សកម្មភាពដឹកឈើធ្វើអាជីវកម្មរបស់ជនជាតិវៀតណាម នៅខេត្តក្រចេះ ពីទឹកដីកម្ពុជា ទៅវៀតណាម កាន់តែមានច្រើនឡើង។ ពលរដ្ឋនៅខេត្តនេះព្រួយបារម្ភថា វាសនាព្រៃឈើពិតជាអាចបាត់បង់មិនខាន។
ចំណែកអាជ្ញាធរតាមព្រំដែន ហាក់ធ្វើមិនដឹងមិនឮឡើយ។ មន្ត្រីប៉ុស្តិ៍បានបញ្ជាក់ថា ពិតជាមានករណីជនជាតិវៀតណាម ដឹកឈើតាមច្រករបៀងមែន ប៉ុន្តែមិនដឹងមានការយល់ព្រមឱ្យចូល ឬដោយលួចលាក់នោះទេ ហើយអាជ្ញាធរក៏បានចេញបង្ក្រាបដែរ។
ប្រជាពលរដ្ឋនៅតាមច្រករបៀងព្រំដែនកម្ពុជាវៀតណាម បានលើកឡើងពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ញឹកញាប់នៅតាមព្រំដែន ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញឱ្យមានប្រសិទ្ធភាពឡើយ។ សកម្មភាពដឹកឈើពីកម្ពុជា ចូលទៅវៀតណាម យ៉ាងអនាធិបតេយ្យនោះ ធ្វើឱ្យពួកគាត់បារម្ភពីការបាត់បង់ព្រៃឈើនៅពេលយ៉ាងខ្លីខាងមុខ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សកម្មភាពរបស់ជនជាតិវៀតណាម ចូលមកដឹកឈើពីស្រុកខ្មែរទៅវៀតណាម យ៉ាងច្រើន ហើយមានជារៀងរាល់ថ្ងៃ ដោយមិនមានសមត្ថកិច្ចណាយកចិត្តទុកដាក់នោះឡើយ។ លោកបន្តថា ក្នុងមួយថ្ងៃៗ គឺមានឈ្មួញដឹកឈើតាមរថយន្តកែច្នៃជាច្រើនគ្រឿងជាប្រចាំ នៅច្រករបៀងឈ្មោះ ឌុងផាត់ ដែលធ្វើឱ្យខូចផ្លូវរបស់ប្រជាពលរដ្ឋដែលខំរ៉ៃលុយគ្នាធ្វើទៀតផង៖ «មិនដែលទៅយួន ឯណាហ៊ានចូលមកដីខ្មែរ វាទៅហ្នឹងមែននេះបង វាទៅហ្នឹងម៉ាយប់មួយថ្ងៃបានមកវិញ។ បាទទៅមកៗ ប៉ុន្តែឥឡូវហ្នឹងមិនសូវដឹកឈើមូលទេ គឺដឹកតែឈើជ្រុង អាឈើមូលប្រជាជនដាក់បារាសយកលុយផ្លូវវិញ»។
ប្រភពដដែលបន្តថា ប្រភេទឈើដែលឈ្មួញដឹកចេញទាំងនោះ ភាគច្រើនជាប្រភេទឈើកកោះ និងសុក្រំ ជាដើម។ លោកបន្ថែមទៀតថា ការចូលដឹកឈើនៅស្រុកខ្មែរបានយ៉ាងសេរីនោះ គឺអាចមានការបើកដៃណាមួយពីសំណាក់អាជ្ញាធរតាមព្រំដែន និងមន្ត្រីដែលពាក់ព័ន្ធទៀតផង។
មេប៉ុស្តិ៍រដ្ឋបាលស្ថិតនៅក្នុងឃុំ២ធ្នូ លោក ព្រំ ផល មានប្រសាសន៍ថា សកម្មភាពជនជាតិវៀតណាម ចេញចូលដឹកឈើនៅតំបន់នោះពិតជាមានមែន ប៉ុន្តែលោកមិនដឹងប្រាកដថា ឈ្មួញទាំងនោះមានការយល់ព្រមពីមន្ត្រីព្រំដែន ឬជាការលួចចូលដោយលួចលាក់យ៉ាងណានោះទេ៖ «បានដូចថា ក្រុមហ៊ុនចូលមកចំហៀងខាងហ្នុង សុទ្ធតែមានការគ្រប់គ្រងរបស់ក្រុមហ៊ុនទេ។ អ៊ីចឹងដីធ្លីរបស់ក្រុមហ៊ុនដែលមានច្បាប់វិនិយោគ ឈូសឆាយហ្នឹងៗ យើងអត់មានសិទ្ធិទៅ សិទ្ធិទៅឃាត់ទៅឃាំងគ្នាគេ ដូចថា គេត្រូវរ៉ូវគ្នាគេអ៊ីចឹង ហើយឈើប្រភេទឈើឧសឈើអ៊ីចឹងបង»។
លោកបន្តថា ឃើញមានមន្ត្រីប៉េអិម និងមន្ត្រីជំនាញព្រៃឈើ បានចុះចាប់រថយន្តដឹកឈើជាច្រើនគ្រឿងនៅម្តុំក្រុមហ៊ុន អី អ៊ិនវេសមេន កាលពីពេលកន្លងទៅជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពដឹកឈើទៅវៀតណាម នៅតែមាន។
នាយកអង្គការធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា តាមច្រករបៀងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ភាគច្រើន គឺជាតំបន់ដឹកជញ្ជូនឈើរបស់មន្ត្រីឧកញ៉ាធំៗ ដែលដឹកឈើខុសច្បាប់ទៅវៀតណាម។ ក្រៅពីមន្ត្រីធំៗ គឺជនជាតិវៀតណាម នោះហើយដែលបានចេញចូលដឹកឈើពីខាងខ្មែរជាប្រចាំ ដែលលោកហៅការចេញចូលនោះថា វាជាប្រពៃណីរបស់ជនជាតិវៀតណាម ទាំងនោះ ដែលតែងមករកស៊ីឈើនៅស្រុកខ្មែរ៖ «ឥឡូវហ្នឹងវាចេញជាប្រពៃណីទៅហើយ ដូចនៅមណ្ឌលគិរី អ៊ីចឹង មិនត្រឹមតែឈ្មួញវៀតណាម ដែលចូលមកកាងឈើក្នុងខេត្តមណ្ឌលគិរី យើងទៅក្រៅទេ សូម្បីតែប្រជាពលរដ្ឋវៀតណាម ដូចជា នៅពេជ្រចិន្តា ត្រូវបានគេជួល ឬក៏រំលោភនូវការកាប់ឈើនៅក្នុងដីខ្មែររាប់សិបគីឡូទៀត។ អាហ្នឹងគិតថាវាមិនមែនជារឿងដែលថ្មីទេ តែរឿងដែលកើតឡើង គឺដោយសារតែសមត្ថកិច្ចយើង រដ្ឋអំណាច អាជ្ញាធរយើងទាំងអស់ដែលឃុបឃិតគ្នានៅតំបន់ហ្នឹង»។
លោកបញ្ជាក់ថា ការបាត់បង់ឈើនៅកម្ពុជា ទាំងមូល គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រាជរដ្ឋាភិបាល ពីព្រោះទាំងមន្ត្រីឧកញ៉ា ជនជាតិវៀតណាម និងឈ្មួញឈើធំៗនៅប្រទេសកម្ពុជា ប្រសិនមិនមានការបើកដៃជាប្រព័ន្ធនោះទេ ក៏មិនមានបទល្មើសទាំងនោះកើតឡើងដែរ។ លោកបញ្ជាក់ថា រាល់ការបង្ក្រាបបទល្មើសណាមួយ គឺលុះត្រាតែរាជរដ្ឋាភិបាលមានឆន្ទៈមកប្រើ និងយកច្បាប់មកអនុវត្ត ទើបអាចទៅរួច។ ប្រសិនបើអនុវត្តដូចបច្ចុប្បន្ននេះ ព្រៃឈើនឹងត្រូវរលាយតែម្តង៕
No comments:
Post a Comment