A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 13 August 2016
តំណាងរាស្ត្របក្សប្រឆាំងថាអ្នកទោសវាយតំណាងរាស្ត្រមានសេរីភាពជាងសកម្មជនខ្លួន
តំណាងរាស្ត្របក្សប្រឆាំងថាអ្នកទោសវាយតំណាងរាស្ត្រមានសេរីភាពជាងសកម្មជនខ្លួន
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦
(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ(រូបថតពីហ្វេសប៊ុក) លោក សុត វណ្ណនីនិងលោក ម៉ៅ ហឿន
តំណាងរាស្ត្របក្សសង្គ្រោះជាតិអះអាងថាអ្នកជាប់ឃុំនៅព្រៃស មានសេរីភាពខុសគ្នារវាងអ្នកទោសដែលវាយអ្នកតំណាងរាស្ត្រនិងសកម្មជនបក្សប្រឆាំង។
នៅព្រឹកថ្ងៃសុក្រនេះតំណាងរាស្រ្តបក្សប្រឆាំង២រូបបានចូលទៅសួរសូខទុក្ខសកម្មជនខ្លួនដែលត្រូវបានជាប់ឃុំនៅពន្ធនាគារចំនួន១៥នាក់ រួមទាំងលោក មាជ សុណ្ណរ៉ា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ឡុង រី បានឲ្យអ្នកសារព័ត៌មានដឹងក្រោយពីបានជួបជាមួយអ្នកជាប់ឃុំទាំងនោះថា ពួកគេមានការលំបាកក្នុងការសាកសួរសុខទុក្ខគ្នា ខណៈអ្នកទោសដែលវាយអ្នកតំណាងរាស្ត្រគឺពួកគេមានសិទ្ធិច្រើនជាង។
លោកបន្តថា៖ “ពួកគាត់មានការសំណូមពរថាមានការស្នើសុំសួរសុខទុក្ខអ្នកទោសមនសិការដូចគ្នាមានការលំបាក ក៏ប៉ុន្តែដោយឡែកអ្នកដទៃដែលបានវាយអ្នកតំណាងរាស្ត្រយើងនោះគឺថាមានសិទ្ធិដើរហើរស្រួល”។
លោក ឡុង រី បានបន្ថែមថានៅសប្តាហ៍ក្រោយក្រុមអ្នកតំណាងរាស្ត្រនឹងស្នើសុំទៅជួបជាមួយលោក អ៊ុំ សំអាន លោក ហុង សុខហួរ និងមេឃុំគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនទាក់ទងទៅនឹងបទសូកប៉ានសាក្សីផងដែរ។
ទាក់ទងទៅនឹងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក សន កែវ មានប្រសាសន៍ថាក្នុងការអនុវត្តទោសក្នុងពន្ធនាគារគឺត្រូវបានគ្រប់គ្រងដោយស្នើគ្នា មិនមានការបែងចែកអ្នកនយោបាយនៅក្នុងពន្ធនាគារនោះទេ។
លោកបន្ថែមថា៖ “ការពិតការគ្រប់គ្រងជនជាប់ឃុំ គឺយើងគ្រប់គ្រងស្មើៗគ្នាតាមនីតិវិធីច្បាប់។ មិនមានការរើសអើងអ្នកនយោបាយមិននយោបាយ ព្រោះនៅក្នុងពន្ធនាគារយើងអត់មានអ្នកនយោបាយទេ ទោសអ្នកនយោបាយអត់មានទេ។ ប្រហែលជាការយល់ឃើញរបស់គាត់ គឺការយល់របស់គាត់ តែសម្រាប់ការគ្រប់គ្រងគឺគ្រប់គ្រងដូចៗគ្នាស្មើៗគ្នា”។
មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អ៊ំ សំអាត ឲ្យវីអូឌីដឹងថាអ្នកទោសទាំងអស់នៅក្នុងពន្ធនាគារមិនមានអ្នកទោសណាមានសិទ្ធិជាងអ្នកណាទេ តែលោកថាប្រសិនបើមានករណីណាមួយដែលអ្នកទោសណាមួយមានសិទ្ធិសេរីភាពខ្ពស់ជាងអ្នកទោសដទៃ លោកហៅករណីនេះថាជាការរើសអើងឬបក្សពួកនិយម។
លោកបន្ថែមថា៖ “យើងឃើញហើយ កន្លងមកវាមានខ្លះមិនអត់ទេ ដែលអ្នកខ្លះមានសិទ្ធិក្នុងការដើរហើរឬក៏ចេញខាងក្រៅនោះ ច្រើនជាងអ្នកខ្លះទៀត ដោយសារអ្នកទាំងនោះ ទីមួយគាត់ធ្លាប់ជាអ្នកមានអំណាចឬក៏គាត់ជាអ្នកមានលុយមានទ្រព្យធន គាត់មានសិទ្ធិជាងអ្នកទោសធម្មតា។ អាហ្នឹងបើយើងនិយាយអំពីច្បាប់ យើងគិតថាវាខុស វាទៅជាមានការមិនស្មើភាពគ្នាចំពោះពួកគាត់“។
គួរបញ្ជាក់ផងថាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ១១នាក់រួមទាំងលោក មាជ សុវណ្ណរ៉ា ផងឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ ចំណែកសកម្មជនបក្សនេះបីនាក់ផ្សេងទៀតរួមមាន លោក រឿន ចិត្រា លោក យន់ គឹមហួរ និងលោក យា ថុង ត្រូវបានត្រូវបានតុលាការសម្រេចកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៦ ដោយសម្រេចដាក់ពន្ធនាគារម្នាក់ៗ៧ឆ្នាំ។ ចំណែកមនុស្ស៣នាក់រួមមានលោក ចាយ សារិទ្ធ លោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដែលជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្តបក្សសង្រ្គោះជាតិ២រូប កាលពីខែតុលា ឆ្នាំ២០១៥នោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ តែត្រូវព្យួរ៣ឆ្នាំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment