ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី29 សីហា 2014,
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសឲ្យកងពលតូចថ្មើរជើងលេខ៧០ ជ្រើសរើសកងទ័ព៧០០នាក់ បន្ថែមទៀត តាមតម្រូវការជាក់ស្តែង ដើម្បីការពារសន្តិសុខផ្ទៃក្នុង និងបូរណភាពដែនដី។
ការប្រកាសនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងទ័ព នៅបន្ទាយកងពលតូចថ្មើរជើងលេខ៧០ ដែលមានទីតាំងនៅជាប់ជើងភ្នំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ។
ក្នុងពិធីនោះ លោក ទៀ បាញ់ ថ្លែងថា ថ្មីត្បិតតែពេលនេះ ស្ថានការនយោបាយផ្ទៃក្នុង បានចុះកម្ដៅបន្តិចវិញក៏ដោយ ក៏ប៉ុន្តែស្ថានការណ៍នៅព្រំដែនថៃ រឿងប្រាសាទព្រះវិហារ ចលនាតវ៉ារឿងដីធ្លីនៅក្នុងប្រទេស មិនទាន់បានដោះស្រាយចប់ទេ។ លោកថា ដូចនេះជាតម្រូវការចាំបាច់ ក្រសួងការពារជាតិសម្រេចឲ្យកងពលនេះ ជ្រើសរើសកងទ័ពចំនួន៧០០នាក់បន្ថែមទៀតនៅឆ្នាំ២០១៥។
លោក ទៀ បាញ់ ឲ្យដឹងទៀតថា ទាំងនាយទាហាន ទាំងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៧០នេះ បានបំពេញការងារ សហការបានល្អ ជាមួយកងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ទប់ស្កាត់ចលនាបាតុកម្ម កន្លងទៅធ្វើឲ្យស្ថានការណ៍នយោបាយមានលំនឹង។ ពិសេសករណីនៅផ្លូវវ៉េងស្រេង ដែលលោកយល់ថា ជាចលនាទាមទាឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ស្ងប់ស្ងាត់ទៅវិញ។
ព្រឹត្តិការណ៍បង្ក្រាបនៅផ្លូវវ៉េងស្រេងនោះ បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ប្រមាណជា៤០នាក់បាញ់ឲ្យរងរបួស និងមួយចំនួនទៀតត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន។
ព្រឹត្តិការណ៍បាញ់សម្លាប់នោះ ត្រូវក្រុមអង្គការសង្គមស៊ីវិលថ្កោលទោស រដ្ឋាភិបាលថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជំរុញឲ្យរដ្ឋាភិបាលវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយខ្នងមកផន្ទាទោស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យដឹងទៀតថា លោកមិនចង់និយាយពាក់ព័ន្ធនឹងរឿងនយោបាយទេ ប៉ុន្តែលោកថា ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីតំណែង ជារឿងដែលមិនអាចទទួលយកបាន។
មុនលោក ទៀ បាញ់ ថ្លែងសុន្ទរកថាបិទវគ្គហ្វឹកហ្វឺននេះ កងទ័ពថ្មើរជើងជាសិក្ខាកាមចំនួនជាង៥០០នាក់ បើកយុទ្ធនាការ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយចល័តរថគ្រោះ១២គ្រឿង ប្រភេទBMP អាវុធគាំទ្រ ប្រភេទ៦០និង៨០មីលីម៉ែត B41 និងអាវុធស្វ័យប្រវត្តិមួយចំនួនទៀត ជាការបង្ហាញពីភាពប៉ិនប្រសប់ក្រោយពីបានហ្វឹកហាត់រយៈពេល៣ខែកន្លងទៅ។
យ៉ាងនេះក្តី លោក ទៀ បាញ់ បានក្រើនរំឭកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលថា បើពួកគេហ្វឹកហាត់ ទទួលបានចំណេះប្រកបដោយជំនាញពិតប្រាកដ ពួកគេនឹងទទួលបានជោគជ័យ រាល់កិច្ចការដែលពួកគេយកទៅអនុវត្តជាក់ស្តែង។
ប៉ុន្តែលោកថា បើការហ្វឹកហាត់នោះ ទទួលបានចំណេះដឹងមិនច្បាស់លាស់នោះ ពួកគេអាចថ្លោះធ្លោយ ដូចករណីធ្លាក់ឧទ្ធម្ភាគចក្រ ពេលហ្វឹកហាត់នាពេលកន្លងទៅ។
ការធ្លាក់ឧទ្ធម្ភាគចក្រនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ប៉ុន្តែលោក ទៀ បាញ់ បានបួងសួងឲ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ ទៅកាន់សុគតិភពផងដែរ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
2 comments:
បើបងប្អូនចូលជាទាហា៊ន សូមបំរើជាតិ សូមកំុបំរើបុគ្គល បើបុគ្គលនោះ ជាអ្នកស្នេហាជាតិបំរើជាតិពិតប្រកដ មានន័យថា រកសន្តិភាព,ឯករាជ,អព្យា ក្រិត,បូរណភាពទឹកដី,មិនរណបបំរើបរទេស,ធ្វើការបំរើខ្មែរដោយបរិសុទ្ធ នោះទើបត្រូវយើងគាំទ្រ ឯចំណែករដ្ឋាភិបាលហុ៊នសែនសព្វថ្ងៃ ជារដ្ឋាភិ បាលអាយ៉ងយួនដូច្នេះមិនត្រូវគាំទ្រពួកវាទេ យើងជាមនុស្សកើតមកកើត មកបំរើជាតិ មិនបំរើបុគ្គលទេ យើងមិនមែនសត្វធ្វើអ្វីមួយត្រូវពិវារណា មិន តាមតែគេញាក់ដូចសត្វនៅះទេ សូមពិចារណាអោយបានល្អិតល្អន់ ។
he does look like a duck being shot just as his name sake...
Post a Comment