តើអ្នកធ្លាប់ត្រូវបានគេជេរប្រមាថតាមអនឡាញ តាមសារទូរស័ព្ទដៃ ឬ comments ពាក្យអាក្រក់ៗតាមហ្វេសប៊ុកដែលធ្វើឲ្យអ្នកតូចចិត្តតូចថ្លើម ខ្លាំងដែរឬទេ? បើមាន អ្នកប្រហែលជាមានបទពិសោធជាមួយនឹង «Cyber Bullying» ហើយ។
យោងតាមគេហទំព័រ «http://www.bullyingstatistics.org» Cyber bullying គឺជាទម្រង់នៃការប្រើអំពើហិង្សាមួយ នៅពេលដែលក្មេងជំទង់ ឬយុវជនត្រូវបានគេបៀតបៀន ធ្វើទុក្ខបុកម្នេញ បង្កួចបង្អាប់ គំរាម ឬធ្វើបាបតាមប្រព័ន្ធតិចណូឡូជីឌីជីថល(degital technology)ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ អ៊ីនធឺណិតជាដើម។ Cyber bullying គឺជាការព្យាយាមធ្វើឲ្យក្មេង ឬយុវជនណាម្នាក់មានអារម្មណ៍មិនល្អចំពោះខ្លួនឯងតាមរយៈទំនាក់ទំនងក្នុងប្រព័ន្ធ អេឡិចត្រូនិក។ អំពើហិង្សានេះអាចធ្វើឲ្យយុវជន ឬក្មេងជំទង់មានវិបត្តិ ក្រៀមក្រំចិត្ត រហូតដល់មានករណីសម្លាប់ខ្លួនផងក៏មាន។
ប្រភពដដែលនេះបានលើកឡើងថា Cyber bullying ត្រូវបានធ្វើឡើងតាមរូបភាពជាច្រើនដូចជាការផ្ញើសារអាក្រក់ៗ ឬសារគំរាមកំហែងអ្នកដទៃតាមទូរស័ព្ទដៃ អ៊ីមែល ឬហ្វេសប៊ុក ឬ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមអនឡាញ ឬតាមសារ ឬការផ្សព្វផ្សាយសារដែលធ្វើឲ្យមានការឈឺចាប់ ឬសារគំរាមកំហែងតាមបណ្តាញសង្គម ឬវេបសាយ ការលួចចូលទៅក្នុងគណនីរបស់នរណាម្នាក់ដើម្បីផ្ញើសារទៅវាយប្រហារលើនរណាម្នាក់ ការក្លែងធ្វើជានរណាម្នាក់នៅតាមអនឡាញដើម្បីធ្វើបាបគេ ការថតរូបមិនល្អរបស់នរណាម្នាក់ហើយផុសតាមអនឡាញ ឬក៏ផ្ញើសារ។ ផ្ញើសារអាសអាភាស ឬរូបភាពដែលទាក់ទង ឬទាញអត្ថន័យចូលក្នុងរឿងអាសអាភាសជាដើម។
ទាក់ទងនឹង បញ្ហាខាងលើ យុវជនកម្ពុជាមួយចំនួនក៏បានអះអាងថា ពួកគេធ្លាប់ជួបប្រទះនឹងបទពិសោធទទួលរងនូវទង្វើបែបនេះ ជាពិសេសយុវជនដែលមានភាពសកម្មក្នុងការគាំទ្រគណបក្សនយោបាយ។ ទង្វើទាំងនោះមានដូចជា រូបភាពកាត់តជាមួយនឹងពាក្យពេចន៍វាយប្រហារ ប្រមាថកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលមួយចំនួនលើបណ្តាញសង្គម អ៊ីនធឺណិត និងជាពិសេសហ្វេសប៊ុក។
កញ្ញា ប៉ីប៉ី លី អាយុ២០ឆ្នាំ [Pey Pey Ly ជាឈ្មោះក្នុងហ្វេសប៊ុក] ដែលធ្លាប់ត្រូវបានកាត់តរូបភាពអាក្រាតកាយបង្ហោះនៅក្នុងហ្វេសប៊ុកកន្លងទៅនេះ បានបង្ហាញថា កញ្ញាមានអារម្មណ៍សោកស្តាយដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានលាបពណ៌គ្នាដែលទង្វើរបស់ពួកគេបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ភាពថ្លៃថ្នូររបស់សង្គម។
កញ្ញាបានប្រាប់ថា៖ «ពេលដែលឃើញរូបកាត់ត [អាក្រាតកាយ] ធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំគិតថា ខ្ញុំមិនចង់រស់ទេ!»។
កញ្ញា បន្តថា៖ «ខ្ញុំតូចចិត្ត ជាបុគ្គលម្នាក់ដូចគ្នា ហើយណាមួយខ្ញុំជាមនុស្សស្រីទៀត ពួកគាត់មិនគួរធ្វើបែបនេះឡើយ។ ខ្ញុំយំអង្វរសូមឲ្យលុបវាចេញ និងបញ្ឈប់ការចែកចាយវាជារៀងរហូត ពីព្រោះទោះបីជាវាមិនមែនការពិត ក៏វាជាការបំពានដល់កិត្តិយសស្រ្តីខ្មែរខ្លាំងដែរ»។
កញ្ញាបាន បញ្ជាក់ថា៖ «មុនដំបូងខ្ញុំអត់ទាន់ឃើញមានអ្នកជេរប្រមាថខ្ញុំទេ តែបន្ទាប់ពីពេលខ្ញុំបានបង្ហាញរូបទាក់ទងនឹងសង្គមស្រាប់តែ ប្រតិកម្មប្រឆាំងកើតឡើង ហើយក្រោយមកគេធ្វើដល់ថ្នាក់កាត់តរូបខ្ញុំយ៉ាងអាក្រក់»។
កញ្ញាអំពាវនាវសូមឲ្យយុវជន [អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក] ទាំងនោះបញ្ឈប់ទង្វើប្រាសចាកសីលធម៌នេះទៅ។
ចំណែកឯកញ្ញា ធី សុវណ្ណថា វិញក៏បានឲ្យដឹងដែរថា កញ្ញាត្រូវបានវាយប្រហារ តាមរយៈពាក្យពេចន៍អសុរោះមកលើខ្លួន និងកាត់តរូបភាព អាក្រក់ៗ និងមានអ្នកក្លែងបន្លំ (Fake account) ជាច្រើនព្យាយាមបំភ្លៃព័ត៌មានផងដែរ។
កញ្ញាថា ដោយសារតែកញ្ញាដើរតាម និងគាំទ្រគោលនយោបាយបក្សខុសពីអ្នកដទៃនោះ ទើបទង្វើអសីលធម៌ជាច្រើនត្រូវបានគេតម្រង់មក។
កញ្ញាបានប្រាប់ថា៖ «ពេលខ្លះ គេប្រើពាក្យអាក្រក់ជាច្រើនដែលខ្ញុំសុំមិននិយាយ ព្រោះថាវាជាពាក្យអសុរោះពេក»។
កញ្ញាបានបន្ថែមថា មានអ្នកខ្លះកាត់តរូបកញ្ញាអាក្រាតកាយ និងជាមួយរូបសត្វធាតុនានា ដើម្បីបង្ខូចកិត្តិយសរបស់កញ្ញាផងដែរ។
ក្រៅពីយុវតីខាងលើ យុវជនម្នាក់ទៀតគឺលោក ជា ឆេង ដែលសព្វថ្ងៃជានិស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជានិស្សិតមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលក៏ធ្លាប់ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំបានវាយប្រហារ យ៉ាងចាស់ដៃដែរ បន្ទាប់ពីក្រុមនិស្សិតរបស់លោកសួរសំណួរ និងលើកបដាមិនគាំទ្ររបាយការណ៍អង្គការសហប្រជាជាតិដែលលើកឡើង ពីបញ្ហាសិទិ្ធមនុស្សនៅកម្ពុជាកន្លងទៅនៅក្នុងឆ្នាំ២០១៣។
លោកធ្លាប់បានព្យាយាមបកស្រាយពីបញ្ហានោះដែរ តែលទ្ធផលគឺគេជេរលើសដើម។
លោក ឆេង និយាយថា៖ «បើអ្នកទាំងអស់គ្នា [អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក] មិនពេញចិត្ត ឬក៏យល់ថាមិនសម អ្នកអាចដេញដោល និងលើកពីហេតុផលមកជជែក។ មិនគួរប្រើតែពាក្យប្រមាថ ត្មះតិះដៀលទេ»។
លោក លើកឡើងថា គួរតែមានច្បាប់រឹតបន្តឹងពីការប្រើប្រាស់បណ្តាញសង្គមនេះ ដូចនេះអ្នកប្រើប្រាស់បណ្តាញសង្គមអាចនឹងជាប់កាតព្វកិច្ច នឹងទទួលខុសត្រូវលើការប្រើប្រាស់ពាក្យសម្តីរបស់ខ្លួន ហើយគេអាចប្រើប្រាស់បណ្តាញសង្គមឲ្យមានសីលធម៌ជាងនេះ។
លោក ជា ឆេង ក៏ស្នើដល់យុវជនប្រើប្រាស់បណ្តាញសង្គមគួរតែពិចារណាពីការ ប្រើប្រាស់ពាក្យពេចន៍វាយប្រហារ បង្ខូចកិត្តិយស និងទង្វើអសីលធម៌មួយចំនួនរបស់ខ្លួន ហើយបើទោះជាប្រកាន់និន្នាការនយោបាយផ្សេងគ្នាក៏ដោយ គួរតែយល់ថា យើងទាំងអស់គ្នាមានគោលដៅអភិវឌ្ឍជាតិ និងស្រឡាញ់ជាតិដូចគ្នា។
ទាក់ទងនឹងចំណុចនេះ លោក សេក បរិសុទ្ធ ប្រធានក្រុមប្រឹក្សាក្រមសីលធម៌សារពត៌មានកម្ពុជា (CJCE) បានបង្ហាញពីការព្រួយបារម្ភពីបញ្ហាវាយប្រហារគ្នាក្នុងបណ្តាញ សង្គមហ្វេសប៊ុកសព្វថ្ងៃថា វាមិនត្រឹមតែជាការធ្លាក់ចុះនៃក្រមសីលធម៌សង្គមទេ តែទង្វើប្រមាថកិត្តិយសរបស់បុគ្គលនីមួយៗនៅលើបណ្តាញសង្គមនេះ ថែមទំាងខុសតាមផ្លូវច្បាប់ទៀត។
លោក បានពន្យល់បន្ថែមថា កាលណាអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើនមកធ្វើទង្វើ អសីលធម៌ វាយប្រហារអ្នកដទៃ ឬរំលោភដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់គេ វាអាចនឹងឈានទៅរកវិធានការរឹតបន្តឹងផ្លូវច្បាប់។
លោក បានបន្ដថា៖ «យើងអាចយកច្បាប់ ព្រហ្មទណ្ឌមកប្រើបានដើម្បីដោះស្រាយបញ្ហានៅលើបណ្តាញសង្គម ដោយមិនចាំបាច់មានច្បាប់គ្រប់គ្រងបណ្តាញសង្គមអ៊ីនធឺណិត ឬ Cyber Law នោះទេ ពីព្រោះវាអាចជាការរឹតបន្តឹងដល់ការបញ្ចេញមតិទូទៅរបស់សាធារណជនដែលវាមានប្រយោជន៍ដល់សង្គម»។
លោក សេក បរិសុទ្ធ បានស្នើថា៖ «ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ អ្នកប្រើបណ្តាញសង្គមគួរតែធ្វើស្វ័យទិតៀនខ្លួនឯង ថាតើយើងបានគោរពតាមច្បាប់ និងក្រមសីលធម៌ហើយ ឬនៅ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកបង្កើតគោលនយោបាយ (policy makers) គួរតែរករូបមន្តណាផ្សេងក្រៅពី Cyber Law»។
ស្របគ្នានេះដែរ លោកមេធាវី សុក សំអឿន ប្រធានអង្គការការពារច្បាប់កម្ពុជា បង្ហាញថា ការធ្វើបាបគ្នា ឬក៏វាយប្រហារ ជេរដៀលគ្នានៅលើបណ្តាញអ៊ីនធឺណិត វាមិនខុសអីហ្នឹងការឈ្លោះប្រកែក ឬជេរគ្នានៅទីសាធារណៈទេ គ្រាន់តែកម្ពុជាមិនទាន់មានច្បាប់ណាមួយគ្រប់គ្រងវានៅឡើយ។ តែលោក មេធាវីរូបនេះបន្ថែមថា៖ «ព្រោះច្បាប់ជាអាវុធមុខពីរ បើយើងចង់ធ្វើច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត វាអាចនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ ឬការរិះគន់នានាដែលប៉ះពាល់ដល់រដ្ឋាភិបាល ហើយបើរដ្ឋាភិបាលបង្កើតវា ត្រូវគិតថា រវាងការផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏មិនផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ មួយណាងាយស្រួលគ្រប់គ្រងជាង?»។
ពាក់ព័ន្ធនឹងដំណោះស្រាយលើ បញ្ហា ការធ្វើបាប ឬក៏បៀតបៀនកេរ្ដិ៍ខ្មាសគ្នាតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្តាញសង្គមហ្វេសប៊ុកនេះដែរ លោក សុក សំអឿន សូមឲ្យបុគ្គលម្នាក់ៗគិតថា៖ «បើអ្នកឯងពូកែជេរគេដូចនេះ តើមានគេគោរពរាប់អានអ្នកដែរឬអត់? ហើយបញ្ហានេះវាអាស្រ័យលើសង្គម បើយើងយល់ដឹងពីផលប៉ះពាល់របស់វា ហើយយើងមានក្រមសីលធម៌ក្នុងការបញ្ចេញមតិ និងគោរពសិទ្ធិគ្នា វាមិនចាំបាច់មានច្បាប់ក៏អាចដោះស្រាយបញ្ហាលើបណ្តាញសង្គមនេះទេ»។
ទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ជនរងគ្រោះដោយការវាយប្រហារ តាមអនឡាញនេះ លោកសាស្រ្តាចារ្យ សោមច័ន្ទ សុវណ្ណតារា ឯកទេសចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់ថា៖ «អ្នកដែលត្រូវគេធ្វើបាប គាត់មានការឈឺផ្លូវចិត្តណាស់ ហើយវប្បធម៌ខ្មែរយើងក៏គេមិនឲ្យយើងប្រើពាក្យអសុរោះដែរ។ គេឲ្យចេះគោរពគ្នា»។
លោកសាស្រ្តាចារ្យ បានអប់រំថា អ្នកដែលត្រូវគេធ្វើបាប មិនត្រូវតបតទៅវិញទេ ហើយត្រូវប្រើពាក្យល្អៗទៅវិញ និងព្យាយាមខន្តី។
លោកថា ការរំខាន ឬប្រមាថតាមបណ្តាញសង្គមនេះអាចថា បុគ្គលដែលប្រព្រឹត្តមានរោគសញ្ញាឆេវឆាវ ព្រហើន និងព្យាយាមរំលោភបំពានលើអ្នកដទៃ ហើយវាក៏ខុសទៅនឹងផ្លូវច្បាប់និងក្រមសីលធម៌។
លោក សាស្ដ្រាចារ្យ បានលើកឡើងថា៖ «អ្នកដែលប្រព្រឹត្តសកម្មភាពធ្វើបាបគេ ខ្លះមិនមានចេតនាទេ តែមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេ រីឯអ្នកខ្លះមានចរិតកោងកាច មានចេតនាធ្វើឲ្យគេឈឺចាប់»។
ចុងក្រោយ លោក សោមច័ន្ទ សុវណ្ណតារា ក៏បន្ថែមថា៖ «ដើម្បីឲ្យយើងរស់នៅមានសុខភាពផ្លូវចិត្តល្អ យើងត្រូវមានក្រមសីលធម៌ល្អស្តែងចេញពីអាកប្បកិរិយាល្អរបស់យើង ហើយទង្វើហ្នឹងធ្វើឲ្យយើងមានសីលធម៌ ហើយសីលធម៌ធ្វើឲ្យយើងជាមនុស្សមានតម្លៃ»៕
No comments:
Post a Comment