ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte (រូបភាពពីបណ្តាញសារព័ត៌មានChannel News Asia)
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃអាទិត្យនេះ បានបញ្ចេញឈ្មោះមន្ត្រីប្រហែល ១៦០នាក់ ក្នុងនោះមានអតីតអភិបាលក្រុង និងក្រុមប្រឹក្សាក្រុង ចៅក្រម និងប៉ូលិស ដែលមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នេះគឺជាការបង្កើនយុទ្ធនាការសង្គ្រាមគ្រឿងញៀនរយៈពេល ៥សប្ដាហ៍របស់លោក។
Reuters បានដកស្រង់សម្ដីលោក Duterte ដែលបានអានឈ្មោះមនុស្សទាំងឡាយ ដែលលោកនិយាយថា «បានបំផ្លាញប្រទេស»។ លោកថ្លែងដូច្នេះនៅអំឡុងពេលលោកធ្វើដំណើរទៅទស្សនកិច្ចនៅមូលដ្ឋានយោធា ស្ថិតនៅស្រុកកំណើតរបស់លោក នៅទីក្រុង Davao។
បញ្ជីឈ្មោះនោះ មានទាំងឧត្ដមសេនីយ៍ប៉ូលិស ២នាក់ ក្នុងចំណោមឧត្ដមសេនីយ៍ ៥នាក់ ដែលលោក Duterte បានបង្ហាញឈ្មោះកាលពីខែមុន ដោយចាត់ទុកជាអ្នកការពារឈ្មួញជួញដូរគ្រឿងញៀន និងចៅហ្វាយក្រុងម្នាក់ ដែលទើបតែសារភាពកាលពីពេលថ្មីៗនេះ។
លោក Duterte ដែលបានឡើងតំណែងប្រធានាធិបតីបន្ទាប់ពីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនោះ បានថ្លែងថា៖ «អ្នកឯងគឺជាអ្នកអនុវត្តច្បាប់ ហើយអ្នកឯងអនុញ្ញាតឲ្យអ្នកដទៃប្រើខ្លួនឯង»។
លោក Duterte ពុំបាននិយាយថា នឹងចាត់ការដូចម្ដេចចំពោះមនុស្សទាំងនោះទេ។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុង ២នាក់ ដែលមានឈ្មោះនៅលើបញ្ជីនោះ បានប្រគល់ខ្លួនឲ្យប៉ូលិស ដោយបដិសេធការជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
កាលពីសប្ដាហ៍មុន អភិបាលក្រុង ៣នាក់ មកពីតំបន់មូស្លីម ស្ថិតនៅកោះមិនដាណាវ ភាគខាងត្បូងហ្វីលីពីន ក៏បានប្រគល់ខ្លួនឲ្យប៉ូលិសផងដែរ ដើម្បីសម្អាតឈ្មោះរបស់ពួកគេ ដោយសន្យាសហការជាមួយអាជ្ញាធរអនុវត្តច្បាប់។
កាលពីថ្ងៃសុក្រកន្លងមក លោក Duterte បានក្រើនរំលឹកឡើងវិញពីបទបញ្ជារបស់លោក«បាញ់សម្លាប់»ពួកឈ្មួញគ្រឿងញៀន ដែលប្រឆាំងនឹងការចាប់ខ្លួន។ លោកថ្លែងថា លោកនឹងទទួលខុសត្រូវចំពោះការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាមនេះ។
មនុស្សរហូតដល់ ៧៧០ ទៅ ៨០០នាក់ហើយ ត្រូវបានគេសម្លាប់ នៅក្នុងប្រតិបត្តិប៉ូលិសប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ចាប់តាំងពីលោក Duterte បានស្បថចូលកាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក ក្នុងនោះមានទាំងក្រុមជនអន្ធពាលជាង ២០០នាក់ផងដែរ៕
No comments:
Post a Comment