ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃពុធ ទី28 ឧសភា 2014, VOD
បើនិយាយពីប្រវត្តិសង្គ្រាមរវាងវៀតណាម និងចិន គឺផ្ទុះឡើងមិនតិចជាង៣ដងនៅក្នុងរយៈពេល៥ទសវត្សមកនេះ ហើយសង្គ្រាមរវាងប្រទេសទាំងពីរច្រើនតែកើតឡើង ដោយសារជម្លោះដែនសមុទ្រ។ នៅឆ្នាំ១៩៧៤ កងទ័ពចិនបានចូលកាន់កាប់ ប្រជុំកោះប៉ារ៉ាហ្សែល សមុទ្រចិនភាគខាងត្បូង ដែលវៀតណាមអះអាងថាជារបស់ខ្លួន ហើយបើ គិតពីវៀតណាម វាមានចំងាយជាង២២០គីឡូមែត្រ ហើយគិតពីប្រទេសចិន គឺជិត៧០០គីឡូមែត្រ។
តាមច្បាប់សមុទ្រ អង្គការសហប្រជាជាតិឆ្នាំ១៩៨២ បានចែងថា ប្រទេសដែលជិតជាងតំបន់ជម្លោះ គឺជារបស់ប្រទេសនោះ ប៉ុន្តែបើគិតពីដែនទឹកប្រវត្តិសាស្ត្រ គឺជាដែនទឹករបស់មហាអំណាចចិន ព្រោះវៀតណាមត្រូវបានរកឃើញថា ជាជនជាតិភាគតិចចិន ហើយជាតិសាសន៍នេះ រត់មកជ្រកកោននៅតុងកឹងដែលសព្វថ្ងៃគឺក្រុងហាណូយ។
សង្គ្រាមនៅឆ្នាំ១៩៧៤ មានសភាពតិចតូច បើធៀបនឹងឆ្នាំ១៩៧៩ ដែលគេហៅថាសង្គ្រាមព្រំដែនវៀតណាម-ចិន។ សង្គ្រាមឆ្នាំ១៩៧៩ ពេលនោះមានរយៈពេលតែជិតបួនសប្ដាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃទី១៨ កុម្ភៈ ដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ១៩៧៩។ ដើមចមនៃសង្គ្រាមមិនច្បាស់លាស់ តែអ្នកប្រវត្តិសាស្ត្រខ្លះថា ចិនលុកលុយវៀតណាម គឺបង្ខំឲ្យវៀតណាម ដកទ័ពចេញពីកម្ពុជា ដែលទ័ពវៀតណាមចូលលុកលុយកម្ពុជា ថ្ងៃ៧មករា១៩៧៩ ដោយសារនៅពេលនោះ របបកម្ពុជាប្រជាធិបតេយ្យមានសម្ព័ន្ធភាពយ៉ាងជិតស្និតជាមួយចិន ហើយអ្នកស្រាវជ្រាវខ្លះថាទង្វើចិន គឺជាការឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ ដែលឲ្យចិនគាបសង្កត់វៀតណាម។
ផលវិបាកនៃសង្គ្រាម បណ្ដាលឲ្យមានការស្លាប់កងទ័ពទាំងសងខាង
វៀតណាមអះអាងថា ខ្លួនបានបាត់បង់កងទ័ព២៦០០០នាក់ និងជនស៊ីវិលជាង១០០០០នាក់ ហើយចិនថា កងទ័ពខ្លួន៣០០០០នាក់បានស្លាប់។ សង្គ្រាមនៅពេលនោះ វៀតណាម ថាចិនប្រើទ័ពថ្មើងជើង ៦០០០០០នាក់ និងរថក្រោះ៤៥០ទៅ៥០០គ្រឿង។ តែវៀតណាមមិនប្រកាសថា ខ្លួនប្រើរថក្រោះ ប៉ុន្មានរយគ្រឿងនោះទេ ប៉ុន្តែសង្គ្រាមព្រំដែនវៀតណាម -ចិន ១៩៧៩ គឺជាសង្គ្រាមមួយដ៏បង្ហូរឈាម ហើយពេលនោះ វៀតណាមរត់ទៅគោះជួងនៅអង្គការសហប្រជាជាតិ ដើម្បីបង្ខំឲ្យប្រទេសចិន បញ្ឈប់ការវាយប្រហារ។ តែពេលនោះ អតីតសហភាពសូវៀត បានបញ្ជូនរថក្រោះនិងនាវាចម្បាំងជាច្រើនគ្រឿង ទៅតាមព្រំដែនចិន-សូវៀត ដោយគំរាមចិនឲ្យដកទ័ពចេញពីព្រំដែនវៀតណាម។
វៀតណាម ទំនងមិនជ្រើសរើសសង្គ្រាមជាមួយចិនជាដាច់ខាត
កាលពីថ្ងៃចន្ទទី២៦ ឧសភា នាវាចិនបានបើកបុកលិចនាវានេសាទវៀតណាមមួយគ្រឿង នៅតំបន់ជម្លោះ។ មកដល់ពេលនេះ ចិននៅតែបន្តខួងយកប្រេងកាតនៅតំបន់ជម្លោះ ខណៈវៀតណាម បានព្យាយាមថ្កោលទោសចិន ដោយមិនហ៊ានប្រើកងទ័ពជើងទឹកដេញ នាវាចិនត្រឡប់ទៅវិញឡើយ។
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀនតានយ៉ុង ព្រមានថា ក្រុងហាណូយនឹងប្ដឹងក្រុងប៉េកាំងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅពេលឆាប់ៗនេះ ហើយការគំរាមនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំវៀតណាមរូបនេះ ទៅជួបប្រធានាធិបតីហ្វីលីពីននៅក្រុងម៉ានីល កាលពីថ្ងៃទី១៥ ខែឧសភា។
មូលហេតុដែលវៀតណាម មិនចង់ធ្វើសង្គ្រាមជាមួយចិន គឺមានហេតុផលច្រើន
គឺទីមួយ វៀតណាម បើទោះជាប្រទេសឈានមុខខាងការធ្វើសង្គ្រាមក៏ដោយ ប៉ុន្តែកងទ័ពវៀតណាម និងប្រជាជនវៀតណាមមានត្រឹមតែជិត៨០លាននាក់ ហើយបើធៀបនឹងចិន គឺមានជាង១២០០លាននាក់ ហើយបើនិយាយពីសាស្ត្រាវុធ និងចំនួនកងទ័ព គឺមិនអាចប្រៀបជាមួយចិនបានឡើយ។ ប្រសិនបើវៀតណាមហ៊ានធ្វើសង្គ្រាម គឺហ៊ានប្រថុយគ្រោះថ្នាក់ជាប្រវត្តិសាស្ត្រ។
ទីពីរ គឺពេលនេះ គឺជាការបញ្ចប់សង្គ្រាមត្រជាក់ ហើយវៀតណាមក៏លែងជា សម្ព័ន្ធមិត្តអតីតសូវៀតទៀតផង។
ទីបី គឺទំនងវៀតណាម មិនច្បាស់ថាអាមេរិក អាចជួយការពារខ្លួនបានដែរ ព្រោះក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោន មិនទាន់មានសិទ្ធិសញ្ញាជួយការពារគ្នាទៅវិញ មកដូច ប្រទេសអាមេរិក និងហ្វីលីពីន និងដូចជប៉ុននិងអាមេរិក នោះនៅឡើយ។
នៅក្នុងឧបទ្ទវហេតុលិចនាវានេសាទវៀតណាម កាលពីថ្ងៃច័ន្ទ ដែលនាវាចិនដេញបុក ក្រសួងការបរទេសវៀតណាម បានហៅទង្វើប្រទេសចិនថា កំពុងគំរាមកំហែងសន្តិភាព តំបន់ដ៏ធ្ងន់ធ្ងរ ប៉ុន្តែក្រុងហាណូយមិនបានគំរាមថា នឹងមានវិធានការកងទ័ពឆ្លើយតបឡើយ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
2 comments:
vietnam is srong for the weak but it weak for the strong so they cry this time they can depend on russia because russia gang up with china unfortunately hanoi will loose every of their dream to be a power in south east asia.we have a peace if no hanoi.
Yes I agree with you for saying "vietnam is srong for the weak but it weak for the strong". Vietnam, with its 90 millions people, is very strong for Cambodia and Laos which are both small countries of 15 and 6 millions people respectively. Hun sen of Cambodia and Laos leaders are afraid of vietnam leaders.
But vietnam is very very weak for China which is much stronger than vietnam. China has a population of 1340 millions people, an army of 2.5 millions men, sophiticated weapons. China is the 2th world military and economic power just after Unites States. In the near future China will be the 1th world military and ecomnomic power. Thus, vietnam has no luck to win war with China. Besides, vietnam is hated by its neighbours: Cambodia and Laos because it[vietnam] doesn't respect territorial integrity of these countries.
Post a Comment