A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 13 July 2016
ស.រ.អាបង្ហាញនាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួនដល់គណៈប្រតិភូកម្ពុជានៅក្នុងសមុទ្រចិនខាងត្បូង
ស.រ.អាបង្ហាញនាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួនដល់គណៈប្រតិភូកម្ពុជានៅក្នុងសមុទ្រចិនខាងត្បូង
12 កក្កដា 2016
នៅ វណ្ណារិន
គណៈប្រតិភូពីកម្ពុជាមើលពីប៉មបញ្ជាការនៅលើនាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
លោកCaptain Michael Donnelly មេបញ្ជាការនៃកងនាវាRonald Reaganបានបញ្ជាក់ប្រាប់ VOA ពីក្តីរីករាយក្នុងការទទួលស្វាគមន៍គណៈប្រត្តិភូកម្ពុជាដំបូងគេបង្អស់លើនាវាចម្បាំងនេះ។
សមុទ្រចិនខាងត្បូង —
ស្ថិតក្រោមកំដៅថ្ងក្នុងមហាសមុទ្រគ្មានកោះត្រើយ នាវាចម្បាំងដែលមានផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក Ronald Reagan កំពុងធ្វើប្រតិបត្តិការរបស់ខ្លួនជាធម្មតា។ យន្តហោះចម្បាំងជាច្រើនគ្រឿងកំពុងធ្វើការហោះហើរ និងចុះចតក្នុងនាវាចម្បាំងដ៏ធំនេះដោយភាពងាយស្រួល។
ស្របពេលដែលអ្នកបើកយន្តហោះ និងនាវឹកនៃកងនាវាចម្បាំង Ronald Reaganកំពុងបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាប្រមាណ១០រូប រួមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងក្រសួងមហាផ្ទៃផងនោះ ត្រូវបានអញ្ជើញឲ្យមកបំពេញទស្សនកិច្ចស្វែងយល់អំពីនាវាចម្បាំងនេះដែរ។ នេះគឺជាគណៈប្រតិភូកម្ពុជាដំបូងគេបង្អស់ ដែលបានបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃលើនាវាយក្សនេះ ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
«ខ្ញុំឈ្មោះ “Buzz” Donnelly គឺជាមេបញ្ជាការរបស់នាវាចម្បាំងសហរដ្ឋអាមេរិកRonald Reagan។ ឥឡូវនេះយើងកំពុងតែធ្វើកិច្ចប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងនៅចន្លោះប្រជុំកោះ Spratly និង Paracel ក្នុងដែនទឹកអន្តរជាតិ។ យើងធ្វើប្រតិបត្តិការជាធម្មតា ជានាវាផ្ទុកយន្តហោះចម្បាំងតាមសេរីភាពនៃនាវាចរណ៍ និងប្រតិបត្តិការជិតដែនពាណិជ្ជកម្មរបស់ពិភពលោក។ នាវាទំនិញជាច្រើនតែងតែឆ្លងកាត់ទៅមកពីអូស្ត្រាលីទៅម៉ាឡាកា។ វាជាតំបន់ដែលយើងតែងតែធ្វើប្រតិបត្តិការជារឿយៗ ជាមួយប្រទេសជាមិត្ត សម្ព័ន្ធមិត្ត និងប្រទេសជិតខាងក្នុងតំបន់នេះដើម្បីបង្ហាញពីសេរីភាពលំហសមុទ្រ និងសេរីភាពនៃពាណិជ្ជកម្ម»។
យន្តហោះរ៉ាដា (ខាងឆ្វេង) និងយន្តហោះដទៃទៀតនៅលើនាវា USS Ronald Reagan។(នៅវណ្ណារិន/VOA)
ដំណើរទស្សនកិច្ចផ្លូវការកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅលើវានាចម្បាំងអាមេរិកនេះធ្វើឡើង ខណៈពេលនាវានេះកំពុងធ្វើការល្បាតនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសដើម្បីការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ គណៈប្រតិភូកម្ពុជាក៏មានឱកាសក្នុងការស្វែងយល់អំពីដំណើរការទាំងស្រុងរបស់នាវា និងយន្តហោះប្រយុទ្ធរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ កម្ពុជាក៏បានឃើញដោយផ្ទាល់ពីការបញ្ជាការហោះហើរ និងចុះចតរបស់យន្តហោះនៅលើនាវា ការផ្ទុកយន្តហោះ និងការបញ្ជាយន្តហោះក្នុងការបំពេញបេសកកម្មនានានៅតំបន់ក្បែរៗនោះ។
លោក Michael Donnelly មេបញ្ជាការនៃកងនាវា Ronald Reagan បានបញ្ជាក់ប្រាប់ VOA អំពីក្តីរីករាយក្នុងការទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាដំបូងគេបង្អស់លើនាវាចម្បាំងនេះ។
«ឱកាសមួយដែរ ក្នុងថ្ងៃនេះគឺថា មន្ត្រីយោធា និងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើដំណើរមកទស្សនាដោយផ្ទាល់នូវអីដែលកងនាវាផ្ទុកយន្តហោះចម្បាំងកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនសមុទ្រទឹកជ្រៅនេះ ហើយវាក៏ជាឱកាសសម្រាប់យើងក្នុងការផ្លាស់ប្តូរ និងជជែកគ្នាដោយផ្ទាល់ផងដែរ។ វាគ្មានអ្វីក្រៅពីអត្ថប្រយោជន៍មួយសម្រាប់ទំនាក់ទំនងនៃប្រទេសយើងទាំងពីរនេះទេ»។
ស្រដៀងគ្នានោះដែរ លោក ព្រំ សុខា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលបានរួមដំណើរជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់ VOA ផងដែរថា ការបង្ហាញ និងការបើកឲ្យមានទស្សនកិច្ចលើនាវាចម្បាំងខ្នាតធំនេះ គឺបញ្ជាក់ពីការពង្រឹងចំណងទាក់ទងរវាងប្រទសកម្ពុជា និងមហាអំណាចអាមេរិក «ដើម្បីរក្សាសន្តិភាពក្នុងតំបន់និងសកលលោក» ជាជាងការបង្ហាញសព្វាវុធរបស់អាមេរិក។
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt (ខាងស្តាំ) រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ព្រំ សុខា (ខាងឆ្វេង) និងគណៈប្រតិភូកម្ពុជាស្តាប់ការបកស្រាយពីអ្នកបម្រើការមួយរូបនៅលើនាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
«សំខាន់អ្វីក៏ដោយ យើងចង់ឲ្យកិច្ចសហប្រតិបត្តិការ ឬគោលបំណងរួមរបស់យើង ដែលចង់បានសន្តិភាពនៅក្នុងប្រទេសយើងនៅក្នុងតំបន់ ឬក្នុងពិភពលោក គឺចាំបាច់ យើងត្រូវស្វែងយល់ពីគ្នាទៅវិញទៅមក។ ដូច្នេះដំណើរទស្សនកិច្ចនេះគឺជាការស្វែងយល់មួយ មិនត្រឹមតែស្វែងយល់ពីបច្ចេកវិជ្ជាជាន់ខ្ពស់នោះទេ។ យើងស្វែងយល់ពីទិដ្ឋភាពនៃប្រតិបត្តិការដើម្បីគោលដៅរួមមួយ»។
នាវាចម្បាំង USS Ronald Reagan (CVN76) ត្រូវបានគេដាក់ឈ្មោះតាមអតីតប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Ronald Reagan ហើយបានធ្វើប្រតិបត្តិការជាផ្លូវការលើកដំបូងនាឆ្នាំ២០០១។ នាវានេះមានបណ្តោយប្រវែងប្រមាណ៣៣០ម៉ែត្រទទឹងប្រមាណជាង៧៦ម៉ែត្រ។ នាវានេះដំណើរការដោយថាមពលរ៉េអាទ័រនុយក្លេអ៊ែ (nuclear reactors)។ ចាប់តាំងពីខែមករា ឆ្នាំ២០១៤មក នាវាផ្ទុកយន្តហោះចម្បាំងដែលមានទំហំយក្សនេះត្រូវដាក់ឲ្យប្រតិបត្តិការជំនួសនាវា USS George Washington (CVN 73) និងក្លាយជាផ្នែកមួយនៃកងនាវាប្រយុទ្ធទី៧របស់សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅ Yokosuka ប្រទេសជប៉ុន។
លោកមេបញ្ជាការ Michael Donnelly បានឲ្យដឹងថា មកដល់ពេលនេះ នាវា Ronald Reagan (CVN76) មានកងនាវឹកចំនួន៥ពាន់នាក់ រួមមានវិស្វករ គ្រូពេទ្រ អ្នកបើកយន្តហោះចម្បាំង និងកងទាហានជើងទឹក។ ក្នុងនោះដែរ នាវា Ronald Reagan មានផ្ទុកយន្តហោះចម្បាំងប្រមាណ៧០គ្រឿង រួមមានយន្តហោះប្រដេញ F18 ឧទ្ធម្ភាគចក្រដែលផ្ទុកដោយគ្រាប់ម៊ីស៊ីល និងយន្តហោះរ៉ាដាជាដើម។ លើសពីនេះទៀត នាវាដ៏ធំនេះគឺនៅក្នុងចំណោមនាវាចម្បាំងជាច្រើនផ្សេងទៀតរបស់អាមេរិកដែលមានផ្ទុកសព្វាវុធមួយចំនួនផ្សេងទៀតផងដែរ។
យន្តហោះរ៉ាដានៅលើនាវា USS Ronald Reagan។ (នៅ វណ្ណារិន/VOA)
លោក Michael Donnelly មេបញ្ជាការនៃកងនាវា Ronald Reagan ក៏បានឲ្យ VOA ដឹងផងដែរថា ការធ្វើដំណើរល្បាតជាទៀងទាត់របស់នាវានេះនៅក្នុងដែនសមុទ្រអន្តរជាតិក្បែរប្រជុំកោះ Paracel ប្រជុំកោះ Spratly គឺជាការល្បាតធម្មតារបស់នាវា Ronald Reagan ក្នុងការរក្សាសន្តិភាពក្នុងតំបន់។ លោកមិនមានក្តីបារម្ភទាក់ទងនឹងការទាមកម្មសិទ្ធិក្នុងដែនកោះសមុទ្រចិនខាងត្បូងពីសំណាក់ប្រទេសចិន និងប្រទេសមួយចំនួនទៀតដែលជាសមាជិកអាស៊ាននោះទេ។
«វាមិនមានអ្វីជាក្តីបារម្ភដែលអាចប៉ះពាល់ដល់យើងខ្លាំងនោះទេ ពីព្រោះថា យើងតែងតែធ្វើការល្បាតនៅក្នុងតំបន់នេះ។ យើងមានប្រវត្តិដ៏យូរលង់ក្នុងការធ្វើប្រតិបត្តិការនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ក៏ដូចប្រតិបត្តិការក្នុងសមុទ្រឥណ្ឌាផងដែរ។ ជារឿយៗ យើងក៏ធ្វើដំណើរឆ្លងកាត់តំបន់នេះ ឬក៏ទៅមហាសមុទ្រឥណ្ឌា ឬក៏ទៅបញ្ជាការដ្ឋានកណ្តាលរបស់យើងនៅឈូងសមុទ្រអារ៉ាប់ ឬជួនកាលយើងនៅទីនេះ ហើយប្រតិបត្តិការនៅក្នុងប៉ាស៊ីហ្វិកភាគខាងលិច ឬក៏ក្នុងសមុទ្រចិនខាងត្បូង។ អញ្ចឹងហើយថ្ងៃនេះគឺវាគ្មានអ្វីពិសេសទេសម្រាប់កិច្ចប្រតិបត្តិការរបស់យើង។ យើងធ្វើកិច្ចប្រតិបត្តិការនៅក្នុងតំបន់ដែលយើងជ្រើសរើស និងតំបន់ដែលស្របច្បាប់ រួមទាំងតំបន់នេះផងដែរ»។
នាប៉ុន្មានខែចុងក្រោយនេះ បញ្ហាប្រទាញប្រទង់គ្នាអំពីកម្មសិទ្ធិលើដែនកោះក្នុងសមុទ្រចិនខាងត្បូងបានឡើងកំដៅកាន់តែខ្លាំង ក្រោយពេលដែលប្រទេសចិនសាងសង់កោះសិប្បនិមិ្មត នៅតំបន់កោះ Spratly និងធ្វើការហើរសាកល្បងនៅទីនោះ។ ក្នុងនោះដែរភាពតានតឹងនេះបាននំាដល់ការបាញ់កម្ទេចនាវានេសាទរបស់ប្រទេសវៀតណាម និងហ្វីលីពីនផងដែរ។
នាថ្ងៃអង្គារនេះ តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេ (Hague) ប្រទេសហូឡង់ បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនចំពោះបណ្តឹងរបស់ប្រទេសហ្វីលីពីន ដែលបានប្តឹងប្រឆាំងប្រទេសចិនកាលពីឆ្នាំ២០១៣ ទាមទារការគ្រប់គ្រងទឹកដីក្នុងសមុទ្រចិនខាងត្បូង។
ក្នុងដំណើរទស្សនកិច្ចលើនាវាចម្បាំងសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ព្រំ សុខា បានបញ្ជាក់សារជាថ្មីថា កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន នៅតែកាន់ជំហរស្នើឲ្យដៃគូជម្លោះក្នុងសមុទ្រចិនខាងត្បូងដោះស្រាយដោយបញ្ហាដោយសន្តិវិធី និងទ្វេភាគី។
«ប្រតិបត្តិការគ្រប់កម្លាំងរបស់ប្រទេសរបស់ជាតិនីមួយៗគឺកិច្ចសហប្រតិបត្តិការសំខាន់គឺដើម្បីរក្សាសន្តិភាព និងពង្រឹងស្ថិរភាពនៅក្នុងតំបន់។ ហើយបញ្ហាដែលខ្វែងគំនិតគ្នា គឺដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែនក៏បានបញ្ជាក់ច្បាស់ចំពោះជំហររបស់កម្ពុជាគឺដោះស្រាយដោយសន្តិភាព ហើយបើមានបញ្ហាជម្លោះ គឺទ្វេភាគីត្រូវដោះស្រាយ»។
យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូកម្ពុជាលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Ronald Reagan ក្នុងសមុទ្រចិនខាងត្បូងនេះ បានបញ្ចប់ដោយក្តីរីករាយ និងភាតរភាពរវាងប្រទេសមហាអំណាចអាមេរិក និងកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment