ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃព្រហស្បតិ៍ ទី19 មិថុនា 2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោក យ៉ែម វណ្ណឆៃ អាយុជាង២០ឆ្នាំ ទើបតែចុះរថយន្តទ្រុង ដែលទាហានថៃដឹកមកទម្លាក់ចោលនៅច្រកអន្តរជាតិ ប៉ោយប៉ែត។ យុវជនរូបនេះ បានសម្លឹងរកម្តាយ ដែលមកចាំទទួលនៅទីនោះ លោកបានផ្តល់បទសម្ភាសន៍ឲ្យអ្នកយកព័ត៌មានVODថា គាត់បានទៅប្រទេសថៃរយៈពេល៨ខែមកហើយ តែសល់លុយត្រឹមតែជិត១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងហោប៉ៅ។ ក្នុងជីវិតជាកម្មករសំណង់ លោកព្យាយាមស្វែងរកការងារជាច្រើនកន្លែង តែត្រូវបានមេការបោកប្រាស់ មិនបើកប្រាក់ខែឲ្យនោះទេ «ទៅធ្វើប៉ះតែកន្លែងដែលគេមិនបើកលុយឲ្យ គេកុហក់ធ្វើការហត់ណាស់ ប្រឹងសែងមួយថ្ងៃៗឡើងហើមស្មា ស្តាយកំលាំងណាស់ខ្ញុំធ្វើការឡើង៤ ទៅ៥ខែ តែអត់មានលុយផ្ញើទៅផ្ទះ»។
លោក យ៉ែម វណ្ណឆៃ ឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃតម្រួតថៃតាមចាប់ពលករខ្មែរដែលចំណាកស្រុកខុសច្បាប់ ហើយអ្នកខ្លះរត់គេចត្រូវបានទាហានថៃបាញ់ «ទាហានដេញចាប់បញ្ជូនមកវិញ បើកន្លែងគេ ដេញចាប់ គេឲ្យអង្គុយ បើហានរត់ គេបាញ់ បើខ្ញុំពេលគេ(ទាហាន)មកខ្ញុំរត់គេច ពេលគេទៅបាត់ខ្ញុំមកវិញ»។
សម្រាប់ពលករមួយចំនួនទៀត អះអាងថា ពួកគេស្ម័គ្រចិត្តមកកម្ពុជាវិញដោយខ្លួនឯង ហើយជួលមេខ្យល់ដឹកមកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយចំណាយម្នាក់ជាង២០០០បាត (ជាង៥០ដុល្លារ) តែមេខ្យល់ទាំងនោះ ដឹកពួកគេទៅទម្លាក់ក្នុងព្រៃ ឲ្យទាហានថៃចាប់។
លោក នឹម សំអាត មកពីខេត្តកំពង់ស្ពឺដែលបានមកដល់ភ្នំពេញកាលពីចុងសប្តាហ៍មុនបន្ថែមថា បន្ទាប់ពីមេខ្យល់ដឹកទម្លាក់ចោល ត្រូវបានទាហានថៃចាប់ដាក់គុក និងបង្ខំឲ្យបង់ប្រាក់៣០០បាតជាថ្នូរនឹងបានជិះរថយន្តមកដល់ច្រកព្រំដែនប៉ោយប៉ែត។ លោកថា ពលករខ្លះទៀតត្រូវជាប់ពន្ធនាគារនៅថៃ ដោយសារមិនមានលុយ៣០០បាតបង់ឲ្យសមត្ថកិច្ចថៃ «៦ឡានក្នុង១ឡានគេដឹក១៦០នាក់ គេបញ្ជូនឡើងទៅគុក អារញ្ញ គ្រុកទ្រង់ធំ រួចគេបិទទ្វារ។ ចំហៀងម្ខាងទៀតមានអ្នកនៅក្នុងណឹងប្រហែលជា៣០ទៅ៤០នាក់ រួចហើយ ខ្ញុំក៏សួរថា ប្អូនឯងមកនៅទីនេះប៉ុន្មានថ្ងៃហើយ គាត់ប្រាប់ថា មកនៅនេះ៣យប់ហើយ អត់ទឹក ងូត មិនដឹងបាយទឹកយ៉ាងមិច ខ្ញុំអត់បានសួរ»។
ទឹកមុខស្លេកស្លាំង អ្នកស្រី ហាន ហាក់ រៀបរាប់ទាំងអួលដើមករថា គាត់រងគ្រោះពីរជាន់។ ទី១គាត់ជំពាក់លុយធនាគារ ដោយសារធ្វើដំណាំនៅស្រុកខ្មែរខាត។ រងគ្រោះទី២ ពេលទៅធ្វើការនៅថៃ គាត់រត់គេចខ្លួនពីទាហានថៃ មុនពេលបើកប្រាក់ខែ «កំពុងតែអស់សង្ឃឹមថា មិនដឹងជាធ្វើអ្វីឲ្យកូនតូចៗនៅផ្ទះរៀន ពេលយើងនៅណោះទៅគ្រាន់មានលុយខ្លះគ្រាន់ផ្ញើរឲ្យកូន មកពីយើងនៅផ្ទះ ធ្វើអីទៅវាអត់បាន ខាតដូចជាដាំត្រសក់ ដាំអំពៅអីយើងអត់មានដើមចងការលុយគេ ពេលធ្វើទៅលក់បានតម្លៃថោក អត់មានលុយសងគេទើបសម្រេចចិត្តទៅធ្វើការនៅប្រទេសថៃ»។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពលករខ្មែរធ្វើការនៅប្រទេសថៃមានចំនួនប្រមាណពី៣០ទៅ៤០ម៉ឺននាក់។ ប៉ុន្តែពលករខ្មែរប្រមាណ២០ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញទាំងថ្ងៃទាំងយប់ បន្ទាប់ពីរដ្ឋាភិបាលយោធាថៃដឹកនាំដោយ លោកឧត្តសេនីយ៍ ប្រាយុទ្ធចាន់ អូចា ឡើងកាន់អំណាច។ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាបញ្ជាក់ថា បណ្តាឲ្យពលករខ្មែរ៨នាក់ស្លាប់ និង១៦នាក់របួស។
សកម្មភាពចាប់បញ្ជូនពលករខ្មែរ តាំងពីដើមខែមិថុនាមកនេះ ត្រូវអង្គការសង្គមស៊ីវិលក្នុងស្រុក ដែលធ្វើការផ្តោតលើសិទ្ធិមនុស្ស និងសិទ្ធិការងារបានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោសរដ្ឋាភិបាលថៃជាបន្តបន្ទាប់ថា បានរំលោភសិទ្ធិមនុស្ស។
ទន្ទឹមនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី១៣ខែមិថុនា ក៏បានផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ដោយបង្ហាញពីការកត់ស្លុតចំពោះការចាប់បញ្ជូនពលករខ្មែរ ដោយហិង្សាមកស្រុកកំណើតវិញនេះ។ លោក សម រង្ស៊ី ក៏ស្នើឲ្យលោក ប្រាយុទ្ធ ចាន់អូចា អនុញ្ញាតឲ្យពលករខ្មែរបន្តរស់នៅនិង ធ្វើការនៅទីនោះ ដោយលោកអះអាងថា ពលករក្រីក្រទាំងនោះនឹងមិនចូលរួមពាក់ព័ន្ធ និងវិបត្តិនយោបាយកំពុងកើតមាននៅថៃនោះទេ។
អ្នកវិភាគឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា ការសរសេរលិខិតនេះ ហាក់មិនមានប្រសិទ្ធភាពនោះទេ។ លោកថា តួនាទីនេះគួរតែរដ្ឋាភិបាលកម្ពុជាជាអ្នកផ្ញើលិខិតទៅ រដ្ឋាភិបាលថៃវិញ «បើតាមពិត ឯកឧត្តមសម រង្ស៊ីធ្វើក្នុងនាមបុគ្គលបាន ព្រោះគាត់មិនទាន់សភា ហើយគាត់មិនមែនរដ្ឋាភិបាលផង អីចឹងអ្នកសរសេរគួរសភា ឬរដ្ឋាភិបាល ហើយបើគាត់សរសេរទៅអីចឹង ចាន់អូចា យល់ថា ជារឿងបុគ្គល សម រង្ស៊ីទេ។ តែបើយើងក្នុងនាមសភា និងក្នុងនាមរាជរដ្ឋាភិបាល យើងសរសេរទៅកាន់ស្ថានទូតគេ ឲ្យគេគោរពទៅតាម ស្អីដែលយើងមិនឲ្យថៃធ្វើស្អីមិនឲ្យលើសគេទេ ឲ្យថៃធ្វើអ្វីទៅតាមច្បាប់ក្នុងប្រទេសថៃ និងអន្តរជាតិ»។
សម្រាប់នាយករដ្ឋមន្ត្រីស្តីទីលោក ស ខេង បានសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលថៃ ដែលចាប់បញ្ជូនពលករខ្មែរយ៉ាងគំហុក ដោយមិនបានផ្តល់ដំណឹងមករដ្ឋាភិបាលកម្ពុជា។ លោក ក៏បានជំរុញឲ្យភាគីថៃទទួលខុសត្រូវករណីស្លាប់ពលរដ្ឋខ្មែរ៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលនៃការចាប់បញ្ជូននោះ។
បើទោះជាមានប្រតិកម្មពីអង្គការសង្គមស៊ីវិល គណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលយោធាថៃមិនបានបកស្រាយឲ្យបានលម្អិតដែរ គឺគ្រាន់តែបញ្ជាក់ថា ថៃ នឹងទទួលពលករខ្មែរវិញ ករណីពួកគេចូលទឹកដីថៃស្វែងរកការងារដោយស្របច្បាប់។
ទោះជាយ៉ាងណា សម្រាប់ពលករខ្មែរដែលបានឈានជើងចូលដល់ស្រុកកំណើតភ្លាម បានបង្ហាញពីទុក្ខកង្វល់ដោយបារម្ភថាមិនមានការងារធ្វើ ឬការងារធ្វើមិនបានប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព តែទោះជាយ៉ាងណាអ្នកខ្លះទទូចចង់ឲ្យកម្ពុជាមានការងារធ្វើច្រើនដូចនៅប្រទេសថៃ និងមិនចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះទេ។
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
1 comment:
បងប្អូនខ្មែរគួរចងចាំថា សៀមឬថៃ បានសង្កត់សង្កិនជនជាតិយើងរាប់លានដងមកហើយ ប្រើដូចជាទាសករ មិនឲ្យដេកពួន បង្អត់អាហារទុកដូចសត្តធាតុឬក៏លើសពីនោះទៅទៀត ធាគច្រើនជនជាតិនេះពំុមានសិសធម៏ក្នុងខ្លួនទេ ដូចជាពយកនេសាទតាម សមុទ្ធវាវាយទំលាក់ទឹកចោលពេលវាមិនត្រូវការបងប្អូន ដូច្នេះរកបានតិច តួចរកសុីក្នុងស្រុកយើងមានសុវត្តីភាពជាងហើយបានជួបបងប្អូនកូនចៅ ទ្រាំបន្តិច ថ្ងៃណាមួយមេក្បត់ជាតិហ៊ុនសែនវានឹងស្លាប់ វាមិនអាចរស់បាន ជាអមតៈទេហើយវាក៏កាន់តែចាស់ហើយ ដូច្នេះបងប្អូនត្រូវស៊ូរទ្រាំបន្តិច សូមអរគុណ។
Post a Comment