សហគមន៍មានទំនាស់ដីធ្លីនឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី២០នៅមុខតុលាការ
ដោយ យ៉ង ចាន់តារា
2016-09-18
2016-09-18
សហគមន៍មានទំនាស់ដីធ្លី នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី២០។
ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងស្របពេលតុលាការក្រុងភ្នំពេញ គ្រោងបើកសវនាការសំណុំរឿងដែលសាលារាជធានីភ្នំពេញ ប្ដឹងពលរដ្ឋសហគមន៍បឹងកក់ពីបទជេរប្រមាថប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១១ កន្លងទៅ។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៨ កញ្ញា ថា ពលរដ្ឋសហគមន៍របស់លោកស្រី នឹងលើកគ្នាទៅស្រែកតវ៉ានៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់ចោលបទចោទប្រឆាំងនឹងតំណាងពលរដ្ឋបឹងកក់ពីររូបទៀត គឺលោកស្រី បូ ឆវី និងលោកស្រី គង់ ចន្ថា។ ភ្ជាប់ទៅនឹងការទាមទារនេះ ក្រុមពលរដ្ឋនៃសហគមន៍បឹងកក់ ក៏នឹងស្រែកទាមទារដល់អាជ្ញាធរ ឲ្យដោះលែងមន្ត្រីសមាគមអាដហុក (ADHOC) និងលោក នី ចរិយា ដែលកំពុងជាប់ឃុំ៖ «»។
ចំណែកសហគមន៍បុរីកីឡា ក៏នឹងទៅប្រមូលផ្តុំគ្នានៅមុខតុលាការក្រុងភ្នំពេញដែរ ដើម្បីតាមដានសវនាការអ្នកបឹងកក់ និងសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ កញ្ញា។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ឲ្យដឹងថា ពលរដ្ឋប្រមាណ ៣០នាក់នៃសហគមន៍របស់លោកស្រី នឹងទៅជួបជុំគ្នាជាមួយសហគមន៍បឹងកក់ និងសហគមន៍មានទំនាស់ដីធ្លីដទៃទៀត ដើម្បីធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅមុខតុលាការតែម្តង។
លោកស្រីបញ្ជាក់ថា សហគមន៍បុរីកីឡាមិនមានការបារម្ភឡើយចំពោះការរារាំងរបស់អាជ្ញាធរ ពីព្រោះអ្វីដែលក្រុមសហគមន៍ធ្វើនេះ គឺដើម្បីទាមទារយុត្តិធម៌សង្គម ដែលមិនមែនជាការបង្កចលាចល ឬអសន្តិសុខសង្គមដូចការចោទរបស់អាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលនោះឡើយ៖ «»។
ជាញឹកញាប់ អាជ្ញាធរក្រុងភ្នំពេញ និងមន្ត្រីរដ្ឋាភិបាល តែងហៅយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ថាជាទម្រង់នៃបដិវត្តន៍ពណ៌ ហើយប្រកាសប្រឆាំងនឹងយុទ្ធនាការមួយនេះ។ អាជ្ញាធរតែងចុះបង្ក្រាប ឃាត់ខ្លួន និងឃុំខ្លួនអ្នកធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ រាប់តាំងពីពលរដ្ឋ សកម្មជនដីធ្លី រហូតដល់មន្ត្រីអង្គការសង្គមស៊ីវិល។
សហគមន៍មានទំនាស់ដីធ្លីធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ និងដោះលែងមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលពន្លឿនការរកយុត្តិធម៌ជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីពីរខែមុន។ ក្រៅពីនេះ ពួកគេទទូចឲ្យអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡាដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់។ បន្ថែមពីលើនេះ ពួកគេអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពីពាក់កណ្ដាលខែសីហា កន្លងទៅ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ មិនមែនជាបដិវត្តន៍ពណ៌នោះទេ ប៉ុន្តែជាទម្រង់នៃការបញ្ចេញមតិរបស់ពលរដ្ឋ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ លោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលគួរពិចារណាទៅលើការទាមទារ និងដោះស្រាយបញ្ហាទាំងនោះវិញ ជាជាងការប្រឹងបំបិទមាត់ពលរដ្ឋ ពីព្រោះវាប៉ះពាល់ដល់សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ថាជារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស៕
No comments:
Post a Comment