មន្ត្រីគណបក្សប្រឆាំងខេត្តកំពង់ធំធ្វើយុទ្ធនាការរៃអង្គាសប្រាក់ជួយពលរដ្ឋមួយគ្រួសារ
ដោយ សូត សុខប្រាថ្នា
2016-09-18
2016-09-18
យុទ្ធនាការ របស់មន្ត្រីបក្សប្រឆាំងដើម្បីស្វែងរកថវិកាជួយពលរដ្ឋចាញ់ក្តីរឿង ដីធ្លីមួយគ្រួសារ រួមមានផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយតាមបណ្ដាញសមាជិកបក្សនៅតាមមូលដ្ឋានរបស់ខ្លួន។
ក្រៅ ពីនេះ នឹងមានចេញជាលិខិតផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋដែលស្អប់ខ្ពើម ភាពអយុត្តិធម៌ និងសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស ចូលរួមជួយពលរដ្ឋដែលពួកគេអះអាងថា រងភាពអយុត្តិធម៌ដោយតុលាការខេត្តកំពង់ធំ។
សមាជិក ប្រតិបត្តិខេត្តកំពង់ធំ គណបក្សសង្គ្រោះជាតិ លោក ថៃ ធីម មានប្រសាសន៍ថា ការចូលរួមជួយពលរដ្ឋរងការបណ្ដេញចេញពីដីលំនៅឋាន និងត្រូវបានអាជ្ញាធររុះរើផ្ទះសម្បែងនោះ គឺជាការរួមចំណែកជួយពួកគេឲ្យរួចផុតពីបញ្ហាប្រឈមចំពោះមុខ ម្យ៉ាងបង្ហាញពីការមិនពេញចិត្តចំពោះរឿងអយុត្តិធម៌ក្នុងសង្គម។ លោកថា បច្ចុប្បន្នខាងលោកទទួលបានថវិកាចំនួន ២០០ដុល្លារសហរដ្ឋអាមេរិកពីសប្បុរសជន ដើម្បីជួយដល់ក្រុមគ្រួសារពលរដ្ឋរូបនោះ៖ «ឥឡូវ គាត់ត្រូវបានបាត់ដីបាត់ធ្លី។ សំខាន់បំផុត គឺចង់ឲ្យគ្រួសារគាត់មានលំនៅឋានសមរម្យឡើងវិញ ពីព្រោះថាគាត់រំលោភបាត់ដី ហើយមិនដឹងត្រូវទៅជ្រកកោននៅឯណាទេ»។
កាល ពីថ្ងៃទី១៦ កញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីសមត្ថកិច្ចស្រុកជាច្រើននាក់ បានចុះអនុវត្តសាលដីកា ហើយបានរុះរើផ្ទះសម្បែងរបស់ ស៊ុយ ស៊ីម ជាពលរដ្ឋ និងជាសកម្មជនគណបក្សសង្គ្រោះជាតិ នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ព្រមទាំងតម្រូវឲ្យពួកគេរើចេញពីដីដែលធ្លាប់រស់នៅ ពីព្រោះតុលាការគ្រប់ជាន់ថ្នាក់បានកាត់សេចក្តីឲ្យចាញ់កាលពីពេល កន្លងទៅ។ សំណុំរឿងនេះ កើតឡើងតាំងពីឆ្នាំ២០០១ ក្រោយពេលអ្នកស្រី ហួត យី ដែលមានព្រំដីជាប់គ្នានឹងលោក ស៊ុយ ស៊ីម ជាដើមបណ្ដឹងប្ដឹងទារយកដីទំហំ ១៥ម៉ែត្រគុណ ៣៥ម៉ែត្រពីលោក ស៊ុយ ស៊ីម។
នៅពេលមន្ត្រីតុលាការ និងសមត្ថកិច្ចចុះអនុវត្តសាលដីកានោះ គឺបានចាប់ខ្លួនលោក ស៊ុយ ស៊ីម និងពលរដ្ឋក្បែរខាងម្នាក់ទៀតបញ្ជូនខ្លួនទៅឃុំនៅស្នងការដ្ឋាន នគរបាលខេត្ត ដោយចោទថាបានរារាំងការងាររបស់តុលាការ តែក្រោយមក ពួកគេទាំងពីរនាក់ត្រូវបានអាជ្ញាធរដោះលែងមកវិញកាលពីល្ងាចថ្ងៃ ទី១៦ កញ្ញា។
ពលរដ្ឋនៅឃុំត្នោតជុំ លោក ស៊ុយ ស៊ីម មានប្រសាសន៍ថា បច្ចុប្បន្នក្រុមគ្រួសាររបស់លោកមិនទាន់មានកន្លែងស្នាក់នៅពិត ប្រាកដទេ ដោយផ្ទះសម្បែងត្រូវអាជ្ញាធររុះរើបណ្ដាលឲ្យបាក់បែកស្ទើរ ទាំងស្រុង។ ចំណែកដីលំនៅឋានទទឹង ១៥ម៉ែត្រ និងបណ្តោយ ៣៥ម៉ែត្រ ត្រូវបានគេរឹបអូស ព្រោះតុលាការបានកាត់ក្តីឲ្យលោកចាញ់អ្នកក្បែរខាង។ លោកថា ប្រពន្ធ និងកូនរបស់លោកមួយចំនួន សុំផ្ទះអ្នកជិតខាងស្នាក់អាស្រ័យបណ្ដោះអាសន្ន ចំណែកគាត់កំពុងរស់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ទម្រាំរកប្រាក់ទិញដី និងធ្វើផ្ទះសមរម្យឡើងវិញបាន៖ «បងអើយ! ប្រពន្ធខ្ញុំដេកយំរាល់តែថ្ងៃ ថ្ងៃគេរើរុះ ប្រពន្ធខ្ញុំសន្លប់ ត្រូវគេយកទៅពេទ្យ»។
ប្រភព ដដែលរំឭកថា ដីលំនៅឋានដែលគ្រួសារលោកធ្លាប់រស់នៅកន្លងមក គឺរស់នៅតកូនតចៅ ប៉ុន្តែក្រោយពេលឪពុកម្ដាយលោកស្លាប់ទៅ អ្នកជិតខាងបានដាក់ពាក្យប្ដឹងគ្រួសារលោក ដោយថាដីគាត់រស់នៅ គឺជាដីរបស់គេ ហើយតុលាការគ្រប់ថ្នាក់កាត់ក្តីឲ្យគ្រួសារលោកចាញ់រហូត។ ចំណែកពលរដ្ឋរូបនេះយល់ថា ការកាត់ក្តីទាំងនោះអយុត្តិធម៌ មិនបានស៊ើបអង្កេតឲ្យបានច្បាស់លាស់ ហើយពួកគាត់ចេះតែប្រឆាំងទៅនឹងការអនុវត្តសាលដីការបស់តុលាការជា បន្តបន្ទាប់។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្ត កំពង់ធំ លោក ញូង សាមឿន មើលឃើញថា ការអនុវត្តសាលដីការបស់តុលាការកាលពីថ្ងៃទី១៦ កញ្ញា គឺជារូបភាពក្តៅតែម្តង មិនបានធ្វើតាមនីតិវិធីត្រឹមត្រូវទេ។ ដោយឡែកសកម្មភាពរៃអង្គាសថវិកាជួយក្រុមគ្រួសារពលរដ្ឋរូបនោះ ដើម្បីដោះស្រាយបញ្ហាប្រឈមវិញ លោកបញ្ជាក់ថា វាជារូបភាពមនុស្សធម៌នៅក្នុងសង្គម។ លោកថា រូបភាពនេះ ពួកគេត្រូវធ្វើឲ្យបានទូលំទូលាយ មិនចំពោះតែសកម្មជនបក្សរបស់ខ្លួនទេ ពោលគឺសម្រាប់ពលរដ្ឋទូទៅឲ្យតែពួកគេរងភាពអយុត្តិធម៌ពីសំណាក់ ប្រព័ន្ធតុលាការ ឬការគ្រប់គ្រងរបស់អាជ្ញាធររដ្ឋជាដើម៕
No comments:
Post a Comment