ប្រជាពលរដ្ឋជាង ១៣០នាក់ មកពីស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង ដែលជាស្រុកជាប់ព្រំដែនកម្ពុជាថៃ បានឡើងមកតវ៉ានៅសាលាខេត្ត ដើម្បីស្នើឲ្យអាជ្ញាធរជំនាញរបស់រដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងពួកគាត់ ជាមួយក្រុមហ៊ុន សួន មានសម្បត្តិ។
ករណីវិវាទនេះ កើតមានឡើងក្រោយពីក្រុមហ៊ុន សួន មានសម្បត្តិ ចូលទៅវិនិយោគ បន្ទាប់ពីទទួលបានសិទ្ធិអភិវឌ្ឍន៍ពីរដ្ឋាភិបាល ក្រោមនយោបាយសម្បទានដីសេដ្ឋកិច្ច កាលពីឆ្នាំ២០១១ មក។ បន្ទាប់ពីតវ៉ាបានប្រហែល ២០នាទី មន្ត្រីសាលាខេត្ត បានអនុញ្ញាតអោយតំណាងពលរដ្ឋចំនួន ៦នាក់ ចូលទៅជួបពិភាក្សាពីការទាមទាររបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋមកពីស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ដែលឡើងមកតវ៉ានៅព្រឹកថ្ងៃទី៥ កញ្ញា ឲ្យដឹងថា កិច្ចប្រជុំរវាងតំណាងអ្នកមានជម្លោះដីធ្លីជាមួយមន្ត្រីជំនាញថ្នាក់ខេត្ត មិនទទួលបានលទ្ធផលអ្វីនោះទេ ដោយតំណាងរបស់ខេត្តសន្យាថា នឹងផ្ដល់ចម្លើយក្រោយពីប្រជុំកិច្ចការផ្ទៃក្នុងរបស់ខេត្តចប់សព្វគ្រប់ ជុំវិញបញ្ហានេះជាមុនសិន។
តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកទាំង ៦នាក់ ដែលត្រូវបានកោះហៅ ដើម្បីជួបពិគ្រោះយោបល់នោះ លោក ស៊ឹង ហៀង ព្រមាននៅថ្ងៃទី៥ កញ្ញា ក្រោយចេញពីបន្ទប់ប្រជុំថា ប្រសិនបើសេចក្ដីសម្រេចដែលធ្វើឡើងនៅពេលនេះ មិនអាចទទួលយកបានទេ ក្រុមអ្នកតវ៉ានឹងឡើងមកម្ដងទៀត ឬបើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងបន្តរកកិច្ចអន្តរាគមន៍នៅថ្នាក់ជាតិវិញ៖ «សំឡេង»។
ការចរចារវាងតំណាងពលរដ្ឋ និងមន្ត្រីសាលាខេត្តនោះ បានកើតឡើងភ្លាមៗនៅពេលប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាក្នុងរយៈពេលខ្លី នៅក្រោមដើមពោធិ៍ក្បែរសាលាខេត្តបាត់ដំបង។ ដោយឡែកកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលវិញ ពុំត្រូវបានគេដាក់ពង្រាយស្អេកស្កះដូចមុនទៀតឡើយ ក្រៅពីមានកម្លាំងនគរបាលប៉ុន្មាននាក់នៅចាំឃ្លាំមើលសន្តិសុខប៉ុណ្ណោះ។
និយាយពីទិដ្ឋភាពនៅក្រោមដើមពោធិ៍ឯណេះវិញ ក្រៅពីមានអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចាំសង្កេតការណ៍ហើយ លើសពីនេះទៀត ថែមទាំងមានក្រុមអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង ថ្លែងសារនយោបាយថែមទៀត។
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង ដែលមានវត្តមានដែរនោះ និយាយថា អ្នកនយោបាយគួរបែរមកគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋវិញម្ដង។ ជាងនេះទៀត អ្នកស្រីអំពាវនាវសូមឲ្យបញ្ឈប់វប្បធម៌ប្រើប្រព័ន្ធតុលាការ ប្រឆាំងលើពលរដ្ឋរបស់ខ្លួន ក្នុងជម្លោះដីធ្លីតទៅទៀត។
ប្រជាពលរដ្ឋទាំងជាង ១០០នាក់ ទាមទារលក្ខខណ្ឌខុសៗគ្នា។ អ្នករងគ្រោះក្នុងហិង្សាដីធ្លីប្រមាណ ៧០៣ហិកតារ ចំនួន ១៧៦គ្រួសារ នៅស្រុកភ្នំព្រឹក គឺស្នើឲ្យអាជ្ញាធរចុះវាស់វែងដីឡើងវិញ ហើយប្រគល់ដីឲ្យគ្រប់ចំនួន ដែលពួកគាត់កាន់កាប់ជាក់ស្ដែង។ ដោយឡែកប្រជាពលរដ្ឋ ៤៦គ្រួសារ ដែលមានដីទំនាស់ប្រមាណ ១០០ហិកតារ ជាមួយក្រុមហ៊ុន សួន មានសម្បត្តិ ដូចគ្នាដែរនោះ នៅស្រុកសំពៅលូន ទាមទារឲ្យអាជ្ញាធរប្រគល់ប្លង់កម្មសិទ្ធិ និងច្រានចោលបទចោទទាំងឡាយណា ប្រឆាំងសកម្មជនដីធ្លី ព្រមទាំងស្នើឲ្យតុលាការ ដោះលែងអ្នកកំពុងជាប់ពន្ធនាគារមានសេរីភាពវិញ។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរស័ព្ទពីម្ចាស់ក្រុមហ៊ុន សួន មានសម្បត្តិ តែទូរស័ព្ទពុំមានអ្នកទទួល នៅថ្ងៃទី៥ កញ្ញា។
តាមការអះអាងរបស់ពលរដ្ឋពាក់ព័ន្ធវិវាទនេះ អោយដឹងថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុន សួន មានសម្បត្តិ នេះ បានទទួលវិនិយោគក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ច។ ការអភិវឌ្ឍដែលមានផ្ទៃដីជាង ៤ពាន់ហិកតារនេះ (៤.០៩៥ហិកតារ) បានធ្វើឲ្យស្រុកចំនួន២ គឺស្រុកសំពៅលូន និងស្រុកភ្នំព្រឹក រងផលប៉ះពាល់។ ប្រជាពលរដ្ឋចោទប្រកាន់ថា បានចូលឈូសឆាយលើដីកម្មសិទ្ធិ ដែលបានកាន់កាប់តាំងពីឆ្នាំ២០០០ និងព្យាយាមឲ្យម្ចាស់ដីទទួលយកគោលការណ៍ប្លង់កម្មសិទ្ធិដែលចេញដោយក្រុមហ៊ុនទាំងបង្ខំ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកសំពៅលូន លោក ជា សម្បត្តិ មានជំនឿថា បញ្ហានេះអាចនឹងត្រូវដោះស្រាយបាន និងឈានទៅបញ្ចប់វិវាទក្នុងពេលខាងមុខនេះ។ ប៉ុន្តែ លោកបញ្ជាក់ថា នៅពេលនេះ ស្ថាប័នជំនាញថ្នាក់ខេត្តកំពុងធ្វើកិច្ចការនេះនៅឡើយ៖ «សំឡេង»។
បុគ្គលិកផ្នែកអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ចាត់ទុកថា បញ្ហាដែលនៅបន្តចាក់ស្រេះនេះ ដោយសារអ្នកដោះស្រាយ គឺមានជាប់ពាក់ព័ន្ធផលប្រយោជន៍រៀងៗខ្លួន និងអំពើពុករលួយជាប្រព័ន្ធ។ ហេតុនេះ លោកអះអាងថា បើទោះជាយន្តការល្អឥតខ្ចោះយ៉ាងណា ក៏មិនអាចបញ្ចប់បញ្ហានេះបានឡើយ៖ «សំឡេង»។
អង្គការសង្គមស៊ីវិល ចាត់ទុកថា ប្រសិនបើបញ្ហាដីធ្លីនៅតែបន្តមានភាពចម្រូងចម្រាសដូចនេះ បដិវត្តដីធ្លីទំនងជាអាចកើតឡើង៕
No comments:
Post a Comment