តុលាការកាត់ទោសអ្នកបឹងកក់៤នាក់ឲ្យជាប់ពន្ធនាគារ៦ខែពីបទប្រមាថនិងប្រឆាំងអ្នករាជការ
ដោយ យ៉ង ចាន់តារា
2016-09-19
2016-09-19
តាមពាក្យបណ្ដឹងរបស់សាលារាជធានីភ្នំពេញ តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទ ទី១៩ កញ្ញា កាត់ទោសស្ត្រីសកម្មជនបឹងកក់ ៤រូប គឺអ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និងលោកស្រី ហេង ម៉ុំ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលពួកគេតវ៉ាសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១ កន្លងទៅ។
នៅក្នុងបន្ទប់សវនាការដែលមានទាំងសំរាម និងលាមកសត្វផង ចៅក្រមជំនុំជម្រះបានបើកការសាកសួរសកម្មជនបឹងកក់ ៣រូប គឺអ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា និងលោកស្រី បូ ឆវី ដោយឡែកលោកស្រី ហេង ម៉ុំ បានអវត្តមាន។ បន្ទាប់មក តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង ក៏បានសាកសួរសកម្មជនទាំង ៣នាក់ដែរ អំពីសកម្មភាពតវ៉ារបស់ពួកគេនៅមុខសាលារាជធានីភ្នំពេញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១ នោះ។ ចំណែកក្រុមមេធាវីជនជាប់ចោទ ៣រូប គឺលោក ហម ស៊ុនរិទ្ធិ អ្នកស្រី សាម សុគន្ធា និងលោក លី សុចិត្រា បានលើកទឡ្ហីករណ៍ផ្នែកច្បាប់ជាច្រើនទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីមកដោះបន្ទុកកូនក្តីរបស់ខ្លួន។
សកម្មជនបឹងកក់ទាំង ៣រូប បានឡើងឈរម្នាក់ម្តងៗនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឆ្លើយសំណួររបស់ចៅក្រម តំណាងអយ្យការ និងមេធាវី។ ទាំងអ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា និងលោកស្រី បូ ឆវី សុទ្ធតែបដិសេធដូចគ្នាថា ពួកគេមិនបានជេរប្រមាថ និងប្រើអំពើហិង្សាលើមន្ត្រីរាជការសាធារណៈ ដូចការចោទប្រកាន់របស់សាលារាជធានីភ្នំពេញនោះទេ។ អ្នកទាំងបីអះអាងថា សកម្មភាពរបស់ពួកគេនៅពេលនោះ គឺដើម្បីយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេ។ ផ្ទុយទៅវិញ មានតែសមត្ថកិច្ចទេដែលប្រើអំពើហិង្សា ដោយចាប់ពួកគេដាក់ឡានតែម្តងកាលពីជិត ៥ឆ្នាំមុននោះ។
សកម្មជនបឹងកក់ទាំង ៣នាក់ និងមេធាវីរបស់ពួកគេ បានស្នើឲ្យតុលាការទម្លាក់ចោលបទចោទនោះ ព្រមទាំងដោះលែងអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំ។
ទោះបីជាយ៉ាងណា ក្រោយសវនាការរយៈពេលជិត ៣ម៉ោង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនស្ត្រីបឹងកក់ទាំង ៤រូប ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា៥០២ និង ៥០៤ នៃក្រមព្រហ្មទណ្ឌ។
ការប្រកាសសាលក្រមមិនទាន់នឹងចប់ផង សកម្មជនបឹងកក់ទាំង ៣រូប បានស្រែកពេញបន្ទប់សវនាការថា “អយុត្តិធម៌” ហើយបន្តិចក្រោយមក អ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ចូលទៅក្នុងរថយន្តពន្ធនាគារ ដែលកំពុងចតរួចជាស្រេចនៅជាន់ផ្ទាល់ដី។ លោកស្រី គង់ ចន្ថា និងលោកស្រី បូ ឆវី បានព្យាយាមរត់ចូលក្នុងឡានជាមួយអ្នកស្រី ទេព វន្នី តែត្រូវសមត្ថកិច្ចរារាំង។
សកម្មជនបឹងកក់មួយរូប លោកស្រី គង់ ចន្ថា ដែលត្រូវបានតុលាការកាត់ទោស ថ្លែងថា ការកាត់ក្តីនេះ គឺជាការគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីសហគមន៍បឹងកក់ មិនឲ្យងើបតវ៉ា៖ «ផ្ទះនៅតំបន់បឹងកក់ ៥-៦-៧ឆ្នាំហើយ តើមានមន្ត្រីមួយណាដែលចេញដោះស្រាយឲ្យប្រជាពលរដ្ឋនោះ ហើយប្រជាពលរដ្ឋអត់ចង់បានអំណាចអ្វីទេ ចង់បានតែសិទ្ធិរស់រានមានជីវិតតែប៉ុណ្ណឹង។ កុំព្យាយាមលាបពណ៌ប្រជាពលរដ្ឋថាគណបក្សប្រឆាំងធ្វើចំណេញនយោបាយ។ កុំឲ្យបក្សប្រឆាំងចំណេញនយោបាយ គណបក្សប្រជាជន (កម្ពុជា) ដោះស្រាយបញ្ចប់បញ្ហាឲ្យប្រជាពលរដ្ឋតំបន់បឹងកក់ទៅ»។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការ។ តាមរយៈការចូលស្តាប់សវនាការ លោក អំ សំអាត ថ្លែងថា មិនមានអង្គហេតុ ឬអង្គច្បាប់ច្បាស់លាស់ណាមួយ ដែលអាចដាក់បន្ទុកថាពលរដ្ឋបឹងកក់ទាំង ៤រូប បានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។ លោកបន្តថា នេះជាការដាក់សម្ពាធថ្មីមួយទៀតដល់អ្នកបឹងកក់ ដែលរងគ្រោះដោយសារបញ្ហាដីធ្លី និងដែលតែងចេញមុខតវ៉ាទាមទារឲ្យមានយុត្តិធម៌សង្គម ហើយក៏ជាការគំរាមសហគមន៍នេះ មិនឲ្យបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងស្វែងរកយុត្តិធម៌ជូនសពបណ្ឌិត កែម ឡី៖ «ខ្ញុំគិតថា នេះជាការដាក់សម្ពាធ ជាការដាក់គំនាបសម្រាប់អ្នកបឹងកក់មួយទៀតដែរ ហើយបើយើងនិយាយអំពីឫសគល់នៃបញ្ហាដែលកើតឡើងនៃការចាប់ខ្លួន គឺវាចេញអំពីបញ្ហាដីធ្លី។ បើសិនជាយើងពន្លឿនការដោះស្រាយបញ្ហាដីធ្លីដល់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ខ្ញុំគិតថា វាមិនមានដល់ការតវ៉ា មិនមានដល់ការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់នោះទេ»។
ស្របពេលដែលតុលាការកំពុងបើកសវនាការជំនុំជម្រះ នៅខាងក្រៅតុលាការឯណោះវិញ សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នាស្រែកតវ៉ាទាមទារឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពវិញ។ លើសពីនេះ ដោយអស់ជំនឿលើប្រព័ន្ធតុលាការបច្ចុប្បន្ន ក្រុមអ្នកតវ៉ាបានងាកទៅរកតុលាការយមរាជវិញ។ ពួកគេបានធ្វើសំពៅមួយដោយដាក់ឈ្មោះថា សំពៅនរក ដែលផ្ទុកទៅដោយបាយសី លាជ ទឹកពណ៌ក្រហមមួយដបតំណាងឲ្យឈាម គ្រាប់ធញ្ញជាតិ ដូចជា ស្រូវ សណ្ដែក ល្ង ជាដើម ព្រមទាំងមានរូបយមបាល និងយមទូត។ តាមរយៈសំពៅនរកដែលបែងចែករវាងអ្នកធ្វើល្អ និងធ្វើអាក្រក់នេះ ក្រុមអ្នកតវ៉ាមានជំនឿថា យមបាល និងយមទូត នឹងផ្ដល់យុត្តិធម៌ជូនពួកគេ ដោយដាក់ទោសអ្នកដែលសាងអាក្រក់លើអ្នកបឹងកក់។
ការប្រមូលផ្តុំគ្នារបស់សហគមន៍មានទំនាស់ដីធ្លីនេះ មិនមានការប៉ះទង្គិចជាមួយអាជ្ញាធរ ឬក្រុមសន្តិសុខសាលារាជធានីភ្នំពេញនោះទេ។
ក្រុមស្ត្រីបឹងកក់អះអាងថា ពួកគេនឹងប្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះបដិសេធចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីនេះ ពួកគេប្រកាន់ជំហរថា នឹងធ្វើការតវ៉ាជាបន្តទៀត ដើម្បីឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទទាំងឡាយប្រឆាំងនឹងពលរដ្ឋសហគមន៍បឹងកក់៕
No comments:
Post a Comment