ដោយ៖ ពៅ មេត្ដា | ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013 | 4 ម៉ោង មុន
ស្តាប់សំឡេង៖ | ចម្លងទុក |
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបគ្នាដោយបិទទ្វារ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ មិនបានលាតត្រដាងព័ត៌មានដូចការជួបលើកមុនៗដែរ គឺគ្រាន់តែបញ្ជាក់ថា ទទួលបានលទ្ធផលច្រើន។ កាលពី លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជួបគ្នា នៅថ្ងៃ ទី១៦ និង១៧ ខែកញ្ញា ពួកគេក៏បានថ្លែងឲ្យសាធារណជនបានដឹងដែរថា ទទួលបានផលច្រើន តែគណបក្សប្រជាជនកម្ពុជានៅតែបន្តបង្កើតសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មម្តងហើយម្តងទៀត។
ការមិនបើកចំហព័ត៌មានពីការប្រជុំទ្វេរភាគីនេះ នាំឲ្យមានចម្ងល់លើកឡើងថា បើអ្នកនយោបាយទាំងពីរគណបក្សនេះ ជជែកពីបញ្ហាប្រទេសជាតិ ហេតុអ្វីមិនផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង?
អ្នកស្រាវជ្រាវឯករាជ្យនៅរាជបណ្ឌិតសភាកម្ពុជា លោក អ៊ុក វណ្ណា ហៅគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថា កំពុងធ្វើនយោបាយបិទមុខ។ លោកថា ប្រសិនបើការជួបបើកចំហព័ត៌មាននោះ អ្នកដែលមានចំណេះដឹងគេអាចនឹងជួយផ្តល់មតិយោបល់ តែបើជួបបិទបាំងព័ត៌មានដូចនេះ ប្រហែលម្ចាស់ឆ្នោតមិនទទួលយកទេ ៖ "មនុស្សច្រើនណាស់ដែលគេខំមកបោះឆ្នោត មិនមែនអ្នក៥៥ ឫអ្នក៦៨បោះឆ្នោតឲ្យខ្លួនឯងទេ សំឡេងរាប់លានអ្នកដែលទៅបោះឆ្នោតឲ្យ ហើយអ្នកដែលមិនបានបោះឆ្នោតគឺគេចង់ដឹងណាស់ ជាពិសេសអ្នកដែលមិនបានទៅបោះឆ្នោត និងអ្នកដែលត្រូវបានគេរំលោភសិទ្ធិ មិនបានទៅឆ្នោត គឺឈឺចាប់ខ្លាំងណាស់ គេចង់ដឹងតើអ្នកឯងធ្វើស្អីទៀតទៅថ្ងៃអនាគត ហើយបើអ្នកឯងមកធ្វើបិទបាំងអញ្ចឹង" ។
កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ប្រកាសជំហរថា លោកនឹងទាមទារឲ្យមានភាគីទីបី ធ្វើជាអាជ្ញាកណ្តាល និងមានអ្នកព័ត៌មានចូលរួមយកព័ត៌មានផ្សព្វផ្សាយបានដឹង ពេលមន្ត្រីគណបក្សទាំងពីរជួបគ្នាជាថ្មី។ តែ លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លើកឡើងថា ការជួបនោះមិនអាចឲ្យអ្នកព័ត៌មាន ឬភាគីទីបីចូលរួមបានទេ ព្រោះជារឿងសំខាន់អាចប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខជាតិ។
សម្រាប់ លោក អ៊ុក វណ្ណា បញ្ជាក់ថា បើជជែកពីការដោះស្រាយវិបត្តិនយោយបាយ ពីការស្វែងរកយុត្តិធម៌ក្នុងសង្គមនោះ ជាបញ្ហារបស់ជនរួមជាតិទាំងអស់គ្នា ដូច្នេះមិនមានអ្វីត្រូវលាក់បាំងទេ ៖ "នេះរឿងទាំងអស់គ្នាតើ រឿងអីបានជាគាត់អត់ត្រូវឲ្យគេដឹង គាត់ដាក់សារព័ត៌មានទៅ ដាក់កាសែត ដាក់ទូរទស្សន៍ ទាំងអស់ឲ្យគេដឹង ពីព្រោះទូរទស្សន៍បច្ចុប្បន្នមិនគួរផ្សាយពាណិជ្ជកម្ម ខុសក្បួនពេកទេ គួរតែផ្សាយពីនយោបាយ បន្ដផ្ទាល់ចំពោះអ្នកដែលនិយាយគ្នា"។
ជុំវិញការជួបប្រជុំដោយបិទទ្វារនោះ ក៏មានប្រតិកម្មនានាពីប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋខ្លះបញ្ចេញប្រតិកម្មតាម វិទ្យុសំបុកឃ្មុំ វិទ្យុសារិកា និងតាមបណ្តាញហ្វេសប៊ុកជាដើម។
កាលពីថ្ងៃទី៣០ ខែតុលា VOD បានបង្ហោះសំនួរស្ទង់មតិដោយសួរថា តើគណបក្សទាំងពីរគួរបើកចំហព័ត៌មានកម្រិតណា ជូនដល់ប្រជាពលរដ្ឋ?។ រយៈពេលបង្ហោះ ៥ម៉ោងមាន អ្នកចុចចូលចិត្ត២៩៧នាក់ អ្នកចែករំលែកបន្ត៥០ និងអ្នកផ្តល់មតិយោបល់ចំនួន៥៣។
អ្នកដែលផ្តល់មតិយោបល់ទាំង៥៣នាក់ គឺពួកគេភាគច្រើនចង់ឲ្យផ្សាយផ្ទាល់ពីជំនួបនោះ តាមរយៈវិទ្យុ ឬទូរទស្សន៍ ហើយមានអ្នកខ្លះលើកឡើងថា ត្រូវបើកចំហព័ត៌មានឲ្យបាន យ៉ាងតិច៩០%។ មូលហេតុដែលអ្នកប្រើហ្វេប៊ុកទាមទារឲ្យផ្សាយផ្ទាល់នេះ ដោយសារពួកគេចង់ឲ្យអ្នក នយោបាយជជែកផ្តោតលើផលប្រជយោជន៍ជាតិជាមូលដ្ឋានសំខាន់។
អ្នកប្រើហ្វេប៊ុក ឈ្មោះ ឆាយ វីណា លើកឡើងថា បើនៅតែរឹងទទឹងមិនព្រមផ្សាយបន្តផ្ទាល់ពេលកំពុងចរចាមានន័យថា អ្នកនយោបាយក្បត់ប្រជាពលរដ្ឋ ព្រោះធ្លាប់ធ្វើដូច្នេះច្រើនដងហើយ។
អ្នកប្រើហ្វេសបុក ឈ្មោះ លីវ សារ៉ុម សរសេរថា ឲ្យអ្នកសារព័ត៌មានចូលទៅយកព័ត៌មានទៅ ដូចជា វីអូឌី អាស៊ីសេរី ។ល។
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ សំឡេង ឈិតឡេង សរសេរជាភាសាអង់គ្លេសក្នុង ន័យថា កម្ពុជាខ្មែរទាំងអស់គ្នា ដូច្នេះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្សាយផ្ទាល់តាមទូរទស្សន៍។
ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក សួន ប៊នស័ក្តិ លើកឡើងថា ការមិនបើកចំហព័ត៌មាន អាចនាំឲ្យប្រជាពលរដ្ឋបារម្ភថា កិច្ចពិភាក្សានោះ អ្នកនយោបាយមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោត ៖ "អ្វីដែលជាផលប៉ះពាល់គឺគេចង់និយាយថា ការដែលចរចាហ្នឹង គឺម្នាក់ៗហ្នឹង គឺមិនបានគិតពីរឿងឆន្ទៈ ឫផលប្រយោជន៍ប្រជាពលរដ្ឋប៉ុន្មានទេ គឺអាការដែលមិនឲ្យដឹងហ្នឹង គឺអាចថា នាំមានការសង្ស័យថាគាត់និយាយតែរឿងឆន្ទៈរបស់គ្នាគាត់ ឫក៏តែឆន្ទៈក្រុមតែប៉ុណ្ណា មិនប្រាកដថាយកផលប្រយោជន៍ជាធំទៅចរចាគ្នាទេ "។
លោក អ៊ុក វណ្ណា ផ្តល់ជាអនុសាសន៍ថា ដើម្បីឲ្យកិច្ចពិភាក្សា អាចរកចំណុចរួមឃើញ ហើយអាចបានជាផលប្រយោជន៍ដល់ម្ចាស់ឆ្នោត គឺត្រូវបើកចំហរព័ត៌មានហើយមានភាគី សំខាន់ បួនចូលរួម គឺទី១-អ្នកមានសិទ្ធិសម្រេចមាន លោក ហ៊ុន សែននិង លោក សម រង្ស៊ី ទី២-មន្ត្រីគណបក្សទាំងពីរ ទី៣-តំណាងស្ថាប័នព្រះមហាក្សត្រ និងទី៤-តំណាងស្ថានទូត និងអង្គការសង្គមស៊ីវិល៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
No comments:
Post a Comment