A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 13 July 2016
ជំនួយការ៖ លោក កែម ឡី ធ្លាប់ទាំងរងការគំរាមសម្លាប់និងការសន្យាឲ្យតួនាទី
ដោយ លោក ពៅ មេត្តា | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦
ជំនួយការលោក កែម ឡី រៀបរាប់ថាលោក កែម ឡី រងការគំរាមកំហែងខ្លាំងតាំងពីចុងខែឧសភា ដោយគំរាមឲ្យឈប់និយាយរឿងសង្គម ហើយគេនឹងផ្តល់តំណែងនិងទ្រព្យសម្បត្តិសម្រាប់រស់នៅសុខស្រួល។
កញ្ញា លុយ ដានី ជាជំនួយការរបស់លោក កែម ឡី រយៈពេល៥ឆ្នាំមកនេះរៀបរាប់ថា រាល់ពេលមានការគំរាមកំហែង លោក កែម ឡី តែងតែប្រាប់ទៅក្រុមការងារឲ្យជួយផ្តល់យោបល់ដើម្បីដោះស្រាយ។ កញ្ញាកត់សម្គាល់ថាការគំរាមកំហែងនេះកើតឡើងជាបន្តបន្ទាប់ ហើយកាន់តែខ្លាំងទៅៗតាំងចុងខែឧសភាមក។
កញ្ញា លុយ ដានី បញ្ជាក់ថាលោក កែម ឡី មិនដែលបញ្ជាក់ប្រាប់ពួកគាត់ថាក្រុមណាឬបុគ្គលណាម្នាក់ជាអ្នកគំរាមកំហែងនោះទេ គ្រាន់តែប្រាប់ថាមានគេគំរាមសម្លាប់គាត់ បើនៅតែបន្តនិយាយរឿងសង្គមទៀត។ កញ្ញាបន្តថា៖ “ប្រហែលជាប៉ុន្មានអាទិត្យហ្នឹងទេ ដោយសារតែពួកយើងមានគម្រោងចុះទៅសិក្សាជាមួយគាត់ គ្រាន់តែឡើងឡានភ្លាមគាត់ប្រាប់ពួកខ្ញុំថា គាត់មានរឿងចង់ពិភាក្សាជាមួយក្រុម ហើយគាត់ប្រាប់ថាគេប្រាប់ថាមិត្តិភ័ក្តិគាត់ប្រាប់ថា គេមិនទុកឲ្យគាត់រស់នៅយូរទេ គេកំពុងតែរកវិធី។ ហើយគាត់ក៏ប្រាប់ពួកខ្ញុំថាពេលវេលា សម្រាប់ខ្លួនគាត់មានមិនច្រើនប៉ុន្មានទេ“។
ដានី រៀបរាប់ទៀតថាជាញឹកញាប់ក៏មានសន្យាផ្តល់ទ្រព្យសម្បត្តិនិងតំណែងដល់លោក កែម ឡី ជាថ្នូរនឹងការឈប់ឲ្យនិយាយរឿងសង្គមតែលោក កែម ឡី មិនព្រម។ កញ្ញាបន្តថា៖ “ដែលលោកគ្រូ(កែម ឡី)វិភាគខ្លាំងៗហ្នឹងក៏មានគេរកទិញដែរ ហើយគាត់តែងប្រាប់ក្រុម។ ភាគីគេចង់ឲ្យគាត់មិនឈឺឆ្អាលរឿងសង្គមទៀត គឺឲ្យគាត់ទៅសោយសុខ“។
ការគំរាមកំហែងចាប់ពីខែឧសភាមកក៏ជាពេលដែលលោក កែម ឡី ចាប់ផ្តើមយុទ្ធនាការ១០០រាត្រីរបស់លោក ដើម្បីស្វែងយល់ពីបញ្ហារបស់ប្រជាជន ហើយគ្រោងនឹងចងក្រងជាឯកសារទុកសម្រាប់មនុស្សជំនាន់ក្រោយធ្វើជាដើមទុនក្នុងការការពារនិងអភិវឌ្ឍជាតិ។
គិតត្រឹមថ្ងៃទី១០ខែកក្កដា ពេលដែលគេបាញ់សម្លាប់លោក គឺលោក កែម ឡី និងក្រុមការងារបានចុះសម្រាកតាមផ្ទះប្រជាពលរដ្ឋបានចំនួន១៥យប់។ ខេត្តដែលលោកបានចុះមានដូចជាស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរីជាដើម។
តាមគម្រោងយុទ្ធនាការ១០០រាត្រីគឺចាប់ផ្តើមពីខែឧសភាឆ្នាំ២០១៦និងបញ្ជប់នៅខែតុលាឆ្នាំដដែល។ ក្នុងលទ្ធផលជាង១០រាត្រីដំបូងលោក កែម ឡី បានលើកឡើងបញ្ហាជាច្រើនដែលលោកបានជូបក្នុងនោះក៏មានបញ្ហាការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាមជាច្រើននិងលំហូរនៃចំនួនជនអន្តោប្រវេសន៍ជនជាតិវៀតណាមផងដែរ។ លោក កែម ឡី ក៏បានបង្ហាញការព្រួយបារម្ភថា កម្ពុជានឹងអាចត្រូវវៀតណាមគ្រប់គ្រងនៅថ្ងៃ ខាងមុខ។
កញ្ញា លីវ វ៉ារី ជានិស្សិតដែលធ្លាប់រៀនសូត្រនិងធ្វើការងារជាមួយលោក កែម ឡី ប្រមាណ២ឆ្នាំមកនេះ កញ្ញាក៏បានដឹងដែរថាមួយរយៈកាលចុងក្រោយមានការគំរាមកំហែងកាន់តែខ្លាំងទៅៗលើលោក កែម ឡី។
កញ្ញា លីវ វ៉ារី រៀបរាប់ទាំងអួលដើមករថារាល់ពេលដែលគាត់បំពេញការងារជាមួយលោក កែម ឡី តាមមូលដ្ឋានគឺមានពលរដ្ឋច្រើនតែងតែស្វាគមន៍និងចេញមុខការពា៖ “ពេលខ្ញុំចុះខេត្តជាមួយគាត់(កែម ឡី) មានមនុស្សជាច្រើនស្វាគមន៍គាត់ ការពារគាត់។ គាត់តែងប្រាប់ខ្ញុំថា ក្មួយមិនបាច់ខំរកលុយជួលអង្គរក្សការពារយើងទេ ឲ្យតែយើងធ្វើអំពើល្អនោះមនុស្សជុំវិញខ្លួននិងការពារយើង“។
លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់នៅម៉ោង៩ព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
កញ្ញា លុយ ដានី រៀបរាប់ថាក្នុងរយៈពេល៥ឆ្នាំដែលគាត់ធ្វើជាជំនួយការលោក កែម ឡី កញ្ញាបានរៀនសូត្រចំណេះដឹងច្រើន ហើយលោក កែម ឡី តែងអប់រំក្រុមការងារឲ្យរួមគ្នាធ្វើការងារដើម្បីប្រជាពលរដ្ឋខ្មែរអាចរស់នៅបានដោយថ្លៃថ្នូរនិងរក្សាទឹកដីឲ្យបានគង់វង្ស។ កញ្ញាបន្ថែមថា៖ “គាត់ចង់ឲ្យប្រជាពលរដ្ឋរស់នៅដោយថ្លៃថ្នូរ ទឹកដីគង់វង្ស មិនមានគេឈ្លានពាន។ នេះជាក្តីស្រម៉ៃធំបំផុតរបស់គាត់ ដែលគាត់ខិតខំធ្វើរាល់ថ្ងៃ គឺគាត់មិនចង់បានអំណាច គឺគាត់អត់មានចិត្តសូម្បីតែបន្តិច គឺគាត់ចង់ធ្វើជាអ្នកស្រាវជ្រាវ ដើរតាមភូមិឃុំ នេះជាការចង់បានធំបំផុតរបស់គាត់ហើយ“៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment