![]() |
| Sean J McIntosh |
សហរដ្ឋអាមេរិកបានថ្លែងខកចិត្តយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសម្រេចចិត្តរបស់សាលារាជធានីភ្នំពេញ ក្នុងហាមប្រាមការតវ៉ាដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ ចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ការហាមប្រាមមិនអោយមានការតវ៉ានេះ បានបង្ហាញអំពីជំហានដើរថយក្រោយដ៏គួរកត់សម្គាល់នៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តាមរយៈលោក Sean J McIntosh ដែលជាអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារដ្ឋាភិបាលសហរដ្ឋអាមេរិកអត្ថាធិប្បាយប្រាប់គេហទំព័រថ្មីៗ ចំពោះវិធានការហាមប្រាមការរៀបចំបាតុកម្មរបស់គណបក្សប្រឆាំងយ៉ាងដូច្នេះថា៖« យើងសូមជំរុញរាជរដ្ឋាភិបាលកម្ពុជាអោយពិចារណាឡើងវិញអំពីជំហររបស់ខ្លួន។ ហើយជាថ្មីម្តងទៀត សូមរាជរដ្ឋាភិបាលសម្រួលដល់ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិដោយសន្តិវិធី សិទ្ធិនៃការជួបប្រជុំ ដូចអ្វីដែលបានប្រព្រឹត្តិទៅគួរអោយសរសើរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ»។
យោងតាមអ្នកនាំពាក្យដដែល សហរដ្ឋអាមេរិកជំរុញអោយភាគីទាំងអស់ធ្វើការរួមគ្នាដើម្បីបន្ថយកំដៅ និងភាពតានតឹង ដោយត្រឡប់មកចូលតុចរចាវិញ ហើយថា សម្រាប់អាមេរិក ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិនៃការជួបប្រជុំ និងសិទ្ធិក្នុងពិភាក្សាដោយសន្តិវិធី វាគឺជាផ្លូវតែមួយគត់ប្រកបដោយការស្ថាបនានិងឆ្ពោះទៅមុខ។
ទាក់ទងនឹងការកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខាអោយចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីនៅថ្ងៃទី១៤មករានោះ អ្នកនាំពាក្យស្ថានទូតអាមេរិកក៏អាត្ថាធិប្បាយជាលក្ខណៈទូទៅផងដែរថា រដ្ឋាភិបាលអាមេរិក«ថ្កោលទោសការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើជាមធ្យោបាយក្នុងការគំរាមកំហែងគណបក្សប្រឆាំង។ ហើយថាសហរដ្ឋអាមេរិកសូមអំពាវនាវអោយមានការអនុវត្តនីតិវិធីតុលាការប្រកបដោយតម្លាភាព»៕

1 comment:
For your country security it is your decision Cambodia.
Post a Comment