Civil society warned of social instability due to judicial injustice, like Yorm Bopha's case and Sok Sam Oeun's and Born Samnang's case.
ដោយ វណ្ណ វិចារ 2012-12-30 RFA
ការកាត់ទោសសកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ គឺអ្នកស្រី យ៉ោម
បុប្ផា
ត្រូវបានសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការសវនាការព្រមានរដ្ឋាភិបាល
ឲ្យគិតគូរពីអស្ថិរភាពសង្គម ព្រោះតែតុលាការអយុត្តិធម៌។
ស្របពេលនេះដែរ
អ្នកច្បាប់ជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែមពីក្រមសីលធម៌ដល់
ចៅក្រម ព្រះរាជអាជ្ញា
ដើម្បីឲ្យចេះធ្វើការសម្រេចសេចក្ដីប្រកបដោយយុត្តិធម៌។
សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា
មួយចំនួនសំដែងការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីដឹងដំណឹងថា
សាលក្រមស្ថាពរតុលាការរាជធានីភ្នំពេញ សម្រេចដាក់ទោសសកម្មជនបឹងកក់
អ្នកស្រី យ៉ោម បុប្ផា និងស្វាមី ឲ្យជាប់គុកម្នាក់ៗ ៣ឆ្នាំ
និងពិន័យជាប្រាក់សរុបចំនួន ៦០លានរៀលទៅឲ្យភាគីដើមបណ្ដឹង។
ការសម្រេចសេចក្ដីនេះ ត្រូវបានមជ្ឈដ្ឋានអ្នកស្នេហាសិទ្ធិមនុស្ស
ហៅថាជាការសម្រេចសេចក្ដីដ៏ប្រថុយប្រថាន
និងមានករណីគួរឲ្យសង្ស័យជាច្រើន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ
នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ
ទី២៨ ធ្នូ មានប្រសាសន៍ថា តាមរយៈសវនាការ គេសង្កេតឃើញថា
មានចំណុចអវិជ្ជមាន ៣ សំខាន់ៗ ដែលចៅក្រមហាក់មិនបានធ្វើការពិចារណា
ដូចជាជនរងគ្រោះ យាយពីពេលវេលាកើតហេតុ
ការចង្អុលបង្ហាញពីតួនាទីអ្នកស្រី យ៉ោម បុប្ផា
ក្នុងការប្រព្រឹត្តបទល្មើស
និងការសម្រេចពិន័យជាប្រាក់ធ្ងន់ធ្ងរទៅលើជនត្រូវចោទ។
លោកបន្តថា ចំណុចដែលសង្ស័យមួយទៀតនោះ
គឺស្ត្រីជាប់ទោសមានតួនាទីសំខាន់
និងចេញមុខខ្លាំងជាងគេក្នុងការតវ៉ាឲ្យដោះលែងស្ត្រីបឹងកក់ទាំង
១៣នាក់ ដែលត្រូវតុលាការចាប់ដាក់គុកនៅពេលកន្លងទៅ។
លោក អ៊ូ វីរៈ បញ្ជាក់ថា ការសម្រេចសេចក្ដីមានភាពអយុត្តិធម៌
នឹងក្លាយជាកត្តាចម្បងបំផុតដែលនាំឲ្យមានវិបត្តិសង្គមទៅថ្ងៃ
មុខ៖ «ក្នុងសវនាការ ខ្ញុំមើលទៅហាក់ដូចជាកណ្ដាល...
កណ្ដាលវាលមែនទែន។ ខ្ញុំចេះតែរំលឹកៗថា
ប្រព័ន្ធតុលាការត្រូវទាក់ទាញការទុកចិត្តពីប្រជាពលរដ្ឋ
បើសិនជាអត់ទេ នឹងនាំសង្គមមួយប្រេះឆា។ ខ្ញុំរំលឹកហ្នឹង
មិនចង់ឲ្យសង្គមប្រេះឆា
សង្គមមួយមានជម្លោះគេមានតុលាការមួយដោះស្រាយ
ដើម្បីកុំឲ្យជម្លោះមួយក្លាយទៅជាហិង្សា
សង្គមដែលតុលាការមិនគួរជាទីទុកចិត្តនឹងនាំឲ្យមានជម្លោះកើតឡើង
អស្ថិរភាពក៏កើតឡើងដែរ»។
លោក អ៊ូ វីរៈ បន្តថា
លោកស្នើឲ្យពលរដ្ឋជួយត្រិះរិះពិចារណាមើលករណីតូចមួយដែលជនរង
គ្រោះនិយាយថា ខ្លួនគាត់ត្រូវគេវាយសន្លប់
តែបែរជាប្រាប់តុលាការថា អ្នកស្រី យ៉ោម បុប្ផា
ជាអ្នកចង្អុលបញ្ជាឲ្យអ្នកផ្សេងវាយទៅលើក្រុមខ្លួនទៅវិញ។
លោក អ៊ូ វីរៈ ដាក់សំណួរសួរទៅវិញថា តើអ្នកសន្លប់ពិតជាបានដឹងច្បាស់នូវហេតុការណ៍ដែលកើតមានជុំវិញខ្លួន ឬយ៉ាងណា?
ទន្ទឹមនឹងនេះ
ជនជាប់ចោទម្នាក់ទៀតដែលតុលាការសម្រេចឲ្យនៅក្រៅឃុំ
ហើយត្រូវជាប្តីរបស់អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន បញ្ជាក់ថា
លោកមិនបានជួបប្អូនថ្លៃដែលមានទំនាស់ជាមួយជនរងគ្រោះចំនួនជាង
៣ឆ្នាំមកហើយ ហើយលោកនិងប្រពន្ធ
ក៏មិនបានបញ្ជាឲ្យប្អូនថ្លៃទៅវាយដើមបណ្ដឹងដែរ។
លោក លួស សាខន បន្តថា ជនរងគ្រោះក៏មិនបានប្រាប់តុលាការថា
ខ្លួនត្រូវក្រុមគ្រួសារ យ៉ោម បុប្ផា វាយឡើយ
ប៉ុន្តែតុលាការបែរជាសម្រេចផ្ដន្ទាទោសយ៉ាងអយុត្តិធម៌ទៅវិញ៖ «ជន
រងគ្រោះដែលបានឡើងសវនាការបានបញ្ជាក់ថា ក្នុងយប់នោះ គឺមានតែគេ
និងពួកម៉ាកគេទេដែលអង្គុយនៅក្នុងតៀមស្រាហ្នឹង
គ្មានអ្នកណាអង្គុយនៅទីនោះហ្នឹង ហើយខ្ញុំនិងគ្រួសារខ្ញុំ
ក៏មិនបានមាននៅក្នុងកន្លែងកើតហេតុហ្នឹងទេ
គេបានបញ្ជាក់អ៊ីចឹងនៅក្នុងតុលាការ»។
ចំណែកឯពលរដ្ឋម្នាក់ឈ្មោះលោក វីរៈ រស់នៅរាជធានីភ្នំពេញ
បានទូរស័ព្ទចូលក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
បានបង្ហាញទស្សនៈថា តាមស្ដាប់អង្គហេតុ និងដំណើររឿង លោកយល់ថា
អ្នកស្រី យ៉ោម បុប្ផា មិនគួរណាត្រូវតុលាការផ្ដន្ទាទោសនោះទេ។
លោកបន្តថា ប្រជាពលរដ្ឋក្រីក្រនឹងត្រូវជាប់គុកជាបន្តទៀតដោយសារតុលាការមិនយុត្តិធម៌៖
«ដរាបណាមិនមានការកែទម្រង់ប្រព័ន្ធតុលាការហ្នឹងទេ
ពលរដ្ឋក្រីក្រចាំតែជាប់គុកទៅ
ហើយរដ្ឋាភិបាលហ្នឹងចាំតែពង្រីកគុកអ៊ីចឹងទៅ។ អ៊ីចឹងគិតឲ្យមែនទែន
ព្រោះជិតបោះឆ្នោតហើយនៅតែមានបញ្ហាសម្រាប់អ្នកក្រ»។
ចំណែកឯក្នុងទំព័របញ្ចេញទស្សនៈរបស់វិទ្យុអាស៊ីសេរីវិញ
អ្នកអានម្នាក់មកពីខេត្តសៀមរាប ឈ្មោះ ភ្នំបូក បានដាក់ជាសំណួរថា
តើអង្គការសហប្រជាជាតិប្រចាំនៅស្រុកខ្មែរអាចជួយលោក សុក សំអឿន លោក
ប៊ន សំណាង លោក សម រង្ស៉ី លោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា
និងអ្នកទោសនយោបាយផ្សេងៗទៀត អោយមានសេរីភាពបានទេ?
ព្រោះគ្មានអ្នកណាជួយពួកគាត់បានទេ។
អំពើអយុត្តិធម៌នៅស្រុកខ្មែរមិនអាចដោះស្រាយបានទេ
មានតែអន្តរជាតិទេ សូមជួយផងៗ!។
ទោះយ៉ាងណាក្តី លោក វ៉ាត ថៃសេង និងលោក ង៉ែត ចិត្ត ដែលអះអាងថា
ជាជនរងគ្រោះដោយអំពើហិង្សានេះ និយាយថា ក្រុមគ្រួសាររបស់អ្នកស្រី
យ៉ោម បុប្ផា មានចេតនាចង់សម្លាប់ពួកគាត់ ដោយប្រើពូថៅ និងទួរណឺវីស
ក្រោមបទចោទថា ពួកគេបានលួចកញ្ចប់រថយន្តរបស់អ្នកស្រី យ៉ោម បុប្ផា។
ប្រធានសមាគមរួមគ្នាសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍
ដែលគាំទ្រការផ្ដន្ទាទោសទៅលើអ្នកស្រី យ៉ោម បុប្ផា គឺលោក ឯ សុភាស់
ថ្លែងថា
ការសម្រេចសេចក្ដីរបស់តុលាការពិតជាយុត្តិធម៌សម្រាប់ក្រុមលោក ។
លោកបន្តថា លោកស្នើឲ្យតុលាការតាមចាប់ខ្លួនប្អូនជនជាប់ចោទពីរនាក់ផ្សេងទៀត ដែលនៅក្រៅឃុំយកមកដាក់ទោសឲ្យបាន៖ «យ៉ាង
ម៉េចក៏ដោយ បើភាគីគេចង់ឧទ្ធរណ៍ ជាសិទ្ធិសេរីភាពរបស់តុលាការ
ប៉ុន្តែក្នុងពេលនេះជាលទ្ធផលយុត្តិធម៌
អ្វីដែលខ្ញុំចង់បង្ហាញនៅពេលនេះ ចង់ប្រាប់ថា
ពួកយើងខ្ញុំក៏មានសិទ្ធិដូចគេឯងដែរ»។
បើទោះជាមានការគាំទ្រពីសំណាក់សមាគមរួមគ្នាសម្រាប់អភិវឌ្ឍន៍
វិស័យទេសចរណ៍ក្តី
ក៏សង្គមស៊ីវិលដែលសកម្មក្នុងការការពារសិទ្ធិមនុស្ស
នៅតែទាមទារឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ដដែល ព្រោះថា
ក្នុងអង្គសវនាការពិតជាមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់
ដើម្បីដាក់បន្ទុកជនសង្ស័យនោះទេ។
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា
ការសម្រេចផ្ដន្ទាទោសជនជាប់ចោទណាមួយ
តុលាការត្រូវតែរកឃើញនូវគ្រប់ចំណុចទាំងឡាយដែលជាប់ពាក់ព័ន្ធនឹង
រឿងក្ដី។
លោកបន្តថា បើសិនជាមានចំណុចសង្ស័យណាមួយ
តុលាការមិនអាចដាក់ទោសជនជាប់ចោទបានទេ ព្រោះច្បាប់កម្ពុជា ចែងថា
វិមតិសង្ស័យត្រូវបានទៅលើជនសង្ស័យ ប៉ុន្តែពេលខ្លះតុលាការកម្ពុជា
បែរជាយកវិមតិសង្ស័យទៅដាក់ទោសជនសង្ស័យទៅវិញ
ដែលមិនត្រឹមត្រូវតាមស្មារតីច្បាប់នោះឡើយ។
លោក សុក សំអឿន៖ «វិមតិសង្ស័យត្រូវបានទៅលើជនជាប់ចោទ
និងត្រូវបានទៅលើជនសង្ស័យ អ៊ីចឹងយើងអត់យល់ទេ
ហេតុដូចនេះទាមទារឲ្យមានការអប់រំចៅក្រម ដូចយើងសម័យ ប៉ុល ពត ហ្នឹង
ជាប់អីតិចវៃចោលហើយ»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
នៅតែសង្ស័យថា ការសម្រេចសេចក្ដីទៅលើស្ត្រីបឹងកក់
ជាករណីរៀបចំទុកជាមុន
និងសំដៅដាក់ទោសទណ្ឌអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លី។ លោកបន្តថា
ប្រព័ន្ធគ្រប់គ្រងតុលាការសព្វថ្ងៃ
ពិតជានាំមកនូវភាពអយុត្តិធម៌ដែលគួរឲ្យព្រួយបារម្ភ។
ទាក់ទិននឹងការសម្រេចសេចក្ដីលើករណីស្ត្រីបឹងកក់នេះ អង្គការ
និងសមាគមចំនួន ១៧ បានចេញសេចក្ដីថ្លែងការណ៍រួមមួយភ្លាមៗ
ជំរុញឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនដីធ្លី
និងគួរតែដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
សេចក្ដីថ្លែងការណ៍បានកត់សម្គាល់នូវចំណុចគួរឲ្យសង្ស័យ ពិសេសគឺភស្តុតាង និងសាក្សីដែលមិនមានមូលដ្ឋានច្បាស់លាស់៕
No comments:
Post a Comment