A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
អតីតអ្នកជាប់ពន្ធនាគារព្រៃសស្នើរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងពន្ធនាគារ
ដោយ យាង សុជាមេត្តា
2016-06-01
មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស។ រូបថតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ RFA/Uon Chhin
RFA/Uon Chhin
អតីតអ្នកជាប់ពន្ធនាគារព្រៃស ស្នើឲ្យរដ្ឋាភិបាលជួយលុបបំបាត់អំពើពុករលួយនានាដែលកើតឡើងនៅក្នុងពន្ធនាគារក្នុងពេលបច្ចុប្បន្ន។ អំពើពុករលួយទាំងនោះ មានដូចជា ការទារលុយពីអ្នកទោស ដើម្បីទៅយកសាលក្រម ឬសាលដីកាពីតុលាការ ឬធ្វើពាក្យបណ្ដឹងឧទ្ធរណ៍ជាដើម។
ពួកគេលើកឡើងថា បើមិនមានការលុបបំបាត់អំពើពុករលួយទាំងនេះទេ អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺគ្មានអ្នកណាក្រៅពីអ្នកទោសមកពីគ្រួសារក្រីក្រនោះទេ។
បើទោះបីជាចេញពីពន្ធនាគារមិនទាន់បានមួយខែត្រឹមត្រូវក្តី អតីតអ្នកជាប់ពន្ធនាគារព្រៃស លោក ស្រី ចាន់តារា មិនខ្លាចនឹងចេញមុខគាស់កកាយពីអំពើពុករលួយ កំពុងកើតមាននៅក្នុងពន្ធនាគារព្រៃសឡើយ។
លោក ស្រី ចាន់តារា បច្ចុប្បន្នមានអាយុ ៥៦ឆ្នាំ បានជាប់ពន្ធនាគារព្រៃសអស់រយៈពេល ១៣ឆ្នាំកន្លះ បានរៀបរាប់ច្រើនពីភាពមិនប្រក្រតីនានានៅក្នុងពន្ធនាគារ ប៉ុន្តែអ្វីដែលលោកចង់ឲ្យរដ្ឋាភិបាលកែប្រែទម្លាប់មិនល្អនៅក្នុងពន្ធនាគារនេះ គឺបញ្ឈប់មន្ត្រីពន្ធនាគារកុំឲ្យយកលុយពីអ្នកទោស។
លោក ស្រី ចាន់តារា ឲ្យដឹងថា មន្ត្រីពន្ធនាគារតែងទារលុយចំនួន ៥០ដុល្លារសហរដ្ឋអាមេរិកពីអ្នកទោស នៅពេលដែលទៅយកសាលក្រម ឬសាលដីកាស្ថាពរពីតុលាការ និងទារលុយចំនួន ២០ដុល្លារ ពេលអ្នកទោសធ្វើពាក្យបណ្ដឹងឧទ្ធរណ៍ ឬប្ដឹងទៅកាន់តុលាការកំពូលម្តងៗ។ លោកថា មន្ត្រីពន្ធនាគារ ក៏យកលុយពីអ្នកទោសចន្លោះពី ៣៥០ដុល្លារដល់ ៤០០ដុល្លារក្នុងម្នាក់ នៅពេលធ្វើលិខិតសម្រាល ឬបន្ធូរបន្ថយទោស។ លើសពីនេះ ចំពោះអ្នកទោសដែលត្រូវដល់ថ្ងៃដោះលែងហើយក៏ដោយចុះ ដូចជារូបលោកផ្ទាល់ លោកនៅតែត្រូវបានគេឃុំខ្លួនលើសជាច្រើនថ្ងៃ ដោយសារតែលោកមិនមានលុយឲ្យមន្ត្រីពន្ធនាគារ។ មកដល់ចំណុចនេះ លោក ស្រី ចាន់តារា ស្នើឲ្យមន្ត្រីពន្ធនាគារឈប់រើសអើង និងឈប់ទារលុយពីអ្នកទោស ទោះក្នុងរូបភាពណាក៏ដោយ៖ «សុទ្ធតែលុយទាំងអស់ អត់មានពាក្យណាថាអត់ត្រូវការលុយនោះទេ តាំងពីធ្វើពាក្យសម្រាលបន្ធូរបន្ថយទោស តាំងពីធ្វើបណ្ដឹងពីឧទ្ធរណ៍ទៅកំពូល តាំងពីយកសាលក្រម សាលដីកា ហើយឧទាហរណ៍ដូចខ្ញុំ ដោះលែងខ្ញុំចឹង។ ខ្ញុំអត់មានលុយឲ្យគេ។ ទី១ គេទម្លាក់ទៅលើថា អត់មានលុយទៅយកសាលក្រម។ ទី២ យកមកយឺតយ៉ាវ ឃុំខ្ញុំលើស ១០ថ្ងៃ ដោយសារខ្ញុំអត់និយាយរឿងលុយជាមួយគេ»។
លោក ស្រី ចាន់តារា ឲ្យដឹងបន្តថា នៅពេលមន្ត្រីពន្ធនាគារទៅយកលុយពីអ្នកទោសដើម្បីយកសាលក្រម សាលដីកា ឬធ្វើពាក្យបណ្ដឹងម្តងៗ មន្ត្រីពន្ធនាគារតែងប្រាប់អ្នកទោសថា តុលាការគឺជាអ្នកយកលុយទាំងអស់នោះ។ នេះមិនទាន់រាប់ដល់ករណីសន្តិសុខពន្ធនាគារ ដែលពេលខ្លះឆ្លៀតសុំលុយនៅពេលសាច់ញាតិទៅសួរសុខទុក្ខអ្នកទោស ឬអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផង៖ «ពន្ធនាគារឆ្លើយដាក់តុលាការ ពន្ធនាគារថាឲ្យគេទៅយកអត់មានលុយឲ្យគេ ខាងតុលាការទារលុយពីគេ។ អ៊ីចឹងគេអត់មានលុយចេញឲ្យទេ។ អ៊ីចឹងបើចង់បាន ទាល់តែបង់លុយឲ្យមន្ត្រីពន្ធនាគារ»។
លោក ស្រី ចាន់តារា បញ្ជាក់ថា លោកចេញមុខបកស្រាយភាពមិនប្រក្រតីនៅក្នុងពន្ធនាគារព្រៃសពេលនេះ មិនមែនដោយសារលោកមានគំនុំគំកួនជាមួយមន្ត្រីណាម្នាក់នៅក្នុងពន្ធនាគារនោះទេ ប៉ុន្តែលោកគ្រាន់តែចង់ទម្លាយរឿងទាំងអស់នេះ ឲ្យមន្ត្រីថ្នាក់លើបានដឹង ដើម្បីធ្វើកំណែទម្រង់ ឬកែប្រែស្ថានភាពក្នុងពន្ធនាគារឲ្យមានលក្ខណៈប្រសើរជាងបច្ចុប្បន្ន ដើម្បីជួយសម្រាលបន្ទុករបស់អ្នកទោសក្រីក្រ។
ចំពោះបញ្ហាទាំងអស់នេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិប្ដឹងភាពមិនប្រក្រតីទាំងនេះទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឬទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការទៅតាមនីតិវិធី។ លោក នុត សាវនា ធានាថា បើរឿងទាំងអស់នេះជារឿងពិត នោះពលរដ្ឋដែលប្ដឹង នឹងទទួលបានការការពារពីសំណាក់អាជ្ញាធរថែមទៀត។ ប៉ុន្តែលោកក៏ស្នើឲ្យពលរដ្ឋដែលប្ដឹងនោះ ត្រូវមានមូលដ្ឋានច្បាស់លាស់ ព្រោះលោកថា កន្លងមកក៏ធ្លាប់មានអ្នកជាប់ឃុំមួយចំនួន ប្រឌិតរឿងឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីពន្ធនាគារ ដោយសារមន្ត្រីទាំងនោះមានភាពតឹងរ៉ឹងចំពោះពួកគេ៖ «បើមានករណីហ្នឹង យើងអាចចុះទៅដោយសម្ងាត់ ដើម្បីចុះទៅអង្កេតតាមដានក្រៅផ្លូវការថា មានបញ្ហាអ៊ីចឹងអត់? មានការផ្សព្វផ្សាយពីភាពមិនប្រក្រតីនានា ឬការរំលោភបំពាននានាពីសំណាក់មន្ត្រី លោកអាចបញ្ជាក្រុមជំនាញចុះទៅ មិនចាំបាច់មានពាក្យបណ្ដឹងផ្លូវការទេ តែឲ្យគាត់មានមូលដ្ឋានច្បាស់លាស់»។
កម្ពុជា មានពន្ធនាគារទាំងអស់ចំនួន២៧ និងមានអ្នកកំពុងជាប់ឃុំជិត ២ម៉ឺននាក់ ប៉ុន្តែក្នុងចំណោមនោះមានអ្នកជាប់ឃុំប្រហែល ៣០ភាគរយប៉ុណ្ណោះនៃអ្នកជាប់ឃុំសរុប ដែលទទួលបានសាលក្រមស្ថាពរពីតុលាការ។ លោក នុត សាវនា ឲ្យដឹងថា ពន្ធនាគារទាំង២៧ នេះ អាចផ្ទុកអ្នកជាប់ឃុំច្រើនបំផុតប្រមាណ ១ម៉ឺន ៣ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ពន្ធនាគារបច្ចុប្បន្នផ្ទុកអ្នកជាប់ឃុំលើសចំនួនកំណត់រហូតដល់ជិត ៧ពាន់នាក់ឯណោះ។
មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា រឿងរ៉ាវពុករលួយក្នុងពន្ធនាគារ កន្លងមកសង្គមស៊ីវិលក៏តែងទទួលបានការរអ៊ូរទាំពីពលរដ្ឋ និងអ្នកជាប់ឃុំដែរ។ លោកថា បើទោះជាអាជ្ញាធរទទួលបានព័ត៌មានមិនប្រក្រតីទាំងនេះតាមរយៈមធ្យោបាយណាក៏ដោយ ដើម្បីចៀសវាងកុំឲ្យមានភាពមិនប្រក្រតីកើតឡើង អាជ្ញាធរគួរចាត់វិធានការពិនិត្យចំពោះបញ្ហាទាំងនេះឡើងវិញ៖ «ការប្តឹងផ្តល់ទៅ អេ.ស៊ី.យូ (ACU) ទាក់ទងនឹងអំពើពុករលួយ វាជារឿងមួយ ប៉ុន្តែរឿងមួយទៀត ក៏យើងគួរនាំគ្នាបំបាត់រាល់អំពើទាំងអស់ហ្នឹង ហើយបើមានការសង្ស័យ គួរតែបើកការស៊ើបអង្កេត ហើយពិនិត្យឡើងវិញលើបញ្ហាទាំងអស់នេះ»។
ក្រៅពីស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពុករលួយនៅក្នុងពន្ធនាគារ លោក ស្រី ចាន់តារា ក៏ទទូចឲ្យរដ្ឋាភិបាលឈប់យកថ្លៃទឹកថ្លៃភ្លើងពីអ្នកទោស ដើម្បីជួយសម្រាលបន្ទុកអ្នកទោសក្រីក្រ។
ត្រង់ចំណុចនេះ លោក នុត សាវនា ឆ្លើយតបថា អ្នកទោសទាំងអស់សុទ្ធតែមានរបបភ្លើង និងទឹកដែលបានកំណត់ ប៉ុន្តែលោកថា បើអ្នកទោសណាប្រើលើសពីរបបដែលរដ្ឋផ្តល់ឲ្យ ពន្ធនាគារស្នើឲ្យអ្នកទោសជួយបង់បន្ថែម។
លោក ស្រី ចាន់តារា និយាយថា លោកចេញមុខនិយាយរឿងអាក្រក់នៅក្នុងពន្ធនាគារពេលនេះ គឺលោកមិនមានការបារម្ភថា គេនឹងចាប់លោកដាក់ពន្ធនាគារជាថ្មីទៀតនោះទេ ប៉ុន្តែលោកថា បើលោកដឹងរឿងមិនល្អនៅក្នុងពន្ធនាគារ ហើយលាក់ទុកក្នុងចិត្តនោះ អ្នកដែលត្រូវរងគ្រោះបន្ត គឺគ្មានអ្នកណាក្រៅពីអ្នកទោស ពិសេសអ្នកទោសដែលគ្រួសារមានជីវភាពទីទ័លក្រ គ្មានលុយកាក់ដើម្បីសូកប៉ាន់មន្ត្រីពន្ធនាគារ។ លោកសង្ឃឹមថា រដ្ឋាភិបាល ពិសេស គឺក្រសួងមហាផ្ទៃ សិក្សាពីភាពមិនប្រក្រតីទាំងអស់នេះ និងជួយចាត់វិធានការបន្ទាន់ ដើម្បីឲ្យអ្នកទោសចៀសផុតពីការលំបាក និងអំពើអយុត្តិធម៌ ដោយសារគ្មានលុយបង់ឲ្យមន្ត្រីពន្ធនាគារ៖ «អ្នកទោសនៅក្នុងហ្នឹងប៉ះពាល់អារម្មណ៍ខ្លាំងក្លាណាស់ គ្នាស្មុគស្មាញចំបែងចិត្ត គឺថាមានការឈឺចាប់ខ្លាំងណាស់ យកគ្នាមកឃុំទុកហើយ ត្រូវការប្រាក់ពីគ្នាទៀត។ គ្នានៅក្នុងនោះ គ្នារកស៊ីអីកើត ញ៉ាំតែបាយរបបសម្លរបប ហើយដល់ត្រូវការធ្វើក្រដាសស្នាម ត្រូវការលុយកាក់។ អ៊ីចឹងប៉ះពាល់អារម្មណ៍ខ្លាំងណាស់នៅក្នុងហ្នុង»។
លោក អំ សំអាត សម្ដែងទស្សនៈថា បើអំពើពុករលួយទាំងនេះមិនត្រូវបានដោះស្រាយនោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងប៉ះពាល់ដល់សិទ្ធិរបស់អ្នកទោស ជាពិសេសគឺប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកទោសក្រីក្រតែម្តង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment