Friday, 28 June 2013
Phnom Penh Post
គឹម សារុំ និងផាក់ ស៊ាងលី
ភ្នំពេញៈ សង្គមស៊ីវិលបានរកឃើញថា
មន្រ្តីរាជការជាច្រើនបានល្មើសទៅនឹងច្បាប់ដោយពួកគេបានយកម៉ោង
ធ្វើការរបស់រដ្ឋទៅចូលរួមធ្វើការឃោសនាបោះឆ្នោត
ឲ្យគណបក្សប្រជាជននៅក្នុងថ្ងៃដំបូង
ដែលបានចាប់ផ្តើមកាលពីម្សិលមិញ។
កាលពីវេលាម៉ោង៨ព្រឹកថ្ងៃម្សិលមិញអ្នកសារព័ត៌មានភ្នំពេញ
ប៉ុស្តិ៍ បានទៅយកព័ត៌មាននៅតុលាការកំពូលដូចធម្មតា។
ប៉ុន្តែតុលាការនោះមានសភាពស្ងាត់ខុសពីធម្មតាដោយឃើញមានឡានតែ
២គ្រឿងប៉ុណ្ណោះ ខណៈដែលនៅថ្ងៃធម្មតាមានឡានប្រមាណ១០
គ្រឿងនិងមានមនុស្សចេញចូលច្រើន។
អ្នកសារព័ត៌មានបានសួរទៅនគរបាលយាមនៅច្រកទ្វារតុលាការកំពូល
ម្នាក់ ហើយនគរបាលនោះបានប្រាប់ថា៖«មិនបានធ្វើការទេ។ចៅក្រម
មេធាវី ទៅហែគណបក្សអស់ហើយ»។ លើសពីនោះទៀតការប្រកាសសាលក្រម
ក៏ត្រូវបានផ្អាកដែរកាលពីសប្តាហ៍មុនដោយសារតែខ្វះចៅក្រម
ដោយហេតុផលត្រូវគេប្រាប់ថា លោកចៅក្រមជាប់រវល់ចុះពង្រឹងមូលដ្ឋាន
បម្រើគណបក្សប្រជាជន។
មន្ត្រីអង្គការសង្គមស៊ីវិល បានឲ្យដឹងថា មន្រ្តីរាជការមួយចំនួន
រួមទាំងកងកម្លាំងប្រដាប់អាវុធនៅតាមស្ថាប័នផ្សេងៗត្រូវបានគេរក
ឃើញថា បានយកម៉ោងធ្វើការរបស់រដ្ឋទៅចូលរួមក្បួនឃោសនាបោះឆ្នោត
របស់គណបក្សប្រជាជន
ដែលសកម្មភាពនេះខុសនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការ
ស៊ីវិលហើយវាផ្ទុយនឹងមាត្រានៃច្បាប់និងជាការឆ្គាំឆ្គងក្នុង
វិជ្ជាជីវៈ។
លោក នី ចរិយា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់
សមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា
បើតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការគឺហាមមិនឲ្យមន្រ្តីរាជការ
យកពេលវេលាក្នុងម៉ោងធ្វើការរបស់រដ្ឋទៅចូលរួមក្នុងយុទ្ធនាការ
ឃោសនាបោះឆ្នោត
ឬបម្រើសកម្មភាពនយោបាយរបស់គណបក្សណាមួយឡើយហើយច្បាប់ក៏បានហាមមិន
ឲ្យយកសម្ភាររបស់រដ្ឋទៅបម្រើផលប្រយោជន៍គណបក្សនយោបាយផងដែរ។
លោកនី ចរិយា បានឲ្យដឹងថា
តាមរបាយការណ៍ដែលលោកទទួលបានបានបង្ហាញថា មានកងកម្លាំង
មានចៅក្រមនិងព្រះរាជអាជ្ញា នៅតាមខេត្តមួយចំនួនដូចជា បាត់ដំបង
មណ្ឌលគិរី រតនគិរី និងខេត្តកំពត បានយកម៉ោងធ្វើការរបស់រដ្ឋ
ទៅចូលរួមឃោសនាបោះឆ្នោតក្នុងថ្ងៃដំបូងកាលពីម្សិលមិញ។ លោក នី
ចរិយាបានថ្លែងដូច្នេះថា៖«មន្រ្តីទៅចូលរួមឃោសនាបែបនេះវាធ្វើ
ឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពក្នុងនាមជាមន្រ្តីអព្យាក្រឹត
ប៉ះពាល់ថវិការដ្ឋព្រោះគាត់យកពេលម៉ោងរដ្ឋ ទៅឃោសនា។ គ.ជ.ប
គួរតែពិនិត្យមើលឡើងវិញ ដោយធ្វើការដាក់ពិន័យ
ឬហាមមិនឲ្យធ្វើសកម្មភាពនយោបាយតាមច្បាប់កំណត់»។
លោកឆាយ ធីអ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី
បានឲ្យដឹងថា នៅក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោត
របស់គណបក្សប្រជាជន កាលពីម្សិលមិញ នៅពហុកីឡដ្ឋានក្នុងខេត្តនេះ
លោកឃើញមានព្រះរាជអាជ្ញាអមសាលាដំបូងរតនគិរី
មន្ត្រីប៉ូលិសក្រុងបានលុងបានពាក់អាវ
និងមួកគណបក្សប្រជាជនចូលរួមក្នុងពិធីបើកការឃោសនាបោះឆ្នោតជាមួយ
នឹងតំណាងរាស្ត្រអភិបាលខេត្ត-ក្រុងមន្ត្រីរាជការ គ្រូបង្រៀន សិស្ស
និងប្រជាពលរដ្ឋ។ លោក ឆាយ ធី បញ្ជាក់ថា៖
«កន្លែងធ្វើការរដ្ឋដូចជាស្ងាត់ខុសពីធម្មតា»។
មន្ត្រីតុលាការខេត្តរតនគិរីមួយរូបដែលគេឃើញពាក់អាវនិងមួក
គណបក្សប្រជាជន
ក្នុងពិធីឃោសនាបោះឆ្នោតនោះបានបដិសេធមិនធ្វើការអត្ថាធិប្បាយឡើយ
ដោយថ្លែងថា រឿងនេះវាជារឿងឯកជនរបស់លោក។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា មន្រ្តីមុខងារសាធារណៈ
បើចង់ចូលរួមក្នុងសកម្មភាពគណបក្សនយោបាយ
គឺត្រូវសុំច្បាប់ទៅក្រសួង ឬស្ថាប័នរបស់ខ្លួន។
ក៏ប៉ុន្តែសម្រាប់តំណាងរាស្រ្តដែលជាមន្រ្តីនយោបាយគឺគាត់មិនបាច់
ដាក់ពាក្យសុំទេ។ លោកទេព នីថា បានគូសបញ្ជាក់ថា៖ «មន្រ្តីតុលាការ
បើគាត់ឈរឈ្មោះបោះឆ្នោតគាត់ត្រូវសុំលាលែងពីការងារ
តែបើគាត់មិនមានឈរឈ្មោះបោះឆ្នោតទេ
ហើយមិនបានសុំច្បាប់ឈប់សម្រាកពីកន្លែងធ្វើការទេ
តែគាត់ចេញទៅឃោសនាបោះឆ្នោតក្នុងថ្ងៃធ្វើការរដ្ឋគឺខុសច្បាប់»។
លោកបានបន្តថា បើមន្ត្រីរាជការសុំអង្គភាពគាត់សម្រាក ដោយមូលហេតុឈឺ
តែគាត់ទៅឃោសនា ជារឿងរបស់គាត់និងស្រេចតែអង្គភាពដាក់ពិន័យគាត់។
បើតាមលោក នី ចរិយា ច្បាប់បានចែងថា កងកម្លាំងប្រដាប់អាវុធ
មន្រ្តីតុលាការត្រូវតែស្ថិតក្នុងភាពឯករាជ្យនិងអព្យាក្រឹត
មិនត្រូវធ្វើសកម្មភាពខាងនយោបាយឡើយ តែច្បាប់ឲ្យមន្រ្តីទាំងនោះ
មានសិទ្ធិក្នុងការគាំទ្រគណបក្សនយោបាយណាមួយ
ប៉ុន្តែមិនត្រូវយកម៉ោងធ្វើការរបស់រដ្ឋទៅបម្រើគណបក្សឡើយ។
ប៉ុន្តែលោកចរិយាបានបញ្ជាក់ថា បើថ្នាក់រដ្ឋមន្រ្តី
អាចចូលរួមសកម្មភាពបម្រើគណបក្សនយោបាយ
លុះណាតែរដ្ឋមន្ត្រីរូបនោះដាក់ពាក្យសុំសម្រាកពីការងាររដ្ឋសិន
ពីព្រោះគាត់ជាមន្រ្តីសាធារណៈ។ លោក ចរិយា បានចង្អុលបង្ហាញថា
ដូចជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកបានសុំសម្រាកពីការងារ
ដែលនេះ មិនខុសច្បាប់ទេ
តែមន្រ្តីថ្នាក់ក្រោមរបស់គាត់ច្រើនធ្វើខុស។
យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលមួយខែបានចាប់ផ្តើមកាលពី
ម្សិលមិញ ខណៈថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដា
ខាងមុខនេះ៕
No comments:
Post a Comment