ដោយ រដ្ឋា វិសាល
2016-07-12 rfa
ជនភៀសខ្លួនម៉ុងតាញ៉ា-វៀតណាម ចំនួន ១៦នាក់ដែលស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ រូបថតផ្ដល់ដោយប៉ូលិស
ជនភៀសខ្លួនម៉ុងតាញ៉ា ១៦នាក់ថ្មីទៀត បានស្ម័គ្រចិត្តវិលទៅប្រទេសវៀតណាម វិញតាមច្រកទ្វារព្រំដែនអន្តរជាតិ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១២ ខែកក្កដា។ ជនភៀសខ្លួនម៉ុងតាញ៉ា ១៦នាក់នេះមានស្រីបីនាក់ និងកុមារបីនាក់។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់ថា ក្រុមការងារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) គឺជាអ្នកសម្របសម្រួលដល់ការបញ្ជូនជនភៀសខ្លួនទាំង ១៦នាក់ទៅកាន់ស្រុកកំណើតវិញ។ រីឯការបញ្ជូនជនភៀសខ្លួនទាំងអស់នេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់ជនម៉ុងតាញ៉ាដែលយល់ព្រមវិលទៅស្រុកកំណើតខ្លួនវិញ បន្ទាប់ពីរង់ចាំការចុះបញ្ជីកំណត់អត្តសញ្ញាណជនភៀសខ្លួននៅទីក្រុងភ្នំពេញមិនបានសម្រេច៖ «ក្នុងការជូនដំណើរត្រឡប់ទៅវិញ ខាង យូ.អិន ជាអ្នកសម្របសម្រួលសមត្ថកិច្ចនៅតាមដងផ្លូវ រហូតដល់ច្រកទ្វារព្រំដែន។ ចំណែកខាង យូ.អិន ក៏បានជូនដំណើររហូតទៅដល់ប្រទេសវៀតណាម។ គាត់ធ្វើដំណើរទៅជាមួយទៀត»។
ចាប់ពីចុងឆ្នាំ២០១៤ រហូតមកទល់នឹងបច្ចុប្បន្ន ជនភៀសខ្លួនម៉ុងតាញ៉ា-វៀតណាម ជាង ២០០នាក់ បានរត់ចេញពីភាគកណ្ដាលប្រទេសវៀតណាម មកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជា។ ជនភៀសខ្លួនវៀតណាម ចំនួន ១៣នាក់ ត្រូវបានបញ្ជូនឲ្យទៅរស់នៅប្រទេសហ្វីលីពីន តាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។ បច្ចុប្បន្ននៅសល់ជនភៀសខ្លួនម៉ុងតាញ៉ា កំពុងរស់នៅជំរំស្នាក់នៅឯទីក្រុងភ្នំពេញចំនួនជាង ១៦០នាក់ទៀត។
ដោយឡែកចាប់ពីខែកក្កដា ឆ្នាំ២០១៥ រហូតបច្ចុប្បន្ន តួលេខសរុបមានជនភៀសខ្លួនម៉ុងតាញ៉ាចំនួន ៦៩នាក់ ត្រូវបានអមដំណើរដោយ យូ.អិន.អេច្ឆ.ស៊ី.អ វិលទៅស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕
No comments:
Post a Comment