ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី9 ខែតុលា ឆ្នាំ2013 | VOD
មន្ត្រីតុលាការអន្តរជាតិទីក្រុងឡាអេ(ICJ) ឲ្យដឹងនៅថ្ងៃពុធនេះថា តុលាការ នឹងមិនទាន់ប្រកាសសេចក្តីសម្រេចជាស្ថាពរ ទាក់ទងនឹងករណីជម្លោះរវាងកម្ពុជា និងប្រទេសថៃ លើប្រាសាទព្រះវិហារ នៅក្នុងខែតុលា ឆ្នាំ២០១៣នេះទេ។
មន្ត្រីផ្នែកទំនាក់ទំនងរបស់ICJ លោក Boris Heim ប្រាប់VODតាមរយៈអ៊ីម៉េល នៅថ្ងៃពុធ ទី០៩ខែតុលាថា តុលាការ មិនទាន់សម្រេចពេលវេលាជាក់លាក់នៃការប្រកាសសេចក្តីសម្រេចនៅខែណានៅឡើយទេ។ លោកបញ្ជាក់ថា ការប្រកាសសេចក្តីសម្រេចជាស្ថាពរ អាចធ្វើឡើងក្នុងរយៈពេល៤ទៅ៦ខែ បន្ទាប់ពីបញ្ចប់ដំណើរការសាកសួរផ្ទាល់មាត់លើករណីនេះ។ តែលោកបញ្ជាក់ថា ពេលវេលានៃការប្រកាសសេចក្តីសម្រេច អាចខុសគ្នាទៅតាមភាពជាក់ស្តែង។
ភាគីកម្ពុជា និងថៃ បានតទល់គ្នាក្នុងសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
ក្រោយពីការបកស្រាយតទល់គ្នាជាមួយភាគីថៃ សារព័ត៌មាននៅកម្ពុជា ចុះផ្សាយថា តុលាការអន្តរជាតិទីក្រុងឡាអេ គ្រោងនឹងប្រកាសសេចក្តីសម្រេចរឿងដីទំហំ៤.៦ គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារ នៅចុងខែតុលា ឆ្នាំ២០១៣នេះ។
គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ចេញផ្សាយនៅខែកញ្ញានេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំធ្វើការតស៊ូតាមផ្លូវច្បាប់ នៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲ្យតុលាការមួយនេះ បកស្រាយសាលក្រមឆ្នាំ១៩៦២ ស្តីពីបូរណភាពដែនដី ដែលស្ថិតនៅក្នុងអធិបតេយ្យកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
No comments:
Post a Comment