A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 17 October 2013

Researchers: Chinese aid destroyed democracy in Cambodia អ្នក​ស្រាវជ្រាវ៖ ជំនួយ​របស់​ចិន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយ​បរទេស​សម្រាប់​កម្ពុជា បាន​អះអាង​ថា ជំនួយ​របស់​ចិន រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បំផ្លាញ​ដំណើរ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស។ ដោយ តាំង សារ៉ាដា 2013-10-17 RFA
ជំនួយ ចិន ៣០៥
២៦-ឧសភា-២០១១៖ មន្ត្រី​យោធា​ខ្មែរ និង​ចិន ពិនិត្យ​មើល​សម្លៀក​បំពាក់​យោធា​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​រាជធានី​ភ្នំពេញ។
Photo: RFA
តាម​រយៈ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា" អ្នក​និពន្ធ លោក​បណ្ឌិត អៀ សុផល បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ជំនួយ​របស់​ប្រទេស​ចិន រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​កម្ពុជា ភាគ​ច្រើន​មិន​បាន​ធ្លាក់​ដល់​ដៃ​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ។
លោក អៀ សុផល ថ្លែង​ថា ជំនួយ​របស់​ប្រទេស​ចិន ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ មិន​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស គោរព​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ កែលំអ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ផ្សេងៗ​ទេ។ ហេតុ​ដូច្នេះ​ហើយ រដ្ឋាភិបាល​កម្ពុជា ហាក់​កំពុង​ជិះ​សេះ​លែង​ដៃ​មិន​ខ្វល់​អំពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​ក្រុមហ៊ុន​ចិន មិន​ខ្វល់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ខ្វល់​អំពី​សម្ពាធ​អន្តរជាតិ​ណា​ទាំងអស់។
លោក អៀ សុផល៖ «និយាយ​ទៅ ដូច​អ្នក​ឃើញ​ស្រាប់​ហើយ​ថា នៅ​ពេល​ដែល​កម្ពុជា ទទួល​បាន​លុយ​ជំនួយ​ពី​ប្រទេស​ចិន ១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​គ្មាន​ការ​ទាមទារ​អោយ​គោរព​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស និង​គ្មាន​ការ​ទាមទារ​អោយ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ទេ​នោះ វា​នឹង​មិន​បាន​ជួយ​ដល់​ដំណើរ​ការ​រីក​ចម្រើន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា ឡើយ។ ដូច្នេះ ប្រាកដ​ណាស់ ជំនួយ​របស់​ប្រទេស​ចិន នឹង​ប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ បើ​ទោះ​ជា​អាច​ថា​វា​មិន​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ក្តី»
ការ​ថ្លែង​របស់ លោក អៀ សុផល ធ្វើ​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​សៀវភៅ​របស់​លោក ក្នុង​មជ្ឈមណ្ឌល East West ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា។
របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ផែន​ការ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១១ កម្ពុជា បាន​ទទួល​ជំនួយ​បរទេស​រហូត​ដល់​ទៅ​ជិត ១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​ជំនួយ​ទាំង​នោះ​មាន ២២% ពី​សហគមន៍​អឺរ៉ុប ជប៉ុន មាន​ប្រមាណ​ជាង ១៥% បន្ទាប់​មក សហរដ្ឋ​អាមេរិក មាន​ជាង ៦% ហើយ​បន្ទាប់​មក​ទៀត ចិន មាន​ជាង ៥%។ ប៉ុន្តែ ជំនួយ​របស់​សហគមន៍​អឺរ៉ុប ជប៉ុន និង​អាមេរិក សុទ្ធតែ​ភ្ជាប់​ទៅ​ដោយ​លក្ខខណ្ឌ។
សៀវភៅ​របស់ លោក អៀ សុផល សរសេរ​ថា ដោយសារ​តែ​ជំនួយ​បរទេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ហើយ បាន​នាំ​ឲ្យ​រដ្ឋាភិបាល​ជិះ​សេះ​លែង​ដៃ ចាយ​វាយ​ខ្ជះខ្ជាយ​ប្រាក់​ចំណូល​ក្នុង​ស្រុក​របស់​ខ្លួន ហើយ​នាំ​គ្នា​ពឹង​ផ្អែក​តែ​ទៅ​លើ​ជំនួយ​បរទេស​ប៉ុណ្ណោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ពេញ​ចិត្ត​ជំនួយ​បរទេស​ទាំង​នេះ ១០០% ទេ ដោយសារ​តែ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ចាយ​វាយ។
ដោយ​ឃើញ​ការ​លំបាក​របស់​កម្ពុជា ដែល​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ចាត់​ចែង​ប្រាក់​ជំនួយ​ដូច្នេះ ប្រទេស​ចិន បាន​ឆក់​ឱកាស​ហក់​ចូល​ជួយ​កម្ពុជា ដោយ​មិន​គិត​អំពី​លក្ខខណ្ឌ​អ្វី​ឡើយ ដើម្បី​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា និង​អ្នក​នយោបាយ។
នៅ​ដើម​ឆ្នាំ​២០០៩ ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ចិន កាន់​តែ​ខិត​ចូល​ជិត​យ៉ាង​ស៊ី​ជម្រៅ។ ពេល​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បោះ​នុយ​ដ៏​ធំ​មួយ ដើម្បី​ស្ទូច​យក​ត្រី​ធំ គឺ​កញ្ចប់​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​របស់​ចិន។ នុយ​ដ៏​ធំ​នោះ គឺ​ជន​ភៀស​ខ្លួន​ជនជាតិ អ៊ុយហ្គរ៍ (Uyghurs) ចំនួន ២០​នាក់ ដែល​មក​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ចិន។ ភ្លាមៗ​ក្រោយ​ពី លោក ហ៊ុន សែន ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន អ៊ុយហ្គរ៍ ទាំង​នោះ​ទៅ​កាន់​ប្រទេស​ចិន ដោយ​បំពាន​លើ​សន្ធិសញ្ញា​ការពារ​ជន​ភៀស​ខ្លួន ដែល​កម្ពុជា ជា​ហត្ថលេខី​រួច​មក អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង (Xi Jinping) បាន​សម្រេច​ផ្តល់​ជំនួយ និង​ប្រាក់​កម្ចី ដែល​មាន​ការ​ប្រាក់​ទាប​ចំនួន ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​កម្ពុជា។
សៀវភៅ​របស់ លោក អៀ សុផល សរសេរ​ថា ដោយសារ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន អ៊ុយហ្គរ៍ ពី​ភ្នំពេញ ទៅ​កាន់​ប្រទេស​ចិន វិញ​នេះ​ហើយ ទើប​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លុប​ចោល​គម្រោង​ជំនួយ​រថយន្ត​យោធា​ជាង ២០០​គ្រឿង ដល់​កម្ពុជា។
ជា​ការ​ដឺដង​ដល់​អាមេរិក រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្តល់​ជំនួយ​រថយន្ត​យោធា​ដល់​កម្ពុជា ចំនួន ២៥៧​គ្រឿង និង​សម្លៀកបំពាក់​យោធា​ចំនួន ៥​ម៉ឺន​កំប្លេ​ថែម​ទៀត។ ងាក​មក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន វិញ ក៏​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ​ចំពោះ​កញ្ចប់​ជំនួយ​របស់​ចិន។ ជា​ការ​ឆ្លើយ​តប អាមេរិក បាន​បដិសេធ​ការ​លុប​ចោល​កញ្ចប់​បំណុល​ដែល​កម្ពុជា ជំពាក់​ជាង ៣០០​លាន​ដុល្លារ ដើម្បី​ជា​មេ​រៀន​ដល់​កម្ពុជា។ ប៉ុន្តែ ការ​មិន​លុប​ចោល​ចំពោះ​កញ្ចប់​បំណុល​នេះ បាន​ទុក​ឱកាស​ឲ្យ​ចិន លុប​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​ចំនួន​ពីរ​បី​លាន​ដុល្លារ កាល​ពី​សម័យ​ខ្មែរ​ក្រហម។
ក្រុម​អ្នក​វិភាគ​និយាយ​ថា ចិន បាន​ធ្វើ​ការ​បណ្ដាក់​ទុន​ផ្នែក​នយោបាយ​លើ​កម្ពុជា បាន​យ៉ាង​ល្អ ខណៈ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន កំពុង​ត្រូវ​ការ​លុយ និង​សម្ភារៈ​យោធា ដើម្បី​ពង្រឹង​អំណាច។ ដោយសារ​ការ​បញ្ចុក​ជំនួយ​ដ៏​ច្រើន​របស់​ចិន នេះ​ហើយ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ លុង​ក្នុង​សំណាញ់​ទឹក​ប្រាក់ ហើយ​ពើង​ទ្រូង​ចំពោះ​ជំនួយ​បរទេស​ណា ដែល​មាន​ភ្ជាប់​ទៅ​ដោយ​លក្ខខណ្ឌ​ស្មុគស្មាញ​សម្រាប់​កម្ពុជា។
លក្ខខណ្ឌ​នានា​ដែល​ភ្ជាប់​ជាមួយ​ជំនួយ ដែល​រដ្ឋបាល​របស់ លោក ហ៊ុន សែន តែង​ចាត់​ទុក​ថា ជា​ឧបសគ្គ​នោះ​រួម​មាន ការ​ចាយ​វាយ ត្រូវ​អោយ​មាន​តម្លាភាព​ខ្ពស់ រាល់​ការ​ចាយ​វាយ​ទាំងអស់ ត្រូវ​មាន​គម្រោង​ច្បាស់​លាស់ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​អំពី​ចំណាយ​ឲ្យ​បាន​ត្រឹមត្រូវ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាយ​វាយ​ជំនួយ​ទាំង​នោះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចាត់​ចែង​ដោយ​ខ្លួន​ឯង ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​បាន​ល្អ រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល។
ក្រុម​អ្នក​វិភាគ និយាយ​ថា ដោយសារ​តែ​ឥទ្ធិពល​ទឹក​ប្រាក់​របស់​ចិន ដែល​គ្មាន​លក្ខខណ្ឌ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​កម្ពុជា បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ តាម​រយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​យក​ដី​ឲ្យ​ក្រុម​វិនិយោគទុន​ចិន ការ​ចាប់​សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​កើន​ឡើង​នូវ​អំពី​ពុក​រលួយ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​អ្នក​ក្រ​ជាដើម។
អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រសិន​បើ​កម្ពុជា នៅ​តែ​បន្ត​កៀក​ស្មា​ជិតស្និទ្ធ​ជាមួយ​ចិន ហើយ​ដោះ​ដៃ​ចេញ​ពី​បណ្ដា​ប្រទេស​លោក​សេរី​នោះ កម្ពុជា នឹង​អាច​ជួយ​វិបត្តិ​នយោបាយ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន៖ «នៅ​ពេល​ដែល​ចិន ជា​បង្អែក ធ្វើ​ឲ្យ​រដ្ឋាភិបាល​ព្រងើយ​កន្តើយ ហើយ​ធ្វើ​ឲ្យ​ខ្មែរ​យើង​សព្វថ្ងៃ​ជិះ​លើ​គែម​ទូក។ ជើង​ម្ខាង​ជិះ​លើ​គែម​ទូក ម្ខាង​គឺ​គែម​ខាង​ចិន មិន​ជិះ​ទៅ​ខាង​អាមេរិក ឬ​សហគមន៍​អឺរ៉ុប ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​អ្វី​ទេ ហើយ​ក៏​មិន​បាន​ជិះ​ទៅ​ក្នុង​ទូក​ហ្នឹង​ទៀត។ អ៊ីចឹង​ហើយ ខ្មែរ​យើង​ដូច​ជិះ​ទូក​នៅ​កណ្ដាល​សមុទ្រ​ដោយ​គែម​ទូក​ម្ខាង ហើយ​ថ្ងៃ​ណា​មួយ​លិច​ជា​មិន​ខាន»
គេ​សង្កេត​ឃើញ​សឹង​គ្រប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងអស់ ចាប់​តាំង​ពី​ថ្នាក់​នាយក​រដ្ឋមន្ត្រី រហូត​ដល់​ថ្នាក់​មន្ត្រី​តូចតាច តាំង​ពី​ថ្នាក់​ក្រសួង មន្ទីរ ឬ​ការិយាល័យ តែង​និយាយ​ភាសា​តែ​មួយ ទទួល​ស្គាល់​ថា ជំនួយ​របស់​ចិន ជា​ជំនួយ​ដែល​គ្មាន​លក្ខខណ្ឌ​ស្មុគស្មាញ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​តែង​ចង់​បាន។
កាល​ពី​ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​និយាយ​ជា​សាធារណៈ​ថា ចិន ជា​ដៃគូ​អភិវឌ្ឍន៍​ពិសេស​របស់​កម្ពុជា ហើយ​ថា ចិន បាន​ជួយ​កម្ពុជា ទាន់​ពេល​វេលា ឆ្លើយ​តប​ឆាប់​រហ័ស​ទៅ​នឹង​សំណើ​របស់​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​ស្មុគស្មាញ។
កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​នេះ លោក ជាម យៀប តំណាង​រាស្ត្រ​ចាស់​ទុំ​ម្នាក់​របស់​បក្ស​កាន់​អំណាច បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ជំនួយ​របស់​ចិន ជា​ជំនួយ​មួយ​ប្រកប​ដោយ​សុឆន្ទៈ ហើយ​អះអាង​ថា ឥទ្ធិពល​នៃ​ជំនួយ​ទាំង​នោះ​មិន​អាច​បញ្ជា​ដល់​ការ​ដឹក​នាំ​របស់​កម្ពុជា អោយ​ងាក​រេ​ចេញ​ពី​លទ្ធិប្រជាធិបតេយ្យ​បាន​ឡើយ៖ «យើង​ដឹង​គុណ អគុណ​ទាំង​ចិន និង​អាមេរិក ទាំង​សង​ខាង ប៉ុន្តែ​គ្រាន់​តែ​ថា ចិន ពេល​ឲ្យ​ជំនួយ​ទៅ​អត់​សូវ​គិត​អំពី​លក្ខខណ្ឌ។ ទី​មួយ គឺ​ថា​ចិន គេ​សល់​លុយ​ច្រើន ហើយ​យើង​ក៏​អត់​មាន​បង្ខំ​ឲ្យ​អាមេរិក ត្រូវ​ផ្តល់​ជំនួយ​ឲ្យ​យើង​ទេ នេះ​ស៊ី​សង​លើ​រដ្ឋាភិបាល លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​ប្រជាជន​អាមេរិក ទេ។ ប៉ុន្តែ ជំនួយ​របស់​ចិន មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដល់​ដំណើរ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ទេ»
ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ ឬ​កម្ចី​ពី​បរទេស កម្ពុជា ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​ពន្ធដារ​ដីធ្លី គឺ​ត្រូវ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​របស់​ក្រុម​អ្នក​វិនិយោគ អ្នក​ដែល​មាន​ដីធ្លី អគារ និង​ផ្ទះ​សម្បែង​ច្រើន។ ម្យ៉ាង​ទៀត កម្ពុជា ត្រូវ​ពង្រឹង​ធនធាន​មនុស្ស​ឲ្យ​មាន​គុណភាព បង្កើត​សក្ដានុពល​លើ​វិស័យ​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​កសិឧស្សាហកម្ម។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​បង្កើន​ផលិតផល​ក្នុង​ស្រុក និង​គោរព​ក្រម​សីលធម៌​ពាណិជ្ជកម្ម​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

very poor reseacher by this guy
this guy has not good enough for reseaching, poor study,

needs to study more in USA,such as long beach city college.,

let go to long beach community college in long beach,,,

Anonymous said...

Bullshit!!!Not Chinese aid that destroy Cambodia. It's f@#King Hanoi government that causes all the bullshit in Cambodia. If Hanoi doesn't want to get blame, then stay the hell away from Cambodia. Let Cambodia deal with her own internal affair. It's Hanoi government puppetmastering Hun Sen to do what whatever favor Vietnam. This is the source of the cause of the problems in Cambodia, the danm Vietnam.