The 3 officials that the CCIM will sue are: Phnom Penh Governor Pa Socheatvong, Daun Penh district Governor Sok Sambath and Daun Penh Deputy Governor Sok Penh Vuth.
រដ្ឋាភិបាល ឬតុលាការកម្ពុជាកន្លងមកមិនបានស្វែងរកចាប់ឃាតកសម្លាប់សារព័ត៌មានបានឡើយ។ ការប្ដឹងផ្ដល់ទៅតុលាការពីបញ្ហានេះ មានករណីមួយថ្មីទៀតដែលការប្រើអំពើហិង្សាលើអ្នកយកព័ត៌មាន សំឡេងប្រជាធិបតេយ្យ VOD កាលពីដើមខែឧសភានោះ ឥឡូវនេះប្រធានស្ថាប័ននេះ បានដាក់ពាក្យប្ដឹងទៅតុលាការហើយ ដើម្បីឲ្យស្ថាប័នតុលាការជួយរកយុត្តិធម៌។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងអភិបាលរាជធានីភ្នំពេញ និងប្ដឹងអភិបាល អភិបាលរងខណ្ឌដូនពេញ ពីបទផ្ដើមគំនិតក្នុងអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងទារថ្លៃព្យាបាលជំងឺ និងថ្លៃជំងឺចិត្តប្រមាណជា ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
នាយប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយពីបានដាក់ពាក្យបណ្ដឹងទៅតុលាការភ្លាមៗថា ស្ថាប័នរបស់លោកបានសម្រេចប្ដឹងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក សុខ សម្បតិ្ត អភិបាលខណ្ឌដូនពេញ និង លោក សុខ ពេញវុធ ជាអភិបាលរងនោះ ពីព្រោះទាំងបីនាក់នេះជាមនុស្សសំខាន់នៅពីក្រោយខ្នងសន្តិសុខ ដែលប្រើអំពើហិង្សាលើអ្នកយកព័ត៌មានរបស់លោក ឲ្យរងរបួសធ្ងន់ធ្ងរ៖
«សំឡេង»
ឆ្លើយតបនឹងបញ្ហានេះមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការដាក់ប្ដឹងណាមួយជាសិទ្ធិរបស់ស្ថាប័ន ឬបុគ្គលម្នាក់ៗក្នុងការដាក់ពាក្យប្ដឹងទៅតុលាការ។ លោកអះអាងថា សកម្មភាពសន្តិសុខកន្លងមកនោះជាការពង្រឹងនៃការអនុវត្តច្បាប់ប៉ុណ្ណោះ។
«សំឡេង»
លោក ឡាយ សាមាន អ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវបានកងកម្លាំងសន្តិសុខពាក់មួកបិទបាំងមុខ ពី ៦នាក់ ទៅ ១០នាក់ ប្រើអំពើហិង្សាវាយលោកឲ្យសន្លប់កាលពីថ្ងៃទី២ ឧសភា នៅពេលលោកបំពេញបេកសកម្មយកព័ត៌មាននៅលើផ្លូវនរោត្តម ជិតស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។ នៅមុនពេលក្រុមសន្តិសុខប្រើអំពើហិង្សាលើលោក គឺក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានវាយ និងបង្ក្រាបប្រឆាំងការជួបជុំរបស់ប្រជាពលរដ្ឋ ហើយនៅនាទីចុងក្រោយ គោលដៅនៃការបង្ក្រាបនោះ បានបង្វែរទិសទៅអ្នកសារព័ត៌មាន ដែលព្យាយាមថតយករូបភាពនៅទីនោះវិញម្ដង។ ហេតុការណ៍នៃការបង្ក្រាបកាលណោះ គឺនៅចំពេលដែលគណបក្សសង្គ្រោះជាតិ គ្រោងធ្វើពិធីជួបជុំនៅចំណុចស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីស្រុក ខណ្ឌជាលើកដំបូងរបស់ខ្លួន។
លោក ឡាយ សាមាន រងរបួសធ្ងន់ធ្ងរ បាក់ថ្ពាល់ខាងស្ដាំ ជាំក្បាល ភ្នែក ត្រូវបានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រោយមកស្ថាប័ននេះ ក៏បញ្ជូនទៅវះកាត់នៅប្រទេសថៃ។ មកទល់ពេលនេះ លោក ឡាយ សាមាន មិនទាន់មានអាការៈជាសះស្បើយនៅឡើយ បន្ទាប់ពីចំណាយថ្លៃព្យាបាលអស់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារហើយនោះ។ ស្ថាប័ន CCIM កំពុងអំពាវនាវស្វែងរកមូលនិធិបន្ថែម ដើម្បីទូទាត់ថ្លៃព្យាបាលរបស់លោក។
លោក ឡាយ សាមាន ពាក់អាវស ខោខ្មៅ ដែលផ្ទៃមុខហើម និងភ្នែកខាងស្ដាំនៅក្រហមនិងហៀរទឹកភ្នែកនៅឡើយនោះ ឲ្យដឹងនៅក្នុងសន្និសីទនោះថា លោកត្រូវទៅតាមដានជំងឺនៅប្រទេសថៃទៀត ពីព្រោះស្ថានភាពរបួសនៅធ្វើទុក្ខនៅឡើយ។
«សំឡេង»
ក្រសួងព័ត៌មានបានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៤ ឧសភា ថា ការគំរាមកំហែង ការប្រើអំពើហិង្សា ការរឹបអូសសម្ភារៈ និងការប្រមាថចំពោះអ្នកសារព័ត៌មាននេះ ជាការរំលោភបំពានធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។
ទាក់ទងនឹងការប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន និងសម្លាប់អ្នកសារព័ត៌មាននេះ ត្រូវបានក្រុមអ្នកច្បាប់និងមន្ត្រីសិទ្ធិមនុស្សសំដែងការសោកស្ដាយ ចំពោះសកម្មភាពប្រើអំពើហិង្សា និងសម្លាប់អ្នកសារព័ត៌មានកន្លងមក ដោយហេតុថាលំហូរសេរីភាពសារព័ត៌មាន និងគំនិតស្ថិតនៅក្នុងបេះដូងនៃរបបប្រជាធិបតេយ្យ ហើយមានវាសារសំខាន់ចំពោះការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ បានថ្កោលទោសចំពោះទង្វើរបស់កងសន្តិសុខនេះ។ លោកបន្ថែមថាសារព័ត៌មានជានិយាមមួយសម្រាប់វាស់វែងនូវការដឹកនាំរបស់រដ្ឋាភិបាល តែការប្រើប្រាស់ ការគំរាមកំហែងលើអ្នកសារព័ត៌មាននេះ ជាការរុញច្រានឲ្យសង្គមកម្ពុជា ដើរខុសគន្លងប្រជាធិបតេយ្យ និងធ្វើឲ្យប៉ះពាល់ដល់សេចក្ដីក្លាហានរបស់អ្នកសារព័ត៌មាន។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី លោក ឡាយ សាមាន ប្ដេជ្ញាចិត្តថា លោកមិនរុញរា ឬមានការភ័យខ្លាចក្នុងការ បំពេញការងារជាអ្នកសារព័ត៌មាននេះឡើយ។ លោកអះអាងថា លោកនៅតែបំពេញតួនាទីរបស់ខ្លួន និងប្រកាន់ភ្ជាប់វិជ្ជាជីវៈជាអ្នកសារព័ត៌មានជានិច្ច។
«សំឡេង»
គិតចាប់តាំងពីឆ្នាំ ១៩៩៣ មកមានអ្នកសារព័ត៌មានចំនួន ១២នាក់ហើយ ត្រូវបានគេសម្លាប់ មកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់រកឃាតកឃើញយកមកកាត់ទោសនៅឡើយ។
ទាក់ទងនឹងបញ្ហានេះ លោក ប៉ា ងួនទៀង ឲ្យដឹងថា ទោះបីជាសាធារណជនដឹងថា តុលាការកម្ពុជា មិនឯករាជ្យ ហើយរដ្ឋាភិបាលមិនស្វែងរកយុត្តិធម៌ចំពោះអ្នកសារព័ត៌មានផ្សេងៗ ដែលឃាតកបានបាញ់សម្លាប់ក៏ដោយ ក៏ប៉ុន្តែតួនាទីរបស់លោកជាអ្នកទទួលខុសត្រូវលើសហការីរបស់លោក ត្រូវតែប្ដឹងទៅតុលាការ។
«សំឡេង»
បន្ថែមពីលើបញ្ហានេះ ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ទោះបីជាគ្មានជំនឿលើប្រព័ន្ធតុលាការយ៉ាងនេះក្ដី តែការសម្រេចដាក់ពាក្យប្ដឹងរបស់ លោក ប៉ា ងួនទៀង នេះជារឿងត្រឹមត្រូវតាមច្បាប់ពីព្រោះថា ការដាក់ពាក្យប្ដឹងនេះជាការបង្ហាញភស្តុតាងថា តើតុលាការមានឆន្ទៈក្នុងការដោះស្រាយនិងស្វែងរកយុត្តិធម៌ដែរទេ។
«សំឡេង»
លោក ប៉ា ងួនទៀង បានប្ដឹងអភិបាលរាជធានីភ្នំពេញ និងអភិបាល អភិបាលរងខណ្ឌដូនពេញ ពីបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ តាមមាត្រា ២៨ មាត្រា២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ លោក ប៉ា ងួនទៀង អះអាងថា លោកមានគម្រោងដាក់លិខិតសុំជួប លោក ប៉ា សុជាតិវង្ស ទៀតនៅពេលខាងមុខ។
អ្នកជំនាញសារព័ត៌មានពន្យល់ថា ការវាយប្រហារលើអ្នកសារព័ត៌មាន មិនមែនតែអ្នកសារព័ត៌មានទេដែលរងគ្រោះ គឺធ្វើឲ្យរងគ្រោះសង្គមទាំងមូល ពីព្រោះការពាំនាំព័ត៌មានពិត ជាការឆ្លុះបញ្ចាំងអំពីសកម្មភាពដឹកនាំរបស់រដ្ឋមួយថា អាក្រក់ ឬល្អនោះ។ ម្យ៉ាងទៀតរដ្ឋាភិបាលអាចកែប្រែសកម្មភាពរបស់ខ្លួន ឬការបោសសំអាតមន្ត្រីពុករលួយនេះ គឺពឹងផ្អែកទៅលើសារព័ត៌មានជារឿងសំខាន់។
អង្គការឃ្លាំមើលសេរីភាពអន្តរជាតិ Freedom House កាលពីដើមខែឧសភា បានចេញរបាយការណ៍មួយស្ដីពីសិទ្ធិសេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០១៤ រកឃើញថា ប្រទេសកម្ពុជា ជាប់លេខរៀងទី១៤៧ ជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេស១៩៧៕
No comments:
Post a Comment