Please watch the video and read article in English here.
Opposition leaders Sam Rainsy and Kem Sokha visit a border stake/post in Svay Rieng in mid May which the villagers say was planted 370m deep inside Cambodian territory.
ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្ដែងក្ដីបារម្ភខ្លាចបាត់បង់ដីស្រែទៅខាងប្រទេសវៀតណាម នៅថ្ងៃខាងមុខ ដោយសារដីស្រែពួកគាត់តាមជាយដែន អាជ្ញាធរពុំទាន់ធ្វើប្លង់ដីឲ្យកាន់កាប់ស្របច្បាប់នៅឡើយ។ ទាក់ទងបញ្ហានេះ អភិបាលស្រុកបញ្ជាក់ថា បញ្ហានេះពុំគួរមានជាក្ដីបារម្ភនោះទេព្រោះអាជ្ញាធរកំពុងតែយកចិត្តទុកដាក់ធ្វើកិច្ចការនេះហើយ។
ប្រជាពលរដ្ឋដែលរស់នៅតាមជាយដែន អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យប្រជាពលរដ្ឋតាមជាយដែនកាន់កាប់ឲ្យបានឆាប់។ ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ដីស្រែរបស់អ្នកភូមិជាប់ជាយដែន ត្រូវជនជាតិវៀតណាម ជួលធ្វើស្រែជាបន្តបន្ទាប់ ប៉ុន្តែពលរដ្ឋខ្មែរពុំមានប័ណ្ណកាន់កាប់ដីស្រែស្របច្បាប់នោះទេ។
អ្នកភូមិដែលមានដីស្រែជាប់ជាយដែន លោក ព្រំ សុវត្ថិ រស់នៅភូមិចំបក់គុយ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ឲ្យដឹងនៅថ្ងៃទី២១ ឧសភា ថា ដីស្រែរបស់អ្នកភូមិតាមជាយដែន រួមទាំងដីលោកផង អាជ្ញាធរពុំទាន់ធ្វើប្លង់កាន់កាប់ស្របច្បាប់ឲ្យនៅឡើយទេ។ លោកថា ដោយសារតែពុំមានប្លង់ស្របច្បាប់នេះ អ្នកភូមិចេះតែព្រួយបារម្ភខ្លាចថ្ងៃខាងមុខ អាជ្ញាធរវៀតណាម ធ្វើប្លង់កាន់កាប់ដោយខ្លួនឯង៖ «ស្រុកគេសុទ្ធតែយុវជនឯណា! ចុះធ្វើប្លង់រឹងប្លង់អីឲ្យ បើខាងស្វាយរៀង មកខាងចម្លងណេះ អត់ទាន់ធ្វើឲ្យផង។ អឺ! យួន បោះបង្គោលចូលមកក្នុងអ៊ីចឹង ខ្លាចគេថា បើអត់ធ្វើប្លង់រឹងឲ្យ អ៊ីចឹងខ្លាចយួន កាត់យកដីចូលអ៊ីចឹង! ឥឡូវខាងដីខ្មែរយើង យួន ធ្វើស្រូវសឹងទាំងអស់ហើយ ខ្មែរយើងគ្មានធ្វើស្រូវផង។ រាជរដ្ឋាភិបាលជួយមើលៗ»។
លោកបន្ថែមថា អាជ្ញាធរគួរយកចិត្តទុកដាក់ធ្វើប្លង់ដីឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមជាយដែនមុនធ្វើប្លង់ដីរបស់អ្នកភូមិដែលរស់នៅឆ្ងាយពីជាយដែន ដើម្បីការពារកុំឲ្យមានជម្លោះរឿងដីធ្លីតាមជាយដែនជាមួយប្រទេសជិតខាង។
ប្រជាពលរដ្ឋមកពីភូមិចំបក់គុយ ម្នាក់ទៀត អ្នកស្រី ម៉ៅ សាន មានប្រសាសន៍ថា ដីស្រែរបស់អ្នកស្រីជាប់ជាយដែនកម្ពុជាវៀតណាម ចំនួន ១ហិកតារ។ គាត់កំពុងធ្វើស្រែលើដីនោះ ដោយពុំមានប្លង់កាន់កាប់ដីស្របច្បាប់នៅឡើយ។ អ្នកស្រី ម៉ៅ សាន បន្តថា អ្នកភូមិទន្ទឹងរង់ចាំអាជ្ញាធរចុះមកធ្វើប្លង់ដីយូរមកហើយ ប៉ុន្តែមកទល់ពេលនេះ ពុំមានអាជ្ញាធរណាចុះមកវាស់វែងធ្វើប្លង់ឲ្យអ្នកភូមិទេ។
អ្នកស្រីថា អ្នកភូមិដទៃដែលនៅឆ្ងាយជាយដែន មានប្លង់កាន់កាប់ដីស្ទើរអស់ទៅហើយ៖ «ឆ្ងល់ខ្លាចព្រំប្រទល់វៀតណាម ខ្លាចអង្គការមិនធ្វើប្លង់ធ្វើអីឲ្យអ៊ីចឹងទៅ ក្រែងលោដល់ថ្ងៃអនាគតទៅ លោកគ្រូ ដីហ្នឹងវៀតណាម យកមិនដឹងអីមិនដឹងបានជាអង្គការមិនធ្វើប្លង់ឲ្យ។ ខ្លាចក្រែងលោថ្ងៃអនាគតទៅ វៀតណាម គេចូលដល់គេយកអស់ខានធ្វើ ប្រជាជនព្រួយបារម្ភកន្លែងហ្នឹងដែរលោកគ្រូ។ បានប្លង់ទៅបានដីធ្វើជារៀងរហូតទៅ ចុះបើសិនតែគ្មានប្លង់មិនដឹងថ្ងៃណាដូចម្តេច»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកស្វាយជ្រំ លោក សុខ គឹមចាន់ មានប្រសាសន៍ថា ដីស្រែតាមជាយដែនដីស្រែរបស់អ្នកភូមិ ពុំមានអ្វីជាក្ដីបារម្ភឲ្យបាត់បង់ដូចការលើកឡើងនោះទេ។ លោកបន្តថា អាជ្ញាធរបានរៀបចំធ្វើប័ណ្ណកាន់កាប់ដីធ្លីឲ្យប្រជាពលរដ្ឋតាមឃុំបណ្ដើរៗ ស្ទើរតែអស់គ្រប់ឃុំ នៅសល់តែឃុំមួយចំនួនប៉ែកខាងត្បូងជាប់ប្រទេសវៀតណាម ដែលពុំទាន់ចុះទៅវាស់វែងធ្វើប្លង់ដល់នៅឡើយ។ ហើយឃុំដែលនៅសល់ទាំងនោះ គ្រោងធ្វើប្លង់បន្តទៀតឲ្យចប់ក្នុងពេលឆាប់ៗខាងមុខ៖ «ខ្ញុំបានធ្លាប់ប្រាប់គាត់ហើយនៅកន្លែងវេទិកាសាធារណៈ នៅឃុំទាំង៥ ដែលមិនទាន់បានធ្វើហ្នឹង ខ្ញុំប្រាប់ថា កុំព្រួយកុំបារម្ភ អាហ្នឹងមុនហ្នឹងក្រោយគង់តែធ្វើដល់ទេ។ បើសិនជាគាត់ថាប្រញាប់ចាំបាច់ត្រូវយកលុយត្រូវយកប្លង់ហ្នឹងទៅដាក់អេស៊ីលីដា ឬក៏ទៅធ្វើស្អី អាហ្នឹងគាត់អាចទៅទាក់ទងខាងសុរិយោដីហ្នឹង គេអាចវាស់ដាច់ដោយដុំបានលក្ខណៈបច្ចេកទេស អ៊ីចឹងណាស់! ឥឡូវហ្នឹងគេធ្វើហើយនៅឃុំខាងជើងអស់ហើយ អ៊ីចឹងដល់ពេលធ្វើឃុំខាងជើងអស់ គេមកធ្វើឃុំខាងត្បូងហ្នឹងហើយ»។
តែយ៉ាងណា អ្នកភូមិឲ្យដឹងថា អាជ្ញាធរចុះវាស់វែងធ្វើប្លង់ដីតាមឃុំនានា ដែលនៅឆ្ងាយពីជាយដែនបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ ពុំទាន់រួចនៅឡើយ។ ចំណែកឯឃុំដែលជាប់ជាយដែននោះ ពុំទាន់វាស់វែងនៅឡើយទេ ហើយប្រសិនបើអាជ្ញាធរបន្តអូសបន្លាយពេលវេលាទៀត ដីស្រែរបស់អ្នកភូមិដែលជាប់ជាយដែន អាចប្រឈមនឹងការបាត់បង់ទៅប្រទេសជិតខាងនៅថ្ងៃខាងមុខ៕
1 comment:
The BARBARIC viets are the most dangerous and most violent species in the world for any neighbors. They kill without shedding blood. Robbing, stealing, killing, and raping are their pastime.
Post a Comment