ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃព្រហស្បតិ៍ ទី22 ឧសភា 2014 |
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ជំនួបកំពូលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងត្រូវធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
ការលើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា បានជួបជាមួយតំណាងគណបក្សប្រឆាំង លោក គួយ ប៊ុនរឿន ដើម្បីពិភាក្សាចំណុចសេសល់ និងកំណត់ពេលនៃជំនួបកំពូលនៃថ្នាក់ដឹកនាំទាំងពីរ។
លោក ព្រុំ សុខា ប្រាប់VODថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជំនួបក្រៅផ្លូវការជាមួយលោក គួយ ប៊ុនរឿន បានជជែកពីបញ្ហាដែលសេសសល់កាលពីជំនួបលើកមុន និងដើម្បីកំណត់ជំនួបចរចាថ្នាក់ដឹកនាំកំពូលជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលាពិតប្រាកដសម្រាប់ជំនួបនៅឡើយទេ។
VOD មិនអាចទាក់ទងតំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បាននៅឡើយទេ។
កាលពីល្ងាចថ្ងៃអង្គារ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរជាសេចក្តីជូនដំណឹងមិនផ្លូវការមួយ ហើយត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់គណបក្សថា លោកបានទាក់ទងលោក ស ខេង ដើម្បីប្រាប់ថាមន្ត្រីគណបក្ស នឹងទាក់ទងតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការចរចា។ លោក សម រង្ស៊ី បញ្ជាក់ថា «យើងសង្ឃឹមថានឹងឈានទៅដល់កិច្ចព្រមព្រៀងលម្អិតមួយក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់បញ្ហាជាប់គាំងនយោបាយបច្ចុប្បន្ន ដូចបានចែងក្នុងសេចក្តីប្រកាសរួម ដែលមានគោលការណ៍ជាស្រេចឯកភាពដោយបក្សទាំងពីរ»។
កាលពីថ្ងៃទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសន្ទនាគ្នាតាមរយៈទូរស័ព្ទ រយៈពេល ៤៤នាទី ដោយផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែ លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន ព្រោះលោក ហ៊ុន សែន មិនព្រមឲ្យបោះឆ្នោតឡើងវិញមុនអាណត្តិ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
-----------------------------------គណបក្សធំពីរជួបចរចាគ្នាដើម្បីបើកផ្លូវជំនួបថ្នាក់កំពូល
THURSDAY, 22 MAY 2014 មាស សុខជា
ភ្នំពេញៈ គណបក្សនយោបាយធំទាំងពីរនឹងចាប់ផ្តើមការចរចាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងកិច្ចប្រជុំតទល់គ្នា រវាងមន្រ្តីជាន់ខ្ពស់មកពីក្រុមចរចារបស់គណបក្សនីមួយៗ។
លោក គួយ ប៊ុនរឿន តំណាងរាស្រ្តជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិបានបញ្ជាក់កាលពីម្សិលមិញថា លោកបានទាក់ទងលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបានរៀបចំកិច្ចប្រជុំនៅព្រឹកនេះ នៅទីតាំងសម្ងាត់មួយ។
លោក ប៊ុនរឿន បានបញ្ជាក់ថា ចំណុចផ្តោតនៃកិច្ចប្រជុំនេះគឺអំពីកំណែទម្រង់នៃការបោះឆ្នោត ហើយមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំថ្នាក់កំពូលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ទី ១ យើងនឹងពិភាក្សាអំពីស្ថាប័នរៀបចំការបោះឆ្នោតដែលត្រូវក្លាយជាស្ថាប័នរដ្ឋធម្មនុញ្ញ។ ទី២ យើងនឹងពិភាក្សាគ្នាអំពីសមាសភាពស្ថាប័ននេះ»។
នៅដើមខែមេសា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឈានដល់ការព្រមព្រៀងស្តីពីការកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សប្រឆាំង និងអង្គការឃ្លាំមើលការបោះឆ្នោត បានអះអាងជាយូរមកហើយថា គ.ជ.ប ស្មោះតែប្រយោជន៍របស់គណបក្សកាន់អំណាចតែមួយប៉ុណ្ណោះ។
លោក ព្រុំ សុខា រដ្ឋលេខា-ធិការក្រសួងមហាផ្ទៃ មិនអាចទាក់ទងបានទេ កាលពីម្សិល-មិញ ប៉ុន្តែ លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានឲ្យដឹងថា ការចរចានឹងផ្អែកលើចំណុចដែលបានព្រមព្រៀងរួចហើយ ក្នុងកិច្ចពិភាក្សាមុនៗ។
ទាក់ទងនឹងអ្នកជំនាញជប៉ុនមកជួយធ្វើកំណែទម្រង់ការបោះឆ្នោត លោក ជាម យៀប ក៏បានជំរុញឲ្យអ្នកជំនាញជប៉ុនជួយសម្រុះសម្រួលក្នុងកិច្ចចរចារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ហើយអ្នកជំនាញជប៉ុនក៏គួរជួយក្នុងកំណែទម្រង់បោះឆ្នោតក្រោយ។ លោកបានបន្ថែមថា ប្រសិនបើការចរចាអាចឈានដល់ការព្រមព្រៀងគ្នា កំណែទម្រង់ការបោះឆ្នោតនឹងធ្វើក្រោយមក ហើយក៏ជោគជ័យផងដែរ។
លោក យៀប បានបញ្ជាក់ថា៖ «ឥឡូវនេះ ចំណុចសំខាន់គឺថា អ្នកជំនាញជប៉ុនជួយឲ្យមានការព្រមព្រៀងក្នុងកិច្ចចរចា ហើយយើងនឹងរៀបចំធ្វើកំណែទម្រង់។ [ជប៉ុន] បានថ្លែងថា ពួកគេនឹងជួយបច្ចេកទេស និងហិរញ្ញវត្ថុ។ យើងមិនចង់ឲ្យពួកគេកាន់ជើងខាងណាទេ។ យើងឲ្យពួកគេមានអព្យាក្រឹតភាព គ្រាន់តែផ្តល់ជាគំនិតប៉ុណ្ណោះ»។
លោក គួយ ប៊ុនរឿន បានស្វាគមន៍ចំពោះការជំរុញរបស់លោក ជាម យៀប ដោយលោកថ្លែងថា វាអាចទទួលយកបានចំពោះគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ប្រសិនបើអ្នកជំនាញជប៉ុនជួយសម្រុះសម្រួល និងធ្វើកំណែទម្រង់ការបោះឆ្នោត។
លោក ប៊ុនរឿន បានបញ្ជាក់ថា៖ «ខ្ញុំយល់ថា វាល្អ ប៉ុន្តែយើងត្រូវដើរស្របគ្នា ព្រោះការដោះស្រាយបញ្ហាបោះឆ្នោត និងនយោបាយត្រូវទៅជាមួយគ្នា»៕ TK
1 comment:
If Sam Rainsy accept to serve Hun sen that will be the agreement . it will be no other way period. CNRP don't expect to much from that because almost 1 year CNRP get nothing even one radio station. Can any body tell me What CNRP get and i didn't know ?
Post a Comment