A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 August 2016

ពលរដ្ឋ​ថា​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​ខេត្ត​ស្ទឹងត្រែង​ភាគច្រើន​ជួញ​ដូរ​ឈើ​ប្រណិត


ពលរដ្ឋ​ថា​ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​ខេត្ត​ស្ទឹងត្រែង​ភាគច្រើន​ជួញ​ដូរ​ឈើ​ប្រណិត
ដោយ ម៉ែន សុធីរ
2016-08-04

វៀតណាម​នៅ​ស្ទឹងត្រែង ៦២០
ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម ស្តុក​ទុក​ក្នុង​ឃ្លាំ​មួយ​នា​មាត់​ទន្លេ​ក្រុង​ស្ទឹងត្រែង ដើម្បី​ត្រៀម​ដឹក​ចេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Men Sothyr


ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្ទឹងត្រែង បាន​អះអាង​ដូចៗ​គ្នា​ថា ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ជួញ​ដូរ​ឈើ​ប្រណិត កែច្នៃ​គ្រឿង​សង្ហារិម​ខុស​ច្បាប់ ធ្វើ​ជំនួញ​ឈើ​ប្រណិត​ឆ្លង​ដែន និង​នេសាទ​ត្រី​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។

ទន្ទឹម​នឹង​នេះ ក៏​មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​ចូល​បម្រើ​ការងារ​ជា​នគរបាល និង​មន្ត្រី​អាវុធហត្ថ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា បញ្ហា​នេះ​អាច​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ។

លំហូរ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ គឺ​ជា​ប្រធានបទ​ក្តៅ ដែល​មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ និង​បក្ស​ប្រឆាំង​កំពុង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង និង​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ហ្មត់ចត់ និង​និរាករណ៍​រាល់​ឯកសារ​ទាំងឡាយ​ណា​ដែល​រក​ឃើញ​ថា ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ប្រើប្រាស់​ឯកសារ​ទាំង​នេះ​ខុស​ច្បាប់ មាន​ជាអាទិ៍ ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ជំនាញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត និង​សៀវភៅ​គ្រួសារ ជាដើម។



មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ឯកសារ​ពាក់ព័ន្ធ​ទាំង​នោះ​ជា​សម្ព័ន្ធ​នៃ​អំពើ​ពុក​រលួយ នាំ​ឲ្យ​កើត​មាន​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ ឬ​ផ្ទះ​សម្បែង និង​ដីធ្លី​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ដោយ​ជនជាតិ​វៀតណាម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា សមាគម​អាដហុក បាន​ទទួល​ព័ត៌មាន​ករណី​ជនជាតិ​វៀតណាម បាន​ចូល​បម្រើ​ការងារ​មន្ត្រី​រាជការ និង​មន្ត្រី​អាវុធហត្ថ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក​ថា ពលរដ្ឋ​នៅ​តែ​មាន​មន្ទិល ថា​តើ​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​បំពេញ​កាតព្វកិច្ច​ផ្លូវ​រដ្ឋ​ផ្អែក​តាម​ច្បាប់​សញ្ជាតិ​គ្រប់គ្រាន់ ឬ​យ៉ាង​ណា? ខណៈ​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ដូចជា​បង្កប់​អាថ៌កំបាំង។ លោក​ថា បើ​ជនជាតិ​វៀតណាម ទាំង​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​គ្រប់គ្រាន់​ទេ មាន​ន័យ​ថា ពួក​គេ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​ទទួល​ខុស​ត្រូវ​រឿង​នេះ ដែល​ឃុបឃិត​ឲ្យ​ជនជាតិ​វៀតណាម បម្រើ​ការងារ​មន្ត្រី​រាជការ។

លោក ហូ សំអុល សង្កត់​ធ្ងន់​ថា ជនជាតិ​វៀតណាម ដែល​បាន​ចូល​បម្រើ​ការងារ​មន្ត្រី​រាជការ​នោះ ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​នោះ​ទេ គឺ​ពួក​គេ​ច្រើន​តែ​ប្រើប្រាស់​ឥទ្ធិពល​មន្ត្រី​រាជការ​កាង​ជំនួញ​ឈើ​ប្រណិត​ឆ្លង​ដែន និង​កែច្នៃ​គ្រឿង​សង្ហារិម​ល្មើស​ច្បាប់៖ «ព្រួយ​បារម្ភ​វា​ហួស​ពី​ការ​ព្រួយ​បារម្ភ​ទៅ​ហើយ ចង់​និយាយ​ចឹង។ ធម្មតា ជាតិ​សាសន៍​មួយ ឧទាហរណ៍​ថា​គាត់​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្មែរ ធម្មតា​ទេ​គេ​មិន​ភ្លេច​ជាតិ​សាសន៍​របស់​គេ​ទេ។ ដូចជា​វៀតណាម ក៏ដោយ ថៃ ក៏ដោយ មក​បម្រើ​ការងារ​នៅ​ខ្មែរ ពេល​ខ្លះ​ផល​ប្រយោជន៍​គេ​គិត​លើ​ជាតិ​សាសន៍​គេ​ច្រើន​ជាង»។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោកស្រី ហ៊ាន ហឹម កត់​សម្គាល់​ថា មាន​កត្តា​ច្រើន​ដែល​ជនជាតិ​វៀតណាម រស់នៅ​លើ​ដី​ខ្មែរ​រំខាន​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ មាន​ជាអាទិ៍ ពលរដ្ឋ​វៀតណាម រស់នៅ​ខ្វះ​សណ្ដាប់ធ្នាប់ និង​រញ៉េរញ៉ៃ នេសាទ​ត្រី​នៅ​រដូវ​បិទ​នេសាទ ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ កែច្នៃ​គ្រឿង​សង្ហារិម​តាម​មាត់​ទន្លេ​បំពុល​បរិស្ថាន ជាដើម។ លោកស្រី​មើល​ឃើញ​ថា ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​លើ​ដី​ខ្មែរ​ដោយ​សេរី និង​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​របស់​កម្ពុជា ផង ពុំ​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​អើពើ​ឡើយ៖ «ជួញ​ដូរ​ឈើ​ល្អៗ​ធ្វើ​តុ​ធ្វើ​ទូ​ចឹង​ទៅ។ ខឹង​ដែរ! យូរៗ​ទៅ​វា​អស់​ព្រៃ​ឈើ ហើយ​គេ​ធ្វើ​ចេះ​តែ​បញ្ជូន​ទៅ​ប្រទេស​គេ​ចឹងទៅ។ វា​អស់​ព្រៃ​ឈើ»។


ផ្ទះ​វៀតណាម​បណ្ដែត​ទឹក ស្ទឹងត្រែង ៦២០
ផ្ទះ​ទឹក​របស់​ជនជាតិ​វៀតណាម ដែល​បណ្ដែត​តាម​ទន្លេ​ក្បែរ​ស្ពាន​មេគង្គ​ថ្មី ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Men Sothyr


ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ភូមិ​លើ សង្កាត់​ស្រះឫស្សី ក្រុង​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​សម្ដែង​ការ​ឈឺ​ចាប់ និង​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង​ពី​ការ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា ដោយ​ប្រជាជន​វៀតណាម សម្រុក​រស់នៅ​លើ​ដី​ខ្មែរ​ច្រើន​ទសវត្សរ៍​កន្លង​មក។ ចំណែក​អាជ្ញាធរ​រដ្ឋាភិបាល មិន​ត្រឹម​តែ​មិន​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ទេ ថែម​ទាំង​លួច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ ថែម​ទាំង​អាច​បោះឆ្នោត​បាន។ លោក​សង្កត់​ធ្ងន់​ថា ការ​ចរាចរ​ឈើ​ឆ្លង​ដែន​រាប់​រយ​ម៉ែត្រ​គូប និង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង មាន​ច្រើន​កន្លែង ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឡើយ ដែល​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ខ្លាំង៖ «គេ​មាន​លុយ​គេ​អាច​ទិញ​អំណាច​ទិញ​ស័ក្ដិ​បំពាក់​បាន​ធ្វើ​ជា​ប៉ូលិស ធ្វើ​ជា​ប៉េអិម។ មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ផង ហើយ​ឥឡូវ​គេ​ឃើញ​ឲ្យ​សន្លឹក​ប័ណ្ណ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ចឹង​មាន​ន័យ​ថា មាន​អត្តសញ្ញាណប័ណ្ណ។ ការ​ចូល​មក​រស់នៅ​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ វា​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ហាក់​ដូចជា​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម បម្រើ​ការងារ​រដ្ឋ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ លោក​កត់​សម្គាល់​ថា ជនជាតិ​វៀតណាម មិន​ត្រឹម​តែ​បម្រើ​ការងារ​មន្ត្រី​អាវុធហត្ថ​ទេ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ទឹងត្រែង ក៏​មាន​ជនជាតិ​វៀតណាម ដែរ។ លោក​បារម្ភ​ថា ប្រសិន​បើ​ស្ថាប័ន​ជាតិ​សំខាន់ៗ​បង្កប់​ជនជាតិ​វៀតណាម នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ថ្ងៃ​អនាគត៖ «មិន​ត្រឹម​តែ​ធ្វើ​ជា​អាវុធហត្ថ​ទេ គាត់​រក​ស៊ី​ធំ​ដុំ​ចង់​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ខេត្ត​ហើយ។ ជនជាតិ​វៀតណាម ហ្នឹង ៣ ទៅ ៤​នាក់​រក​ស៊ី​ឈើ​ដឹក​នាំ​ទៅ​ក្រៅ​ប្រទេស​ទៀត។ មិន​ធម្មតា​ទេ! អាជ្ញាធរ​យើង​ធ្វើ​មិន​ដឹង​មិន​ឮ ចេះ​តែ​អនុញ្ញាត​ឲ្យ​ចឹង​ទៅ»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ប្រសិន​បើ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា​មាន​វត្តមាន​ជនជាតិ​វៀតណាម ពុំ​មាន​សញ្ជាតិ​ខ្មែរ ហើយ​បម្រើ​ការងារ​អាវុធហត្ថ សូម​ឲ្យ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​របាយការណ៍​មក​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​ស្រាវជ្រាវ​ករណី​នេះ៖ «វា​មិន​អាច​ចូល​បាន​ទេ ព្រោះ​អាវុធហត្ថ​មាន​សញ្ជាតិ​ខ្មែរ​បាន​ចូល​បាន។ ចឹង​បើ​មាន​ចឹង​មែន សូម​ឲ្យ​គាត់​បង្ហាញ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​រាយការណ៍​ទៅ​ថ្នាក់​លើ ហើយ​ថ្នាក់​លើ​នឹង​ស្រាវជ្រាវ​មាន​ការ​ត្រួត​ពិនិត្យ»។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់​ថា ក្រសួង​មិន​ទាន់​បញ្ជាក់​ពី​តួលេខ​ជន​អន្តោប្រវេសន៍​បាន​ទេ ដោយសារ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ជំរឿន និង​ស្រង់​ស្ថិតិ​អន្តោប្រវេសន៍ ហើយ​កំពុង​បូក​សរុប និង​វាយ​តម្លៃ​លើ​ឯកសារ​ពាក់ព័ន្ធ​នានា។ លោក​ថា នៅ​ពេល​ក្រសួង​បូក​របាយការណ៍​ជន​អន្តោប្រវេសន៍​គ្រប់​ខេត្ត-ក្រុង​រួច ក្រសួង​នឹង​ប្រកាស​លទ្ធផល៖ «យើង​ស្រង់​ហើយ តែ​យើង​កំពុង​តែ​បូក​សរុប និង​វាយ​តម្លៃ​លើ​ឯកសារ​ដែល​មាន ដែល​យើង​មិន​ទាន់​កំណត់​ថា​បាន​ចំនួន​តួលេខ​ណា​មួយ ហើយ​ក៏​យើង​មិន​ទាន់​ដឹង​ថា យើង​នឹង​មាន​របាយការណ៍​ទេ។ រង់ចាំ​បន្តិច​សិន! នៅ​ពេល​ការងារ​នេះ​រួច​ហើយ គ្រប់​សារព័ត៌មាន​នឹង​បាន​ជ្រាប»។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ធូរ​រលុង រួមផ្សំ​នឹង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​រដ្ឋាភិបាល​កំពុង​មើល​រំលង​នោះ ជំរុញ​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​ដី​ខ្មែរ​ខុស​ច្បាប់​ឆ្លៀត​ឱកាស​ទិញ​លំនៅឋាន និង​ដីធ្លី​ជាដើម ផ្ទុយ​ពី​ច្បាប់​ភូមិបាល និង​មាន​តំណែង​ជា​មន្ត្រី​រាជការ​សាធារណៈ​ផង​នោះ ក៏​ជា​កំហុស​មួយ​ទៀត​ធ្ងន់ធ្ងរ មាន​ន័យ​ថា ជនជាតិ​វៀតណាម រស់នៅ​ដី​ខ្មែរ​ល្មើស​ច្បាប់​ជា​ហូរហែ​បណ្ដាល​ឲ្យ​ខាត​ប្រយោជន៍​ធនធាន​របស់​ជាតិ​ធំ​សម្បើម។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា បើ​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ទប់ស្កាត់​ករណី​នេះ​ឲ្យ​ទាន់​ពេលវេលា​ទេ គឺ​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​សង្កត់​ធ្ងន់​ថា កំណើន​ជន​អន្តោប្រវេសន៍​គឺ​បង្កើត​បាន​ជា​ប្រភព​អំពើ​ពុក​រលួយ នាំ​ឲ្យ​កើត​មាន​អយុត្តិធម៌​សង្គម។ លោក​ចង់​ឃើញ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​បាន​ហ្មត់ចត់ លុប​បំបាត់​ការ​សូកប៉ាន់ លុប​បំបាត់​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ខុស​ច្បាប់​ដល់​ជន​បរទេស​រស់នៅ​ប្រទេស​កម្ពុជា។ លោក​ពន្យល់​ថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជន​បរទេស​បាន លុះត្រា​មាន​ឡាយ​ព្រះហស្ដលេខា​ពី​ព្រះមហាក្សត្រ៖ «វា​ជា​ផល​ប៉ះពាល់​មួយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាំង​ពី​ដើម​ទី​មក។ គ្រាន់​តែ​អំពើ​ពុក​រលួយ​ចេញ​អត្តសញ្ញាណប័ណ្ណ ឬ​ក៏​ចេញ​សំបុត្រ​បញ្ជាក់​កំណើត​ឲ្យ​ជន​បរទេស​រស់នៅ​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់​ហ្នឹង វា​នាំ​ឲ្យ​ការ​ឈាន​ដល់​ការ​កាន់​កាប់​អចលនទ្រព្យ ការ​កាន់​កាប់​ឯកសារ​មួយ​ចំនួន​ទៀត​ដែល​តម្រូវ​ដោយ​ច្បាប់ បើ​និយាយ​ពី​អចលនទ្រព្យ​ដូចជា​ដីធ្លី​ហ្នឹង គឺ​ប៉ះពាល់​ការ​អនុវត្ត​ច្បាប់​ភូមិបាល​ហ្នឹង»។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។ ជន​បរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដោយ​សញ្ជាតូបនីយកម្ម។ ពាក្យ​សុំ​នោះ អាច​បដិសេធ​ចោល​ដោយ​អំណាច​ឆន្ទានុសិទ្ធិ។ ទោស​បញ្ញត្តិ ជន​បទេស​ណា​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខុស​ច្បាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ដោយ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម ឈ្មោះ ដន ង្វៀង ឌឹក (Doan Nguyen Duc) វ័យ ៥៣​ឆ្នាំ។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា បុរស​ដែល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ដលេខា​ផ្តល់​សញ្ជាតិ​ខ្មែរ​នោះ គឺ​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​មាន​តួនាទី​ជា​អគ្គនាយក​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ក៏​ជាប់​ពាក់ព័ន្ធ​នាំ​ឈើ​ប្រណិត​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​រតនគិរី ទៅ​ប្រទេស​វៀតណាម ជាមួយ​ក្រុមហ៊ុន ទ្រី ភាព។

តួលេខ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ​ជន​អន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​ជាង​គេ៕

3 comments:

Anonymous said...

អាគុកហ៊ុនសែន ដោះស្រាយបញ្ហាទាំងនេះ រួចអស់ហើយ គឺជេរយួនសាមញ្ញម្នាក់ នៅតាម FB ។ ធ្វើជានាយករដ្ឋមន្ត្រី ៣១ឆ្នាំហើយ បានត្រិមតែហ៊ានជេរយួនសាមញ្ញម្នាក់ ហើយចប់។
ខ្មែរអើយទៅសង្ឃឹមអីលើ អាជនក្បត់ជាតិ​ អាគុកហ៊ុនសែន?

Anonymous said...

មែនហើយ អាគុក ហ៊ុន សែន វាងស្ចារ្យណាស់ តែ ៣១ឆ្នាំហើយ​ វាមិនដែលហ៊ាននិយាយស្អីពីយួនទេ យួនរាប់លានមកនៅស្រុកខ្មែរ ស្របច្បាប់ មិនស្របច្បាប់ស្អីក៍ដោយ៕ បើយួនឲ្យវាចុះកុងត្រា យកដីខ្មែរវិញ វាសំឡុតទាំងស្តេច តែវាថាមិនខ្ញុំយួនឯណា តើខ្មែជឿវាទេ? មើលទៅ លោក សំអាន គាត់ មិនជាអ្នក ធ្វើផែន​ទីឯណា ហើយដីនោះ ក៍មិនមែនជាដីរបស់គាត់ ឯណា តែ អាគុក វាយកគាត់ទៅដាក់ គុក ព្រងើយ។ ហើយចង់ឲ្យខ្មែរថាវាល្អ តែដល់គេជេរវា វាថា វាអត់ដឹងថាវាខុសអីផង តើហួសចិត្តទេ?​ឫខ្ញុំថានេះវាខុស? តែបើខ្ញុំខុស គឺខ្ញុំមិនយល់ស្របពីរឿងយួន វាយកដីខ្មែរ នឹង ប្រជាជនយួនមកនៅស្រុខ្មែរតាមចិត្តដូច្នេះ។ គឺយួនវា ឌូម៉ែ ខ្មែរហើយ ពិតជាត្រូវជាង តើពិតទេ?

Anonymous said...

Ah Kok Hun sen said that is economic grow for Cambodia . Ah kok never see anything are wrong with YUON. The only wrong is Khmer with Ah kok uni eye.