- Thursday, 01 August 2013
- Phnom Penh Post
- លាង ផាន់ណារ៉ា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
បានប្រកាសជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍ជាតិ អន្តរជាតិថា
ក្រុមត្រួតពិនិត្យផ្ទៀងផ្ទាត់នៃ គ.ជ.ប នឹងចាប់ផ្តើមត្រួតពិនិត្យ
និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ
ទី៥នេះ ចាប់ពីថ្ងៃទី៣ ខែសីហា រហូតដល់បញ្ចប់ជាស្ថាពរ។
គ.ជ.ប បានបញ្ជាក់ថា
ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍ជាតិអន្តរជាតិដែលពាក់ព័ន្ធ
គឺមានសារសំខាន់ណាស់ក្នុងការការត្រួតពិនិត្យ
និងផ្ទៀងផ្ទាត់លទ្ធផលនេះ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប។
ក្រោយពីការបោះឆ្នោតជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ
សប្តាហ៍មុន គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលជាតិ
និងអន្តរជាតិ
បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនជុំវិញដំណើរការបោះឆ្នោតនេះ
រហូតទាមទារឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យមួយស៊ើបអង្កេតលើ
បញ្ហានេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានចេញផ្សាយនូវសេចក្តី
បំភ្លឺផ្សេងមួយទៀត អំពីលទ្ធផលបឋម នៃការបោះឆ្នោតនេះផងដែរ
ប៉ុន្តែ មិនទាន់បានធ្វើការកំណត់បែងចែកចំនួនអាសនៈនៅឡើយទេ។
យោងតាមលទ្ធផលបណ្តោះអាសន្ននោះបង្ហាញថា
ក្នុងចំណោមអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន
៩.៦៧៥.៤៥៣ នាក់ គឺមានអ្នកបោះឆ្នោត
ដែលបានបោះឆ្នោតឲ្យគណបក្សនយោបាយទាំង ៨ សរុបចំនួន ៦.៦១៦.១១០
នាក់ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា ទទួលបានសម្លេងសរុប ៣៧.៩៦៣ សម្លេង,
គណបក្សហ្វ៊ុនស៊ិនប៉ិច ២៤១.៨៦៦, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ៣៤.៥៦៩,
គណបក្សប្រជាជនកម្ពុជា ៣.២២៧.៧២៩, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៩.៨៧១, គណបក្ស ខ្មែរឈប់ក្រ ៤៣.៣១២, គណបក្សសង្គ្រោះជាតិ ២.៩៤១.១៣៣,
និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៦៩.៦៦៧ សម្លេង។
គ.ជ.ប. នឹងប្រកាសលទ្ធផលផ្លូវការ
និងកំណត់បែងចែកចំនួនអាសនៈ សម្រាប់គណបក្សនយោបាយចូលរួមប្រកួតប្រជែង
នៅបន្ទាប់ពីរាល់បណ្តឹងត្រូវបានដោះស្រាយចប់ជាស្ថាពរ។
1 comment:
All other 7 Parties have their combined votes more than
the CPP 's votes . Why don't the 7 Parties join together
to get rid of CPP ?
Post a Comment