ការអះអាងនេះស្របពេលដែលអ្នកធ្វើការងារផ្នែកការពារសិទ្ធិ
មនុស្ស ការពារសិទ្ធិលំនៅឋាន សហជីព អ្នកសារព័ត៌មាននៅកម្ពុជា
មួយចំនួនតែងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជាការប្ដឹងឡើងតុលាការ
ការរត់ចោលស្រុក ការគំរាមកំហែង ការធ្វើឃាត ឬជាប់គុកជាដើម។
ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក
បានដឹងនូវរឿងរ៉ាវរំលោភបំពានដីធ្លី ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន
ដូចជាស្ថានភាពពលរដ្ឋបឹងកក់ បុរីកីឡា សហគមន៍បឹងឈូក
តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា មានកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រ
ទាំងជាតិ និងអន្តរជាតិ។ ប៉ុន្តែ ប្រិយមិត្តអ្នកស្តាប់ អាន និងទស្សនា
មិនបានដឹងថា
តើហេតុអ្វីបានជាក្រុមអ្នកយកព័ត៌មានតាមទាន់ព្រឹត្តិការណ៍ឈូសឆាយ
ផ្ទះសម្បែង ឬករណីរំលោភបំពានដីធ្លីនោះទេ?
តាមការពិត អ្នកសារព័ត៌មានតាមទាន់ហេតុការណ៍ទាំងនេះ
ដោយសារក្រុមសហគមន៍ទាំងនោះមានសង្គមស៊ីវិលចុះជាប់ធ្វើការជាមួយ
និងទាក់ទងទៅស្ថាប័នផ្សព្វផ្សាយព័ត៌មាននានា។
ក្នុងចំណោមសង្គមស៊ីវិលចុះជួយអន្តរាគមន៍តាមដាន
អង្កេតការណ៍សកម្មភាពរំលោភសិទ្ធិមនុស្ស ទំនាស់ដីធ្លី
ក៏មានអង្គការមួយឈ្មោះ ក្រុមការងារពិសេសការពារសិទ្ធិលំនៅឋាន
ចុះធ្វើការងារទាំងនេះដែរ។
អង្គការនេះមានមន្ត្រីព័ត៌មានម្នាក់ឈ្មោះ កញ្ញា ឡុង គីមហៀង
ទទួលបន្ទុកជាអ្នកតាមដាន ផ្សព្វផ្សាយ
និងទាក់ទងទៅក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
ដើម្បីចុះយកព័ត៌មានមកធ្វើការផ្សព្វផ្សាយ។
សម្បុរស្រអែម ពាក់វ៉ែនតា មាឌមាំ ស្ថិតក្នុងវ័យ ២៧ឆ្នាំ កញ្ញា ឡុង
គីមហៀង ត្រូវបានសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួន
និងអ្នកសារព័ត៌មានស្គាល់យ៉ាងច្បាស់ថា
គ្រប់ទីកន្លែងដែលមានការតវ៉ាពាក់ព័ន្ធបញ្ហាដីធ្លីនៅភ្នំពេញ
តែងមាន កញ្ញា គីមហៀង ជានិច្ច។
កញ្ញាឲ្យដឹងថា
នាងធ្វើការសព្វថ្ងៃជាអ្នកសម្របសម្រួលបណ្ដាញសហគមន៍មានបញ្ហាដីធ្លី
និងទាក់ទងបណ្ដាញផ្សព្វផ្សាយព័ត៌មាន
ដើម្បីផ្សព្វផ្សាយសកម្មភាពផ្សេងៗរបស់ប្រជាសហគមន៍
ព្រមទាំងផ្សព្វផ្សាយព័ត៌មានផ្សេងៗស្ដីពីសិទ្ធិលំនៅឋាន
ទៅកាន់មហាជនជុំវិញពិភពលោក។ កញ្ញាបន្តថា សកម្មភាពក្រុមគោលដៅ
ឬសហគមន៍មានបញ្ហាដីធ្លីជោគជ័យទៅបាន
អាស្រ័យលើសារព័ត៌មានដែលឯករាជ្យ ដូចនេះការងារសំខាន់បំផុត
គឺទាក់ទងនឹងបណ្ដាញសារព័ត៌មានទាំងនោះ។
កញ្ញា គីមហៀង បញ្ជាក់ថា កាលជានិស្សិត នាងតែងយល់ថា នៅកម្ពុជា
មានច្បាប់សម្រាប់គ្រប់គ្រងប្រទេស
ហើយមិនអាចមាននរណាបំពានច្បាប់បានទេ
ដល់ពេលចុះធ្វើការងារនៅសហគមន៍
ទើបការពិតត្រូវបានលាតត្រដាងទាំងស្រុង ឲ្យនាងដឹងច្បាស់តែម្តង៖ «គាត់
មិនចាំបាច់រៀបរាប់វែងឆ្ងាយអីទេ។ ខ្ញុំឃើញផ្ទាល់ភ្នែកតែម្តង
ប៉ូលិស អាជ្ញាធរកាន់កាំភ្លើងដើរពេញភូមិ។
ខ្ញុំអ្នកឃ្លាំមើលមានកាមេរ៉ា មានកាតអីត្រឹមត្រូវ
មន្ត្រីអស់ហ្នឹងគាត់សម្ដែងឫកថាមិនមាននរណាម្នាក់ដល់គាត់
អីចឹងកាលនៅសាលា ខ្ញុំរៀន គឺនិយាយច្បាស់ណាស់ច្បាប់អីហ្នឹងនោះ
ពេលដែលខ្ញុំចុះទៅថតហ្នឹង គេសម្លុតខ្ញុំភ័យផង ខ្ញុំឆ្ងល់ផង»។
កញ្ញា ឡុង គីមហៀង បញ្ជាក់ថា ព្រោះតែការធ្វើការងារនេះ
នាងធ្លាប់ត្រូវបានទទួលការគំរាមកំហែង
ការប្រមាថមើលងាយពីសំណាក់អាជ្ញាធរមួយចំនួន និងជនមិនស្គាល់មុខ
ការឆក់យកកាមេរ៉ាជាដើម។ ប៉ុន្តែ ផលដែលទទួលបានវិញ
នាងបានទទួលការគាំទ្រជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ
ប្រជាសហគមន៍មានបញ្ហាដីធ្លី
និងចំណេះដឹងថ្មីៗបន្ថែមទៀតពីបញ្ហាសង្គម។
ចំពោះប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីវិញ ពួកគាត់ស្គាល់ កញ្ញា ឡុង
គីមហៀង យ៉ាងច្បាស់ប្រៀបដូចធម្មជាតិពេលថ្ងៃ។ តំណាងអ្នកភូមិបឹងកក់
អ្នកស្រី ទេព វន្នី ថ្លែងថា គីមហៀង បានជួយសម្របសម្រួលជាច្រើន
ទាំងផ្នែកស្មារតី កម្លាំងកាយ និងកម្លាំងចិត្ត។ អ្នកស្រីបន្តថា
នាងបានផ្តល់ដំបូន្មានផ្នែកច្បាប់ លើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេស
គីមហៀង ជាសាក្សីម្នាក់ដែលហ៊ានឡើងទៅតុលាការសាលាឧទ្ធរណ៍
ដើម្បីបំភ្លឺថា ស្ត្រីបឹងកក់ ទាំង ១៣នាក់
មិនបានធ្វើដូចការចោទប្រកាន់របស់អាជ្ញាធរទៀតផង។ អ្នកស្រី ទេព
វន្នី បញ្ជាក់ថា កញ្ញា គីមហៀង
ជាយុវតីវ័យក្មេងម្នាក់ដែលខុសពីយុវតីដទៃ ត្រង់ភាពក្លាហានតស៊ូ
និងស្នេហាយុត្តិធម៌សង្គម។
អ្នកស្រី ទេព វន្នី៖ «ជាញឹកញាប់តែម្តង
នៅពេលជួបបញ្ហាការបណ្ដេញចេញដោយ បង្ខំ ឃើញ គីមហៀង គាត់ចុះមកសហគមន៍
ឬទៅតាមកន្លែងពួកខ្ញុំធ្វើសកម្មភាពតស៊ូមតិផ្សេងៗ។ កម្រមាន
គាត់អត់ខ្លាចទេ គាត់ហ៊ាន ដូចថាសកម្មភាពក្តៅៗ ដូចជាការបង្ក្រាប
ពីសំណាក់អាជ្ញាធរទៅលើស្ត្រីបឹងកក់ ដែលតវ៉ា
អីចឹងគាត់ព្យាយាមថតយករូបភាពហ្នឹងតែម្តងទុកជាភស្តុតាង»។
អ្នកស្រី ទេព វន្នី បញ្ជាក់ថា ក្រៅពីបំពេញតួនាទី កញ្ញា គីមហៀង
ពិតជាមានឆន្ទៈចង់ជួយប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីតាមសហគមន៍
នានាប្រាកដមែន។
ទោះជាយ៉ាងណាក្តី ប្អូនប្រុស កញ្ញា គីមហៀង គឺយុវជន ឡុង គីមហឿន
ឲ្យដឹងថា បងស្រីរបស់ខ្លួនជាចំណែកសំខាន់បំផុតរបស់គ្រួសារ
ដោយសារតែនាងបានទទួលផ្គត់ផ្គង់ប្អូនៗដែលមករៀននៅភ្នំពេញជំនួស
ឪពុកម្តាយ។ គីមហឿន បន្តថា
គាត់មានមោទនភាពនឹងបងស្រីដែលខិតខំធ្វើការងារជួយផ្គត់ផ្គង់ជីវភាព
គ្រួសារ
និងចំណាយពេលវេលាក្នុងនាមជាយុវតីម្នាក់ធ្វើការងារដើម្បីសង្គម។
តែយុវជនរូបនេះក៏មានការបារម្ភពីសុវត្ថិភាពរបស់បងស្រីខ្លួនដែរ។
យុវជន ឡុង គីមហឿន៖ «ខ្ញុំនៅតែមានការបារម្ភ
ពេលខ្លះគាត់ធ្វើការរាងយប់អីចឹង នៅចាំអីចឹង តេសួរគាត់
ពេលខ្លះគាត់បិទទូរស័ព្ទទៀត នាំគ្នាភ័យណាស់
រង់ចាំគាត់រហូតដល់គាត់មកអីចឹង ពេលគាត់មកនាំគ្នាចូលគេអីចឹងទៅ
ខ្ញុំយល់ថា ជាការប្រឈមតែជាការងាររបស់យើងត្រូវធ្វើឲ្យបាន»។
យ៉ាងណាក៏ដោយ កញ្ញា ឡុង គីមហៀង នៅតែប្រកាន់ជំហរបំពេញការងារប្រកបដោយវិជ្ជាជីវៈ បើទោះជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ៖ «សហគមន៍
ហ្នឹងត្រូវបានអាជ្ញាធរប្រើហិង្សា រុញច្រាន
ខ្ញុំត្រូវបានគេចាប់កាមេរ៉ា ហើយលុបរូបអស់រលីង
គេរុញត្រូវខែលដែលមុតស្រួច។ បញ្ហាមួយទៀតហ្នឹង មិនមែនតែខ្ញុំទេ
គឺប្រឈមចោទប្រកាន់ពីតុលាការគ្រប់ពេលទាំងអស់
នេះជារឿងគួរឲ្យបារម្ភ។ បញ្ហាមួយទៀតហ្នឹង គឺការប្រមាថមើលងាយ
សុវត្ថិភាពផ្ទាល់ខ្លួន»។
រំលឹកដល់ត្រង់នេះ គីមហៀង បន្តថា នាងភ័យខ្លាចបារម្ភពីសុវត្ថិភាព
ប៉ុន្តែនាងបែរជាសប្បាយចិត្តវិញ នៅពេលដែលទៅស្រុកកំណើតម្តងៗ
ដោយសារតែបានទទួលការស្រឡាញ់ចូលចិត្តពីអ្នកភូមិ
និងក្រុមគ្រួសារញាតិមិត្ត។ គីមហៀង បង្ហើបថា អ្នកភូមិរាប់រក
ដោយសារនាងជាមនុស្សស្រីតែម្នាក់គត់នៅក្នុងភូមិ
ដែលអាចរៀនបានខ្ពស់ចប់ថ្នាក់មហាវិទ្យាល័យ។ កញ្ញា គីមហៀង បន្តថា
នាងមានបំណងចង់ឲ្យគ្រួសារនាងជៀសឆ្ងាយពីអំពើពុករលួយ
ហើយក៏ចង់ឲ្យពលរដ្ឋ និងយុវជនកម្ពុជា
ចូលរួមលើកតម្កើងការគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែរ។
កញ្ញា ឡុង គីមហៀង៖ «សុំឲ្យប្រជាពលរដ្ឋទូទៅត្រូវតែប្រើប្រាស់
សិទ្ធិរបស់ខ្លួន ដើម្បីការពារដីធ្លីផ្ទះសម្បែងរបស់ខ្លួន
សុំឲ្យប្រជាពលរដ្ឋដែលមិនទាន់មានបញ្ហា ចូលរួមគាំទ្រអ្នកដែលបញ្ហា
សុំឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាល
អនុវត្តឲ្យបាន ដើម្បីធ្វើយ៉ាងណាបង្ហាញថា
រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ
នៅក្នុងប្រទេស»។
កញ្ញា ឡុង គីមហៀង ជាកូនស្រីច្បងក្នុងចំណោមបងប្អូនប្រុសស្រី
៧នាក់ ដែលមានឪពុកម្តាយជាអាជីវករនៅខេត្តបន្ទាយមានជ័យ។
កាលពីកុមារភាព ត្រូវរៀនថ្នាក់ទី១ រហូតដល់៣ឆ្នាំ និងថ្នាក់ទី៨
ពីរឆ្នាំ ដោយសារតែការផ្លាស់ប្ដូរទីលំនៅរបស់ឪពុកម្តាយ
តាំងពីជំរុំសាយធូ ទៅខេត្តកំពង់ចាម រហូតត្រឡប់ទៅខេត្តបន្ទាយមានជ័យ
ជាទីលំនៅបច្ចុប្បន្នវិញ។
កញ្ញា គីមហៀង ធ្លាប់មានបទពិសោធន៍ការងារជាជាងកាត់ដេរខោអាវ
គ្រូបង្រៀនភាសាអង់គ្លេស មន្ត្រីបណ្ដុះបណ្ដាលសហជីព
មន្ត្រីផ្តល់ព័ត៌មានតាមសកលវិទ្យាល័យ បុគ្គលិកផ្នែកគណនេយ្យ
និងហិរញ្ញវត្ថុ។ កញ្ញាបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ
និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យមួយនៅភ្នំពេញ
ហើយនាងកំពុងបន្តការសិក្សាបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ឆ្នាំទី៤។
នៅថ្ងៃអនាគត កញ្ញា គីមហៀង
មានបំណងធ្វើជាអ្នកនយោបាយស្ត្រីមួយរូប
ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម។ ប៉ុន្តែ
នាងមិនបញ្ជាក់ថានឹងចូលរួមគណបក្សនយោបាយណាមួយនៅឡើយ។ គីមហៀង
យល់ឃើញថា មានតែលទ្ធិប្រជាធិបតេយ្យទេទើបនាំឲ្យកម្ពុជា
មានសេចក្តីសុខ និងរីកចម្រើន។
ដូចនេះយុវជនទាំងអស់ត្រូវចូលរួមជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស
គោរពច្បាប់ ទើបកម្ពុជា រីកចម្រើនជាយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
This is a product of Refugee camp side II,I am very proud of her.May God bless you young lady,May god protects you all the time.
Thank you very much.
Miss Kim Heang Long, thank you for the caring for our poor people. God is always being with
you protecting you and seeing you get through a steadily growth in both physical and spiritual
realms. You are a very very beautiful young lady !!! Keep up the great work my dearest.
KPCS
Post a Comment