លោក ជា វិជ្ជា ជាអតីតប្រធានចលនាសហជីព នៃព្រះរាជាណាចក្រកម្ពុជា
ដែលត្រូវបានកម្មករហៅថា ជាវីរៈជនកម្មករ។ លោក
មានស្រុកកំណើតនៅខេត្តកណ្តាល ហើយមានប្រពន្ធ
និងកូនស្រីពីរនាក់មុនពេលគាត់ត្រូវបានឃាតករបាញ់សម្លាប់នៅ
អាយុប្រហែល៤០ឆ្នាំ។
ប្រធានសហជីពដែលហ៊ានរិះគន់ខ្លាំងៗលើការរំលោភសិទ្ធិការងារ
កម្មកររូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ ភ្លាមៗ
នៅក្បែររបងវត្តល័ង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា
ឆ្នាំ២០០៤ ខណៈដែលលោក កំពុងឤនកាសែតពេលព្រឹកដូចសព្វមួយដង។
មុនពេលឃាតករសម្លាប់ លោក ជា វិជ្ជា បានប្រាប់អ្នកសារព័ត៌មានថា
លោកបានទទួល សារគំរាមមួយ ពីមនុស្សម្នាក់ ដែលលោកមិនស្គាល់ឈ្មោះ។
សារនោះ ផ្ញើតាមទូរស័ព្ទ ដោយហៅលោកថា ឤឆ្កែ ហើយគេនឹងសម្លាប់ឯង
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣។ លុះដល់នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០០៣ មានមន្ត្រីប៉ូលិសម្នាក់ បានប្រាប់លោក ឱ្យចាកចេញពី
ប្រទេសកម្ពុជាទៅ ពីព្រោះបន្ទាប់ពីបាន
ធ្វើការស៊ើបអង្កេតទៅគាត់ដឹងថា មានមន្ត្រី
ដែលមានបុណ្យស័ក្តិខ្ពស់ជាងគាត់ ចង់សម្លាប់លោក។
មន្ត្រីប៉ូលិសនោះ បានបញ្ជាក់ប្រាប់លោក ទៀតថា គាត់ស្គាល់ឈ្មោះ
អ្នកដែលចង់សម្លាប់លោកនោះ។ គាត់ថា ជននោះទទួលបញ្ជាពី
មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ដើម្បីគំរាម និងសម្លាប់លោក ។
ក្រោយពី ឃាតកម្មលើ លោក ជា វិជ្ជា បានប៉ុន្មានថ្ងៃ
សមត្ថកិច្ចក្រុងភ្នំពេញដែលក្រោមការបញ្ជាផ្ទាល់ពី លោក ហេង ពៅ
អតីតស្នងការនគរបាលក្រុងភ្នំពេញ បានចាប់ខ្លួនលោក ប៊ន សំណាង និងសុខ
សំអឿន។ នៅខែសីហា ឆ្នាំ២០០៥ តុលាការក្រុងភ្នំពេញ
បានកាត់ទោសបុរសទាំងពីរនាក់នោះ ជាប់ពន្ធនាគារ ចំនួន២០ឆ្នាំ
ពីបទឃាតកម្ម គិតទុកជាមុន លើរូប លោក ជា វិជ្ជា ។ តែនៅពេល លោក ហេង
ពៅ ត្រូវតុលាការនាំមកកាត់ទោសដែរ អតីតស្នងការរូបនេះ បានអះអាងថា
ប៊ន សំណាង និងសុខ សំអឿន មិនមែនជាឃាតករពិតទេ
ហើយបានទម្លាក់កំហុសដាក់ អតីតអគ្គស្នងនគរបាលជាតិ លោក ហុក ឡង់ឌី។
ជាមួយគ្នានោះ ប៊ន សំណាង និងសុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់ សាលក្រមនេះ ហើយតុលាការកំពូលបានប្រកាសដោះលែងឃាតករសិប្បនិមិត្តទាំអពីរនាក់ នោះមួយរយៈ។ បើទោះជាមានមេធាវី សាក្សី និងអង្គការសិទ្ធិមនុស្សជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុសរបស់ លោក ប៊ន សំណាង និងសុខ សំអឿន ក៏កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេច តម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និងសុក សំអឿន ជាប់ពន្ធនាគារមកដល់សព្វថ្ងៃ ៕
No comments:
Post a Comment