A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 20 June 2014

The pains of the undocumented Cambodian workers who were cheated by their Thai employers who never paid them for their works បទ​ពិពណ៌នា​៖ ការឈឺចាប់​របស់​ពល​ករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ប្រទេស​ថៃ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​ | ថ្ងៃព្រហស្បតិ៍ ទី19 មិថុនា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
​លោក យ៉ែម វណ្ណ​ឆៃ អាយុ​ជាង​២០​ឆ្នាំ ទើបតែ​ចុះ​រថយន្ត​ទ្រុង ដែល​ទាហាន​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​ច្រក​អន្តរជាតិ ប៉ោយប៉ែត​។ យុវជន​រូប​នេះ បាន​សម្លឹង​រក​ម្តាយ ដែល​មក​ចាំ​ទទួល​នៅ​ទីនោះ លោក​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នកយក​ព័ត៌មាន​VOD​ថា គាត់​បាន​ទៅ​ប្រទេស​ថៃ​រយៈពេល​៨​ខែ​មក​ហើយ តែ​សល់​លុយ​ត្រឹមតែ​ជិត​១​ម៉ឺន​រៀលប៉ុណ្ណោះ ​ក្នុងហោប៉ៅ​។ ក្នុង​ជីវិត​ជា​កម្មករសំណង់ លោក​ព្យាយាម​ស្វែងរក​ការងារ​ជាច្រើន​កន្លែង តែ​ត្រូវបាន​មេ​ការបោកប្រាស់ មិន​បើក​ប្រាក់ខែ​ឲ្យ​នោះទេ​​ «​ទៅ​ធ្វើ​ប៉ះ​តែ​កន្លែង​ដែល​គេ​មិន​បើក​លុយ​ឲ្យ គេ​កុហក់​ធ្វើការ​ហត់​ណាស់ ប្រឹង​សែង​មួយថ្ងៃៗ​ឡើង​ហើម​ស្មា ស្តាយ​កំលាំង​ណាស់​ខ្ញុំ​ធ្វើការ​ឡើង​៤ ទៅ​៥​ខែ តែ​អត់​មាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​»។
​លោក យ៉ែម វណ្ណ​ឆៃ ឲ្យដឹងទៀតថា ជា​រៀងរាល់ថ្ងៃ​តម្រួត​ថៃ​តាម​ចាប់​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​ខុសច្បាប់ ហើយ​អ្នកខ្លះ​រត់​គេច​ត្រូវបាន​ទាហាន​ថៃ​បាញ់​ «​ទាហាន​ដេញ​ចាប់​បញ្ជូន​មក​វិញ បើ​កន្លែង​គេ ដេញចាប់ គេ​ឲ្យ​អង្គុយ បើ​ហាន​រត់ គេ​បាញ់ បើ​ខ្ញុំ​ពេល​គេ​(​ទាហាន​)​មក​ខ្ញុំ​រត់​គេច ពេល​គេ​ទៅ​បាត់​ខ្ញុំ​មក​វិញ​»។
​សម្រាប់​ពលករ​មួយចំនួនទៀត អះអាងថា ពួកគេ​ស្ម័គ្រចិត្ត​មក​កម្ពុជា​វិញ​ដោយ​ខ្លួនឯង ហើយ​ជួល​មេខ្យល់​ដឹក​មក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ដោយ​ចំណាយ​ម្នាក់​ជាង​២០០០​បាត (​ជាង​៥០​ដុល្លារ​)  តែ​មេខ្យល់​ទាំងនោះ ដឹក​ពួកគេ​ទៅ​ទម្លាក់​ក្នុងព្រៃ ឲ្យ​ទាហាន​ថៃ​ចាប់​។​
​លោក នឹម សំអាត មកពី​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​មកដល់​ភ្នំពេញ​កាលពី​ចុង​សប្តាហ៍​មុន​បន្ថែមថា បន្ទាប់​ពី​មេខ្យល់​ដឹកទម្លាក់ចោល ត្រូវបាន​ទាហាន​ថៃ​ចាប់​ដាក់គុក និង​បង្ខំ​ឲ្យ​បង់ប្រាក់​៣០០​បាត​ជា​ថ្នូរ​នឹង​បាន​ជិះ​រថយន្ត​មក​ដល់​ច្រកព្រំដែន​ប៉ោយ​ប៉ែត​។ លោក​ថា ពលករ​ខ្លះទៀត​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ថៃ ដោយសារ​មិន​មាន​លុយ​៣០០​បាត​បង់​ឲ្យ​សមត្ថកិច្ច​ថៃ​ «៦​ឡាន​ក្នុង​១​ឡាន​គេ​ដឹក​១៦០​នាក់ គេ​បញ្ជូន​ឡើង​ទៅ​គុក អារញ្ញ គ្រុក​ទ្រង់​ធំ រួច​គេ​បិទទ្វារ​។ ចំហៀង​ម្ខាង​ទៀត​មាន​អ្នក​នៅ​ក្នុង​ណឹង​ប្រហែលជា​៣០​ទៅ​៤០​នាក់ រួចហើយ ខ្ញុំ​ក៏​សួរថា ប្អូនឯង​មក​នៅ​ទីនេះ​ប៉ុន្មាន​ថ្ងៃ​ហើយ គាត់​ប្រាប់ថា មក​នៅ​នេះ​៣​យប់​ហើយ អត់​ទឹក ងូត មិនដឹង​បាយទឹក​យ៉ាង​មិច ខ្ញុំ​អត់​បាន​សួរ​»​។​
ទឹកមុខ​ស្លេកស្លាំង អ្នកស្រី ហាន ហាក់ រៀបរាប់​ទាំង​អួលដើមករ​ថា គាត់​រងគ្រោះ​ពីរ​ជាន់​។​ ទី​១​គាត់​ជំពាក់​លុយ​ធនាគារ ដោយសារ​ធ្វើ​ដំណាំ​នៅ​ស្រុក​ខ្មែរ​ខាត​។ រងគ្រោះ​ទី​២ ពេល​ទៅ​ធ្វើការ​នៅ​ថៃ គាត់​រត់​គេចខ្លួន​ពី​ទាហាន​ថៃ មុនពេល​បើក​ប្រាក់ខែ​ «​កំពុង​តែ​អស់​សង្ឃឹម​ថា មិនដឹង​ជា​ធ្វើ​អ្វី​ឲ្យ​កូនតូចៗ​នៅផ្ទះ​រៀន ពេល​យើង​នៅ​ណោះ​ទៅ​គ្រាន់​មាន​លុយ​ខ្លះ​គ្រាន់​ផ្ញើរ​ឲ្យ​កូន មកពី​យើង​នៅផ្ទះ ធ្វើ​អី​ទៅ​វា​អត់​បាន ខាត​ដូចជា​ដាំ​ត្រសក់ ដាំ​អំពៅ​អី​យើង​អត់​មាន​ដើម​ចងការ​លុយ​គេ ពេល​ធ្វើ​ទៅ​លក់​បាន​តម្លៃថោក អត់​មាន​លុយ​សង​គេ​ទើប​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​»។
តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​ពី​៣០​ទៅ​៤០​ម៉ឺននាក់​។ ប៉ុន្តែ​ពលករ​ខ្មែរ​ប្រមាណ​២០​ម៉ឺន​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មក​កម្ពុជា​វិញ​ទាំង​ថ្ងៃ​ទាំង​យប់ បន្ទាប់​ពី​រដ្ឋាភិបាល​យោធា​ថៃ​ដឹកនាំ​ដោយ លោក​ឧត្តសេនីយ៍ ប្រា​យុទ្ធ​ចាន់ អូ​ចា ឡើង​កាន់​អំណាច​។ រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា​បញ្ជាក់ថា បណ្តា​ឲ្យ​ពលករ​ខ្មែរ​៨​នាក់​ស្លាប់ និង​១៦​នាក់​របួស​។​


សកម្មភាព​ចាប់​បញ្ជូន​ពលករ​ខ្មែរ តាំងពី​ដើម​ខែ​មិថុនា​ម​ក​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​ធ្វើការ​ផ្តោតលើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​បាន​ចេញ​សេចក្តី ថ្លែងការណ៍ ថ្កោលទោស​រដ្ឋាភិបាល​ថៃ​ជា​បន្តបន្ទាប់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​។​
​​ទន្ទឹមនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា ក៏បាន​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ ដោយ​បង្ហាញ​ពី​ការ​កត់​ស្លុត​ចំពោះ​ការចាប់​បញ្ជូន​ពលករ​ខ្មែរ ដោយ​ហិង្សា​មក​ស្រុក​កំណើត​វិញ​នេះ​។ លោក សម រង្ស៊ី ក៏​ស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បន្ត​រស់នៅ​និង ធ្វើការ​នៅ​ទីនោះ ដោយ​លោក​អះអាងថា ពលករ​ក្រីក្រ​ទាំងនោះ​នឹង​មិន​ចូលរួម​ពាក់ព័ន្ធ និង​វិបត្តិ​នយោបាយ​កំពុង​កើតមាន​នៅ​ថៃ​នោះទេ​។​
​​អ្នកវិភាគ​ឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា ការសរសេរ​លិខិត​នេះ ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ លោក​ថា តួនាទី​នេះ​គួរតែ​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ផ្ញើ​លិខិត​ទៅ រដ្ឋាភិបាល​ថៃ​វិញ​ ​«​បើ​តាម​ពិត ឯកឧត្តម​សម រង្ស៊ី​ធ្វើ​ក្នុងនាម​បុគ្គល​បាន ព្រោះ​គាត់​មិនទាន់​សភា ហើយ​គាត់​មិនមែន​រដ្ឋាភិបាល​ផង អីចឹង​អ្នកសរសេរ​គួរ​សភា ឬ​រដ្ឋាភិបាល ហើយ​បើ​គាត់​សរសេរ​ទៅ​អីចឹង ចាន់​អូ​ចា យល់ថា ជា​រឿង​បុគ្គល​ សម រង្ស៊ី​ទេ​។ តែបើ​យើង​ក្នុងនាម​សភា និង​ក្នុងនាម​រាជរដ្ឋាភិបាល យើង​សរសេរ​ទៅកាន់​ស្ថានទូត​គេ ឲ្យគេ​គោរព​ទៅតាម ស្អី​ដែល​យើង​មិន​ឲ្យ​ថៃ​ធ្វើ​ស្អី​មិនឲ្យ​លើស​គេ​ទេ ឲ្យ​ថៃ​ធ្វើ​អ្វី​ទៅតាម​ច្បាប់​ក្នុង​ប្រទេស​ថៃ និង​អន្តរជាតិ​​»។
​​សម្រាប់​នាយករដ្ឋមន្ត្រី​ស្តីទី​លោក ស ខេង បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​ចាប់​បញ្ជូន​ពលករ​ខ្មែរ​យ៉ាង​គំហុក ដោយ​មិន​បាន​ផ្តល់​ដំណឹង​មក​រដ្ឋាភិបាល​កម្ពុជា​។ លោក ក៏​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​ករណី​ស្លាប់​ពលរដ្ឋ​ខ្មែរ​៨​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​នៃ​ការចាប់​បញ្ជូន​នោះ​។​
​បើទោះជា​មាន​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ីវិល គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​ក៏​ដោយ ក៏​រដ្ឋាភិបាល​យោធា​ថៃ​មិន​បាន​បកស្រាយ​ឲ្យបាន​លម្អិត​ដែរ គឺ​គ្រាន់តែ​បញ្ជាក់ថា ថៃ នឹង​ទទួល​ពលករ​ខ្មែរ​វិញ ករណី​ពួកគេ​ចូល​ទឹកដី​ថៃ​ស្វែងរក​ការងារ​ដោយ​ស្របច្បាប់​។
ទោះជា​យ៉ាងណា សម្រាប់​ពលករ​ខ្មែរ​ដែល​បាន​ឈាន​ជើង​ចូលដល់​ស្រុកកំណើត​ភ្លាម បាន​បង្ហាញ​ពី​ទុក្ខ​កង្វល់​ដោយ​បារម្ភ​ថា​មិន​មាន​ការងារ​ធ្វើ ឬ​ការងារ​ធ្វើ​មិន​បាន​ប្រាក់​ឈ្នួល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព  តែ​ទោះជា​យ៉ាងណា​អ្នកខ្លះ​ទទូច​ចង់ឲ្យ​កម្ពុជា​មាន​ការងារ​ធ្វើ​ច្រើន​ដូច​នៅ​ប្រទេស​ថៃ និង​មិន​ចង់​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នោះ​ទេ​។​
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

1 comment:

Anonymous said...

បងប្អូនខ្មែរគួរចងចាំថា សៀមឬថៃ បានសង្កត់សង្កិនជនជាតិយើងរាប់លានដងមកហើយ ប្រើដូចជាទាសករ មិនឲ្យដេកពួន បង្អត់អាហារទុកដូចសត្តធាតុឬក៏លើសពីនោះទៅទៀត ធាគច្រើនជនជាតិនេះពំុមានសិសធម៏ក្នុងខ្លួនទេ ដូចជាពយកនេសាទតាម សមុទ្ធវាវាយទំលាក់ទឹកចោលពេលវាមិនត្រូវការបងប្អូន ដូច្នេះរកបានតិច តួចរកសុីក្នុងស្រុកយើងមានសុវត្តីភាពជាងហើយបានជួបបងប្អូនកូនចៅ ទ្រាំបន្តិច ថ្ងៃណាមួយមេក្បត់ជាតិហ៊ុនសែនវានឹងស្លាប់ វាមិនអាចរស់បាន ជាអមតៈទេហើយវាក៏កាន់តែចាស់ហើយ ដូច្នេះបងប្អូនត្រូវស៊ូរទ្រាំបន្តិច សូមអរគុណ។