ដោយ៖ បូ សាវី | ថ្ងៃអង្គារ ទី30 កញ្ញា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
តំណាងរាស្ដ្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិអត់មានការិយាល័យធ្វើការ ដើម្បីបម្រើសេចក្ដីត្រូវការដល់ពលរដ្ឋ បើទោះជាតំណាងរាស្ដ្រទាំងនោះស្បថចូលកាន់តំណែងរួចហើយក៏ដោយ។
តំណាងរាស្ដ្រមណ្ឌលខេត្ដសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា នៅក្នុងខេត្ដនេះមិនមានការិយាល័យធ្វើការច្បាស់លាស់នោះទេ ដែលធ្វើពលរដ្ឋរកតំណាងពួកគាត់មិនឃើញ។ លោកស្រីថ្នាក់ដឹកនាំរដ្ឋាភិបាលមានការរើសអើងបក្សប្រឆាំង ទើបមិនព្រមរកកន្លែងឲ្យតំណាងរាស្ត្រធ្វើការ បើទោះជាលោកស្រីធ្លាប់បានស្នើទៅប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក ជាម យៀប ដែលទទួលបន្ទុកហិរញ្ញវត្ថុនោះ ឲ្យជួយដោះស្រាយបញ្ហានេះក៏ដោយ។ លោកស្រីមានប្រសាសន៍ ថា «ឥឡូវមកដល់ថ្ងៃនេះ តាមខ្ញុំដឹង ការិយាល័យតំណាងរាស្ត្រមណ្ឌលសៀមរាបរើរហូត មិនដឹងទៅកន្លែងណា តែយើងកំពុងតែស្នើទៅលោកប្រធានគណៈកម្មការទី២ ដែលជាអ្នកបែងចែកទទួលខុសត្រូវកញ្ចប់ថវិកាហ្នឹង ឲ្យគាត់ពិនិត្យឡើងវិញ ពីព្រោះគាត់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុដែលគាត់ចាយវាយ ទៅលើការិយាល័យអ្នកតំណាងរាស្ត្រហ្នឹង។ តែដោយសារថា រើសអើងហើយ បានជាគេព្រងើយកន្តើយ ហើយតំណាងរាស្ត្រយើងដឹងហើយ មានតំណាងរាស្ត្រខ្លះគាត់មានសំឡេងច្រើន គណបក្សគាត់ដឹកនាំប្រទេស គាត់អត់អើពើទៀត»។
ទោះជាយ៉ាងណា តំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្ដសៀមរាបលោកស្រី ពៅ សាវឿន មានប្រសាសន៍ថា លោកស្រីតែងទៅចូលរូមនៅវេទិការសារធារណៈ និងជួបផ្ទាល់ជាមួយពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្ដែលោកស្រី អះអាងថា នៅខេត្ដសៀមរាប មានការិយាល័យសម្រាប់តំណាងរាស្ដ្រធ្វើការដូចស្ថាប័នផ្សេងទៀតដែរ គឺស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក។ លោកស្រីបញ្ជាក់ថា «ច៎ា! មានតើៗ ផ្លូវពីកន្លែងអង្គរទៅខាងកើត ពីព្រោះការិយាល័យនោះមានគ្រប់គណបក្សទាំងអស់ ពីមុនមានគណបក្សសមរង្ស៊ី នៅនោះដែរតើ។ ច៎ា! អត់មានមកពីគេអត់ទៅទាក់ទងការិយាល័យនៅសភា ដើម្បីរកកន្លែងធ្វើការ ព្រោះកន្លែងការិយាល័យតំណាងរាស្ត្រមិនត្រឹមគណបក្សមួយទេ គឺគ្រប់គណបក្សទាំងអស់»។
ប៉ុន្តែ តំណាងរាស្ដ្រមួយរូបទៀត មកពីគណបក្សសង្គ្រោះជាតិដែរ លោក អ៊ុំ សំអាន ឲ្យដឹងថា លោកមិនដែលស្គាល់ការរិយាល័យតំណាងរាស្ដ្រនោះទេ ហើយនៅពេលប្រជាពលរដ្ឋដែលរងគ្រោះបាត់បង់ដីធ្លី មកពឹងគឺមានតែមកទីស្នាក់ការគណបក្សប៉ុណ្ណោះ។
អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង មិនអត្ថាធិប្បាយលើករណីនេះទេ ដោយលោកប្រាប់ថា ជាប់រវល់។
គួរបញ្ជាក់ថា តំណាងរាស្ដ្រមណ្ឌលសៀមរាប មានចំនួន៦រូប គឺ៤រូបមកពីគណបក្សប្រជាជនកម្ពុជា និង២រូបមកពីគណបក្សសង្គ្រោះជាតិ។ ប៉ុន្ដែបើតាមតំណាងរាស្ដ្រគណបក្សប្រឆាំង ពួកគេមិនមានកន្លែងធ្វើការតាំងពីអាណត្ដិមុនមកម្លេះ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ bosavy@vodhotnews.com
No comments:
Post a Comment