យ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានទស្សនៈថា អ្នកភូមិគួរតែបានអ្វីដែលពួកគាត់ស្នើសុំ។ លោកថា បើក្រឡេកមើលទិដ្ឋភាពច្បាប់ អ្នកភូមិមានលក្ខណៈពេញលេញជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ហើយពលរដ្ឋទាំងនេះ គឺជាអ្នករងគ្រោះពិតប្រាកដ ដែលកំពុងរង់ចាំការដោះស្រាយ៖ «ពាក់ព័ន្ធបញ្ហាហ្នឹង យើងឃើញថា ប្រជាពលរដ្ឋគាត់បានទន្ទឹមរង់ចាំយូរហើយ នៅពេលដែលគាត់មើលឃើញទូរទស្សន៍ ប្រសាសន៍សម្ដេចទៅ គាត់មានក្ដីសង្ឃឹមទៅលើការដោះស្រាយ ការអនុវត្តរូបមន្តស្បែកខ្លា។ ដូច្នេះហើយ ពួកគាត់មានក្ដីសង្ឃឹមចុងក្រោយមួយ យកពាក្យមកដាក់នៅសាលាខេត្ត ដើម្បីស្នើសុំឲ្យថ្នាក់ខេត្ត ធ្វើការដោះស្រាយបញ្ហាហ្នឹង។ ពួកគាត់មានជំនឿមុតមាំថា បញ្ហានេះនឹងមានផលប្រយោជន៍ចំពោះប្រជាពលរដ្ឋ ដែលគាត់ទន្ទឹងរង់ចាំដោះស្រាយបញ្ហាដីធ្លី ដែលគាត់រង់ចាំអស់រយៈពេលជាង ៦ឆ្នាំមកហើយ»។
គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យូញៀន ឌីវើឡុបមិន បានធ្វើឲ្យប៉ះពាល់ពលរដ្ឋ ១.១៨៤គ្រួសារ ដែលរស់នៅបង្កបង្កើនផលក្នុងស្រុកចំនួន២ គឺស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ពាក់ព័ន្ធផ្ទៃដី ៣.៦០០ហិកតារ។ ក្រុមអ្នកភូមិ មានគម្រោងឡើងមកមន្ទីររដ្ឋសភា និងស្ថាប័នពាក់ព័ន្ធនៅភ្នំពេញទៀត ប្រសិនជាការស្នើទៅអាជ្ញាធរខេត្តលើកនេះ មិនមានដំណោះស្រាយ៕
No comments:
Post a Comment