ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014 |
លោក សុខ ឈុនអឿង ប្រធានស្តីទីសមាគមIDEA (រូបថត តាំង វីដា)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA ) ឲ្យដឹងថា ខ្លួននឹងដឹកនាំសហជីព កម្មករ និងសហគមន៍ផ្សេងៗទៀតប្រមាណ៣ម៉ឺនាក់ ដើម្បីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទិវា សិទ្ធិនារី អន្តរជាតិ៨មីនា ដើម្បីទាមទារឲ្យដោះលែងអ្នកកំពុងជាប់ឃុំ២១នាក់និង ដំឡើងប្រាក់ឈ្នួលដល់កម្មករ ឲ្យបាន១៦០ដុល្លារ។
ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA ) លោក សុខ ឈុនអឿង ប្រាប់VOD នៅព្រឹកថ្ងៃអាទិត្យ ទី០២ នេះថា នៅថ្ងៃ៨ មិនា ខាងមុខនេះ នឹងមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យទាមទារឲ្យដោះលែងអ្នកជាប់២១នាក់ ដោយអះអាងថា អ្នកទាំងនោះមិនមានកំហុសនោះទេ។
លោកបន្តថា សមាគម នឹងអញ្ជើញមន្ត្រីរដ្ឋាភិបាលមួយចំនួន រួមមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រចាំការទទួលបន្ទុកបេសកកម្មពិសេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកធ្វើការបំភ្លឺជុំវិញករណី នៃការបង្ក្រាប ការចាប់ខ្លួនអ្នកទាំង២៣នាក់ និងការមិនព្រមដំឡើងប្រាក់ខែសម្រាប់កម្មករ កម្មការិនី។
លោកសុខ ឈុនអឿង ឲ្យដឹងថា នៅថ្ងៃ៨មីនានោះ គ្រោងឲ្យមានអ្នកចូលរួមប្រមាណជា៣ម៉ឺននាក់ ហើយ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ចូលរួមធ្វើជាសាក្សីទាំងអស់គ្នា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃនោះដែរ។
សម្រាប់ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះ សហជីព និងអ្នកមានជម្លោះដីធ្លី ក៏មានគម្រោងជួបជុំនៅកន្លែងផ្សេងគ្នាដែរ ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធ អំពីបញ្ហាប្រឈមនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលរដ្ឋាភិបាលខកខានមិនទាន់បានបំពេញ ជាពិសេសទាមទារឲ្យដោះលែងអ្នកទាំង២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធធានាគារត្រពាំងផ្លុង ៕
1 comment:
more death for 160 dollars which will never be enough to live on if the govt cannot control INFLATION.... merchants and landlords will just raise the fee/prices.....
Post a Comment