Thursday 02 May 2013 - Free Press Magazine
លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ
បានក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាម ឋានខ្លួនជាមនុស្សក្នុងអនានិគម
ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២)
គេបានលើកលោកជាវីរបុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។
ជីវប្រវត្តិ
លោកគ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០ គស ១៨៩៨
នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង
ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ
ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ
ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ ។
គ្រួសារនេះមានបងប្អូន៥នាក់គឺ ៖
- ហែម ចៀវ
- ហែម ហួត
- នាងហែម សុច
- ហែម សាយ ។
បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។
កុមារភាព
កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង
ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោក បានឃ្វាល គោ រកអុស ដេញចាប
តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក
ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន-ណាត វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ដោយ ហេតុមេស្រុក ហែម និងព្រះគ្រូសង្ឃសត្ថា
ជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។
កុមារ ហែម ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត
មានមាត់ពាក្យរហ័សច្បាស់លាស់ មាន សន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។
កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់បានរៀនអក្សរ
សាស្ត្រក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថាតាំងអំពីដំបូងរហូតទាល់តែមើលបានសរសេរអក្សរកើតដោយបរិបូណ៌
។
កុមារ ហែម ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា ជួន ណាត
អស់យូរឆ្នាំ ដោយបានដើរស្ពាយ យាម ព្រះគ្រូសង្ឃសត្ថា
ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម ចៀវ បាន
ស្តាប់ធម៌ទេសនារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ
ចៀវ មានសេចក្តីឆ្លៀវឆ្លាសយល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់
ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ
ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។
កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។
កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា
ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖
- ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាច យឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះ ឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផង សរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ» ។
លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូធ្យយកចិត្តទុកដាក់អោយមែនទែន ។
- បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!
- ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
- ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទ មាតាបិតា ណាស់ មិនដែលធ្វើអោយអ្នកមានគុណព្រួយចិត្តម្តងណាឡើយ ។
សាងផ្នួស
វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា
អំពីការបំបួសកូនជាសាមណេរ ហើយមូល មតិថាត្រូវបំបួសនៅ វត្តឧណ្ណាលោម
ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅ វត្តឧណ្ណាលោមដដែល ។ លុះបួសរួច ហើយ
សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។
ថ្ងៃខែចេះតែកន្លងជាលំដាប់… សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ
ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុង ពុទ្ធសីមាវត្តលង្កា
ដែលមានព្រះមហាវិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ
មានព្រះគ្រូបវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ ។
នៅពេលបំពេញជាភិក្ខុ ហើយ លោក
ក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។
ការសិក្សាចំនួន៧ឆ្នាំ នៅសាលាបាលី ជាន់ខ្ពស់ធ្វើអោយលោកចេះដឹងផ្លូវលោក
ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិបូណ៌ក្នុងផ្លូវពុទ្ធសាសនា ។
លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលលោកស្រលាញ់ជាងគេ
ដោយភិក្ខុ ហែម ចៀវ ជាបព្វជិត ឈ្លាសវៃរហ័សរហួន
ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡង
យកសញ្ញាប័ត្រឌីប្លូម សាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ
ខ្មែរយើងកំពុងរាប់អានណាស់ ។
នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម
ជាតិបារាំង ធ្វើជារ៉េស៊ីដង់ ខេត្តកំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ
ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ
ដែលមានសញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ
និមន្តមកឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន ណាត
សូមនិមន្តលោកមួយអង្គ ដែលមានសញ្ញាប័ត្រឌីប្លូមសាលា បាលីជាន់ខ្ពស់
ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោក រ៉េស៊ីដង់ រ៉េស្យូម
ខេត្តកំពតបង្កើត អង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង ។
កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ
អោយទៅបង្រៀនអក្សរសាស្ត្រជាតិ ឯខេត្តកំពត យក វត្តក្រាំងដូង ស្រុកបន្ទាយមាស
និងវត្តកន្ថោ ស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម ចៀវ បាន
ទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧
ដល់១៩៣២ ទើបត្រលប់មកនៅ ភ្នំពេញ វិញ រួចបានប្រឡងជាប់
ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។
ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។
ទេសន៍កន្លែងណាក៏ដូចកន្លែង ណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន
ទុក្ខរច្ឆេតិ » ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់
លើកឧទាហរណ៍ ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។
លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន
មានទឹកដមគួរអោយចង់ស្តាប់ហើយ ស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប
ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។
ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង
រវល់បង្រៀនទេសនាពេក ។ ចំណែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត
គឺសម្តេចព្រះសង្ឃរាជ ជួន ណាត (តាមប្រសាសន៍ របស់លោក ឈឹម ស៊ុម) ។
ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះបាលាត់ឃោសនានាគ ហែម ចៀវ
មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។
ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ ។
ជនណាដែលបានប្រាស្រ័យ ជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត
ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តី ព្រះពុទ្ធ ដែលដឹកនាំសត្វ
លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះ
ធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់
ក៏មិនអាចអត់ទ្រាំសរសើរ លោកបានដែរ ។
សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា
ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណា ខ្ជិលរៀនសូត្រ
លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ
- ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន… ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រ យើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួច ពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេច កើត ? តើនរណា គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ… តើយើងមកដើម្បីអ្វី ? យើង សុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មាន អ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការ ប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែ ណែនាំគ្នា ដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ…។
ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម ចៀវ
ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់ គ្រូ ហើ
យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់
ខំរៀនប៉ុណ្ណោះទេ ថែម ទាំងមាន ការឈឺចាប់នឹងពួកអនានិគមបារាំងខាំងឡើងៗ
ជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោត សរសើរសិស្សសាលាបាលីជាន់
ខ្ពស់គ្រប់ៗគ្នា ។
ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម
ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌
ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។
សកម្មភាពដើម្បីជាតិសាសនា
លុះចប់កិច្ចសិក្សាហើយ
លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃ
សំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន
លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត
មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកា
ដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង
មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍
តាមសាស្ត្រាស្លឹករឹត ។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មី គេមិន
ចេះស្តាប់ទេ» ។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម ចៀវ
ព្រួយបារម្ភលំបាក ចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់
មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិន
បានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ
សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណា
ដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។
មិនយូរប៉ុន៉្មានអ្នក ទាំងនោះ ក៏ស្តាប់ បាន ងាយយល់ ថែមទាំងសំលេងពិរោះផង
ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែ លោកអាចារ្យ សំដែងធម៌ទេសនារាល់ថ្ងៃសីល
និងបុណ្យទាន ។ នៅឆ្នាំនោះហើយ ដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែ សូត្រមន្ត
ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់
ជេរត្មះតិះដៀលដល់ ព្រះសង្ឃដែលខិតខំប្រែយ៉ាងសំបើម
រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត ។
ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ
ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបត
ទៅតាមអំពើពាលល្ងង់ខ្លៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ
រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលថានជា
«អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃ ប្រចាំខែ ៥០រៀល
ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។
លោកគ្រូអាចារ្យ ហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ»
របស់សំដេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ
មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោក អោយភ្លេចបាន ឡើយ។
លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ
សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី
ឥតបីបន្ដោយអោយពេលវេលាកន្លងផុត ដោយពុំ បានធ្វើអ្វីជាប្រយោជន៍ទេ ។
ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោស
នាគ ហែម ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ
ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោក ប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ មួង,
នួន ដួង និង ស៊ឹម វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំ បារាំង ។
វេលាថ្ងៃមួយ លោក សឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖
- លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
- ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។
លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា
- ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិន ត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុកអោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំ ករុណា និមន្ត ព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យហើយ។
- យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង ខាត់, សូ ហាយ ផង ?
- ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅទេសនា រឺ ពន្យល់ទៀតមិនកើត ។
- ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយ យកការណ៍ទៅអោយបារាំងវិញ!
- ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបាន សំរេច ។
- ពរ! ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ ក្រុម បដិវត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ ពុទ្ធបរិស័ទអោយ ស្គាល់អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
- ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមានខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយ បង្គំលាសិនហើយ!
- កុំប្រញាប់អញ្ជើញពេកលោក!
- ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
- ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅ វិញ ប្រកបដោយទឹកចិត្តរីករាយជាអនេក ។
ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ
គ្រប់និគមជនបទអោយមានការឈឺចាប់ ឡើង ។ លោក ប៉ាច ឈឺន
មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត »
មានអ្នកអានសុទ្ធជា អ្នកស្រលាញ់ជាតិពិតប្រាកដ ។ ប្រជារាស្ត្រ និងព្រះសង្ឃ
បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំណែក ខាងព្រះសង្ឃ
ដែលខំតស៊ូយ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យ
ប៉ាង ខាត់ សាស្ត្រាចារ្យ ភាសាសំស្ក្រឹត លោកគ្រូអាចារ្យ សូរ ហាយ
ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ ជុំ គង់នៅ វត្តលង្កា
ព្រះអាចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសា បាលី
និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើន អង្គទៀតជួយផង ។
ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះ
ទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់
ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូន ខ្មែរយើង ស្អប់ខ្ពើមមិនអោយកូនទេ ។
ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោយកូនធ្វើទាហានទេ ព្រោះខ្លាច
គេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា
ភូមិនោះមុខជាហិនហោច ទ្រព្យសម្បត្តិ មិនខាន ។
នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។
គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណ
ចន្ទម៉ុល បើចង់ជ្រាប ច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង
អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល ។ ពេលនោះ កងទ័ពបារាំង
មានកំលាំងខ្សោយណាស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន
ដើម្បី អោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តីស្នើរបស់លោកសឹង ង៉ុកថាញ់
ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។
នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ
ដែលទាក់ទងនឹងជីវភាព
ប្រជារាស្ត្រដើម្បីអោយជ្រាបច្បាស់បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង
។ ពុទ្ធភាសិតទាំងនោះ គឺ៖
- កុំធ្វើមនុស្សអោយចង្អៀតលោក ។
- ត្រូវគិតសុខបច្ចុប្បន្នជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
- ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។
- កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
- មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
- បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោក ទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា) ។
- មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែក ដែល មិនជាធុរជាមនុស្សគឺគេណែនាំ រឺ ប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែ ច្រលោតខឹង មនុស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវ មនុស្ស ដូចនោះជាការល្អ (១០០គាថា) ។
- បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។
ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព
ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើ វាសនាទៅលើស្តេច
ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះមិនល្អទេ ។ ក្រៅពីលើកយកពុទ្ធភាសិត
លោកអាចារ្យ បានទាញឧទាហរណ៍ល្អៗពីប្រទេសនានា
ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែ
បន្ដុះស្មារតីអោយខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ
លោកបានបន្ដុះស្មារតី កូនខ្មែរ អោយស្រលាញ់ ការសិក្សា អោយយ
ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់… ព្រះគ្រូ អាចារ្យ ហែម
ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀត ដែល
រាប់អានគ្នា ។ នៅពេលយប់ ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ
សាមណេរបានមកចោមរោម ដើម្បីអោយលោក អធិប្បាយធម៌ រឺរឿងរ៉ាវផ្សេងៗអោយស្តាប់ ។
មុនដំបូងលោកលើករឿងអ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោក មានថេរដីកាមួយៗ «ប្រទេស
យើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោច
ទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើន រុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ
អាត្មា ធ្វើបុណ្យរាល់ថ្ងៃបួងសួង សុំអោយខ្មែរបានឯករាជ្យមកវិញ
ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។
ខណនោះលោកតាម្នាក់ពោលឡើង
- ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះបានធ្វើ អោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។
លោកក៏តបដោយសំលេងក្រអួន ព្រមទាំងញញឹមផង
- ពរៗ! ជាការងាយទេលោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយ យើងដើរ ហើយថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជឈ្នះ បារាំង ពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះ មកវិញបានឡើយ ។ អាត្មាមិនពេញចិត្តនឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោកតា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេស យើងមានអ្នកបន្លំខ្លួនកេងយកកំរៃពីសាសនាសំបើមណាស់។
- ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយ ប្រជាជនចេះប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់ ។ ពេលនិមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណា ដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជាមួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។
ព្រះបាលាត់ ហែម ចៀវ ត្រូវបារាំងចាប់ផ្សឹក
ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ… សំលេងរៃយំគ្រលួច
ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា
ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់
អ្នកស្នេហាជាតិ មាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍ស៍កលលោក
បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។
ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច
ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយមិនដឹងថា
ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ
មិនហ៊ានធ្វើ សកម្មភាពអ្វីឡើយ ។ តើដោយសារអ្វី ?
ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ
ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេបែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។
ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា
ការភ័យខ្លាចក៏កើតមានឡើង ។
តែខ្មែរឈាម អង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ
ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធឡើង ។
ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក
ដើម្បីអោយទាន់ស្ថានការណ៍ សកលលោក ដែលកំពុងច្បាំងគ្នា ។
ពេលនោះព្រះគ្រូអាចារ្យ ហែម ចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការ
ជាញឹកញយដើម្បីសុំការឧបត្ថម្ភពីប្រជារាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។
ចំនែកប្រជារាស្ត្រ និងព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍
ទាំងផ្លូវចិត្តផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍
បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ
យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅអោយ បារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត ។
តាម «សៀវភៅគុកនយោបាយរបស់លោក ប៊ុណ្ណ ចន្ទម៉ុល»
ដែលជាសមាជិកម្នាក់ដ៏សំខាន់នៃក្រុមបដិវត្តន៍ បានសរសេរយ៉ាងច្បាស់លាស់ថា
ដោយពួកទាហានខ្មែរ ដែលបានមកទាក់ទង ជាមួយលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន
ឌួង នោះ មានទាហានខ្លះ ដែលស្រលាញ់បារាំងដុះស្លែ ក្នុងខួរ ដុះមិនជ្រះនោះ
វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង
ជាមេដឹកនាំ ពួកទាហានខ្មែរអោយបះបោរប្រឆាំងនឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់
ត្រូវចាប់ស្ងាត់ៗ ដើម្បីកុំអោយបែកការណ៍ ។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់តែឃើញចាងហ្វាងគិញបារាំងម្នាក់
និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំលិខិតមួយដុំផង បានទៅជួបលោក អ៊ឹង
អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង
ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង
(កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោយទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ
មក។ លោក ជុំ មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា
តែចាប់លោកគ្រូអាចារ្យ ហែ ចៀវ ទៅនឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់
ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយពុំហ៊ានសួរគេ ។
លោក ជុំ មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម ចៀវ
លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក ក៏បានសួរលោក ជុំ មួង
ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ មួង ក៏ទូលលោកតាម ដំនើរ
ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង
យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង
ង៉ុកថាញ់ បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវ
អោយប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុន ជាប្រញាប់ទើបរួចខ្លួន!
យោបល់ទាំងពីរនាក់យល់ថា ច្បាស់ ជាបារាំងវាដឹងរឿងសំងាត់ហើយ
ប៉ុន្តែពុំបានគិតដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិន
តែប៉ុណ្ណោះទេយ៉ាងមើល ? លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅដល់ ស្រាប់តែលោក ទា សាន
ប្រើអោយបំរើ ទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម-ចៀវ
អោយផ្លាស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវ
ភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង ។
រកតែរត់ទៅប្រាប់អ្នកណាក៏មិនទាន់ ។ គិតទៅពួកគេ ចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។
មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេច
សីហនុ ខ្សឹបអោយបារាំងចាប់ទើបបានជាពួកវាដឹង ។ សីហនុ
ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោលទើបធ្វើដូច្នេះ ។
លោក ជុំ មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន ។
លុះដល់ពេលចេញពីធ្វើការ ក៏ទៅ ជំរាបលោក សឺង ង៉ុកថាញ់ តាមដំនើរ ។
លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។
រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃ
ជានិស្សិត នៃសាលាបាលីជាន់ខ្ពស់ និងវត្តនានា ក្នុងក្រុងភ្នំពេញ
ដែលច្រើនតែជាមិត្តភ័ក្តិ និង ជាសិស្សរបស់ លោក ។
ក្នុងពេលជាមួយគ្នានោះ លោក នួន ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។
នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម ចៀវ មានការឈឺចាប់ឥតឧបមា
ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹងខ្មែរគ្នាឯង
ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ
បែរជាបន្ដោយអោយជនបរទេសញាំញីតាមអំពើចិត្តរបស់គេ ។
លោកគ្មាននឹកខ្លាចថាបារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍
ដែលនឹងជិតបានសំរេចផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ
ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមកហើយ ។
នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ
មើលទៅមេឃា ដែលមានដុំពពករសាត់គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង
នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹក ភ្នែកសស្រាក់៖
- ឪ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ…។ តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ!
- ឳ! ប្រិយមិត្ត! ដែលរួមថ្លើមស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបារាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ! ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេសក្លាយជាខ្ញុំកញ្ជោះគេដែរ ។
- ឪ! មិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា…។
ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ
អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក
ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ
មានវិសាលភាពមិនអាចពណ៌នាបានឡើយ ។
រីឯលោក នួន ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក
ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ
បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។
មហាបាតុកម្មថ្ងៃ ២០ កក្កដា ១៩៤២
ដំណឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ
បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួលយ៉ាងខាំង
ហើយផ្សាយទៅគ្រប់វត្តអារាម និងខេត្តក្រៅដើម្បីរួមប្រជុំគ្នា
ធ្វើបាតុកម្មតវ៉ាអោយបារាំង ដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង
ពីទីឃុំឃាំងមកវិញ ។ មហាបាតុកម្មនេះបំរុងធ្វើនៅថ្ងៃទី ១៨ កក្កដា
តែត្រូវអាក់ខានទៅវិញ ដោយនៅវត្តលង្កា
ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី ឯម ជាចាងហ្វាង
សាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត ។
ពិធីបុណ្យនេះបានបង្ហើយ នៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង ង៉ុកថាញ់
បានភៀសខ្លួនទៅពួននៅឯការិយាល័យកងអាវុធហត្ថជប៉ុន
ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំងសែស
ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបាន សំរេច ។
ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង
មេដឹកនាំខាងបាតុកម្មបានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល
ជាអ្នកនាំពាក្យទៅជំរាបលោក ប៉ាច ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។
រាត្រីថ្ងៃទី ១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ
តាមកម្មវិធីរបស់ខ្លួនជាស្រេច ។
ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់…
ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា
ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិច វត្តភ្នំ
(ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន
និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យសោកថា «
យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ » ។
ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ
ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយ ទិដ្ឋភាពនេះគួរគយគន់ឥតគណនា ។
នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហា
គ្មានព្រឺរោមខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច
ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំងពីហេតុការណ៍ផ្សេងៗ និងសុំជួបទេសាភិបាលបារាំង
តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រម
ព្រោះខ្លាចពួកវាចាប់ទៀត ។ ពេលនោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច
ឈឺន ជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស
ហើយបារាំងក៏បិទទ្វាររួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។
ឃើញបារាំងចាប់លោក ប៉ាច ឈឺន ដូច្នេះ ក្រុមបាតុករទ្រាំមិនបាន
ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។
ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ
ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថ ប្រើដុំថ្ម ដំបង
និងកូនតឹងជាអាវុធដែរ ។
ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោក សឺង ង៉ុកថាញ់
បានទាក់ទងអោយជប៉ុន ជួយធ្វើ អន្តរាគមន៍
បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ
(សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុល) ពេលកំពុងវាយប្រលូកគ្នានោះ
ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង ខាត់
និងព្រះអាចារ្យ អ៊ុក ជា លោកប៉ុណ្ណ ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ
ជុំ ៘ បានរត់គេចខ្លួនយ៉ាង រហ័ស ។ ជនណាយឺតដំនើរក៏
ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។
ព្រះតេជព្រះគុណ ប៉ាង ខាត់ គេចខ្លួនរួច
ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ
ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល
ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេសសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ
អ៊ុក ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។
ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ
ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បានគេដាក់ក្នុងទីឃុំឃាំង
រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។
ចំនែកស្តេច សីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី
រាំរែក ពេញចន្ទឆាយា ពុំជួយ ឈឺឆ្អាល ពួកបាតុករសោះ បែរជាចូលដៃនឹងបារាំង
ជេរព្រះសង្ឃថា « អាត្រងោលបួសបំផ្លាញបាយ » ទៅវិញ ហើយថែមទាំងហាម
មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ លោកតាម្នាក់មាន
ប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹកប្រាក់សុទ្ធ និងមាសទៅសូកបារាំងច្រើនណាស់
ដើម្បីអោយកូនខ្លួនបាន សោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា
កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជា ស្តេចសីហនុ នឹកគុណបារាំងមិនភ្លេច
។
បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ
គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួនប៉ុណ្ណោះ ។
ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។
ការកាត់ទោសប្រហារជីវិត
នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។
នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង,
និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សំលឹងមើលកំពូលវត្ត ឧណ្ណាលោម
សំដែងនូវសេចក្តីអាលោះអាល័យមាតុភូមិ មិនចង់ឃ្លាតឆ្ងាយទេ លោកស្តាយខានបាន
រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា
ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាសនា ។
លោកអាចារ្យកំសត់លើកដៃទាំងពីរប្រនមហើយពោលខ្សឹបៗ ៖
- ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់…។ឳ! កន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរ ព្រៃសំលាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូល លាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្ត ឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយសារខ្ញុំស្រលាញ់ ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែ ជាតិ! សាសនា! រស់…។
កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម-ចៀវ
និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួលហួស ប្រមាណ
លោកស្អប់ខ្ពើមពួកស្តេចដែលកាចឃោរឃៅ សំលាប់មនុស្សគ្មានពិចារណារកយុត្តិធម៌
គ្មានគិត ប្រជារាស្ត្រក្រីក្រល្ហេមល្ហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន
យួន បារាំងជាដើម ។ មើលចុះ វាំង ប្រាសាទ របស់គេមានរស្មីភឺរន្ទាល អស់
លុយជាតិរាប់រយលាន! ចំនែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង
កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស
នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។
ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ
មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។
លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងក៏នឹងបានជួប ។
បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់
ដែលជាទីបន្ដុះវិជ្ជារបស់លោក ។ លោកសំលឹងកំពូលសាលាដោយចុកណែនឪរា
ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកំសត់ ៖
- ឪ! សិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារ ជីវិតដូច្នេះ! ខ្ញុំមិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបន្ដាំមួយ ម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។
- ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយមាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់រាប់អានគ្នាឥតមានហ្មង… លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រ ដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត! ។
ចំនែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ
។ លោកប៉ាច ឈឺនក្តី លោកនួន ឌួងក្តី លោកគ្រូអាចារ្យ ហែម ចៀវ ក្តី
និងអ្នកឯទៀតក្តី គ្មានស្តាយស្រនោះជីវិតទេ តែសាកស្តាយខាន
បានបន្តសកម្មភាពដើម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។
ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល
ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។
លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ
គឺគ្រាន់តែសន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។
ដំនើរនាវាទៅមុខជានិច្ជ ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។
ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សំងំស្ងៀមឈឹង
ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅ កាត់ទោសនាក្រុងព្រៃ
នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយ
រំភើបឥតឧបមា ។
នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន ឈួង បានបន្លឺសំ លេងទៅកាន់លោកអាចារ្យ ហែម-ចៀវ ដោយញ័រៗ
- ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
- អើលោក! នេះជាការធម្មតារបស់យើងទេ… សូមកុំទោមនស្សអី!
- ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
- អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសំលាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។
លោក នួន ឌួង ឆ្លើយ
- មិនអីទេ ខ្មែរយើងភ្ញាក់រលឹកខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
- ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥលូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។
ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។
អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅគុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី
តែងទទួលថ្នាំខាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។
អំពើប្រាសចាកមនុស្សធម៌នេះកើត ដោយសារពួកបារាំងវាបង្កើតឡើង
កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់
ដើម្បីស្រួលត្រួតត្រា ទៅទៀត ។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង
ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯង គ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេលចូលទៅដល់
លោក នួន ឌួង បានត្រូវមេតំរួតគុកព្រៃនគរវាយធ្លាក់រហូតសន្លប់បាត់ស្មារតី
លែងដឹងខ្លួននៅចំពោះអ្នកទោសជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង»
អំពើនេះធ្វើអោយ កល្យាណមិត្តលោកអនិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម ចៀវ
ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ
ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌សដូចលោក នួន ឌួង ។
តែខណះនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ!
នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវ រុញរាឡើយ…» បន្ទាប់ពីពួកយួនវាធ្វើបាប
លោកអារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅអាចារ្យ ហែម ចៀវ ទៅសួរម្តង
។ លោកអាចារ្យក៏ចូលទៅជិតតាមទំលាប់គេនិយមអនុវត្តនោះ
ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួតត្រាក៏បោះសំដីទាំងកំរោលទៅកាន់អាចារ្យ
ហែម ចៀវថា៖
- ចុះអាទ្រើកនោះមានរឿងអីដែរ ?
លោកអាចារ្យក៏ឆ្លើយទៅវាវិញ
- ប្របាទ! ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសងង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំងគេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញ ពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!
- អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!
ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរលោកអាចារ្យ ហែម ចៀវ
មិនដែលប្រើអាកាប្បកិរិយាច្រលើសបើសទ្បើយ
លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ
កុំអោយភ្លេចជាតិខ្លួន ។ មិនត្រឹមតែខ្មែរយើងទេ ដែលស្រឡាញ់លោកអាចារ្យ
សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា
សុភាពរាបសា សំដីពិរោះ ចិត្តល្អមិនចេះឈ្នានិះជនណាមួយដូចលោកអាចារ្យ ហែម ចៀវ
តែងបាន ទទួលនូវសេចក្តីអានិត អាសូរពីអ្នកផងជានិច្ច ។
គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។
គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន
ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ
កញ្ជះបារាំងដូចគ្នា ?
ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។
ឃើញតែព្រះអាចារ្យ ប៉ាង ខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។
«ចំនែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា
តើវាសនាអញនឹងធ្លាក់ដល់ណា! តែស្អីក៏ស្អីទៅចុះព្រោះជីវិតអញៗ
បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ
ដែលធ្វើអោយវីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ
ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ!
អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់ របស់អាឯងណាស់អាហន្ទយុំ! អាកំ
សាក! សំលាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក
លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំនុំរឿង ចេញមកឈរនៅចំពោះ
មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។
ជាបឋមគេហៅឈ្មោះលោក ប៉ាចឈឺន ។ លោក ប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ
- បាទ!
- អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!
ឯលោក ហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង
ក៏មានទោសប្រហារជីវិតដែរ! ចំនែកលោក ប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ
និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘ ក្នុងចំនោមអ្នកទោសទាំងនេះមានតែលោក
ប៉ុណ្ណ ចន្ទម៉ុល ម្នាក់ទេ ដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ ។ ចំណែកលោក
ប៉ាច ឈឺន, អាចារ្យ ហែម-ចៀវ, អាចារ្យ នួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។
លោកទាំងបីប្រាណញញឹមដោយការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។
បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រហារជីវិតបង់ថា៖
- យើងនឹងបញ្ជូនសំនុំរឿងអ្នកឯង ទៅសុំសំរាលទោសពីលោកឧត្តមសេនិយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បីអោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។
សំលេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់
ថ្លែងនូវអំណរគុណសោះឡើយ ។
លោកស័ក្តិប្រាំកំនាចនោះក៏បញ្ជាអោយភ្នាក់ងារគុកនាំអ្នកទោសវិលមកាន់ទីឃុំឃាំង ។
រវាង២ខែក្រោយ លោកអាចារ្យ ហែម ចៀវ មានចិត្តអនិតអាសូរលោក ប៉ុណ្ណ ចន្ទម៉ុល
និងមិត្តឯទៀតណាស់ដោយត្រូវគេបញ្ជូន ទៅអោយនៅគុកឯកោះត្រលាច ។
ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសំរេច
ចិត្តពីឧត្តមសេនិយ ប៉េតាំង សិន ។
ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។
(ពាក្យពេចន៍ខ្លះគ្រាន់តែជាសម្ដីអ្នកនិពន្ធដែលស្អប់រាជានិយមតែ
ប៉ុណ្ណោះ) ៕
ឯកសារយោង
No comments:
Post a Comment