ដោយ សូត សុខប្រាថ្នា
2016-07-12
មន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួន នាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នាទីស្នាក់ការបក្សនៅខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ Photo Provided
Photo Provided
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងកំពង់ចាម សម្ដែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានរឹបអូសយករូបថតលោកបណ្ឌិត កែម ឡី និងកម្រងផ្កា ព្រមទាំងរ៉ឺម៉កម៉ូតូយកទៅរក្សាទុកទៅអធិការក្រុង នៅព្រឹកថ្ងៃទី១២ កក្កដា។ ហេតុការណ៍នេះ ធ្វើឲ្យពលរដ្ឋយល់ថាជារឿងមិនត្រឹមត្រូវឡើយ ដោយគ្រាន់តែសិទ្ធិគោរពចំពោះមនុស្សដែលបានបាត់បង់ជីវិត ក៏ត្រូវបានអាជ្ញាធរគាបសង្កត់ដែរ។ បញ្ហានេះ ស្នងការខេត្តបញ្ជាក់ថា ដោយសារមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម យករូបថតលោក កែម ឡី ដង្ហែ និងដាក់កន្លែងសាធារណៈគ្មានការអនុញ្ញាត។
រូបថតលោកបណ្ឌិត កែម ឡី ព្រមទាំងគ្រឿងរណ្ដាប់ថ្វាយសម្រាប់គោរពវិញ្ញាណក្ខន្ធ រួមមានផ្កា ផ្លែឈើ និងរ៉ឺម៉ក សម្រាប់ដឹករូបថត ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម នាំយកពីផ្សារបឹងកុក មករក្សាទុកនៅអធិការក្រុងប្រមាណ ២ម៉ោង ទើបប្រគល់ឲ្យម្ចាស់រូបវិញ។ មូលហេតុអាជ្ញាធរព្រមប្រគល់ឲ្យម្ចាស់រូប ក្រោយពេលពួកគាត់ព្រមធ្វើកិច្ចសន្យាថា មិនឲ្យមានសកម្មភាពនោះតទៅទៀត។
សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងចំណោមពីរនាក់ផ្សេងទៀត ដែលសមត្ថកិច្ចបានហៅធ្វើកិច្ចសន្យា គឺអ្នកស្រី គិន ស្រីអូន។ អ្នកស្រីឲ្យដឹងនៅថ្ងៃទី១២ កក្កដា ថា រូបថតលោកបណ្ឌិត កែម ឡី គឺអ្នកស្រីមិនបានយកទៅហែក្បួននៅផ្សារឡើយ ប៉ុន្តែក្រុមអ្នកស្រីបានយករូបនោះសម្រាប់យកមកគោរពនៅស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម តែប៉ុណ្ណោះ។
អ្នកស្រីថា រូបថតនោះបម្រុងយកទៅកាច់ផ្កាធ្វើជាស៊ុម ប៉ុន្តែដោយត្រូវចំណាយប្រាក់ច្រើនពេក ហើយពួកគាត់មិនមានលទ្ធភាព ទើបក្រុមអ្នកស្រីសម្រេចយករូបថតនោះទៅឲ្យអ្នកលក់កំណាត់ក្នុងផ្សារបឹងកុកធ្វើជាបូកាន់ទុក្ខបំពាក់លើរូបថតជំនួសវិញ។ ក្រោយមក អ្នកលក់ដូរនៅក្នុងផ្សារស្នើឲ្យដាក់រូបថតលោកបណ្ឌិត កែម ឡី សម្រាប់គោរពវិញ្ញាណក្ខន្ធសិន ពីព្រោះពួកគាត់មួយចំនួនឮតែសំឡេង មិនដែលបានឃើញរូបពិត។ អ្នកស្រីថា ការដាក់រូបនៅខាងមុខផ្សារបានមួយសន្ទុះ សមត្ថកិច្ចក៏បានកោះហៅអ្នកស្រីឲ្យចូលបំភ្លឺ។ ក្រោយមកក៏យករូប និងសម្ភារៈទាំងនោះមកអធិការដ្ឋាននគរបាលក្រុងតែម្តង៖ «ប្រសិនបើខ្ញុំមានក្បួនហែ ខ្ញុំនឹងទៅសុំច្បាប់ពីអាជ្ញាធរ ប៉ុន្តែគម្រោងខ្ញុំអត់មានក្បួនហែទេ»។
ប្រជាពលរដ្ឋ អាជីវករផ្សារបឹងកុក ព្រមទាំងក្រុមអ្នករត់ម៉ូតូឌុបអះអាងថា គ្មានសកម្មភាពហែក្បួនឡើយ ប៉ុន្តែជាការស្នើសុំរបស់ក្រុមអាជីវករ និងពលរដ្ឋសម្រាប់ដាក់រូបថតលោកបណ្ឌិត កែម ឡី នៅមុខផ្សារមួយសន្ទុះ សម្រាប់ពួកគាត់គោរពវិញ្ញាណក្ខន្ធ និងសម្ដែងការសោកស្ដាយចំពោះការបាត់បង់វីរជនរូបនេះប៉ុណ្ណោះ។
អាជីវករលក់ដូរនៅផ្សារបឹងកុក អ្នកស្រី រឿន ធីតា យល់ថា ការរឹបអូសយកសម្ភារៈទៅរក្សាទុកនៅអធិការក្រុង គឺជារូបភាពមិនសមរម្យឡើយ ពីព្រោះគ្រាន់តែសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋក្នុងការគោរពវិញ្ញាណក្ខន្ធដល់មនុស្សល្អម្នាក់ ក៏ត្រូវបានគេរឹតត្បិតដែរ៖ «ពេលដែលគាត់ធ្វើអ៊ីចឹង ខ្ញុំគិតថាមានអារម្មណ៍ថាសោកស្ដាយ។ មិនចាំបាច់ថាសម្លាប់គាត់ហើយទេ សូម្បីតែរូបថតគាត់ហ្នឹង ហេតុអីមិនចង់ឲ្យកូនចៅជំនាន់ក្រោយបានដឹងឮថា គាត់ហ្នឹងជាវីរបុរសនៅស្រុកខ្មែរនៅប្រទេសខ្មែរ»។
ឆ្លើយតបបញ្ហានេះ ស្នងការនគរបាលខេត្តកំពង់ចាម លោក បែន រ័ត្ន មានប្រសាសន៍ថា ដោយសារស្ថានភាពនៅខាងមុខផ្សារបឹងកុក ជាកន្លែងចង្អៀត ម្យ៉ាងមន្ត្រីគណបក្សប្រឆាំង និងសកម្មជនទាំងនោះបានហែរូបថតលោក កែម ឡី ទៅដាក់នៅមុខផ្សារគ្មានការអនុញ្ញាត។ លើសពីនេះ ពួកគេថែមទាំងអំពាវនាវឲ្យពលរដ្ឋនាំគ្នាចូលបច្ច័យ និងអុជធូបទៀតផង ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ពិសេសធ្វើឲ្យកកស្ទះចរាចរណ៍៖ «ពេលនោះខ្ញុំក៏បានឲ្យមន្ត្រីនគរបាលអញ្ជើញគាត់មក សំណូមពរគាត់មិនឲ្យធ្វើបែបនេះ។ យើងមានផ្លូវឲ្យគាត់ជ្រើសរើស។ មួយបើគាត់ចង់ធ្វើបែបនេះ គាត់ត្រូវសុំច្បាប់អាជ្ញាធរសង្កាត់ ឬក្រុង។ ពីរ បើគាត់មិនចង់ធ្វើបែបនេះ គាត់អាចយកទៅដាក់នៅកន្លែងកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់»។
លោកបដិសេធថា អាជ្ញាធរមិនបានបំបិទសិទ្ធិសេរីភាពពលរដ្ឋមិនឲ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ទេ ហើយខាងលោកក៏បានប្រគល់រូបថត និងសម្ភារៈផ្សេងទៀតឲ្យទៅមន្ត្រីគណបក្សសង្គ្រោះជាតិ វិញភ្លាមៗក្រោយពេលធ្វើកិច្ចសន្យារួចរាល់។
ទោះជាយ៉ាងនេះក្តី អាជីវករម្នាក់ទៀតឈ្មោះ ទូច អូន បញ្ជាក់ថា រូបថតនោះ គឺពលរដ្ឋស្នើសុំគោរពវិញ្ញាណក្ខន្ធសិនប៉ុណ្ណោះ ដោយមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនបានហែក្បួនឡើយ។ លោកមើលឃើញថា ទង្វើរបស់អាជ្ញាធរពេលនេះ គឺជារឿងមិនត្រឹមត្រូវទាល់តែសោះ៖ «ចង់សំណូមពរគាត់ហ្នឹង សមត្ថកិច្ចហ្នឹងបើកចិត្តឲ្យទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ហ្នឹងឲ្យបានអុជធូប ឲ្យបានហែក្បួនតាមសាសនា»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម បានយករូបថតលោក កែម ឡី ទៅដល់ទីស្នាក់ការនៅម៉ោងប្រមាណ ១រសៀល ហើយនាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធនៅរសៀលថ្ងៃដដែលនោះ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ប្រសិនដូចអ្វីដែលពលរដ្ឋលើកឡើង គឺមិនបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ ម្យ៉ាងគឺបង្ហាញពីគុណធម៌ ឬទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះលោកបណ្ឌិត កែម ឡី ដែលឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា។ លោកមើលឃើញថា អាជ្ញាធរប្រុងប្រយ័ត្ននៅក្នុងសភាពការណ៍បច្ចុប្បន្ន គឺជារឿងល្អ ប៉ុន្តែរូបភាពនេះជាការគំរាមកំហែងចំពោះអ្នកដែលបានយករូបលោកបណ្ឌិត កែម ឡី ឲ្យពលរដ្ឋគោរពបូជាទៅវិញ៕
No comments:
Post a Comment