A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 29 May 2014

Hun Sen announced Cambodia will work with the Thai military junta កម្ពុជា​ប្រកាស​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ

Read the article in English here.
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ម្សិលមិញ ​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ម្សិលមិញ ​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។ ផា លីណា
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​យោធា ថៃ ដែល​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​សប្តាហ៍​មុន ហើយ​បាន​ទាត់​ចោល​នូវ​ការ​លើក​ឡើង​ដែល​ថា ក្រុម​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ក្នុង ប្រទេស​កម្ពុជា។
ក្នុង​សុន្ទរកថា​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​ប្រហែល ៣ ពាន់​នាក់ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​សមាជិកភាព​របស់​កម្ពុជា​ក្នុង​អាស៊ាន​បាន​រារាំង​កម្ពុជា​មិន​ឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង របស់​ប្រទេស​នៅ​ក្នុង​តំបន់​ទេ។
លោក​បាន​ថ្លែង​ទៀត​ថា៖ «កម្ពុជា បាន​ពិចារណា​ពី​ស្ថានការណ៍​នៅ​ថៃ​ដែល​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ ហើយ​កម្ពុជា​នឹង​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ថៃ​ទេ។ ឥឡូវ​នេះ រដ្ឋាភិបាល​យោធា​ត្រូវ​បាន​អនុម័ត​ដោយ​ស្តេច​ថៃ ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក ថាក់ស៊ីន និង​លោក​ស្រី យីងឡាក់ អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ...នឹង​យល់​ពី​ជំហរ​របស់​កម្ពុជា»។
យោធា​ថៃ បាន​ធ្វើ​រដ្ឋ​ប្រហារ បន្ទាប់​ពី​មាន​ភាព​ជាប់​គាំង​នយោបាយ​និង​ការ​តវ៉ា​ដោយ​ប្រើ​អំពើ​ហិង្សា​នៅ​តាម​ដង​វិថី​ក្នុង ក្រុង​បាងកក ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៨ នាក់។
ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​លោក Robert Amsterdam មេធាវី​របស់​លោក ថាក់ស៊ីន ដែល​ថា «រដ្ឋាភិបាល​បរទេស​ជាច្រើន​បាន​សម្តែង​នូវ​បំណង​ទទួល​រដ្ឋាភិបាល​និរទេស​ក្រោម​វិធាន និង​ទម្លាប់​អនុវត្ត​អន្តរជាតិ» ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​សង្ស័យ​ថា លោក ថាក់ស៊ីន បាន​មក​ទាក់​ទង​ប្រទេស​កម្ពុជា។
ខណៈ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ពីរ​នាក់ បាន​ថ្លែង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​រដ្ឋាភិបាល​និរទេស​ក្នុង​ទឹក​ដី​របស់​ខ្លួន​លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បើ​ទោះ​បី​ជា​រដ្ឋ​ធម្មនុញ្ញ​ហាម​ឃាត់​ក៏​ដោយ ក៏​ប៉ុន្តែ​សេចក្តី​សម្រេច​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន។
ប៉ុន្តែ កាល​ពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​លោក​មាន​ទំនាក់​ទំនង​ផ្ទាល់​នឹង​លោក ថាក់ស៊ីន យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ ការ​ទទួល​រដ្ឋាភិបាល​និរទេស​គឺ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទេ។ លោក ហ៊ុន សែន បាន​ទទួល​ស្វាគមន៍​លោក ថាក់ស៊ីន កាល​ពី ឆ្នាំ​២០០៩ ក្នុង​ឋានៈ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ដែលជា​ហេតុ​បណ្តាល​ឲ្យ​មាន​វិវាទ​ការ​ទូត​ជាមួយ​នឹង ប្រទេស​ថៃ។
លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ខ្ញុំ​សូម​សង្កត់​ធ្ងន់​ថា កម្ពុជា មិន​មែន​ជា​កន្លែង​សម្រាប់​ប្រទេស ឬ​ក្រុម​ណា​មួយ​ទោះ​បី​ក្រុម​លោក ថាក់ស៊ីន ក៏​ដោយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​និរទេស​ឡើយ។ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រើ​ប្រាស់​ទឹក​ដី របស់​ខ្លួន​ជា​មូលដ្ឋាន​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​វាយ​ប្រហារ​លើ​ប្រទេស​មួយ​ទៀត​ឡើយ»។
លោក​បាន​បន្ថែម​ថា ខណៈ​ដែល កម្ពុជា មាន​ព្រំដែន​ជាប់​ជាមួយ​នឹង ថៃ វា​ជា​ការ​សំខាន់​ត្រូវ​បន្ត​រក្សា​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបតិ្តការ​បើ​ទោះ​បី​ជា​យោធា​ឡើង​កាន់​អំណាច​ក៏​ដោយ។
លោក​បាន​បន្ថែម​ថា៖ «គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ ព្រោះ ថៃ មាន​រដ្ឋាភិបាល​យោធា ឥឡូវ​នេះ​ដូច្នេះ ចៀស​មិន​រួច​ទេ យើង​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា»។
ឥស្សរជន​ប្រឆាំង​សកម្មជន​អ្នក​សិក្សា​ស្រាវជ្រាវ និង​អ្នក​សារព័ត៌មាន​ជាង ១០០ នាក់​ត្រូវ​បាន​កោះ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ទី​បញ្ជាការ​កងទ័ព​នៅ ក្រុង​បាងកក ចាប់​តាំង​ពី​មាន​ការ​ធ្វើ​រដ្ឋប្រហារ។ មនុស្ស​ជាច្រើន​នាក់ ដែល​បាន​ទៅ​កន្លែង​កងទ័ព​ដោយ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន។ អ្នក​វិភាគ​បាន​ស្វាគមន៍​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី។
លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​និរទេស​បង្កើត​នៅ​ក្នុង ប្រទេស​កម្ពុជា នឹង​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​ទេ។
លោក​បន្ថែម​ថា៖ «ខ្ញុំ​ស្វាគមន៍​ចំពោះ​សុន្ទរកថា​នេះ។ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ចែង​ច្បាស់​ថា កម្ពុជា ជា​ប្រទេស​ឯករាជ្យ អព្យាក្រឹត និង​មាន​អធិបតេយ្យ។ រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ឬ​ប្រទេស​ណា សហការ​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​ឡើយ។ ក្នុង​ធម្មនុញ្ញ​អាស៊ាន ប្រកាស​ច្បាស់​ថា ប្រទេស​មួយ​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​នយោបាយ និង​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សមាជិក​ទេ»។
លោក​លើក​ឡើង​ថា៖ «យើង​ដឹង​ថា សម្តេច សីហនុ ទទួល​បរាជ័យ ដោយ​សារ​តែ​សម្តេច​ប្រយុទ្ធ​នឹង វៀតណាម ខាង​ត្បូង​ហើយ​យើង​បាន​រៀន​សូត្រ​ពី​ប្រវតិ្តសាស្រ្ត​ដ៏​ជូរ​ចត់​នេះ។ ឥឡូវ​នេះ​ប្រជាជន​កម្ពុជា​ព្រួយ​បារម្ភ​អំពី​ភាព​តាន​តឹង​រវាង​ចិន និង​វៀតណាម»។
លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ បាន​យល់​ស្រប​ដូច​សម្តី​របស់​លោក កែម ឡី ដែរ។ លោក​ស្រី​ថ្លែង​ថា៖ «វា​ជា​ជំហរ​ល្អ​ប្រសើរ​សម្រាប់​រដ្ឋាភិបាល ដូច្នេះ​កម្ពុជា​នឹង​មិន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ឡើយ។ កម្ពុជា​អាច​រក្សា​ស្ថិរភាព​នយោបាយ​ហើយ​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ៕ TK

1 comment:

Anonymous said...

ah kibanh yor me kbat cheat pelna khnom kheuhn muk vear khnom chang te che var