(អត្ថបទចុះផ្សាយនៅថ្ងៃ
25-01-2014,
6:27 pm) | ដោយ គី សុខលីម/ Thmey Thmey
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងទម្លាយភាពទាល់ច្រកនយោបាយនៅពេលខាងមុខនេះ។ វិបត្តិដ៏រ៉ាំរ៉ៃរយៈពេលជិត៦ ខែកន្លងមកនេះ ត្រូវចាប់បង្ខំអោយគណបក្សទាំងពីរដោះស្រាយជម្លោះនយោបាយនៅក្នុង ត្រីមាសទី១ឬយ៉ាងយូរបំផុតក្នុងឆ្នាំ២០១៤ តែម្តង។
បើទោះបីជាពេលខ្លះ មានលេចលឮព័ត៌មានថា គណបក្សជម្លោះនឹងគ្នាទាំងពីរបានលួចចរចាគ្នាសម្ងាត់យ៉ាងណាក្តី តែដំណោះស្រាយវិបត្តិនយោបាយនៅតែមិនទាន់រកឃើញនៅឡើយទេ។
តើវិបត្តិនយោបាយដោះស្រាយបានឬទេ? បើដោះស្រាយបាន តើដោះបាននៅពេលណា? បើដោះស្រាយមិនបាន តើវាបន្តរហូតដល់ពេលណា? ១ ឆ្នាំទៀត? ២ ឆ្នាំទៀត ឬ ពេញមួយអាណត្តិ៥ឆ្នាំនេះតែម្តង ?
ទាំងអស់នេះគឺជាសំណួរដែលប្រជាពលរដ្ឋសាមញ្ញ អ្នកជំនួញ និងអ្នកនយោបាយខ្លួនឯងបន្តចោទសួរជារៀងរាល់ថ្ងៃ។ គ្មានឡើយចម្លើយពិតប្រាកដ ប៉ុន្តែអ្នកវិភាគនយោបាយល្បីៗនៅក្នុងប្រទេសកម្ពុជាបានអត្ថាធិប្បាយថា វិបត្តិនេះអាចនឹងដោះស្រាយចេញនៅក្នុងត្រីមាសទី១ឆ្នាំ២០១៤នេះ ឬយ៉ាងយូរបំផុតនៅក្នុងឆ្នាំ២០១៤នេះតែម្តង។
លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាបាន ពន្យល់ថា បក្សទាំងពីរត្រូវបង្ខំចិត្តចូលតុចរចាដោយខ្លួនឯង ពីព្រោះបក្សទាំងពីរខាតរៀងៗខ្លួន បើទោះបីជាបក្សខ្លះខាតតិច ឬខាតច្រើនក៏ដោយក្តី។ បើយោងតាមលោក កែម ឡី មានមូលហេតុពីរធំៗដែលចាប់បង្ខំអោយគណបក្សទាំងពីរវិលចូលតុចរចារក ដំណោះស្រាយ។
ទី១ សហគមន៍អន្តរជាតិអោយកាតលឿងទៅកាន់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់ អំណាចក្នុងចំណាត់ការជំនួយបរទេស និងម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជាកំពុងទទួលបានកាតក្រហមពីប្រជាពលរដ្ឋខ្លួនឯងពី រឿងវិបត្តិ និងអំពើហិង្សានាពេលកន្លងមក និងទី២ គឺគណបក្សសង្គ្រោះជាតិក៏ចង់ចូលតុចរចាដែរ ពីព្រោះបក្សមួយនេះក៏ចាប់ផ្តើមប្រឈមនឹងថវិកា និងថយកម្លាំងអ្នកគាំទ្រដែរ។
«វិបត្តិនយោបាយអាចដោះស្រាយបាននៅឆ្នាំ២០១៤នេះ ពីព្រោះបក្សទាំងពីរទុនដៃរៀងៗខ្លួន»។ នេះគឺជាការទស្សន៍ទាយរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោត Comfrel នៅថ្ងៃសៅរ៍នេះ។ លោក គល់ បញ្ញា បានអត្ថាធិប្បាយថា៖« បើទោះបីជាគណបក្សប្រឆាំងអាចទទួលបានផលចំណេញច្រើនពីវិបត្តិនយោបាយជាង គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិប្រឈមនឹងបញ្ហាមួយចំនួនដែរ ដូចជា បញ្ហាហិរញ្ញវត្ថុ និងការចូលរួមរបស់អ្នកគាំទ្រជាដើម»។
បើយោងតាមលោក គល់ បញ្ញា ស្ថានភាពជាក់ស្តែងបាន និងកំពុងចាប់បង្ខំភាគីជម្លោះទាំងពីរអោយប្រឹងប្រែដោះស្រាយបញ្ហា ដោយខ្លួនឯង។ វិបត្តិនយោបាយក្នុងរយៈពេលជិត ៦ ខែកន្លងមកនេះ ត្រូវបានគេវាយតម្លៃថា បានធ្វើអោយជាតិខាតបង់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន ប៉ុន្តែវិបត្តិនេះបានចាប់បង្ខំអោយគណបក្សកាន់អំណាច ផ្លាស់ប្តូរទម្លាប់នៃការដឹកនាំរបស់ខ្លួន ពីព្រោះ សម្រែកនៅតាមដងផ្លូវបានបង្ហាញថា ប្រជាពលរដ្ឋមួយភាគធំចង់អោយមានការផ្លាស់ប្តូរ៕
រក្សាសិទ្ធិដោយ thmeythmey.com
1 comment:
តើយុវជនខ្មែរដែលឮពាក្យ " ដាកកុង " ទេ ? គឺជាទាហាន
អត្តឃាត ដែលយួនកុម្មុយនីសប្រើឲទៅបំពេញបេសកកម្មអី្វ១
បើបានជោគជ័យ ទាហាននោះត្រូវរួចខ្លួន បើបរាជ័យវិញ ថយក្រោយ ត្រូវមេបញ្ជាការសម្លាប់ចោល ។ ហុ៊ន សែនជា
ដាក់កុងរបស់យួន ...
Post a Comment