(អត្ថបទចុះផ្សាយនៅថ្ងៃ 29-12-2013, 9:48 am) | ដោយ ប៉ែន បូណា
បាតុកម្ម នៅថ្ងៃអាទិត្យនេះបានបង្ហាញច្បាស់អំពីសម្ពាធធ្ងន់ធ្ងរដែល គណបក្សកាន់អំណាចទទួលរង។ សម្រែកប្រឆាំងតវ៉ាបានកើតចេញពីក្រុមមនុស្សផ្សេងៗគ្នាដែលគណបក្ស ប្រជាជនកម្ពុជាមិនធ្លាប់បានជួបប្រទះក្នុងរយៈពេលជាង៣០ឆ្នាំមក នេះ។ គឺជាសម្រែកដែលផ្ញើសារច្បាស់លាស់មយយថាកម្ពុជាត្រូវការកែទម្រង់ ស៊ីជម្រៅមួយជាចាំបាច់។ ទោះជាមិនប្តូរគណបក្សដឹកនាំក៏តរូវប្តូរប្រព័ន្ធដឹកនាំដែរ។
បាតុកម្មជាបន្តបន្ទាប់រហូតមកដល់ថ្ងៃអាទិត្យនេះ បើទោះជាគេនៅមិនទាន់ដឹងថាវានឹងបញ្ចប់ទៅវិញដោយរបៀបណាក៏ដោយ ក៏វាជាសូរជួងដែលបន្លឺឡើងយ៉ាងកងរំពងសម្រាប់ដាស់ស្មារតី រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាឲ្យភ្ញាក់ពីការលង់លក់ក្នុងអំណាច រហូតដល់ភ្លេចមើលផលអវិជ្ជមានដែលកើតពីការដឹកនាំរបស់ខ្លួន។
អស់ពីបាតុកម្មជាប្រពៃណីរបស់គណបក្សសង្គ្រោះជាតិ បាតុកម្មក្នុងទ្រង់ទ្រាយផ្សេងទៀតក៏បានកើតឡើងព្រមៗគ្នាដែរ៖ បាតុកម្មកម្មករ បាតុកម្មរឿងដីធ្លី បាតុកម្មរបស់ព្រះសង្ឃ បាតុកម្មរបស់អង្គការសមាគមក្រៅរដ្ឋាភិបាលខ្លះទៀតដែលគេស្គាល់ថា មិនគាំទ្រនយោបាយរដ្ឋាភិបាលក៏បានផ្ទុះឡើងដែរ។ បើទោះជានេះជាការរៀបចំរបស់បក្សប្រឆាំងឬមិនមែនក៏ដោយក៏បាតុកម្ម ទាំងនោះបានផ្តល់ទម្ងន់ឲ្យបក្សប្រឆាំងដោយមិនអាចប្រកែកបាន។
ហេតុការណ៍ដែលកើតឡើងមិនធ្លាប់មានពេលនេះបានបង្ហាញឲ្យឃើញថាន យោបាយប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយទៀតបន្ទាប់ពី កម្ពុជាបានស្គាល់របត់នយោបាយដ៏សំខាន់មួយកាលពីឆ្នាំ ១៩៩៣ ។ បើទោះបីជារហូតមកដល់ពេលនេះ របត់ថ្មីនៃនយោបាយកម្ពុជានៅមិនទាន់ឃ្លាតទៅណាពីគន្លង ប្រជាធិបតេយ្យនៅឡើយក៏ដោយ ក៏រលកនយោបាយថ្មីនេះអាចដើរចាកពីមាគ៌ាប្រជាធិបតេយ្យប្រសិនបើគេ មិនប្រយ័ត្នទេនោះ។
សញ្ញាដ៏ច្បាស់លាស់មួយដែលស្តែងចេញនៅពេលនេះគឺកម្ពុជាត្រូវ ការកំណែទម្រង់យ៉ាងជ្រាលជ្រៅមួយនិងជាកំណែទម្រង់ពិតប្រាកដមិនមែន គ្រាន់តែថាតែមាត់ដូចកាលពីមុនទៀតឡើយ។ កំណែទម្រង់ស៊ីសម្រៅនេះទៀតសោតជាកត្តាស្លាប់រស់របស់គណបក្ស កាន់អំណាច។ ខ្លឹមសារនៃកំណែទម្រង់មិនពិបាកយល់ទេ តែវាប្រហែលជាមិនស្រួលធ្វើប៉ុន្មានឡើយ។
ជាការពិតណាស់ មេដឹកនាំគណបក្សប្រជាជនកម្ពុជាហាក់បានដឹងជាមុនអំពីលទ្ធផលថ្ងៃនេះ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានទទួលស្គាល់ថា បើមិនកែទម្រង់បានទេបដិវត្តដីធ្លីប្រាកដជានឹងកើតឡើងដោយចៀសមិន ផុត។ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ទទួលស្គាល់ជាសាធារណៈដែរថា មន្ត្រីរបស់ខ្លួនមួយចំនួនមិនបានបម្រើពលរដ្ឋទេ តែបម្រើតែក្រុមគ្រួសារខ្លួន។
លោកនាយករដ្ឋមន្ត្រីបានដឹងពីចំណុចអសកម្មទាំងឡាយរបស់មន្ត្រី រដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរ ហើយលោកធ្លាប់បានស្តីបន្ទោសពួកគេជាសាធារណៈដោយមិនទុកមុខឲ្យឡើយ។ ប៉ុន្តែ សម្តីរបស់ប្រមុខរដ្ឋាភិបាលហាក់ដូចជាមិនសូវប្រៃសោះចំពោះមន្ត្រី ក្រោមឱវាទ។ ទោះបីជានាយករដ្ឋមន្ត្រីស្តីថាយ៉ាងណាក៏ដោយ និងទោះជាមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅយ៉ាងកងរំពងយ៉ាងណាក៏មន្ត្រី ពុករលួយ ខិលខូចទាំងនោះមិនបានកែប្រែឡើយ។
វាមិនខុសអ្វីពីសុភាសិតដែលពោលថា«កោកៗ សឹកមាត់ត្រដោក ឆ្អែតពោះក្របី» នោះឡើយ។ ត្រង់ចំណុចនេះមានចម្លើយពីរ៖ បើមេដឹកនាំនិយាយគ្មានប្រសិទ្ធភាពអាចមកពីមេដឹកនាំខ្លួនឯងគ្មានសមត្ថ ភាពឬអាចមកពីមន្ត្រីក្រោមឱវាទមិនកើត? ដូច្នេះ គួរដាក់ទោសភាគីណាមួយជាចាំបាច់។
ទីបំផុត ផលវិបាកទាំងនេះក៏បានធ្លាក់មកលើរដ្ឋាភិបាលខ្លួនឯងវិញដូចមាន ឧទាហរណ៍នៅពេលនេះស្រាប់។ មុននឹងធ្លាក់ដល់រដ្ឋាភិបាល ផលវិបាកដែលកើតឡើងពីភាពអសកម្មនៃការដឹកនាំរបស់រដ្ឋាភិបាលបានធ្វើ ឲ្យមានពលរដ្ឋអ្នករងគ្រោះជាច្រើននិងជាយូរណាស់មកហើយ។ អ្នករងគ្រោះទាំងនោះឯងដែលពូតផ្តុំគ្នាបង្កើតបានជារលកចលនា បាតុកម្មដែលជាប្រយោជន៍ដល់បក្សប្រឆាំងដូចជាបច្ចុប្បន្ន។
រហូតមកដល់ពេលនេះ ទីបញ្ចប់នៃវិបត្តិនយោបាយបច្ចុប្បន្នត្រូវគេមើលឃើញថា នៅតែមានច្រកចេញតែពីរដដែល៖ ច្រកទី១ គឺវានឹងបញ្ចប់នៅលើតុចរចា ប៉ុន្តែ ច្រកនេះទាមទារឲ្យមានការសម្របសម្រួលរកផ្លូវកណ្តាលមួយរវាងអ្វី ដែលគណបក្សជាប់ឆ្នោតទាំងពីរចង់បាន។ ច្រកទី២គឺវានឹងបញ្ចប់ដោយការប្រឈមមុខដាក់គ្នាដោយកម្លាំង។ ច្រកនេះប្រាកដណាស់ថាអ្នកដែលបានស្គាល់ចរិតអ្នកនយោបាយខ្មែរអាច ទស្សន៍ទាយមិនខុសឡើយថា វាមិនអាចចៀសផុតពីការបង្ហូរឈាមឡើយទោះតិចឬច្រើនក្តី។
ត្រង់ចំណុចនេះ មានអ្នកខ្លះមើលឃើញថា បើមិនប្រថុយទេ ច្បាស់ជាគ្មានការផ្លាស់ប្តូរទេ។ រីឯអ្នកខ្លះទៀតយល់ថា មកដល់ដំណាក់កាលនេះទៅហើយការជំរុញឲ្យមានកំណែទម្រង់ជាជម្រើសល្អ បំផុតពីព្រោះពេលវេលានៃកំណែទម្រង់ជ្រាលជ្រៅបានមកដល់ហើយ។ បើអ្នកដឹកនាំមិនព្រមធ្វើកំណែទម្រង់ទេ អំណាចនឹងរបូតចេញពីដៃ ប្រៀបដូចគោចាស់ដែលនឹងដួលដោយមិនបាច់ច្រានឡើយ។
នេះជាសារច្បាស់លាស់មួយដែលគ្មានអ្នកណាប្រកែកបានឡើយពីព្រោះសម្រែក នៃសេចក្តីស្រេកឃ្លានការផ្លាស់ប្តូរបានបន្លឺឡើងគ្រប់ទិសទីយ៉ាង កងរំពង បើទោះជាមិនចង់ស្តាប់ហើយយកដៃញ៉ុកត្រចៀកក៏នៅតែលឺដែរ។ សារនេះចង់បញ្ចាក់ថាបើមិនផ្លាស់ប្តូរបក្សកាន់អំណាចក៏ត្រូវ ផ្លាស់ប្តូរប្រព័ន្ធដឹកនាំដែរ៕
No comments:
Post a Comment