A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 30 June 2016
ពលរដ្ឋនៅខេត្តភាគឦសានចង់ទទួលបានព័ត៌មានដែលមិនលម្អៀងនិងឆ្លុះបញ្ចាំងពីសង្គម
ដោយ ម៉ែន សុធីរ
2016-06-29
Photo: RFA
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរកឃើញថា កង្វះតុល្យភាពព័ត៌មាន គឺជាកត្តាចម្បងមួយអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងវប្បធម៌។ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការទទួលបានព័ត៌មានទូលំទូលាយមានសារសំខាន់ ជំរុញឲ្យជីវភាពរស់នៅរបស់ពលរដ្ឋប្រសើរឡើង។ ចំណែកពលរដ្ឋនៅខេត្តភាគឦសានកម្ពុជា អះអាងថា មកទល់ពេលនេះ ពួកគេបានទទួលព័ត៌មានពីវិទ្យុ ទូរទស្សន៍ និងកាសែតយ៉ាងច្រើន ក៏ប៉ុន្តែព័ត៌មានទាំងនោះមិនឆ្លុះបញ្ចាំងសភាពពិតក្នុងសង្គម មិនឯករាជ្យ និងមាននិន្នាការលម្អៀងរដ្ឋាភិបាល។
តើមានមូលហេតុអ្វីខ្លះបណ្ដាលឲ្យពលរដ្ឋនៅខេត្តភាគឦសាន ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសមាននៅមូលដ្ឋានពួកគេ?
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធលទ្ធិប្រជាធិបតេយ្យ រកឃើញថា មនុស្សគ្រប់រូបមិនត្រឹមតែមានតម្រូវការស្លៀកពាក់ ហូបចុក និងការរស់នៅដោយសេចក្តីថ្លៃថ្នូរនោះទេ ការទទួលបានព័ត៌មាន ក៏ជាកត្តាសំខាន់ដែលបង្ហាញឲ្យពួកគេជ្រាបពីបរិបទនយោបាយ វប្បធម៌ និងដំណើរការវិវឌ្ឍន៍សង្គមនានា។ លើសពីនេះ ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ជាប្រទីបបំភ្លឺផ្លូវមួយដែលបង្កលក្ខណៈងាយស្រួលដល់ជីវិតរស់នៅរបស់ពលរដ្ឋដែរ ប្រសិនពួកគេទទួលបានព័ត៌មានពិត និងឯករាជ្យ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី រកឃើញថា ការវិវឌ្ឍន៍សង្គម ជំរុញឲ្យពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាលមួយចំនួនធំ ជ្រាបច្បាស់ពីច្បាប់ជាតិ និងអន្តរជាតិផ្សេងៗតាមរយៈព័ត៌មាននានា ដែលផ្ទុយស្រឡះពីអ្វីដែលជនជាតិដើមភាគតិចរស់នៅកាលពីជាង ១០ឆ្នាំមុន។ លោកកត់សម្គាល់ថា រហូតមកដល់ពេលនេះ ជនជាតិដើមភាគតិចភាគច្រើននៅខេត្តរតនគិរី មិនទាន់ទទួលបានព័ត៌មានពីវិទ្យុ ទូរទស្សន៍ និងកាសែតដែលផ្សព្វផ្សាយពីសិទ្ធិសេរីភាពទូលំទូលាយនោះទេ។ ផ្ទុយទៅវិញ ពួកគេអាចទទួលព័ត៌មានតាមរយៈសហគមន៍មូលដ្ឋាន និងទទួលព័ត៌មានពីវិទ្យុ ទូរទស្សន៍ក្នុងស្រុកដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។ លោក ឆាយ ធី កត់សម្គាល់ថា កង្វះព័ត៌មានឯករាជ្យក៏ជាកត្តាចម្បង ដែលមិនងាយនឹងផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋបាននោះទេ។ បញ្ហានេះហើយជាផ្នែកមួយធ្វើឲ្យគណបក្សដែលដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ អាចរក្សាបាននូវសំឡេងឆ្នោតនៅខេត្តភាគឦសានប្រទេសជាច្រើនអាណត្តិ៖ «នៅពេលពលរដ្ឋទទួលបានព័ត៌មានយល់ដឹងពីសិទ្ធិគាត់ ដែលជាម្ចាស់សន្លឹងឆ្នោតក្តី ហើយនៅពេលនោះ គាត់យល់ដឹងពីគោលនយោបាយមួយៗ ហើយគាត់សម្លឹងទាំងអស់ហ្នឹងហើយដែលគាត់យល់។ គាត់នឹងគិតថា បោះឆ្នោតជ្រើសរើសអ្នកណាដែលគាត់ពេញចិត្ត»។
ដូចគ្នានេះដែរ ពលរដ្ឋរស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង លោក ឡឹប ម៉ាអាត ឲ្យដឹងថា លោក និងពលរដ្ឋក្នុងភូមិងាយទទួលព័ត៌មានក្នុងស្រុកដូចជា វិទ្យុ និងទូរទស្សន៍ដែលផ្សាយមាននិន្នាការលម្អៀងទៅរដ្ឋាភិបាល។ ចំណែកវិទ្យុបរទេសផ្សាយជាខេមរភាសាមួយចំនួន ពួកគាត់ពិបាកទទួលបាន ហើយលោកក៏មិនដឹងថា អាចស្តាប់វិទ្យុទាំងនោះដោយវិធីណាដែរ។ តែយ៉ាងណា លោកថា ពួកគាត់មួយចំនួនអាចដឹងព័ត៌មានពិតខ្លះៗតាមបណ្ដាញសង្គម។ លោកបន្តថា ពលរដ្ឋមួយចំនួនក៏មិនសូវយកចិត្តទុកដាក់តាមដានស្តាប់ ទស្សនា និងអានព័ត៌មានឯករាជ្យនោះទេ ដោយសារតែពួកគាត់គិតពីមុខរបររកស៊ីចិញ្ចឹមជីវិត។ លោកកត់សម្គាល់ថា ច្រើនអាណត្តិមកហើយដែលគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះនៅខេត្តស្ទឹងត្រែង ដោយសារតែវិសាលភាពព័ត៌មានឯករាជ្យមិនទូលំទូលាយក្នុងតំបន់៖ «ឥឡូវអត់ឯករាជ្យពិតប្រាកដផង កាសែតនេះ អ្នកសារព័ត៌មានខ្លះខាតច្រើន»។
ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងខេត្តស្ទឹងត្រែង គឺលោក ស៊ូ ទី និយាយថា លោកចូលចិត្តស្តាប់វិទ្យុបរទេសផ្សាយជាភាសាខ្មែរតាមប្រព័ន្ធអ៊ីនធឺណិត (Internet) និងបណ្ដាញសង្គម។ លោកកត់សម្គាល់ថា សព្វថ្ងៃមានយុវជន និងពលរដ្ឋច្រើនងាកមកតាមដានព័ត៌មានដែលហ៊ាននិយាយការពិត ហើយពួកគេក៏ពុំសូវមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ និងវិទ្យុក្នុងស្រុកនោះទេ ដោយសារតែព័ត៌មានទាំងនោះច្រើនរងសម្ពាធពីរដ្ឋាភិបាល។ លោក ស៊ូ ទី ប្រៀបធៀបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាប្រទីបបំភ្លឺមួយដែលមានលទ្ធភាពអាចឲ្យពលរដ្ឋជ្រាបរឿងរ៉ាវពិតក្នុងសង្គម ហើយលោកក៏ចង់ឲ្យវិទ្យុបរទេសផ្សាយជាភាសាខ្មែរ មានលទ្ធភាពផ្សាយបន្តពីវិទ្យុ អែហ្វ.អិម (FM) នៅខេត្តស្ទឹងត្រែង៖ «ដូចជាយើងដឹងហេតុណាណាមួយៗ អ្នកណាល្អ អ្នកណាអាក្រក់ចឹង»។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី មានប្រសាសន៍ថា លោកពុំជំទាស់នោះទេ បើវិទ្យុបរទេសនានាចង់ឲ្យវិទ្យុ អែហ្វ.អិម (FM) ផ្សាយបន្តក្នុងខេត្តស្ទឹងត្រែង ប្រសិនបើមានការអនុញ្ញាតពីក្រសួងព័ត៌មាន។ លោកថា រដ្ឋាភិបាលបានយកចិត្តទុកដាក់បើកទូលាយនៃសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ ទាំងព័ត៌មានក្នុងស្រុក និងបរទេស ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ៖ «ខ្ញុំក៏គ្មានសិទ្ធិហាមឃាត់មិនឲ្យផ្សាយបន្តដែរ ប៉ុន្តែឲ្យគាត់មើលច្បាប់។ អាជ្ញាប័ណ្ណរបស់គាត់។ គាត់ត្រូវអនុវត្តអីខ្លះលើវិស័យព័ត៌មាន។ សព្វថ្ងៃនេះ គឺរដ្ឋមិនបានហាមឲ្យទាំងអស់ ប៉ុន្តែរដ្ឋបានកំណត់ឲ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ»។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា មកទល់ពេលនេះ សក្ដានុពលរលកធាតុអាកាស ឬប្រេកង់របស់កម្ពុជា មានស្ថានីយវិទ្យុ និងទូរទស្សន៍ច្រើន ក៏ប៉ុន្តែលទ្ធភាពប្រើប្រាស់ផ្សព្វផ្សាយពុំមានតុល្យភាពនោះទេ។ លើសពីនេះ ការផ្តល់សិទ្ធិឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ហាក់មិនទាន់ទូលំទូលាយ។ សង្គមស៊ីវិលមើលឃើញថា ជោគវាសនានៃការទទួលបានព័ត៌មានដើម្បីបង្កើនចំណេះដឹងរបស់ពលរដ្ឋ ក៏អាស្រ័យលើការសម្រេចចិត្តរបស់អ្នកនយោបាយ ឬរដ្ឋាភិបាលដែរ។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ចាត់ទុកការមិនយកចិត្តទុកដាក់ទទួលព័ត៌មានឲ្យទូលំទូលាយ ហាក់ដូចជាប្រឈមនឹងសេចក្តីស្លាប់ទាំងរស់ដូច្នេះដែរ។ លោកចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ គឺជាប្រភពចំណេះដឹងចម្បងដែលមិនអាចខ្វះបាន ជាពិសេសគឺជ្រាបពីនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ជាដើម ដែលទាមទារឲ្យរដ្ឋាភិបាលបើកចិត្តឲ្យទូលាយ ផ្តល់សិទ្ធិឲ្យប្រព័ន្ធផ្សព្វផ្សាយទូទៅអាចមានលទ្ធភាពដំណើរការបាន ដែលជាផ្នែកមួយរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិសង្គមនានា ជាពិសេសដោះស្រាយបញ្ហាជាមួយពលរដ្ឋ។
លោក សន ជ័យ ចង់ឃើញរដ្ឋាភិបាលរកមធ្យោបាយសម្របសម្រួលឲ្យមានតុល្យភាព ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនថាវិទ្យុបរទេស និងព័ត៌មានក្នុងស្រុកនោះទេ ដើម្បីឆ្លើយតបតម្រូវការរបស់សហគមន៍ ដែលជាធាតុផ្សំសំខាន់អាចជួយបង្កើនជីវភាពរស់នៅពលរដ្ឋ៖ «មនុស្យអាចបដិសេធការពិតបាន តែមនុស្សមិនអាចបដិសេធតម្រូវការរបស់ខ្លួនទេ។ ហើយតម្រូវការរបស់ខ្លួន គឺជាព័ត៌មានហ្នឹងឯងដែលគ្រប់ជ្រុងជ្រោយ ហើយព័ត៌មានដែលអាចចូលរួមចំណែកដើម្បីឲ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហារបស់ពលរដ្ឋ»។
នៅខេត្តស្ទឹងត្រែង មានស្ថានីយវិទ្យុ អែហ្វ.អិម (FM) ក្នុងស្រុកចំនួន ៥ ដូចជា ស្ថានីយវិទ្យុផ្សាយបន្តបាយ័ន ស្ថានីយវិទ្យុ 100.5 ស្ថានីយវិទ្យុជាតិសេកុង ស្ថានីយវិទ្យុខ្មែរឥសាន និងស្ថានីយវិទ្យុ 107.5៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment