A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 22 May 2014

CPP official: Sam Rainsy and Hun Sen could meet soon to break the political deadlock មន្ត្រី​CPP៖ ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​ខាងមុខ​​

ដោយ៖​ កាន់ វិច្ឆិកា​​ | ថ្ងៃព្រហស្បតិ៍ ទី22 ឧសភា 2014 | 


​លោក ព្រុំ សុខា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ (រូបថត៖ តាំង វីដា)
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យដឹងថា ជំនួប​កំពូល​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​ត្រូវ​ធ្វើឡើង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ការលើកឡើង​បែប​នេះ បន្ទាប់​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា បាន​ជួប​ជាមួយ​តំណាង​គណបក្ស​ប្រឆាំង លោក គួ​យ ប៊ុន​រឿន ដើម្បី​ពិភាក្សា​ចំណុច​សេ​សល់ និង​កំណត់ពេល​នៃ​ជំនួប​កំពូល​នៃ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​។​
​លោក ព្រុំ សុខា ប្រាប់​VOD​ថា  នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំនួប​ក្រៅផ្លូវការ​ជាមួយ​លោក គួ​យ ប៊ុន​រឿន បាន​ជជែក​ពី​បញ្ហា​ដែល​សេសសល់​កាល​ពី​ជំនួប​លើក​មុន និង​ដើម្បី​កំណត់​ជំនួប​ចរចា​ថ្នាក់ដឹកនាំ​កំពូល​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ពិតប្រាកដ​សម្រាប់​ជំនួប​នៅឡើយ​ទេ​។​
VOD មិនអាច​ទាក់ទង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​នៅឡើយ​ទេ​។​
កាលពី​ល្ងាច​ថ្ងៃ​អង្គារ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​ជា​សេចក្តីជូនដំណឹង​មិន​ផ្លូវការ​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​គណបក្ស​ថា លោក​បាន​ទាក់ទង​លោក ស ខេង ដើម្បី​ប្រាប់​ថា​មន្ត្រី​គណបក្ស នឹង​ទាក់ទង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការចរចា​។ លោក សម រង្ស៊ី បញ្ជាក់ថា «​យើង​សង្ឃឹមថា​នឹង​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​លម្អិត​មួយ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បញ្ចប់​បញ្ហា​ជាប់គាំង​នយោបាយ​បច្ចុប្បន្ន ដូច​បាន​ចែង​ក្នុង​សេចក្តីប្រកាស​រួម ដែល​មាន​គោលការណ៍​ជាស្រេច​ឯកភាព​ដោយ​បក្ស​ទាំងពីរ​»​។​

កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្ទនា​គ្នា​តាមរយៈ​ទូរស័ព្ទ រយៈពេល ៤៤​នាទី ដោយ​ផ្តោត​ទៅលើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប៉ុន្តែ លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សិន ព្រោះ​លោក ហ៊ុន សែន មិន​ព្រម​ឲ្យ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

-----------------------------------
គណបក្ស​ធំពីរជួបចរចាគ្នា​ដើម្បី​បើក​ផ្លូវ​ជំនួប​ថ្នាក់​កំពូល 

THURSDAY, 22 MAY 2014 មាស សុខជា

3-story-1
ជំនួប​រវាង​មន្ត្រី​មក​ពីគណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​វិមាន​រដ្ឋ​សភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៣​​។ ជីវ័ន
ភ្នំពេញៈ គណបក្ស​​នយោបាយ​ធំ​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​ការ​ចរ​​ចា​​ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ​ក្នុង​កិច្ច​ប​្រជុំ​​ត​ទល់​គ្នា រវាង​មន្រ្តី​ជាន់​​ខ្ពស់​មក​ពី​​ក្រុម​ចរ​ចា​​របស់​គណបក្ស​នីមួយៗ។
​លោក គួយ ប៊ុន​រឿន ​តំណាង​រាស្រ្ត​ជាប់​ឆ្នោតម​កពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ទាក់​ទង​​​លោក ព្រុំ សុខា ​រដ្ឋ​លេខាធិការ​​​ក្រសួង​មហា​ផ្ទៃ ​ហើ​យ​​​​​​​​បាន​​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ នៅ​ទី​តាំង​ស​ម្ងាត់​មួយ។
លោក ប៊ុនរឿន បាន​​បញ្ជាក់​ថា ចំណុច​​ផ្តោត​នៃ​កិច្ច​ប្រជុំ​នេះ​​គឺ​អំពី​កំណែ​ទម្រង់​នៃការ​បោះ​ឆ្នោត ​​​ហើយ​មាន​គោល​បំណង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​​លោក សម រង្ស៊ី មេ​ដឹក​នាំ​​គណបក្ស​ប្រឆាំងដ៏ធំ​​នៅ​កម្ពុជា​។
​លោក​​បាន​បញ្ជាក់​ថា៖ «​ទី ១ យើង​នឹង​ពិភាក្សា​អំពី​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោតដែល​​​ត្រូវ​ក្លាយ​​ជា​ស្ថាប័ន​​រដ្ឋ​ធម្ម​នុញ្ញ។ ទី២ យើង​នឹង​ពិភាក្សា​គ្នាអំពី​​សមា​ស​​ភាព​ស្ថាប័ន​នេះ​»។
នៅ​ដើម​ខែ​មេសា លោក ហ៊ុន សែន ​និង​​លោក សម រង្ស៊ី ​​​ ​​​​​​បាន​ឈាន​ដល់​កា​រព្រម​ព្រៀង​ស្តីពី​​ការ​​​​កែ​ប្រែ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ គណ​​បក្ស​ប្រឆាំង និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ​គ.ជ.ប ​​​​​​​​​​ស្មោះតែ​ប្រយោជន៍​របស់​​គណបក្ស​កាន់​អំណាច​តែ​មួយ​ប៉ុណ្ណោះ។
​លោក ព្រុំ សុខា ​រដ្ឋ​លេខា-​ធិការ​​ក្រសួង​មហា​ផ្ទៃ​ ​មិន​អាច​ទាក់​ទង​បាន​ទេ កាល​ពី​ម្សិល-​មិញ ប៉ុន្តែ លោក ​ជាម យៀប ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន បានឲ្យ​ដឹង​ថា ការ​ចរ​ចា​នឹង​ផ្អែក​​លើ​ចំណុច​ដែល​បាន​ព្រម​ព្រៀង​រួច​ហើយ ក្នុង​កិច្ច​ពិភាក្សា​មុនៗ។
​​​​​​ទាក់​ទង​នឹង​អ្នក​ជំនាញ​ជប៉ុន​​​​មក​ជួយ​​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​​លោក ជាម យៀប ​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ជំនាញ​ជប៉ុន​​​ជួយ​សម្រុះ​សម្រួ​ល​ក្នុង​កិច្ច​ចរ​ចា​​រវាង​គណបក្ស​​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​​​​​អ្នក​ជំនាញ​ជប៉ុនក៏​គួរ​ជួយ​ក្នុង​កំណែ​ទម្រង់​បោះ​ឆ្នោត​​ក្រោយ​​។ ​លោក​​បាន​បន្ថែម​ថា ប្រសិន​បើ​​ការ​ចរ​ចា​អាច​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា ​​កំណែ​ទម្រង់​ការ​បោះឆ្នោត​នឹង​ធ្វើ​​​​ក្រោយ​មក ហើយ​ក៏​​ជោគ​​ជ័យ​ផង​ដែរ។
​​​​លោក យៀប បាន​​បញ្ជាក់​ថា៖ «​​ឥឡូវ​នេះ ចំណុច​សំខាន់​គឺ​ថា ​អ្នក​ជំនាញ​ជប៉ុន​​​ជួយ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​ក្នុង​កិច្ច​ចរចា ហើយ​យើង​​នឹង​រៀប​ចំ​ធ្វើ​កំណែ​ទម្រង់​។ [ជប៉ុន​] ​បាន​ថ្លែង​ថា ពួកគេ​នឹង​ជួយ​បច្ចេកទេស និង​​ហិរញ្ញវត្ថុ។ ​យើង​មិន​ចង់​ឲ្យ​​ពួកគេ​កាន់​ជើង​ខាង​ណា​ទេ​។ យើង​ឲ្យ​​ពួកគេ​​មាន​អព្យា​ក្រឹតភាព​ ​​​​គ្រាន់​តែ​ផ្តល់​ជា​គំនិត​ប៉ុណ្ណោះ»។
​លោក គួយ ប៊ុនរឿន ​​បាន​ស្វាគមន៍​ចំពោះ​ការ​ជំរុញ​របស់​លោក ជាម យៀប ​ដោយ​លោក​ថ្លែង​ថា ​វា​អាច​ទទួល​យក​​​បាន​ចំពោះ​គណបក្ស​ប្រជា​ជន និង​គណបក្ស​សង្គ្រោះ​​ជាតិ ​​ប្រសិន​បើ​អ្នក​ជំនាញ​​​ជប៉ុន​ជួយ​​សម្រុះ​សម្រួល និង​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។​
​​​លោក ប៊ុនរឿន បាន​​បញ្ជាក់​ថា៖ «​ខ្ញុំ​យល់​ថា វា​ល្អ ប៉ុន្តែ​យើង​ត្រូវដើរ​ស្រប​គ្នា ព្រោះ​​ការដោះ​ស្រាយ​បញ្ហា​​បោះ​​ឆ្នោត និង​​​នយោ​បាយត្រូវទៅ​ជាមួយ​គ្នា​»៕ TK

1 comment:

Anonymous said...

If Sam Rainsy accept to serve Hun sen that will be the agreement . it will be no other way period. CNRP don't expect to much from that because almost 1 year CNRP get nothing even one radio station. Can any body tell me What CNRP get and i didn't know ?