២៣-សីហា-២០១២៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានពិនិត្យមើលសម្ភារៈ ដែលបានបោះពុម្ព ដើម្បីត្រៀមជាយុទ្ធនាការប្រឆាំងមេរោគគ្រុនចាញ់នៅកម្ពុជា។
RFA/Hang Savyouth
បុគ្គលិកនៃក្រសួងសុខាភិបាល ច្រើននាក់ បានឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបក្ខពួក បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
ការចោទប្រកាន់បែបនេះ ស្របពេលដែលម្ចាស់ជំនួយបរទេស ឬមូលនិធិសកល (Global Fund) បានរកឃើញថា មានស្ថាប័នចំនួនពីរស្ថិតក្រោមឱវាទក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយ បានលួចបន្លំកិបកេងប្រាក់ជំនួយរាប់លានដុល្លារអាមេរិក។
ឯកសារចំនួន ២ទំព័ររបស់បុគ្គលិកសុខាភិបាល ស្នើមិនបញ្ចេញឈ្មោះ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតចំពោះអំពើពុករលួយនៅក្រសួងសុខាភិបាល ជាបន្ទាន់។
ក្រុមបុគ្គលិកសុខាភិបាល បានលើកយកបញ្ហាធំៗចំនួន៣សំខាន់ ចោទ លោក ម៉ម ប៊ុនហេង និងអ្នកស្រី យក់ សម្បត្តិ ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល ថាបានឃុបឃិតជាមួយក្រុមហ៊ុនដេញថ្លៃឱសថបរិក្ខារពេទ្យ ដែលបានអនុវត្តនៅខែធ្នូ ជារៀងរាល់ឆ្នាំ។ បញ្ហាទាំងនោះ គេច្រើនតែហៅថា ការដេញថ្លៃចងម៉ុង ឬមានក្រុមហ៊ុនតែមួយចូលរួម ហើយជារៀងរាល់ឆ្នាំ មានតែក្រុមហ៊ុនរបស់ យាយភូ មួយទេ ដែលអាចចូលដេញថ្លៃទៅលើឱសថបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់បម្រើការក្នុងស្ថាប័ននេះ ដែលមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។
ក្រុមបុគ្គលិកដដែល បានឲ្យដឹងទៀតថា មានការកេងប្រវ័ញ្ចប្រាក់បង់វិភាគទានប្រចាំខែរបស់សមាជិកគណបក្សតាមខណ្ឌនានា និងបក្ខពួក ចំពោះការតែងតាំង ឬផ្លាស់ប្ដូរតួនាទីបុគ្គលិកសុខាភិបាលពីកន្លែងមួយទៅកន្លែងផ្សេង ដោយមិនយុត្តិធម៌ ឬខុសច្បាប់ជាដើម។ បុគ្គលិកសុខាភិបាលបានចោទថា អំពើពុករលួយ ឬគ្រួសារនិយម ដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបក្ខពួកបានប្រព្រឹត្តកន្លងមក ជាដើមហេតុនាំឲ្យបុគ្គលិកសុខាភិបាលភាគច្រើនមិនពេញចិត្ត និងទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងប្រមុខរដ្ឋាភិបាល ជួយមានវិធានការដើម្បីផ្តល់យុត្តិធម៌ដល់បុគ្គលិកសុខាភិបាល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីបំភ្លឺចំពោះការចោទប្រកាន់របស់បុគ្គលិកខ្លួនបានទេ នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា។
ចំណែក លោកបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់ធ្វើអត្ថាធិប្បាយដែរ ចំពោះបញ្ហាកើតមាននៅក្រសួងសុខាភិបាល នោះ ព្រោះលោកជាប់រវល់ប្រជុំ។ ទោះយ៉ាងណា កន្លងមក មន្ត្រីអង្គភាពនេះបានស្នើដល់ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធដែលមានបញ្ហា ស្នើឲ្យដាក់ពាក្យបណ្ដឹងប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត និងឈានដល់មានវិធានការតាមផ្លូវច្បាប់៖ «សុំទោសខ្ញុំកំពុងជាប់រវល់ប្រជុំ»។
លោក ភួង សុវណ្ណ ទីប្រឹក្សាសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងជាប្រធានសហជីពសេវាកម្មអាស៊ាន ប្រចាំប្រទេសកម្ពុជា។ លោកស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ពិសេសរដ្ឋាភិបាល គួរបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតពីភាពមិនប្រក្រតីកំពុងកើតមាននៅក្រសួងសុខាភិបាល ជាបន្ទាន់។ ហើយបើរកឃើញកំហុសឆ្គងរបស់ថ្នាក់ដឹកនាំស្ថាប័ននេះ ត្រូវមានវិធានការតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ។
បញ្ហាស្រដៀងគ្នានេះដែរ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍បដិសេធមិនទទួលខុសត្រូវចំពោះអំពើពុករលួយ កើតមានក្នុងស្ថាប័នថ្នាក់ក្រោមរបស់ខ្លួន ដែលម្ចាស់ជំនួយបរទេសរកឃើញនោះទេ។ ប្រតិកម្មនេះជាការឆ្លើយតបនឹងរបាយការណ៍ស៊ើបអង្កេតរបស់មូលនិធិសកល ដែលរកឃើញថា ស្ថាប័នពីរ និងអង្គការមិនមែនរដ្ឋាភិបាលមួយ បានបន្លំរបាយការណ៍កិបកេងប្រាក់ជំនួយ។
ស្ថាប័នទាំងនោះរួមមាន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងអង្គការ មេឌីខាំ (MEDICAM) បានទទួលសំណូកពីក្រុមហ៊ុនឯកជន ដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុននោះផ្គត់ផ្គង់មុង សម្រាប់ចែកជូនពលរដ្ឋក្រីក្រការពារជំងឺគ្រុនចាញ់ ទទួលសំណូកលើករណីដេញថ្លៃទិញសម្ភារៈប្រើប្រាស់ក្នុងប្រតិបត្តិការ និងបន្លំយកលុយជំនួយរបស់មូលនិធិទៅប្រើប្រាស់ខុសគោលដៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅតាមក្រសួង ឬស្ថាប័នរដ្ឋពាក់ព័ន្ធនៃរាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៥។ ក្នុងនោះ ប្រមុខដឹកនាំក៏បានព្រមានចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទតាមក្រសួង ឬស្ថាប័នរដ្ឋនានា ដែលប្រព្រឹត្តកំហុសឆ្គង ឬលុបបំបាត់ក្រសួងគ្រួសារនិយមជាដើម។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ ទទួលស្គាល់ និងមើលឃើញថា រដ្ឋាភិបាលអាណត្តិនេះបានចាប់ផ្ដើមអនុវត្តកំណែទម្រង់នេះជាបណ្ដើរៗរួចហើយ។ លោកមានជំនឿថា កំណែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាអាចមានផលវិជ្ជមានច្រើន ព្រោះសព្វថ្ងៃនេះឃើញរបៀបដឹកនាំប្រទេសមានការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមក៕
No comments:
Post a Comment