ប្រធានរដ្ឋសភា លោក ហេង សំរិន និងអ្នកតំណាងរាស្ត្រជាច្រើនរូប បានចេញមកទទួលអង្ករពីតំណាងរដ្ឋសភាវៀតណាម គឺលោកអគ្គរដ្ឋទូតវៀតណាម ង៉ូ អាញ់ហ្ស៊ុង (Ngo Anh Dzung)។ លោក ហេង សំរិន បានប្រាប់តំណាងភាគីវៀតណាម ថា កម្ពុជា កំពុងខ្វះស្បៀង ព្រោះតែរងគ្រោះដោយទឹកជំនន់ ហើយអំណោយវៀតណាម នេះ ជាការសង្គ្រោះទាន់ពេលវេលាមួយសម្រាប់ជួយពលរដ្ឋ។
ចំណែកភាគីវៀតណាម លោក ង៉ូ អាញ់ហ្ស៊ុង តបថា វៀតណាម ចាំជួយខ្មែរគ្រប់ពេលដែលខ្មែរត្រូវការ ក៏ប៉ុន្តែ ការជ្រើសរើសរដ្ឋសភាសម្រាប់ផ្តល់ជំនួយដល់ជនរងគ្រោះដោយទឹកជំនន់ ត្រូវបានអ្នកវិភាគបញ្ហាសង្គមនយោបាយមួយចំនួនគិតថា ទង្វើនេះជាការបង្ហាញជំហរថ្មីមួយទៀតរបស់វៀតណាម ក្នុងនយោបាយការបរទេសជាមួយកម្ពុជា។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ថា ប្រទេសកុម្មុយនីស្តវៀតណាម បានចាប់ផ្ដើមប្ដូរជំហរនយោបាយការបរទេសចំពោះកម្ពុជា បន្ទាប់ពីបក្សប្រឆាំងកើនសំឡេងឆ្នោត។ លោកបន្តថា អំណោយជាអង្ករក៏ជាការដាស់តឿនរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសកសិកម្មឲ្យគិតគូរពីការរៀបចំស្បៀងបម្រុងទុក ដើម្បីជួយពលរដ្ឋក្នុងគ្រាអាសន្ន ឬជួបការខ្វះខាតផ្សេងៗ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា អំណោយរបស់វៀតណាម តាមរយៈរដ្ឋសភានេះ គឺមិនមានអ្វីប្លែកឡើយ។ លោកពន្យល់ថា វៀតណាម ក៏យល់ដែរថា រដ្ឋសភាកម្ពុជា បំពេញតួនាទីល្អក្នុងការដឹងពីទុក្ខលំបាកពិតប្រាកដពលរដ្ឋ ហើយវៀតណាម នៅបន្តសហការជាមួយកម្ពុជា គ្រប់វិស័យ។
អំណោយអង្ករ ១ពាន់តោនរបស់វៀតណាម ត្រូវបានបែងចែកទៅកាន់ខេត្តចំនួន១៤ រួមមាន ខេត្តកំពង់ធំ កណ្ដាល ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ស្វាយរៀង ព្រះវិហារ ឧត្តរមានជ័យ រតនគីរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ក្រៅពីនោះ កម្ពុជា ក៏ទទួលបានប្រាក់ជំនួយពីមហាមិត្តចិន ចំនួន ១លានដុល្លារ ប្រាក់ជំនួយពីជប៉ុន ចំនួន ៣សែនដុល្លារ និងកូរ៉េខាងត្បូង ចំនួន ៣សែនដុល្លារ។
មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជា រងការខូចខាតផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីគ្រោះទឹកជំនន់ក្នុងរង្វង់ទឹកប្រាក់ ៨០០លានដុល្លារ ហើយទឹកជន់ក៏បានសម្លាប់ពលរដ្ឋខ្មែរចំនួន ១៦៨នាក់។ ទោះជាបែបណាក្តី យុទ្ធសាស្ត្រការពារប្រទេសជៀសផុតពីផលប៉ះពាល់ដោយទឹកជំនន់ មិនទាន់ត្រូវបានមន្ត្រីរដ្ឋាភិបាលលើកយកបង្ហាញនៅឡើយ។
ព្រៃឈើដែលជារនាំងការពារខ្យល់ព្យុះ និងទឹកជំនន់ជាង ២ម៉ឺនហិកតារ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ក៏ត្រូវរដ្ឋាភិបាលគ្រោងកាប់ចោល ដើម្បីសង់អាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ជាថ្នូរនឹងទឹកប្រាក់ចំនួនជាង ៧០០លានដុល្លារ ដែលក្រុមហ៊ុនឯកជនរបស់ឧកញ៉ា គិត ម៉េង សហការនិងក្រុមហ៊ុនចិន សន្យាផ្តល់ឲ្យរាជរដ្ឋាភិបាល៕
2 comments:
ប្រយ័ត្នស៊ីអង្ករឲ្យរស់យូរ តែមិនបានយូរដោយ
សុទ្ធតែថ្នាំឬគីមី ។
Khmer not produced enough rice?
Post a Comment